ភ្នំពេញ ៖ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញឌឺដងឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលប្រកាសប្រើយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងតែងបង្ហោះសារ «ផ្ការីក» ជារឿយៗនោះ ដោយសម្តេច បានបង្ហោះរូបភាពលេងវាយកូនគោល ជាមួយសំណេរថា លេងវាយកូនគោល មើលផ្ការីក ខ្យល់ត្រជាក់ ផ្ការីកគ្រប់រដូវ វាយកាន់តែល្អ ។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចហ៊ុន សែន បានបង្ហោះនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នូវរូបភាពសម្តេចលេងកីឡាវាយកូនគោល ជាមួយសំណេរថា “ព្រឹកនេះ វាយកូនគោល មើលផ្ការីក។ ខ្យល់ត្រជាក់ ផ្ការីកគ្រប់រដូវ ធ្វើឲ្យការវាយកាន់តែល្អ“ ។
បើទោះបីសំណេរខ្លី មិនបញ្ជាក់ឲ្យចំ តែអ្នកតាមដាននយោបាយ យល់ថា សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ចង់ឌឺដងឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលថ្មីៗនេះ បានបង្កើតចលនាជាតិតស៊ូ ហើយតែប្រើបណ្ដាញសង្គម ហ្វេសប៊ុក អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុក ងើបបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមយុទ្ធសាស្រ្តផ្ការីក ដូចនៅប្រទេសបង់ក្លាដែស ដែលទម្លាក់នាយករដ្ឋមន្រ្តី សេក ហាស៊ីណា និងដូចប្រទេសស៊ីរី ដែលទម្លាក់ប្រធានាធិបតីស៊ីរី បាស្ហារ អាល់-អាសាសដ កាលពីពេលថ្មីៗនេះ ជាដើម ។ អតីតមេបក្សប្រឆាំង ដែលសម្តេចហ៊ុន សែន ហៅថា «ជនក្បត់ជាតិ៣ជំនាន់» នេះ នៅពេលថ្មីៗចុងក្រោយនេះ បានប្រកាសថានឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្រៅប្រទេស និងតែងបង្ហោះរូបភាពនិងសារ «ផ្ការីក» ដែលសំដៅបដិវត្តន៍ពណ៌ បំផ្ទុះចេញពីផ្ទៃក្នុង គំរាមសម្តេចហ៊ុន សែន ដោយចោទសម្តេចហ៊ុន សែន ជាជនផ្តាច់ការ ប្រៀបធៀបទៅអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែល លោកស្រី សេក ហាស៊ីណា និងអតីតប្រធានាធិបតីស៊ីរី លោកបាស្ហារ អាល់-អាសសាដ ដូចជាថា «បន្ទាប់ពីសាដ ដល់វេនសែន» ជាដើម។
ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចហ៊ុន សែន មិនដែលញញើតនឹងការគំរាមរបស់អតីតមេបក្សប្រឆាំងដែលកំពុងរស់និរទេសនៅក្រៅប្រទេសរូបនេះឡើយ ជាក់ស្តែង ថ្មីៗនេះ សម្តេចបានព្រមានទៅក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយលោកសម រង្ស៊ី ថា នឹងជំរុញឲ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនេះ ជាក្រុមភេវរកម្ម ហើយទោះបីក្នុងតម្លៃណាក៏ដោយ សម្តេច ត្រូវតែការពារសន្តិភាព មិនអាចឲ្យក្រុមជ្រុលនិយមទាំងនោះ បំផ្លាញសន្តិភាពមាននៅកម្ពុជា បានជាដាច់ខាត។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន បានចោទជាសំណួរថា តើដល់ពេលឬនៅ ដែលត្រូវដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅក្នុងបញ្ជីក្រុមភេរវកម្ម ខណៈក្រុមជ្រុលនិយមដែលកំពុងរស់នៅក្រៅប្រទេស បានបង្កបញ្ហាម្តងហើយម្តងទៀត រុញឱ្យប្រជាជន មិនទទួលបានសេចក្តីសុខ។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា «តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំច្បាប់ដាក់ក្រុមនេះ ទៅជាក្រុមភេវរកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ ព្រោះនេះវាមានចំណុចជាការញុះញង់ អុចអាល ដែលវាអាចដល់ជាការផ្ទុះអាវុធ រវាងកម្ពុជា និងថៃ តែម្តង។ នេះមិនគ្រាន់តែបញ្ហានៅផ្ទៃក្នុងកម្ពុជា នោះទេ ក៏ប៉ុន្តែវាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ“ ។
បន្ទាប់មក ថ្លែងក្នុងពិធីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស ឱ្យបង្ហាញក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលនិរទេស ឱ្យបានលឿនមក ដើម្បីឆាប់បានចេញច្បាប់ដាក់ទោស។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំចង់ថា ឲ្យវាប្រកាសគណៈរដ្ឋមន្រ្តី ឲ្យបានលឿនម៉ោ តែវាមិនព្រមចេញឈ្មោះ អាណាធ្វើនាយករដ្ឋមន្រ្តី? អាណាធ្វើឧប? អាណាធ្វើរដ្ឋមន្រ្តី? នឹងអាលចេញច្បាប់មួយគ្រឹប! នេះ ។ ប៉ុន្តែវាមិនហ៊ានប្រកាសទេ បើវាហ៊ានចេញប្រធានាធិបតី បានសេចក្ដីថា អ្ហែងកំពុងតែប្រឆាំងរបបរាជានិយម ព្រោះអ្ហែងបង្កើតរដ្ឋាភិបាលមួយដែលមានប្រធានាធិបតី ។ អ្ហែងដាក់ចេញម៉ោ តែវាមិនព្រមដាក់ម៉ោនេះ វានៅផ្ការីក ។ អាហ្នឹងផ្ការីក ផ្ការោយ អ្ហែងប្រុងធ្វើអីហ្នឹង ផ្ការីក ផ្ការោយហ្នឹង?“ ។
ជុំវិញបញ្ហាខាងលើនេះដែរ មេបក្សសន្តិភាពជាតិ និងជាអ្នកវិភាគ ឃ្លាំមើលព្រឹត្តិការណ៍សង្គម លោក រស់ សារ៉ុម ដែលមុននេះ បានស្នើពន្លឿនការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ចូលបញ្ជីខ្មៅភេរវកម្ម ដើម្បីធានាស្ថិរភាពនយោបាយ សន្តិភាព សមធម៌ វឌ្ឍនភាពសង្គមនៅកម្ពុជា យូរអង្វែង តាមប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យ ដែលមានស្រាប់នោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា ការឌឺដងរបស់សម្ដេចហ៊ុន សែន ទៅលោកសម រង្ស៊ី ដោយការប្រើភាសាថា ខ្យល់ត្រជាក់ ផ្ការីកគ្រប់រដូវ ធ្វើឲ្យការវាយកាន់តែល្អនោះ ជាសញ្ញាថា សម្ដេច មិនមែនលេងសើចទេ ឬដើរថយក្រោយទេ គឺសម្ដេច ដើរទៅមុខហើយ ក្នុងការត្រៀមទប់ស្កាត់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ដឹកនាំដោយសម រង្ស៊ី ក្នុងនាមសម្ដេច ជាប្រមុខបក្សកាន់អំណាច ។ លោកយល់ថា សម្ដេច កំពុងតែរង់ចាំមើលលោកសម រង្ស៊ី បើហ៊ានតែបង្កើតរដ្ឋាភិបាលនិរទេសពិតប្រាកដមែន ដើម្បីជាជំហានឆ្ពោះទៅធ្វើបដិវត្តន៍ផ្ការីកនោះ សម្ដេច នឹងបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ទៅក្នុងបញ្ជីខ្មៅក្រុមភេរវកម្ម ដូចការចង់បានរបស់លោក ដែលជាប្រធានគណបក្សនយោបាយថ្មីមិនខាន ។
លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! ខ្ញុំចាប់អារម្មណ៍អ្វីដែលសម្ដេច លោកលើកឡើង គឺនយោបាយរបស់លោកសម រង្ស៊ី គឺកំពុងតែបង្ហាញឲ្យឃើញថា ជានយោបាយដុតរោល រុញឲ្យខ្លោច រោចឲ្យឆៅហ្នឹង គឺជានយោបាយមួយ ដែលនាំខ្មែរ ទៅបែកបាក់ សង្រ្គាមសាថ្មីទៀត ។ អ៊ីចឹងការផ្ដួលរំលំ អ្វីៗដែលសម រង្ស៊ី ប្រកាសផ្ការីក ផ្កាអី ញុះញង់រឿងកោះគុត ក្ដី ចលនា៤ខេត្តក្ដី ហើយរឿងផ្សេងៗទៀត ហើយវាសុទ្ធតែជារឿងមួយដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រធានគណបក្សកាន់អំណាច សម្ដេចហ៊ុន សែន ហ្នឹង ខ្ញុំយល់ឃើញថា កុំស្ទាក់ស្ទើរក្នុងការបង្កើតច្បាប់ ដើម្បីអី? ឲ្យប្រជារាស្រ្តនៅខាងក្នុងនេះ គាត់ដឹងថា នៅពេលដែលក្រុមណាមួយ ត្រូវបានទាញចូលទៅក្នុងបញ្ជីភេរវករ បញ្ជីខ្មៅភេរវករ គឺប្រជាជនគាត់មិនចូលរួមទេ វានាំទុក្ខទោស វានាំបញ្ហាដល់គាត់ អ៊ីចឹងគួរតែទប់ស្កាត់មុន ។ វាមិនមែនជាវិធានការដែលនាំឲ្យបែកបាក់ជាតិទេ តែវាជាវិធានការមួយដែលធ្វើឲ្យនីតិរដ្ឋរបស់យើង វាកាន់តែដំណើរការល្អ ។ ខ្ញុំឧទាហរណ៍ជាក់ស្ដែង ហ្វេសប៊ុក យើងផុសខុស Policy គេ តែបន្តិច វាប្លុកផេកយើងបាត់ មែនទេ? ប៉ុន្តែហេតុអីបានផេករបស់សម រង្ស៊ី ម្ង៉ៃៗគឺផ្ដួលរំលំរដ្ឋាភិបាល ម្ង៉ៃៗគិតពីរឿងធ្វើបដិវត្តន៍ ផ្ដូលរំលំរដ្ឋាភិបាលកម្ពុជា ហេតុអីបានជាផេកសម រង្ស៊ី នៅតែអាចដំណើរការបាន? អ៊ីចឹងបានខ្ញុំថា វាជារឿងមួយជាសម្ព័ន្ធ ។ អ៊ីចឹងអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រធានគណបក្សកាន់អំណាច ដែលលោកកាន់កិច្ចការនយោបាយទាំងអស់នេះ ខ្ញុំលើកទឹកចិត្ត