ភ្នំពេញ ៖ ក្រោយប្រធានគណបក្សជំនាន់ថ្មី ប្រចាំសហរដ្ឋអាមេរិក រត់ចេញពីគណបក្សជំនាន់ថ្មី ទៅចូលគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលជាទ្រនំចាស់របស់ខ្លួនវិញ ហើយលើកមូលហេតុថា ដោយសារគណបក្សជំនាន់ថ្មី គ្មានលទ្ធភាពដឹកនាំប្រទេស ដូចគណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ទៀត ដែលជាប្រធានគណបក្សជំនាន់ថ្មី ប្រចាំរដ្ឋតិចសាស មកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែរនោះ លោកមាជ សុវណ្ណារ៉ា មេបក្សជំនាន់ថ្មី បានចេញមកឆ្លើយតបនិងច្រានចោលថា ការលើកហេតុផលបែបនេះ មិនសមឡើយ ព្រោះគណបក្សជំនាន់ថ្មី ទើបតែបង្កើតបានកន្លះឆ្នាំ និងកំពុងតែកសាងកម្លាំង ត្រៀមប្រកួតប្រជែងការបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ មិនទាន់អាចវាយតម្លៃថា គ្មានលទ្ធភាពដឹកនាំប្រទេស ដូចគណបក្សកាន់អំណាច បាននោះទេ ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ថា “សូមពិចារណាតាមការគួរ ៖ តើជាកំហុសមាជ សុវណ្ណារ៉ា ឬជាចេតនារបស់ជនឱកាសនិយម ចៀសវាងប្រជាភិថុតិនយោបាយ? វាជាសិទ្ធិនយោបាយរបស់គាត់ ធានានិងការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា ដោយគាត់បានសុំលាលែងពីសាខាគណបក្សជំនាន់ថ្មី តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ (ហេតុផលសូមអានលិខិតរបស់គាត់) ហើយមុនគាត់មកចូលជាសមាជិកគណបក្សជំនាន់ថ្មី សាខានៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក៏គាត់បានលាលែងចេញពីគណបក្សប្រជាជនកម្ពុជា ផងដែរ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយមិនមានអ្វីជាផលរមាស់ដល់គណបក្សជំនាន់ថ្មី ទេ“ ។
លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា “អន់ចិត្តបក្ស CPP ពីរឿងតំណែង សុំលាឈប់ ហើយសុំចូលបក្ស NGP ដើម្បីជ្រកតថ្លៃ ដោយត្រូវតម្លៃ វិលវិញហើយបង ប៉ុន្តែអ្វីៗវាជាសិទ្ធិនយោបាយរបស់ពួកគេ“ ។
លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា “សិទ្ធិនយោបាយ ធានានិងការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា គ្មានអ្វីចម្លែកទេ ពួកគេទាំង២នាក់ ជាអតីតសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅរដ្ឋតិចសាស, USA «មកហើយទៅវិញ វាជារឿងធម្មតានៃទ្រនំចាស់របស់ពួកគេ» ដោយមិនមានទោមនស្ស ឬផលរមាស់អ្វីជាដុំកំភួនដល់គណបក្សជំនាន់ថ្មី ដែលទើបតែនឹងចាប់កំណើត មានអាយុ ៦ខែ៨ថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែនេះក៏ជាបទពិសោធន៍សម្រាប់ NGP ក្នុងការតម្រង់ទិសទៅរកគោលដៅនៅរដូវការប្រកួតប្រជែងនយោបាយ ឆ្នាំ២០២៧ &២០២៨ ដែរ ។ យើងមិនធ្វើការសន្និដ្ឋានពីរឿង «ដើរចេញ ដើរចូល»ថាជារឿងអាក់អន់ស្រពន់ចិត្ត ឬក៏តថ្លៃ ឬក៏ក្នុងយុទ្ធវិធីនយោបាយបែបយ៉ាងណានោះទេ ទុកឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ធ្វើការវិនិច្ឆ័យនិងពិចារណាទៅចុះ?