Monday, December 16, 2024
Homeព័ត៌មានជាតិបញ្ហាកោះគុត អ៊ុំ សំអាន ថាខ្មែរស្ងាត់ អាចបាត់ទាំងប្រេង ៣០០ពាន់លានដុល្លារ

បញ្ហាកោះគុត អ៊ុំ សំអាន ថាខ្មែរស្ងាត់ អាចបាត់ទាំងប្រេង ៣០០ពាន់លានដុល្លារ

ភ្នំពេញ ៖ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា ទាក់ទិននឹងករណីដែនសមុទ្រជាមួយប្រទេសថៃ បើនាយករដ្ឋមន្រ្តីកម្ពុជា សំងំស្ងាត់ឈឹងបែបនេះ អាចធ្វើឲ្យខ្មែរ បាត់បង់កោះគុត ។ ជាមួយនេះ សហការីលោកអតីតមេបក្សប្រឆាំង រូបនេះ បានលើកឡើងថា បើខ្មែរ បាត់កោះគុត នឹងបាត់ទាំងដែនសមុទ្រទំហំ ៣ម៉ឺនគីឡូម៉ែត្រការ៉េ ដែលមានកំណប់ប្រេង ៣០០ពាន់លានដុល្លារ ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ថា “ពីមុន នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន និយាយថា កោះគុត ជារបស់ថៃ ផ្តាច់មុខ ឥឡូវនេះក្រុមអាវលឿងថៃ និយាយថា តំបន់ត្រួតស៊ីគ្នាទំហំ ៣០ ០០០គីឡូម៉ែត្រការ៉េ ក៏ជាដែនសមុទ្ររបស់ថៃ ផ្តាច់មុខដែរ។ ក្រុមអាវលឿងថៃ ទាមទារឱ្យរដ្ឋាភិបាលថៃ លុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU 2001 ឬ MOU44) គឺលុបចោលកិច្ចព្រមព្រៀងរកស៊ីធនធានរ៉ែប្រេងនិងឧស្ម័នរួមគ្នាជាមួយកម្ពុជា នៅតំបន់ត្រួតស៊ីគ្នា។ រីឯមេដឹកនាំខ្មែរ និងពលរដ្ឋខ្មែរក្នុងស្រុក ស្ងាត់ឲ្យឈឹង ហើយលោកហ៊ុន ម៉ាណែត បាននិយាយថា គាត់មានចរិតចាស់ទុំ មិនបញ្ជាក់ថា កោះគុត ជារបស់ខ្មែរ នោះទេ។ ការសំងំស្ងាត់ឈឹងរបស់លោកហ៊ុន ម៉ាណែត អាចធ្វើឲ្យខ្មែរ បាត់បង់ទាំងកោះគុត និងបាត់បង់ទាំងដែនសមុទ្រខ្មែរ ទំហំ ៣០ ០០០គីឡូម៉ែត្រការ៉េ ព្រមទាំងបាត់បង់ប្រេងនិងឧស្ម័នមានតម្លៃ ៣០០ពាន់លានដុល្លារ។ រដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែត ត្រូវតែប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកកោះគុត និងដែនសមុទ្រខ្មែរ ទំហំ ៣០ ០០០គីឡូម៉ែត្រការ៉េ មកវិញ“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា ផ្ទុយពីការសំងំស្ងាត់ឈឹង អ្វីដែលនាយករដ្ឋមន្រ្តីកម្ពុជា ត្រូវធ្វើនៅពេលនេះ មាន៣ចំណុច ពាក់ព័ន្ធនឹងបញ្ហាកោះគុត គឺទី១ ត្រូវប្រកាសថា យ៉ាងហោចពាក់កណ្ដាលនៃកោះគុត ជារបស់ខ្មែរ។ ទី២ ត្រូវនិយាយថា ទាមទារកោះគុត មកវិញ និងទី៣ ត្រូវប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ។ បន្ថែមពីនេះ ត្រូវគិតថា បើបាត់ប្រេងឧស្ម័ន៣០០ពាន់លានដុល្លារលើដែនសមុទ្រ គឺបាត់ចំណូលចូលជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើន ក្លាយទៅជាសាំងហ្គាពួរទី២ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បើសិនជានាយករដ្ឋមន្រ្តី សំងំស្ងាត់ឈឹងអ៊ីចឹង មិនហ៊ានអះអាងថា កោះគុត ជារបស់កម្ពុជា អ៊ីចឹង ប្រាកដជាថៃ ស៊ីដាច់កោះគុត ហើយ ហើយអត់ហ៊ានព្រមប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិអ៊ីចឹង ប្រាកដជាថៃ ស៊ីដាច់កោះគុតហើយ ហើយមិនព្រមនិយាយថា កម្ពុជា នឹងទាមទារយកកោះគុត មកវិញអ៊ីចឹង ថៃ ស៊ីដាច់កោះគុត ហើយ ។ ដូច្នេះនាយករដ្ឋមន្រ្តី ត្រូវធ្វើនៅពេលនេះ គឺទី១ ត្រូវប្រកាសថា យ៉ាងហោចពាក់កណ្ដាលនៃកោះគុត ជារបស់ខ្មែរ។ ទី២ ត្រូវនិយាយថា ទាមទារកោះគុត មកវិញ និងទី៣ ត្រូវប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ទើបអាចទាមទារកោះគុត មកវិញបាន កុំសំងំនៅស្ងៀមអ៊ីចឹង ហើយថាខ្លួនឯងចាស់ទុំ ។ ហើយចុះហេតុអីបាននាយករដ្ឋមន្រ្តីថៃ គេប្រាកាសថា កោះគុត ជារបស់គេ? ហើយគេហ្នឹងមិនមែនចាស់ទុំទេឬ? ដូច្នេះខ្លួនឯងហ្នឹងមិនចង់ការពារទឹកដីខ្មែរ ចេះតែថាខ្លួនឯងចាស់ទុំ ។ ចាស់ទុំអី ឲ្យគេដើរជាន់ក្បាល ក៏ជាន់ទៅអ៊ីចឹង? សូម្បីតែអង្រ្កង វាចេះការពារសម្បុកខ្លួនឯងដែរ នៅពេលដែលដើរជាន់សម្បុកវាហ្នឹង វាខាំហើយ ហើយយើងនេះ គេដើរជាន់សម្បុកខ្លួនឯង មិនខាំផង មានន័យថា យើងហ្នឹងអន់ជាងសត្វទៅទៀត នាយករដ្ឋមន្រ្តីហ្នឹង មានន័យអ៊ីចឹងឯង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “បើខ្មែរ បាត់បង់កោះគុត ហើយបាត់ទាំងដែនសមុទ្រត្រួតស៊ីគ្នា ៣០ ០០០គីឡូម៉ែត្រការ៉េ ហើយបាត់ទាំងប្រេងនិងឧស្ម័នដែលមានតម្លៃជាង៣០០ពាន់លានដុល្លារទៀត ។ អ៊ីចឹងនេះជាការព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបាត់កោះគុត ហើយ បាត់ដែនសមុទ្រខ្មែរ រហូតដល់៣០ ០០០គីឡូម៉ែត្រការ៉េ ដែលបាត់ទាំងប្រេងនិងឧស្ម័ន រហូតដល់ ៣០០ពាន់លានដុល្លារទៀត ដែលយើងមកអភិវឌ្ឍប្រទេសជាតិហ្នឹងឲ្យបានរីកចម្រើន ។ មិនចាំបាច់ទៅធ្វើខ្ញុំគេនៅថៃ ទេ បាន៣០០ពាន់លានដុល្លារហើយ អភិវឌ្ឍប្រទេសជាតិ តែដប់ម្ភៃឆ្នាំហ្នឹង ស្មើសាំងហ្គាពួរទី២ បាត់ហើយ ស្មើប៊្រុយណេ ទី២ បាត់ហើយ ស្មើប្រទេសអារ៉ាប់ ទី២បាត់ហើយ ស្មើឌូបៃ ទី២បាត់ហើយ ។ ដូច្នេះមេដឹកនាំខ្មែរយើងអត់កំណើតតែម្ដង អត់ខ្វល់ខ្វាយ ។ យើងអភ័ព្វណាស់ មានមេដឹកនាំដែលមិនខ្វល់ខ្វាយពីការបាត់បង់ទឹកដី ។ ត្រកូលហ៊ុន គាត់ខ្វល់អី? លោកហ៊ុន សែន គាត់កាត់កោះត្រល់ ឲ្យយួន កាត់កោះក្រចកសេះ ឲ្យយួន មិនខ្វល់ផង ដូច្នេះគាត់ទៅខ្វល់អីអារឿងកោះគុត មួយ តូចជាងកោះត្រល់ ផងហ្នឹង? អាហ្នឹងជាបញ្ហាអ៊ីចឹង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តទៀតថា “បាត់ប្រេង និងឧស្ម័ន ៣០០ពាន់លានដុល្លារហ្នឹង គឺបាត់ចំណូលចូលជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើន ក្លាយទៅជាសាំងហ្គាពួរ ទី២ ប្រទេសតូចប៉ុណ្ណឹង បានលុយមក ៣០០ពាន់លានដុល្លារហ្នឹង គឺយើងក្លាយទៅជាប្រទេសអ្នកមានហើយ ដោយមិនបាច់ចែកជាមួយថៃ ទេ អាហ្នឹងបើយើងឡើងទៅកាន់តុលាការអន្តរជាតិ ប្រេងទាំងអស់ហ្នឹង បានមកយើងទាំងអស់ ដែនសមុទ្រ ប្រេងតម្លៃ ៣០០ពាន់លានដុល្លារហ្នឹង បានមកយើងទាំងអស់ ដែនសមុទ្រ ក៏បានមកយើងទាំងអស់ដែរ ដីដែនសមុទ្រ ៣០ ០០០គីឡូម៉ែត្រការ៉េហ្នឹង កោះគុត ហ្នឹងក៏បានមកយើង យ៉ាងហោចក៏ពាក់កណ្ដាលដែរ បើយើងឡើងទៅតុលាការអន្តរជាតិ។ ប៉ុន្តែត្រកូលហ៊ុន គាត់មិនចង់ឡើងទេ កាលណាឡើងទៅ វាប៉ះពាល់មិត្តភាពបងប្អូនធម៌ជាមួយលោកថាក់ស៊ីន ។ អ៊ីចឹងគាត់ម៉េចអាចបង្រ្កាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅថៃ បាន? ម៉េចចាប់ពួកសកម្មជនបក្សប្រឆាំងរបស់កម្ពុជា ពីថៃ មកកម្ពុជា បាន? អ៊ីចឹងម៉េចអាចរក្សាអំណាចរបស់ត្រកូលហ៊ុន បាន? ត្រកូលហ៊ុន គិតពីអំណាច ជាជាងគិតទឹកដី រក្សាអំណាច ជាជាងរក្សាទឹកដី ។ អ៊ីចឹងហើយបានអត់ហ៊ានប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ។ ទី២ បើប្ដឹងទៅ វាអាច់ប៉ះពាល់ គេសើរើដល់កោះត្រល់ នោះ ។ កោះត្រល់ ប៉ះពាល់ជាមួយចៅហ្វាយរបស់គាត់នោះ ប៉ះពាល់ដល់ចៅហ្វាយយួន របស់គាត់ហើយ ។ មូលហេតុទាំងអស់ហ្នឹងហើយ បានគាត់អត់ហ៊ានប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ“ ។