កុំឲ្យស្ទាក់ស្ទើរក្នុងការបង្កើតច្បាប់ដាក់ក្រុមភេរវករ ចូលបញ្ជីខ្មៅនេះ ។ អ៊ីចឹងវិធានការនេះ វាជារឿងមួយល្អសម្រាប់ប្រទេសជាតិទេ វាមិនមែនធ្វើឲ្យដើរទៅចូលក្នុងអន្ទាក់នយោបាយណាមួយដែលរៀបចំដោយភាគីណាមួយទេ តែយើងធ្វើដើម្បីជាតិរបស់យើងទេ ។ យ៉ាងណា ការឌឺដងនេះ តាមពិតទៅ វាជាចេតនាមួយ វាមិនមែនជាការលេងសើចទេ ប៉ុន្តែគ្រាន់តែថា សម្ដេច លោករង់ចាំឲ្យសម រង្ស៊ី ដើរមួយជំហានមុន ពាក់ព័ន្ធជាមួយនឹងការបង្កើតរចនាសម្ព័ន្ធរដ្ឋាភិបាលនិរទេស ចង់បានឃើញរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនិរទេសហើយ បានបង្កើតច្បាប់ទាញចូល ហើយសម រង្ស៊ី ប្រឹងដុតថា ធ្វើម៉េចឲ្យរដ្ឋាភិបាលបង្កើតច្បាប់នេះ ដើម្បីគាត់ក្រឡាច់ទៅធ្វើរឿងផ្សេងទៀត ដែលទម្លាក់កំហុសមកលើរដ្ឋាភិបាល ។ អ៊ីចឹងវាជារឿងមួយដែលពិបាកសម្រាប់គណបក្សកាន់អំណាចដែរ ប៉ុន្តែខ្ញុំគិតថា ជាមួយមនុស្សក្រឡេចក្រឡុចដូចសម រង្ស៊ី ជាមួយមនុស្សដែលគ្មានទំនួលខុសត្រូវ ដូចសម រង្ស៊ី ដែលដឹកនាំតាំងពីកូនចៅរាប់ភ្លេច រហូតដល់វិនាសអន្តរាយកូនចៅគ្រប់ទិសទីនោះ គឺវាបង្កើតរឿងមួយ យើងចាត់វិធានការមួយទៅ តែអារឿងកំប៉ិកកំប៉ុកអីផ្សេងទៀត ចែងក្នុងច្បាប់ឲ្យអស់ទៅ ហើយរត់ទៅណាក៏នៅក្នុងហ្នឹងដែរ ។ អ៊ីចឹងយើងគ្រាន់តែបង្កើតសំណាញ់មួយទៅ អ៊ីចឹងដល់ពេលក្រឡេចក្រឡុចរត់ច្រើនក្រឡាពេក ក៏នៅតែរត់ពីសំណាញ់ហ្នឹងដដែល ។ អ៊ីចឹងសម្រាប់ការបង្កើតច្បាប់នេះ ខ្ញុំគិតថា មុនបន្តិចក៏ល្អដែរ ។ មុនបន្តិចនេះ ដើម្បីអី? ទប់ស្កាត់អាអ្នកនៅខាងក្នុងប្រទេសនេះផ្ដេសផ្ដាស ។ អ៊ីចឹងសម្រាប់អាអ្នកក្រៅប្រទេស វាគ្មានអីទេ ក្រៅពីដុតរោល ហើយធ្វើឲ្យមានបញ្ហាហើយ អាអ្នកទទួលខុសត្រូវ អាអ្នកក្នុងប្រទេសទេ ។ អ៊ីចឹងកាលណាយើងបង្កើតច្បាប់នេះ វាចំណេញ យើងដើរមុនសម រង្ស៊ី មួយជំហាន ក៏វាដូចជាមិនទាស់ខុសដែរ »។
លោករស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ខ្ញុំយល់ឃើញថា វាជាឱកាសមួយ ជាពេលវេលាមួយ ដែលយើងអាចវ៉ៃផ្ការីក បានល្អហ្នឹង គឺពេលរដូវត្រជាក់ហ្នឹងហើយ ដែលផ្កាពេញរីកហ្នឹង ។ អ៊ីចឹងឲ្យវារីកអស់អ៊ីចឹង យើងវ៉ៃទៅ វាស្រួល តែវាចាប់ផ្ដើមលែងរីក ផ្កាវាទៅជាគ្រាប់ ថ្ងៃណាមួយ យើងវ៉ៃកម្ទេច គ្រាប់វាធ្លាក់លើដី វាដុះហើយ តែបើនៅស្រស់ៗអ៊ីចឹង វ៉ៃទៅ គឺខ្ទេចល្អ ហើយវាគ្មានឫសអី ឬក៏តពូជអីអាចដុះតទៅទៀតទេ ។ ក្នុងន័យនេះ ខ្ញុំគិតថា សម្ដេច លោកមិនថយក្រោយទេ កន្លែងនេះ ពីព្រោះវាជារឿងមួយដែលការពារគណបក្សប្រជាជន