Sunday, December 15, 2024
Homeតារាខ្មែរតារា៤ដួង បងនិពន្ធឲ្យច្រៀង

តារា៤ដួង បងនិពន្ធឲ្យច្រៀង

ភ្នំពេញ៖ក្រៅពីមានសម្ថភាពផ្ទាល់ខ្លួនតារាចម្រៀងមួយដួងល្បីទៅបានដោយកត្តាជាច្រើនគួបផ្សំដូចជាផលិតកម្ម ,គ្រូភ្លេង ,អ្នកនិពន្ធ ,អ្នកដឹកនាំសម្ដែង និងអ្នកផ្ដល់ឱកាសឲ្យឡើង​ឆាក​តន្រ្ដីជាដើម ។សម្រាប់ឆ្នាំ២០២៤ នេះគេឃើញតារា៤ដួង មានឈ្មោះបោះសម្លេងដោយ​សារ​មួយផ្នែកបងប្រុសនៅក្រោយខ្នងធ្វើជាអ្នកនិពន្ធទំនុក ច្រៀងឲ្យ។

 ១៖មាស សុខសោភាៈចាប់អាជីពចម្រៀងរយៈពេល២០ឆ្នាំ មាស សុខសោភា មានបង​ប្រុសនាងលោកមាស សុខរតនៈ ចាំជួយនិពន្ធឲ្យច្រៀង បន្ថែមពីលើអ្នកនិពន្ធផ្សេងទៀតរហូត​ដល់ចប្ចុប្បន្ននាងច្រៀងនៅCamtrax Music ក៍លោករតនៈ  នៅតែជាអ្នកដឹកនាំសម្ដែងMV និង​សរសេរបទចម្រៀងឲ្យប្អូនលោកច្រៀងដដែល ។ប៉ុន្ដែសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះគេនៅ​មិន​ទាន់ដឹងច្បាស់ទេថាតើសុខសោភា នៅតែបន្ដច្រៀងផលិតកម្មខ្លួនឯងហើយឲ្យបង​ប្រុស​នាងនិពន្ធឲ្យច្រៀងតទៅទៀត ឬក៍ស្វែងរកទ្រនុំថ្មី ព្រោះ២ឆ្នាំក្រោយចេញពីរាម សោភា នៅ​ទ្រឹង​ពោលគឺមិនសូវមានបទណាផ្ទុះដូចមុនទៀតទេ ខណៈដែលហង្សមាស ,Galaxy និងថោន បើកទ្វាររងចាំនាងគ្រប់ពេល ។

 ២៖ឆាយ វីរៈយុទ្ធៈតារាចម្រៀងមានឈ្មោះដើមថាឆាយ ចាន់ឆោម រូបនេះក៍មានបង​ប្រុស​​​របស់ខ្លួនជាអ្នកនិពន្ធឲ្យច្រៀងដែរនោះគឺលោកឆាយ ចាន់ម៉ៅ  ដែលមានបទល្បីៗ​ជា​ច្រើន​នាំ​ឲ្យ​លោកវីរៈយុទ្ធ មានឈ្មោះបោះសម្លេងដល់បច្ចុប្បន្ន។លោកចាន់ឆោម ក្លាយជា​តា​រាជូរ​មុខ​គេ​របស់សាន់ដេ ហើយមិនទាន់មានដំណឹងថាលោកចេញពីផលិតកម្មនេះទេ បើទោះ​ជាមាន​ផលិតកម្មធំៗជាច្រើនពេញចិត្តលើសម្ថភាពសម្លេងរបស់លោកក្ដី ។តាមប្រភពថា​លោក​​វីរៈ​យុទ្ធ ទុកចិត្តបងប្រុសរបស់ខ្លួនខ្លាំងណាស់ ហើយការនៅបន្ដច្រៀងឲ្យសាន់​ដេជា​បន្ដទៀត ឬត្រូវដើរចេញនោះមួយផ្នែកក៍នៅលើការសម្រេចចិត្តរបស់លោកចាន់ម៉ៅ ផងដែរ ។យ៉ាងណា​ពេលនេះលោកចាន់ឆោម កំពុងតែកាន់ទុក្ខម្ដាយរបស់លោកឧបាសិកាគង់ ស៊ឹង ដែលទទួល​មរណភាពកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤  ហើយត្រូវធ្វើបុណ្យគម្រប់ខួប៧ថ្ងៃ​នៅ​ថ្ងៃ​ទី១៣ ធ្នូ រួចរាល់ទើបលោកវិលរកឆាកតន្រ្ដីវិញ ។

៣៖ខេមរៈ សិរីមន្ដៈ អ្នកណាក៍បានដឹងដែរថាលោកខែម ប៊ុនថៃ មានយ័នការពារអាជីព​របស់លោកមួយផ្នែកធំគឺលោកខេមរៈ ភារុណ ដែលជាអ្នកនិពន្ធទំនុកច្រៀងឲ្យលោកតាំង​ពី​លោក​ថៃ ចូលសិល្បៈឆ្នាំ២០០៤ម្លេះ ។បើទោះជាពេលនេះលោកភារុណ ឡើងឋានៈជាឯក​ឧត្តម និង​ពាក់​ផ្កាយ១លើស្មាមែន តែលោកប្រាប់អ្នកយកព័តមានយើងថ្មីៗនេះថា​នៅតែសរ​សេរ​​បទ​ចម្រៀងឲ្យប្អូនលោកច្រៀង ដោយធ្វើការ ក្រៅម៉ោង(Part Time ) នៅGalaxy ។ចំណែក​សិរី​មន្ដ វិញក្រោយដើរដល់ចំណុចមួយធ្វើអ្វីក៍មានគេជេរ​ប្រមាថលើបណ្ដាញសង្គម​នោះមក​ពេល​នេះតារាកូន៣បានងាកមកច្រៀងបទកម្សត់ៗស្ដារកេរ្ដិ៍ឈ្មោះឡើងវិញ តែគេនៅ​មិន​ទាន់ដឹងថាតើលោកថៃ មានការគាំទ្រដូចមុន ឬនៅតែមានគេជេរទៀត​នោះទេ  ។

៤៖យឿន សូត្រអនុស្សាវរីយ៍ៈ អតីតតារាសាន់ដេរូបនេះមានកេរ្ដិ៍ឈ្មោះល្បីគួរសម ព្រោះ​​​​​​​មាន​បងប្រុសខ្លួនជាអ្នកនិពន្ធឲ្យច្រៀងគឺលោកសុន រដ្ឋា ។ប៉ុន្ដែអនុស្សាវីយ៍ បច្ចុប្បន្ន កំពុងតែច្របូកច្របល់រឿងប្រពន្ធកូន១លែង ធ្វើឲ្យគេយំតាមតាមTik Tok ដែលនាំឲ្យ​អ្នក​លេង​បណ្ដាញសង្គមហួសចិត្តថាលោកមិនសមជាតារានោះទេ ព្រោះតែបង្ហាញពីជីវិត​ត្រូវប្រពន្ធ​លែងឲ្យគេឃើញអស់ គ្មានលទ្ធភាពផ្សះផ្សារគ្រួសារខ្លួនឯងឲ្យបានល្អ ហែកទ្រូងឲ្យក្អែកចឹក …។ អ្នកជំនាញសិល្បៈបានលើកឡើងថាតារាដែលមានបងប្រុសខ្លួននិពន្ធទំនុកច្រៀងឲ្យអាចនឹងល្បីបានយូជាងតារាដែលពឹងគេឲ្យសរសេរចម្រៀងឲ្យច្រៀង ព្រោះជាទូទៅពួកគេ​ដឹង​ការ​​ប្រើប្រាស់សម្លេងរបស់ប្អូនខ្លួនហើយផលិតបទចម្រៀងឲ្យត្រូវតាមនោះតែម្ដង ។ម្យាង​ទៀត​គេជឿថាក្រុមអ្នកិពន្ធទាំងនោះមុននឹងសរសេរទម្លាក់បទទៅឲ្យតារាផ្សេងៗច្រៀង ច្បាស់​ជានិពន្ធឲ្យបទល្អៗឲ្យប្អូនខ្លួនឯងច្រៀងមុនគិតដល់តារាផ្សេងជាមិនខាន ៕

RELATED ARTICLES