“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា លោកមិនមានទោមនស្សអីជាមួយនឹងសកម្មជនដែលគេដើរចេញពីបក្សជំនាន់ថ្មី នោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញការអះអាងរបស់គាត់ថា គណបក្សជំនាន់ថ្មី មិនអាចមានលទ្ធភាពទៅដឹកនាំប្រទេស គឺលោកសូមច្រានចោល ព្រោះថា គណបក្សជំនាន់ថ្មី ទើបបើកបាន ៦ខែ ក្រោយពីសមាជជាផ្លូវការ ហើយមិនទាន់បានចូលរួមការប្រកួតប្រជែងការបោះឆ្នោត ម្ដងណានោះទេ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំមិនមានប្រតិកម្មអ្វីទៅនឹងការចាកចេញរបស់សមាជិកម្នាក់ ដែលជាថ្នាក់ដឹកនាំសាខាគាំទ្រពីក្រៅប្រទេស នៅក្នុងរដ្ឋតិចសាស ទាក់ទងទៅនឹងការដែលគាត់ចាកចេញពីគណបក្សជំនាន់ថ្មី ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ខណៈដែលគាត់ចាកចេញពីគណបក្សប្រជាជនកម្ពុជា មកកសាងជីវភាពនយោបាយជាមួយនឹងគណបក្សជំនាន់ថ្មី មិនទាន់បាន ២ខែផង ក៏គាត់ទៅហើយមកវិញជាមួយនឹងគណបក្សប្រជាជនកម្ពុជា វិញ អាហ្នឹងវាជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ របស់អ្នកនយោបាយ សកម្មជន ដែលធានានិងការពារដោយរដ្ឋធម្មនុញ្ញ ។ ប៉ុន្តែអ្វីដែលគាត់បានបង្ហាញដើម្បីទៅចូលគណបក្សប្រជាជន ជាលាភសក្ការៈ បុណ្យស័ក្ដិ ឬក៏អាត្មានិយម ជនឱកាសនិយមអី គឺថាទុកឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិ វាយតម្លៃទៅ ប៉ុន្តែសម្រាប់ខ្ញុំៗមិនមានទោមនស្សអីជាមួយនឹងសកម្មជនដែលគេដើរចេញពីបក្សជំនាន់ថ្មី ទេ ។ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញការអះអាងរបស់គាត់ថា គណបក្សជំនាន់ថ្មី មិនអាចមានលទ្ធភាពទៅដឹកនាំប្រទេស គឺអាហ្នឹងខ្ញុំសូមច្រានចោល ព្រោះថា គណបក្សជំនាន់ថ្មី ទើបបើកបាន៦ខែ ក្រោយពីសមាជជាផ្លូវការ ហើយមិនទាន់បានចូលរួមការប្រកួតប្រជែងការបោះឆ្នោតម្ដងណានោះទេ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងយើងអត់អាចសន្និដ្ឋាន វាយតម្លៃ ហើយប្រៀបធៀបទៅនឹងគណបក្សកាន់អំណាច ដែលគេកាន់អំណាច តាំងពីរបបកុម្មុយនីស្ត រហូតដល់របបប្រជាធិបតេយ្យសេរី យើងគិតពីឆ្នាំ១៩៩៣ មកដល់ឥឡូវ ៣១ឆ្នាំហើយ ។ អ៊ីចឹង ៧អាណត្តិ ហើយគណបក្សជំនាន់ថ្មី ត្រៀមនឹងប្រកួតប្រជែងជាមួយនឹងបក្សកាន់អំណាច នៅឆ្នាំ២០២៧ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៨ ។ អ៊ីចឹងយើងអត់អាចទៅដឹងការសម្រេចរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះបានទេ អ៊ីចឹងខ្ញុំមិនប្រតិកម្មខឹងសម្បា ឬក៏ឃាត់ឃាំង ឬក៏គិតគាត់ថាជាមនុស្សឱកាសនិយម ឬក៏មនុស្សដើម្បីលាភសក្ការៈទេ ។ ប៉ុន្តែយើងឃើញហើយ ពីមុន គាត់មានការអាក់អន់ស្រពន់ចិត្តពីរឿងបុណ្យស័ក្ដិ តួនាទីជាមួយគណបក្សប្រជាជនកម្ពុជា គាត់លាឈប់ គាត់គាំទ្រគោលនយោបាយ និងចូលចិត្តមេដឹកនាំគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ។ ប៉ុន្តែគាត់មក គាត់មានការអូសទាញបែបណា ដែលគាត់ធ្លាប់ប្រាប់ក្រុមការងារនៅសហរដ្ឋអាមេរិក ហ្នឹង គឺគាត់មានបញ្ហាដីធ្លី ឬក៏ពាក់ព័ន្ធនឹងគ្រួសារចេញចូលស្រុកខ្មែរ អ៊ីចឹងហើយក៏គាត់សម្រេចចិត្តចូលគណបក្សប្រជាជនកម្ពុជា វិញ ដែលជាសិទ្ធិរបស់គាត់ តែសុំធ្វើការច្រានចោល ដែលគាត់មកវាយតម្លៃគណបក្សជំនាន់ថ្មី ថាគណបក្សជំនាន់ថ្មី ដឹកនាំដោយលោកមាជ សុវណ្ណារ៉ា មិនអាចលទ្ធភាពដឹកនាំប្រទេស ដូចគណបក្សប្រជាជនកម្ពុជា ។ ដូចខ្ញុំបានអះអាងពីលើអ៊ីចឹង គឺថាយើងអត់ទាន់ដឹងទឹកចិត្ត បេះដូងប្រជាពលរដ្ឋម្ចាស់ឆ្នោតទេ គឺអ្វីៗយើងរង់ចាំការបោះឆ្នោតថ្នាក់ជាតិ ក៏ដូចជាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២៧-២០២៨ ហើយគណបក្សជំនាន់ថ្មី ទើបកើត គិតក្រោយពីសមាជផ្លូវការ មកដល់ឥឡូវ តែជាង៦ខែទេ ។ អ៊ីចឹងយើងនៅ៣ឆ្នាំ ឬ៤ឆ្នាំទៅមុខទៀត ក្នុងការប្រកួតប្រជែងការបោះឆ្នោត មកពីគណបក្សនយោបាយនានា ហើយបក្សកាន់អំណាច ដែលគេកំពុងតែកាន់អំណាច គេមានឥទ្ធិពលនយោបាយ គេមានទ្រព្យសម្បត្តិ មានលុយមានកាក់ មានអំណាច ហើយកំពុងតែដឹកនាំប្រទេស“ ។
លោកមាជ សុវណ្ណារ៉ា បានប្រសាសន៍បន្តទៀតថា “អ៊ីចឹងយើងមិនទាន់ធ្វើការប្រៀបធៀបគណបក្សធំ គណបក្សតូច មានលទ្ធភាពយ៉ាងណា យកការប្រកួតប្រជែងឈ្នះៗដោយថ្លៃថ្នូរ ចាញ់ៗដោយអស់ចិត្តបាននោះទេ ឲ្យតែការបោះឆ្នោតមួយ ដែលមានគណៈកម្មាធិការរៀបចំការបោះឆ្នោត សេរី យុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកបាន ស្មើភាពគ្នា គឺយើងនឹងរង់ចាំ អត់មានទាន់សន្និដ្ឋាន វិនិច្ឆ័យមុនបានទេ មិនប្រាកដថា គណបក្សធំ នៅទីបញ្ចប់នៅតែជាគណបក្សខ្លាំង គណបក្សឈ្នះឆ្នោតនោះទេ ហើយក៏មិនប្រាកដថា គណបក្សតូច ជាគណបក្សដែលមិនអាចយកឈ្នះគេ ទៅមុខមិនរួចនោះ គឺយើងអត់អាចទៅមើលបេះដូង ទឹកចិត្តពលរដ្ឋម្ចាស់ឆ្នោតបានទេ ហើយជាគុណធម៌នយោបាយ សីលធម៌ និងគោលការណ៍របស់គណបក្សជំនាន់ថ្មី គឺមិនយកខ្មែរណាជាសត្រូវទេ សិទ្ធិធ្វើនយោបាយធានានិងការពារដោយរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងអ្នកចេញ អ្នកចូល វាជារឿងសិទ្ធិរបស់ពួកគាត់ តែធ្វើម៉េចកុំឲ្យបាត់នូវសីលធម៌ គុណធម៌ជាអ្នកនយោបាយ ជាសកម្មជននយោបាយ កុំដើម្បីតែលាភសក្ការៈ បុណ្យស័ក្ដិ តួនាទី