មួយទាំងមូល ។ ខ្ញុំឧទាហរណ៍ថា ឥឡូវសម រង្ស៊ី ប្រឹងដុតរឿងកោះគុត រឿងទឹកដី រឿងអីផ្សេងៗទៀត ។ បញ្ហាកោះគុត កើតឡើងតាំងពីគណបក្សប្រជាជន មិនទាន់កើត មិនមែនត្រឹមសម្ដេចហ៊ុន សែន មិនទាន់កើតទេ តាំងពីគណបក្សប្រជាជន មិនទាន់កើត ។ អ៊ីចឹងវាជាទំនួលខុសត្រូវមួយរបស់ប្រទេសជាតិទាំងមូល ក៏ប៉ុន្តែសម្រាប់បុគ្គលនៅក្នុងប្រវត្តិសាស្រ្ត គឺសម្ដេចហ៊ុន សែន គាត់កើតក្រោយពេលបញ្ហាហ្នឹងកើតឡើងទេ អាហ្នឹងទី១ ។ ទី២ បញ្ហាទឹកដី បញ្ហាញុះញង់ឲ្យប្រជាជនប្រឆាំងរាជការ បញ្ហាលាបពណ៌សព្វបែបយ៉ាងទាំងអស់ ដើម្បីធ្វើឲ្យប្រជារាស្រ្តពាក់មុខយក្សដាក់គ្នា គឺកើតចេញពីការលាបពណ៌ហ្នឹងឯង ហើយការលាបពណ៌ដែលសាហាវ កើតឡើងកន្លងមក គឺពេលដែលសង្គមយើងមិនទាន់មានបណ្ដាញសង្គមល្អ ប្រជាជនមិនសូវដឹងព័ត៌មាន គឺអ្នកដែលលាបពណ៌សាហាវជាងគេ គឺសម រង្ស៊ី ហ្នឹងហើយ ។ អ៊ីចឹងដល់ពេលព័ត៌មានវាទូលំទូលាយ រដ្ឋាភិបាល អាចបកស្រាយបាន អ៊ីចឹងឥទ្ធិពលនៃការលាបពណ៌ ក៏វាថយចុះទៅតាមហ្នឹងដែរ“ ។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលថ្មីៗចុងក្រោយនេះ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បន្ទាប់ពីបានប្រកាសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្រៅប្រទេស និងចលនាជាតិតស៊ូ ក៏បានប្រកាសប្រើយុទ្ធសាស្ត្រ «ផ្ការីក» ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជាប្រធាន ។
ជាក់ស្តែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសម រង្ស៊ី បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “យុទ្ធសាស្ត្រផ្ការីក ! រាល់ចលនាជាតិតស៊ូ តែងប្រើយុទ្ធសាស្ត្រផ្ការីក។ ក្នុងយុទ្ធសាស្ត្រនេះ មិនចាំបាច់លើកកម្លាំងទៅវាយយកទីតាំងណាមួយពីក្រៅទេ តែត្រូវប្រើវិធីឲ្យកម្លាំងបង្កប់ផ្ទុះពីខាងក្នុងមកវិញ។ ត្រូវរៀបចំនិងបង្កើនកម្លាំងបង្កប់ ដោយលើកទឹកចិត្តអ្នកតស៊ូដែលស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌ ហើយស្អប់ខ្ពើមអំណាចផ្តាច់ការ អំពើពុករលួយ ភាពអយុត្តិធម៌ វប្បធម៌គ្រួសារនិយម និងទង្វើក្បត់ជាតិ“ ។
