ខេត្តព្រះសីហនុ ៖ ទឹកធ្លាក់កាកាវ អូរធំ កសិដ្ឋានចិញ្ចឹមសត្វចៀម និងសត្វអូទ្រីស មានទីតាំងនៅចំណុច(ខ)៣ ស្ថិតភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងក្លាយជាទីតាំងកសិទេសចរណ៍មួយកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។
លោកសន ចឿម ប្រធានក្រុមផ្នែកកសិដ្ឋានចិញ្ចឹមចៀម អូទ្រីស បានឱ្យដឹងថា កសិដ្ឋានចញ្ចឹមសត្វចៀម និងសត្វអូទ្រីសនេះ បានបង្កើតតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ មកទល់ពេលនេះ រយៈពេល៤ឆ្នាំហើយ ដែលកាលពីដំបូង មានសត្វចៀម ជាង៦០០ក្បាល និងអូទ្រីស មានចំនួនជាង៤០០ក្បាល។ បច្ចុប្បន្នសត្វទាំងនេះ នៅតែទាក់ទាញចិត្ត អ្នកចូលទស្សនា ដែលមានចំនួនច្រើនគួរសម ជាមធ្យមរថយន្ត ដែលចូលមកទស្សនា មានប្រមាណជា ៤០០គ្រឿង និងម៉ូតូប្រមាណជា ១០០០គ្រឿង ក្នុងមួយខែ ដោយខ្លះដាក់ចំណី ខ្លះបីកូនចៀមលេង និងមួយចំនួនទៀត ពួកគាត់ដើរចូលក្នុងហ្វូងចៀម តាមបែបធម្មជាតិ ថតទុកអនុស្សាវរីយ៍ គួរឲ្យគយគន់ ថតសែលហ្វី ក្នុងហ្វូងចៀម ហ្វូងអូទ្រីស។
ប្រភពដដែល បានបន្តទៀតថា បច្ចុប្បន្ន កសិដ្ឋាននេះ នៅបន្តបើកដំណើរការជាធម្មតា តាមតម្រូវការ ដោយ សារការស្រលាញ់ចូលចិត្ត ចង់ចូលទស្សនាពីសំណាក់ភ្ញៀវគ្រប់មជ្ឈដ្ឋាន ដែលចង់មកលេងកម្សាន្តតាមបែបធម្មជាតិ ខាងកសិដ្ឋានទទួលស្វាគមន៍ដោយក្តីរីករាយ ហើយ ក្រោយពីទស្សនាលេងកម្សាន្តជាមួយសត្វអូទ្រីស និងសត្វចៀម បងប្អូនភ្ញៀវទេសចរ អាចមុជទឹកលេងកម្សាន្តទឹកជ្រោះកាកាវ ដែលនៅក្នុងបរិវេណកសិដ្ឋាននោះ ផងដែរ។
លោកសន ចឿម បញ្ជាក់ថា កាលពីបង្កើតដំបូង ពិបាកបន្តិច ក្នុងការថែទាំសត្វចៀម និងសត្វអូទ្រីស មកទល់នឹងបច្ចុប្បន្ន គឺមានភាពងាយស្រួលក្នុងការចិញ្ចឹមថែទាំ ដោយគ្រាន់តែចាក់វ៉ាក់សាំង។ ចំណែកចំណីអាហារ គឺខាងកសិដ្ឋានមានស្មៅធម្មជាតិ និងដាំស្មៅ ដាំត្រកួន និង ចកសឡា សម្រាប់ផ្គត់ផ្គង់ដល់សត្វចៀម និងសត្វអូទ្រីស បានយ៉ាងគ្រប់គ្រាន់ ។
លោកសន ចឿម បន្ថែមថា បើចង់ចូលមកទស្សនាកសិដ្ឋាននេះ អ្នកមកតាមផ្លូវជាតិលេខ៤ អាចចូលមកតាមផ្លូវសម្តេចសង្ឈ (ផ្លូវបំបែកថ្មដា វាលរេញ-ស្ទឹងហាវ) ស្ពានទី១៣ ចន្លោះគីឡូម៉ែត្រលេខ៧-៨ បត់ឆ្វេង ឬក៏អាចចុះពីផ្លូវល្បឿនលឿន ចំណតស្ទឹងហាវ បត់ស្តាំ មកដល់ចន្លោះគីឡូម៉ែត្រលេខ៨-៧ បត់ស្តាំ នោះនឹងដល់កសិ ដ្ឋានហើយ។
លោកអ៊ី ធារីន អភិបាលស្រុកព្រៃនប់ បានសម្តែងការសប្បាយចិត្ត និងមានមោទនភាពសម្រាប់ស្រុកព្រៃនប់ ដែលមានកសិដ្ឋានចិញ្ចឹមសត្វចៀម និងអូទ្រីស មិនត្រឹមប៉ុណ្ណោះ សត្វទាំងនោះ កំពុងក្លាយជាទស្សនីយភាពបង្កើតឲ្យមានលក្ខណៈទេសចរណ៍ មានភ្ញៀវមកលេងកម្សាន្តច្រើនកុះករ ពីសំណាក់មជ្ឈដ្ឋានផ្សេងៗ ក្នុងនាមអាជ្ញាធរ ពិតជាសប្បាយចិត្ត និងពេញចិត្តណាស់។
លោកអភិបាលស្រុក បន្ថែមថា បច្ចុប្បន្នសត្វចៀម និងសត្វអូទ្រីស នៅទីតាំងក្នុងកសិដ្ឋាន មានចំនួនថយចុះបន្តិច ដោយសារក្រុមកសិដ្ឋាន បានចម្រាញ់យកមេពូជមួយចំនួនធំ ទាំងមេពូជសត្វចៀម ទាំងសត្វអូទ្រីស យកទៅកាន់ទីតាំងមួយកន្លែងទៀត នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដើម្បីបង្កើតទីកន្លែងកសិទេសចរណ៍ នៅរីសតតំបន់នោះបន្ថែមទៀត៕