តំណែង ហើយបង្កើតនូវជនឱកាសនិយម ដើម្បីកេងប្រវ័ញ្ចផ្នែកនយោបាយជាមួយប្រជាភិថុតិ ចេញពីបក្សមួយ ទៅបក្សមួយ អាហ្នឹងគឺការកសាងជីវិតនយោបាយ នឹងអាចក្លាយទៅជាអត្តឃាតនយោបាយ ឬក៏ជីករណ្ដៅកប់ខ្លួនឯង ។ បើយើងអត់មានអ្វីជាសច្ចៈ ខន្តី កតញ្ញូនៅក្នុងផ្លូវនយោបាយទេ គឺការវិនិច្ឆ័យ ការសម្រេច ការកាត់ក្ដីដោយពលរដ្ឋម្ចាស់ឆ្នោត ដែលគេកំពុងតែតាមដានស្ថានការណ៍នយោបាយនៅក្នុងយុគសម័យបច្ចេកវិទ្យា គឺប្រព័ន្ធអន្តរបណ្ដាញព័ត៌មាន Social Medea អីជាដើមហ្នឹង“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកឃុន សារ៉ាត់ អតីតសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលបានរត់ចេញពីគណបក្សប្រជាជនកម្ពុជា មកចូលគណបក្សជំនាន់ថ្មី រួចហើយបានរត់ចេញពីគណបក្សជំនាន់ថ្មី ទៅសុំចូលគណបក្សប្រជាជនកម្ពុជា វិញ ។
យោងតាមលិខិតលាលែង ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ លោកឃុន សារ៉ាត់ បានគោរពជូនលោកចាន់ អេងឡុង ប្រធានសាខាគណបក្សប្រចាំរដ្ឋតិចសាស សហរដ្ឋអាមេរិក ក្នុងកម្មវត្ថុថា លោកសុំលាលែងពីជីវភាពនយោបាយនៃគណបក្សប្រជាជនកម្ពុជា មូលហេតុដោយសារលោកពុំមានពេលគ្រប់គ្រាន់សម្រាប់ការងាបក្សនិងជាប់ភារកិច្ចថែទាំកូនពិការភាព ។
ដោយឡែក នៅក្នុងលិខិតសុំលាលែង ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឃុន សារ៉ាត់ បច្ចុប្បន្នមានតួនាទីជាប្រធានគណបក្សជំនាន់ថ្មី ប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ជូនលោកមាជ សុវណ្ណារ៉ា ប្រធានគណបក្ស នៅក្នុងកម្មវត្ថុថា លោកសុំលាលែងពីជាប្រធានគណបក្សជំនាន់ថ្មី ប្រចាំសហរដ្ឋអាមេរិក ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយមូលហេតុ ពុំមានពេលគ្រប់គ្រាន់សម្រាប់បំពេញភារកិច្ចជូនបក្ស និងជាប់រវល់ការងារផ្ទាល់ខ្លួន ។
ក្រោយលាឈប់ពីគណបក្សជំនាន់ថ្មី លោកឃុន សារ៉ាត់ ដែលជាអតីតសមាជិកគណបក្សប្រជាជនកម្ពុជា បានគោរពជូនសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា វិញ ដោយបញ្ជាក់មូលហេតុនៅក្នុងវីដេអូគោរពជូនសម្ដេចហ៊ុន សែន ផ្ទុយពីការបញ្ជាក់មូលហេតុជូនលោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដូចខាងលើថា ការលាឈប់ពីគណបក្សជំនាន់ថ្មី ដោយសារគណបក្សជំនាន់ថ្មី ពុំមានលទ្ធភាពដឹកនាំប្រទេស ដូចគណបក្សប្រជាជនកម្ពុជា ។