គួរបញ្ជាក់ថា ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យពលរដ្ឋខ្មែរ កុំជ្រួលច្របល់ក្នុងបញ្ហាទំនាស់ដែនទឹកនៅកោះគុត តាមការញុះញង់របស់ក្រុមប្រឆាំង។ សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានស្ងាត់ស្ងៀមក្នុងរឿងនេះទេ តែដោយសាររដ្ឋាភិបាលកម្ពុជា មានភាពចាស់ទុំខាងនយោបាយ ដែលមិនយកភ្លើងចូលផ្ទះតែប៉ុណ្ណោះ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា “ផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយម ចោទប្រកាន់ថា រាជរដ្ឋាភិបាល ស្ងាត់នោះ គឺទី១ រាជរដ្ឋាភិបាល មានភាពចាស់ទុំខាងនយោបាយ។ ទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ ។ ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មិនទាន់បញ្ចប់នៅឡើយ ។ ប៉ុន្តែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយម មួយក្ដាប់តូច បានទាញយកមកដើម្បីតែផលប្រយោជន៍នយោបាយរបស់ពួកគេ»។

ដោយឡែក កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានថ្លែងនៅពីមុខទីស្ដីការគណៈរដ្ឋមន្ត្រីថៃ ដោយអះអាងថា កោះគុត គឺជាកម្មសិទ្ធិរបស់ប្រទេសថៃ ផ្ដាច់មុខ ជាយូរណាស់មកហើយ ដោយផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ។ ជាមួយគ្នានេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានអះអាងទៀតថា រដ្ឋាភិបាលកម្ពុជាព្រមទទួលស្គាល់ និងមិនទាមទារកោះគុត ពីថៃ នោះឡើយ ហើយបញ្ហាកោះគុត នេះ ក៏រដ្ឋាភិបាលថៃ មិនបានដាក់បញ្ចូលទៅក្នុងកិច្ចចរចាស្ដីពីតំបន់ត្រួតស៊ីគ្នាឡើយ។

ទោះបីជាយ៉ាងណា លោក អ៊ុំ សំអាន អតីតសមាជិសភានៃអតីតបក្សប្រឆាំងកម្ពុជា បានអះអាងថា យោងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បារាំង បានកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត ជាគោល។ ចំណុចខ្ពស់បំផុតនៃកោះគុត កម្ពុជា ត្រូវទទួលបានដីមួយផ្នែកធំ នៃកោះនេះ ស្មើនឹង ២/៣នៃកោះគុត ទាំងមូល។ រីឯភាគីថៃ ទទួលបានដី ១/៣ នៃកោះនេះ។ ទោះជាយ៉ាងណា ថៃ បានចូលកាន់កាប់កោះគុត និងផ្នែកដែនសមុទ្រខ្មែរ នៅតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» (OCA) គឺបន្ទាប់ពីរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ ជាមួយប្រទេសវៀតណាម។

លោក អ៊ុំ សំអាន ចោទថាការដែលរដ្ឋាភិបាលសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម្ដេចហ៊ុន សែន ចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ ជាមួយវៀតណាម និងធ្វើឱ្យរាល់សន្ធិសញ្ញាខុសច្បាប់នានា កាលពីសម័យនោះ រស់ឡើងវិញ តាមរយៈការធ្វើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ធ្វើឱ្យកម្ពុជា ត្រូវបាត់បង់អធិបតេយ្យលើកោះគុត និងដែនសមុទ្រខ្មែរ ប្រមាណ ៣ម៉ឺនគីឡូម៉ែត្រការ៉េ។

បច្ចុប្បន្ន កោះគុត ត្រូវបានរដ្ឋាភិបាលថៃ អភិវឌ្ឍបង្កើតទៅជាតំបន់ទេសចរណ៍ ដោយមានភ្ញៀវមកកម្សាន្តប្រហែល ៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ ហើយកោះនេះ ក៏ជាកន្លែងទាហានជើងទឹករបស់ថៃ យកធ្វើជាកន្លែងសមយុទ្ធផងដែរ។

 “នគរធំ” មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក ឡាំ ជា និងអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ដើម្បីសុំមតិយោបល់ ការបកស្រាយជុំវិញរឿងខាងលើនេះបានទេ ។ ប៉ុន្តែថ្មីៗនេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានប្រតិកម្មនឹងលោកអ៊ុំ សំអាន ដែលលើកឡើងពីបញ្ហាព្រំដែននេះថា បុគ្គលនេះ ធ្លាប់ជាទណ្ឌិត ជាប់ពន្ធនាគារ ដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន។ ដូចនេះ រាល់ព័ត៌មានទាំងឡាយទាក់ទងនឹងបញ្ហាព្រំដែន និងបញ្ហាផ្សេងៗទៀតដែលបុគ្គលនេះនិយាយ ជាការភូតកុហក បំភ្លៃ បំផ្លើស បំភ័ន្តទាំងអស់។ អតីតទណ្ឌិតរូបនេះ គ្មានតម្លៃក្នុងការនិយាយពីបញ្ហាជាតិទេ។

គ.ស.ព.ស. បានបញ្ជាក់ថា បុគ្គលអ៊ុំ សំអាន ក៏ធ្លាប់ទាំងបានធ្វើលិខិតសុំទោសសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ នាពេលកន្លងមក ចំពោះការបង្ហោះព័ត៌មានមិនពិត រឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខនិងសណ្តាប់សង្គម ៕ កុលបុត្រ

RELATED ARTICLES