បន្ទាប់មក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោកសម រង្ស៊ី បានសរសេរបន្ថែមថា “យើងត្រូវចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តផ្ការីក ស្ថានការណ៍ទុំជោរហើយ របបត្រកូលហ៊ុន ជាប់គាំង ទៅមុខលែងរួចហើយ សេដ្ឋកិច្ចធ្លាក់ចុះដល់បាត ជីវភាពប្រជាពលរដ្ឋ មិនដែលដុនដាបបែបនេះ បន្ទាប់ពីរបបខ្មែរក្រហម ប៉ុល ពត រដ្ឋអំណាចខ្វះថវិកាកាន់តែច្រើន ដើម្បីបំពេញកិច្ចការរបស់ខ្លួនឲ្យបានត្រឹមត្រូវ គម្រោងធំៗជាប់គាំងទាំងអស់ ដូចជាព្រែកជីកហ្វូណន។ ប្រទេសចិន លែងជួយរបបត្រកូលហ៊ុន ដូចមុនទៀតហើយ ពីព្រោះដឹងថា របបនេះ ជិតដួលរលំហើយ ប្រជាពលរដ្ឋរាប់លាននាក់ ដែលព្រាត់ប្រាសម៉ែឪ កូនចៅ ទៅធ្វើការនៅប្រទេសថៃ ហើយដែលជំពាក់បំណុលធនាគារវ័ណ្ឌក កំពុងតែក្តៅក្រហាយកាន់តែខ្លាំង ពីអំពើពុករលួយនិងភាពអយុត្តិធម៌ក្នុងសង្គមជាតិ កងកម្លាំងប្រដាប់អាវុធមួយចំនួនធំ ក៏កាន់តែក្តៅក្រហាយដែរ ពីអំពើពុករលួយនិងភាពអយុត្តិធម៌ ក្នុងជួរកងទ័ពនិងកងនគរបាល» ។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកសម រង្ស៊ី បានសរសេរបន្ថែមទៀតថា “ខ្មែរយើងទាំងអស់គ្នា ត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរមួយនៅកម្ពុជា។ រដ្ឋាភិបាលថ្មី ត្រូវតែកំណត់អាណត្តិនាយករដ្ឋមន្ត្រី“ ។
ទោះបីជាយ៉ាងណា ជុំវិញការដាក់ចេញយុទ្ធសាស្ត្រផ្ការីក ឬប្រើកម្លាំងបង្កប់បំផ្ទុះពីខាងក្នុងនេះ ផ្តួលរំលំរាជរដ្ឋាភិបាល ទម្លាក់នាយករដ្ឋមន្ត្រី ដូចនៅប្រទេសបង់ក្លាដែស នេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសានបានបញ្ជាក់ថា ការចង់ធ្វើបដិវត្តន៍ផ្ការីក ឬបដិវត្តន៍ពណ៌ ដូចនៅបង់ក្លាដែស ឬប្រទេសនានាក្នុងពិភពលោក គ្រាន់តែជាការដេកស្រមៃ ឬការមានមហិច្ឆតាធំរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះតែប៉ុណ្ណោះ ព្រោះបដិវត្តន៍ណ៌ ឬបដិវត្តន៍ផ្ការីក មិនអាចកើតមាននៅកម្ពុជា បានជាដាច់ខាត បើកើតមានឡើង ត្រូវតែបង្រ្កាប ។ ដូច្នេះសកម្មជនក្នុងស្រុក បើមិនចង់រងគ្រោះ មិនចង់ប្រឈមតាមផ្លូវច្បាប់ សូមកុំជឿតាមញុះញង់ពីខាងក្រៅរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួកឲ្យសោះ ព្រោះដូចរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ហើយ គឺងើបមួយ វ៉ៃមួយ មិនឲ្យឡើងបះបោរប្រឆាំងនឹងការដឹកនាំដោយស្របច្បាប់បានទេ ។ ជាមួយនេះ លោកសុខ សុខឥសាន ថា ការកំណត់អាណត្តិនាយករដ្ឋមន្រ្តី មិនអាចទៅរួចទេ ព្រោះជាង ១០ឆ្នាំហើយ ដែលតំណាងរាស្រ្តបក្សប្រឆាំង រត់ចោលស្រុកអស់ ។ ដូច្នេះកុំថាឡើយមានលទ្ធភាពដូររដ្ឋាភិបាលនោះ សូម្បីតែឱកាសចូលក្នុងរដ្ឋសភា ដើម្បីប្រជុំអនុម័តច្បាប់ ក៏គ្មានផង ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការប្រកាសប្រកាសរបស់ទណ្ឌិតក្បត់ជាតិនេះ វាគ្រាន់តែជាការបោកបញ្ឆោតប្រជាពលរដ្ឋនៅក្នុងប្រទេសទេ ពីព្រោះគាត់គ្មានលទ្ធភាពដើម្បីចូលមកក្នុងប្រទេស ដើម្បីដឹកនាំទេ ហើយរឿងមហិច្ឆតាដែលថាធ្វើបដិវត្តន៍ពណ៌ហ្នឹង អាហ្នឹងជាការបង្ហាញឲ្យឃើញជាមហិច្ឆតាចង់បានអំណាចរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ក៏ប៉ុន្តែលទ្ធភាពគាត់ធ្វើមិនបានទេ ហើយកុំយកសភាពការណ៍កម្ពុជា ទៅប្រៀបធៀបជាមួយប្រទេសដទៃ ដូចជាបង់ក្លាដែស អីជាដើម ព្រោះបង់ក្លាដែស គឺថាដើម្បីធ្វើបដិវត្តន៍ពណ៌បានជោគជ័យ វាមានតែផ្ទុះពីផ្ទៃក្នុងនៅក្នុងប្រទេស ចុះបើមេដឹកនាំនៅប្រទេសបារាំង នៅអាមេរិក អ៊ីចឹងទេ ទៅធ្វើបដិវត្តន៍ពណ៌ម៉េច? អ៊ីចឹងទេ ការឃោសនារបស់ទណ្ឌិតសម រង្ស៊ី ដែលយកជាតិ មកធ្វើនាំមុខនេះ វាគ្រាន់តែជាការបោកប្រាស់ឲ្យសកម្មជនរបស់ខ្លួនមកជាប់គុកជំនួសខ្លួន ដើម្បីអំណាចតែប៉ុណ្ណោះ ក៏ប៉ុន្តែមិនអាចសម្រេចលទ្ធផលទេ ពីព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល ងើបមួយ វ៉ៃមួយ អាហ្នឹងវាអ៊ីចឹង អត់មានឲ្យបដិវត្តន៍ពណ៌ រងើកភ្លើងតូចរបស់បដិវត្តន៍ពណ៌ហ្នឹង អាចឆេះជាអគ្គិភ័យ ជាបដិវត្តន៍ពណ៌បានទេ ។ និយាយទៅ ការដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី បង្ហាញសញ្ញាផ្ការីក ជាការចង់ធ្វើបដិវត្តន៍ផ្ការីក ឬបដិវត្តន៍ពណ៌របស់គាត់ ដូចនៅបង់ក្លាដែស ហើយ ប៉ុន្តែអាហ្នឹងគ្រាន់តែជាការគិតទេ ហើយដូចខ្ញុំបានលើកមិញអ៊ីចឹង គឺថាផ្សាយតាមហ្វេសប៊ុក អាហ្នឹងបដិវត្តន៍ពណ៌តាមហ្វេសប៊ុក អាហ្នឹងធ្វើទៅ ក៏ប៉ុន្តែបើមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា ដាច់ខាតគឺអត់ឲ្យមានទេ មិនថាបដិវត្តន៍ផ្ការីក ផ្កាស្លោកអីយ៉ាងម៉េចក៏ដោយ ផ្កាស្រពោនអីយ៉ាងម៉េចក៏ដោយ គឺទណ្ឌិត មិនអាចមានលទ្ធភាពធ្វើបាន ពីព្រោះខ្លួនឯងនៅក្រៅប្រទេស….“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អាហ្នឹងវាអត់ផ្លូវទេ ទោះថាម៉េចក៏ដោយ វាអត់មានធ្វើកើតទេ ។ កាលណាចង់កំណត់អីក៏ដោយ មានគោលការណ៍អីក៏ដោយ វាត្រូវមានច្បាប់ ហើយសួរថា គាត់ហ្នឹងមានសមត្ថភាពអីនៅក្នុងរដ្ឋសភា ដើម្បីអនុម័តច្បាប់? វាអត់មាន ។ វាមានតែអ្នកតំណាងរាស្រ្តរត់ចោលស្រុក ប៉ុន្មានឆ្នាំមកហើយ ១០ឆ្នាំមកហើយ តាំងពី២០១៣-២០១៧ មក រហូតដល់ពេលនេះ យើងសួរថា ប៉ុន្មានឆ្នាំ? ជាង១០ឆ្នាំហើយ សួរថាតើគាត់ធ្វើអីឥឡូវហ្នឹង? យើងមិនចង់រំលឹកពីអតីតអ្នកតំណាងរាស្រ្តដែលក្បត់ជាតិ រត់ចោលស្រុកនោះទេ វាអត់បានប្រយោជន៍អីទេ ។ ចំពោះគាត់ថា មេទ័ពនិងកងទ័ពច្រើនណាស់ដែលពួកគាត់ស្រឡាញ់ជាតិនិងមាតុភូមិដូចយើងដែរនោះ គឺត្រូវហើយ អាហ្នឹងមេទ័ពហ្នឹងមានគោលជំហរ សតិអារម្មណ៍ស្រលាញ់ជាតិ មាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាសព្វថ្ងៃ ស្រលាញ់គណបក្សប្រជាជនកម្ពុជា ដែលគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិហ្នឹងឯង ក៏ប៉ុន្តែឲ្យទៅគាំទ្រឧបាយកលទុច្ចរិតរបស់ទណ្ឌិត និងក្រុមឧទ្ទាមក្រៅច្បាប់នេះ វាអត់មានទេ»។
ជាមួយគ្នានោះដែរ លោកជុំ កុសល សមាជិកគណៈកម្មធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី បានថ្លែងសារប្រតិកម្មថ្កោលទោសលោកសម រង្ស៊ី ថា បើទណ្ឌិតរូបនេះខ្លាំង ហ៊ានប្រកាសយុទ្ធសាស្រ្តផ្ការីក សុំឲ្យចូលមកក្នុងស្រុកធ្វើឲ្យរីកដោយខ្លួនឯងទៅ កុំញុះញង់ពីខាងក្រៅ ព្រោះគួរឲ្យស្អប់ខ្ពើមបំផុត នៅពេលដែលអ្នកនយោបាយនោះ បានព្យាយាមដុតបំផ្លាញប្រទេសគ្រប់មធ្យោបាយ នាំប្រជាពលរដ្ឋមួយចំនួន ឲ្យមានកំហុសផ្លូវច្បាប់ ហើយខ្លួនឯងនៅដេកស្រួលឯក្រៅប្រទេស ។
លោកជុំ កុសល បានមានប្រសាសន៍ថា “ ពាក្យថា ផ្ការីកហ្នឹង គឺវាជាទម្រង់បដិវត្តន៍ពណ៌ហើយ យើងមើលកាលពីឆ្នាំ២០១០ សម រង្ស៊ី ក៏ធ្លាប់បានទៅសិក្សាពីបដិវត្តន៍ផ្កាម្លិះ នៅទុយនីស៊ី ដែលផ្ដួលរំលំមហាម៉ាត់ អាលី អីហ្នឹង ។ ពាក្យថា ផ្ការីក គឺអ៊ីចឹងឯង មានន័យថា ចេតនារបស់គេ គឺធ្វើឲ្យកំហឹងប្រជាពលរដ្ឋហ្នឹងចាប់ផ្ដើមរីកធំៗទៅ ដូចផ្កាដែលត្រូវសន្សើម ពេលដែលវារីកអ៊ីចឹង ។ អានេះវាជាចេតនា វាមិនមែនជារឿងធម្មតាអីដូចការលើកឡើងទេ ហើយយើងមើលទៅ ដូចជាការប្រកាសឲ្យប្រជាពលរដ្ឋយកគំរូតាមបង់ក្លាដែស អីហ្នឹង អាហ្នឹងតើធម្មតាឬក៏យ៉ាងម៉េច? យើងពិចារណាឃើញប៉ុណ្ណឹង ព្រោះបង់ក្លាដែស គឺជាការងើបឡើងរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដួលរំលំថ្នាក់ដឹកនាំរបស់ខ្លួនអីហ្នឹង ហើយឥឡូវនេះ គាត់លើកឡើងផ្ការីក នៅប្រទេសស៊ីរី ទៀត វាកាន់តែបង្ហាញថា ហ្នឹងហើយ មនុស្សនេះមើលឃើញតែចំណុចណាដែលវាជារឿងអាក្រក់សម្រាប់ក្រៅប្រទេស គឺគេយកមកដាក់នៅក្នុងខួរក្បាលគេ ដើម្បីធ្វើជាគំរូ ធ្វើជាការបៀបធៀបអីជាដើមនោះ ក៏ប៉ុន្តែវាភ្លេចគិតថា ប្រទេសកម្ពុជា មិនមែនប្រទេសអស់ទាំងនោះទេ ហើយជាងនេះទៅទៀត អ្នកដែលគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជន ដែលការពារសន្តិភាពពេញមួយប្រទេស ត្រូវយល់ចំពោះបញ្ហានេះ“ ៕ កុលបុត្រ