លោកឃុន សារ៉ាត់ បានថ្លែងនៅក្នុងវីដេអូនោះថា “ខ្ញុំបាទសូមគោរពសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាទីគោរព! សូមគោរពសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ជាទីគោរព! ខ្ញុំបាទឈ្មោះឃុន សារ៉ាត់ បច្ចុប្បន្នរស់នៅក្នុងទីក្រុងដាឡាស់ រដ្ឋតិចសាស សហរដ្ឋអាមេរិក ។ បច្ចុប្បន្នខ្ញុំគឺជាប្រធានគណបក្សជំនាន់ថ្មី ប្រចាំសហរដ្ឋអាមេរិក របស់លោកមាជ សុវណ្ណារ៉ា នៅសហរដ្ឋអាមេរិក ។ ខ្ញុំបាទធ្វើវីដេអូនេះ សូមគោរពជូនសម្ដេច ខ្ញុំបាទសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយធ្វើការផ្ដាច់ខ្លួនចេញពីគណបក្សជំនាន់ថ្មី ។ ខ្ញុំមើលឃើញថា គណបក្សជំនាន់ថ្មី មិនអាចមានលទ្ធភាពដឹកនាំប្រទេសបានទេ មានតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំ នៅក្នុងប្រទេស និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច និងបង្រួបបង្រួមខ្មែរតែមួយ ។ យុទ្ធសាស្រ្តរបស់សម្ដេច គឺបង្រួបបង្រួមខ្មែរ ឲ្យចេះស្រលាញ់គ្នា ហើយមិនថាមកពីនិន្នាការណាទេ ក៏សម្ដេចនៅតែទទួលស្វាគមន៍ដើម្បីបង្រួបបង្រួមជាតិ ។ មានការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដល់ពេលបច្ចុប្បន្ន គឺសម្ដេចមហាបវរធិបតី ។ ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងគោរពស្នើសម្ដេច ដើម្បីចូលរួមក្នុងជីវភាពនយោបាយជាមួយសម្ដេច ផង ។ ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេច ទាំងទ្វេ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា បញ្ញាឈ្លាសវៃ និងពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ!” ។
ជាការឆ្លើយតប សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍លោក ឃុន សារ៉ាត់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា“ ។
ក្រោយការឆ្លើយតបទៅនឹងការសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកឃុន សារ៉ាត់ បាន២ថ្ងៃ សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានឆ្លើយតបទៅសមាជិកគណបក្សខ្មែរជំនាន់ថ្មី ម្នាក់ទៀត គឺលោកឃ្លាំង ថារ៉ាវុធ ប្រធានគណបក្សខ្មែរជំនាន់ថ្មី ប្រចាំរដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលបានសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ។ សម្ដេចហ៊ុន សែន បានសរសេរថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍លោក ឃ្លាំង ថារ៉ាវុធ ដែលបានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមជូនពរលោកនិងក្រុមគ្រួសារ ជួបតែសេចក្តីសុខសេចក្តីចម្រើន“ ។
ទោះបីយ៉ាងណា ជុំវិញការលាលែងពីគណបក្សកាន់អំណាច ទៅចូលរួមជាមួយគណបក្សជំនាន់ថ្មី ហើយចុងក្រោយមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា វិញនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ពីលោកឃុន សារ៉ាត់ និងលោកឃ្លាំង ថារ៉ាវុធ បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