ភ្នំពេញ ៖ ក្រុមអហិង្សានិយម ដែលគាំទ្រនយោបាយលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា លោកកឹម សុខា បើទោះបីកំពុងជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” យ៉ាងអយុត្តិធម៌ ហើយថែមទាំងត្រូវក្រុមអតីតដៃគូ សម រង្ស៉ី ចោទលាបពណ៌ថា លោកជាត្រីក្នុងត្រក ជាប់គុកវីអាយភី (VIP) ក៏ដោយ ក៏លោកកឹម សុខា មិនដែលប្រកានខឹង ស្អប់គុំកួនសងសឹកខ្មែរដូចគ្នាឡើយ គឺមធ្យោបាយរបស់លោកកឹម សុខា ខំព្យាបាលផ្លូវចិត្តអ្នកនយោបាយ ឲ្យជាសះស្បើយផ្នែករោគចិត្ត និងពន្យល់ពលរដ្ឋ កុំឱ្យដើរចូលក្នុងអន្ទាក់របស់អ្នកនយោបាយដែលនាំឲ្យជាតិគ្រោះថ្នាក់ ខណៈដែលលោកមើលឃើញថា សព្វថ្ងៃបក្សកាន់អំណាច និងក្រុមហិង្សាម្ខាងទៀត (ក្រុមសម រង្ស៊ី) កំពុងដាក់ឲ្យជាតិឈរលើគែមមរណៈ។
ក្រុមគាំទ្រលោកកឹម សុខា ដែលប្រើគណនីបណ្ដាញសង្គម ហ្វេសប៊ុក “ព្រលឹង ជាតិ” បានសរសេរនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា “សន្តិភាព ដែលចាក់សោបិទពីក្រៅផ្ទះ ហើយយកដំបងចាំសំពង ឬយកកាំភ្លើងចាំបាញ់សម្លាប់មនុស្សក្នុងផ្ទះ ដែលស្រែកឲ្យគេជួយ និងសន្តិភាពដែលឲ្យមនុស្សដណ្ដើមអាហារគ្នា សន្តិភាពនោះ គឺពិបាករស់ជាងស្លាប់ទៅទៀត។ ប៉ុន្តែបើអ្នកចង់បានសន្តិភាព ដែលនាំគ្នាដុតផ្ទះចោល គឺសន្តិភាពនោះបានមក ក៏គ្មានប្រយោជន៍អ្វីដែរ ពីព្រោះមនុស្សក៏បាត់បង់ ជម្រកក៏គ្មាន គេហៅថាសន្តិភាពទីរហោឋាន។ ជាការពិត ស្ថានភាពប្រទេសកម្ពុជា ក្រោយពីធ្វើរដ្ឋប្រហារបណ្ដេញបក្សសង្គ្រោះជាតិ ចេញពីសង្វៀននយោបាយ គឺថាទាំងសេដ្ឋកិច្ច និងសេរីភាពរបស់ប្រជាពលរដ្ឋ កំពុងតែដើរទៅរកផ្លូវមួយ ដែលងងឹតឈឹង ហើយលើដងផ្លូវ សុទ្ធតែសត្វកាចសាហាវ និងព្រាយបិសាច ខ្មោចតៃហោង ដែលពោរពេញដោយគំនុំ កំហឹងសងសឹក ដែលធ្វើឲ្យអ្នកធ្វើដំណើរភ័យញ័រចំប្រប់ សឹងតែបាត់បង់ជីវិត ហើយពលរដ្ឋទៀតសោត ដែលធ្វើដំណើរលើដងផ្លូវនោះ ក៏ចាប់ផ្ដើមអស់ស្បៀង អស់អាហារ ដែលធ្វើដំណើរពិបាកនឹងដល់គោលដៅ“ ។
គណនីហ្វេសប៊ុក ដដែល បន្តថា “អំពីអ្នកនយោបាយបក្សកាន់អំណាច និងអ្នកនយោបាយម្ខាងទៀត ដែលតាំងខ្លួនជាប្រធានស្ដីទី ដោយគ្មានកូរ៉ុមបោះឆ្នោតឲ្យ ហើយតែងតែបង្កើតព្រឹត្តិការណ៍ហិង្សា ដើម្បីដុតបំផ្លាញសង្គម ដែលធ្វើជាបក្សប្រឆាំង ជិត៣០ឆ្នាំមកនេះ គឺបានត្រឹមតែកំដរគេ បានត្រឹមតែឲ្យគេបន្តត្រកូល គ្មានគំនិត គ្មានចក្ខុវិស័យ គ្មានភាពរឹងប៉ឹង ដែលធ្វើទៅតាមតែអារម្មណ៍ គ្មានអ្វីជាប្រាកដ ដែលរឿងរ៉ាវទាំងឡាយរបស់ជាតិ កើតឡើងមកទល់ពេលនេះ គឺដោយសារតែអ្នកនយោបាយហិង្សាម្នាក់នេះ ចូលរួមផងដែរ។ អំពីអ្នកនយោបាយកាន់អំណាច ដែលគ្រប់គ្រងប្រទេសជាតិ មកទល់ថ្ងៃនេះ គឺតាំងពីឆ្នាំ១៩៩៣ រហូតបណ្ដេញបក្សសង្គ្រោះជាតិ ចេញពីសង្វៀននយោបាយ ដើម្បីគ្រប់គ្រងប្រទេសមួយ ដែលគ្មានបក្សប្រឆាំង ដឹកនាំក្រុមបក្ខពួកខ្លួនសុទ្ធសាធ ហើយបើមើលពីប្រាក់កម្ចី ប្រាក់ពាណិជ្ជកម្ម ប្រាក់អនុគ្រោះ ប្រាក់អភិវឌ្ឍន៍ ធនធានធម្មជាតិដែលបាត់បង់ ចំណូលជាតិ…។ល។ ដែលទាំងអស់នេះ មិនក្រោមទ្រីលានដុល្លារនោះទេ (លានលាន) ប៉ុន្តែបើយើងពិនិត្យមើលការអភិវឌ្ឍសង្គម ហាក់មិនស៊ីគ្នាទាល់តែសោះ គឺផ្ទុយគ្នាស្រឡះ។ ជាក់ស្ដែង កុមារក្រីក្រនៅជនបទ នៅតែកង្វះអាហារ នៅតែមានបញ្ហាការអប់រំ ហើយកុមារខ្លះ មិនបានទទួលការអប់រំទាល់តែសោះ មិនតែប៉ុណ្ណោះទេ កុមារៗដែលជាក្មេងកំព្រា គ្មានផ្ទះសម្បែង ជាក្មេងពនេចរ គឺមិនត្រូវបានសាលាចុះឈ្មោះឲ្យចូលរៀននោះដែរ“ ។
គណនីហ្វេសប៊ុកក្រុមកឹម សុខា បន្តទៀតថា “ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ បើគ្មានជាវិនិយោគ បើគ្មានជាសប្បុរស គឺដើរទៅមុខមិនរួច ប៉ុន្តែបើដើរទៅរួច ក៏គ្មានគុណភាពដែរ។ ដោយឡែក បើនិយាយអំពីចំណេះ និងជំនាញ ដើម្បីបញ្ជាក់ថា មានបទដ្ឋានត្រឹមត្រូវលើការយកទៅអនុវត្ត ឬកំណត់បទដ្ឋានមួយដែលជាក់លាក់ ដើម្បីធានាថា ស្ថិតនៅក្នុងការកំណត់ត្រឹមត្រូវ គឺគ្មានទាល់តែសោះ។ ទាំងអ្នកបម្រើសេវា ទាំងអ្នកត្រូវបានទទួលសេវា គឺសុទ្ធតែងងឹតឈឹងទាំងអស់គ្នា រហូតដល់មនុស្សខ្លះ ដែលពួកគេភ្លឺ ដែលមើលឃើញថាគ្រោះថ្នាក់ ដែលមើលឃើញថាមិនល្អ គឺពួកគាត់នាំគ្នាទៅរកសេវាផ្សេង ធ្វើជាទីពឹង ដែលអ្នកទាំងនោះ បានយកលុយទៅចាក់ចោលក្រៅប្រទេស រាប់ពាន់លានដុល្លារ ដែលជាទ្រព្យរបស់ជាតិ ដែលជាលុយរបស់ជាតិ ដែលហូរចេញពីជាតិឲ្យខ្សោះ។ នេះដោយសារតែក្នុងសង្គមមួយនេះ ដែលអ្នកគ្រប់គ្រង សម្ដែងច្រើនជាងទង្វើ ប្រើបញ្ញាតិចជាងកម្លាំងបាយ គំនិតឃោរឃៅច្រើនជាងអំពើល្អ ហើយបើធ្វើអំពើល្អវិញ គឺតែក្នុងសិល្បៈប៉ុណ្ណោះ។ វាមានរឿងរ៉ាវបញ្ហាខ្លាំងណាស់ ធំណាស់ក្នុងសង្គមមួយនេះ ដែលបើកភ្នែកឡើងសុទ្ធតែជាបញ្ហាទាំងអស់ ប៉ុន្តែយើងសួរថា យើងធ្វើបដិវត្តន៍ទេ? យើងផ្ដួលរំលំទេ? តើយើងនាំគ្នាកាន់អាវុធ ដើម្បីបណ្ដេញរដ្ឋាភិបាលនេះចេញទេ? ចម្លើយគឺដាច់ខាត មិនត្រូវធ្វើ មិនត្រូវបង្កើត ប៉ុន្តែមហាជនទាំងអស់ ទាំងបណ្ឌិត បញ្ញវន្ត ពលរដ្ឋ គ្រប់កោសិកាសង្គមទាំងអស់ ត្រូវនាំគ្នាហ៊ាននិយាយ ហ៊ានប្រាប់ ហើយនាំគ្នាឈប់លំឱនគោរពអ្នកនយោបាយទាំងនោះទៀត ហើយនាំគ្នាស្ដីបន្ទោស ដោយកុំបារម្ភអំពីសុវត្ថិភាព។ កាលណាយើងធ្វើដូច្នេះបាន នោះអ្វីគ្រប់យ៉ាង ដែលយើងចង់បាន ដែលយើងស្រមៃចង់ឃើញ នឹងទទួលបានដោយជោគជ័យ ដោយតាមវិធីអហិង្សា និងការប្រើបញ្ញារបៀបនេះឯង“ ។
ក្រុមកឹម សុខា ដដែល បន្តទៀតថា “អំពីអ្នកនយោបាយហិង្សា ដែលកំពុងនាំសង្គមឲ្យទៅរកគ្រោះមហន្តរាយ គឺការបញ្ឆេះសង្គម ឲ្យធ្វើបដិវត្តន៍ ឱ្យសង្គមពុះកញ្ជ្រោលហិង្សា ជាដំណើរដ៏គ្រោះថ្នាក់សម្រាប់ជាតិបំផុត ហើយអ្នកនយោបាយនេះ គ្មានវិធីអ្វី គ្មានគំនិតអីដែលក្រៅពីបង្កើតឲ្យមនុស្សស្អប់គ្នា ជេរបញ្ចោរគ្នា លាបពណ៌ដាក់គ្នា ជះទឹកដាក់គ្នា ដែលទង្វើទាំងនេះ មិនត្រឹមធ្វើឲ្យមនុស្សបច្ចុប្បន្នរងគ្រោះនោះទេ វាធ្វើឲ្យសង្គមឆាបឆេះ និងបន្តការឈឺចាប់ដល់អ្នកក្រោយៗបន្ថែមទៀត ដូចដែលយើងឃើញហើយ ដោយសារអ្នកទសវត្សរ៍ទី៦០ ចង់ដើរចូលក្នុងអំពើហិង្សា ទើបបន្តការឈឺចាប់ដល់មនុស្សបច្ចុប្បន្ន ហើយមិនទាន់ជាសះស្បើយនោះទេ ដែលរឿងទាំងនេះ នឹងអាចបន្តដល់អ្នកក្រោយៗថែមទៀត បើអ្នកនយោបាយបច្ចុប្បន្ន បណ្ឌិត បញ្ញវន្ត មនុស្សទាំងឡាយក្នុងសង្គម មិននាំគ្នាដុតដៃដុតជើង ជួយពន្លត់ទេ។ នោះអ្នកជំនាន់ក្រោយ នឹងទទួលរងការឈឺចាប់យ៉ាងពិតប្រាកដ ហើយបន្តដល់ក្រោយៗ គ្មានទីបញ្ចប់ រហូតដល់ទឹកដីមួយនេះបាត់បង់ ជាតិសាសន៍មួយនេះបាត់ភាសា។ ដូច្នេះរឿងរ៉ាវទាំងអស់របស់សង្គម ដែលកើតឡើងមកទល់បច្ចុប្បន្ននេះ ទាំងបក្សកាន់អំណាច ទាំងក្រុមហិង្សាក្រៅប្រទេស សុទ្ធតែជាអ្នកចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឲ្យសង្គម ដើរថយក្រោយ ទទួលការឈឺចាប់ ហើយបើរឿងនេះមិនបញ្ចប់ទេ នោះត្រូវបានប្រវត្តិសាស្ត្រ សរសេរយ៉ាងត្រឹមត្រូវ ហើយដាក់បន្ទុកដ៏ធ្ងន់ធ្ងរ ដែលពេលនោះហើយ យីហោនៃត្រកូលរបស់អ្នកអ្នកនយោបាយទាំងនេះ ត្រូវតែស្អុយរលួយពេញទូទាំងប្រទេស និងពិភពលោក ដែលបំផ្លាញអនាគតអ្នកជំនាន់ក្រោយរបស់ខ្លួនដ៏ឈឺចាប់បំផុត។ ដោយមើលឃើញទង្វើមិនល្អ របស់បក្សកាន់អំណាច និងក្រុមហិង្សាម្ខាងទៀត ដែលដាក់ឲ្យជាតិឈរលើគែមមរណៈ គឺឯកឧត្តមប្រធាន កឹម សុខា មិនចូលរួម ហើយក៏មិនឈរនៅខាងណាដាច់ខាត គឺឈរលើផលប្រយោជន៍ជាតិ និងនៅជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីទប់ជាតិ កុំឲ្យធ្លាក់ក្នុងជ្រោះមហាគ្រោះថ្នាក់ ហើយបើទោះជាគេថា សមាធិ ជាប់គុកវីអាយភី ដេកសូត្រធម៌ ដាក់ចូលក្នុងទ្រង់ចោល ឬចាត់ទុកឯកឧត្តម ជាត្រីក្នុងត្រក ក៏ឯកឧត្តមប្រធាន មិនខឹង មិនសងសឹក មិនគុំកួនក្នុងរឿងអត់ប្រយោជន៍ទាំងនេះដែរ មធ្យោបាយរបស់ឯកឧត្តមប្រធាន កឹម សុខា គឺខំព្យាបាលផ្លូវចិត្តអ្នកនយោបាយ ឲ្យជាសះស្បើយផ្នែករោគចិត្ត និងពន្យល់ពលរដ្ឋ កុំឱ្យដើរចូលក្នុងអន្ទាក់របស់អ្នកនយោបាយ ដែលនាំឲ្យជាតិគ្រោះថ្នាក់ និងខំបន្តធ្វើយ៉ាងណាឲ្យជាតិគេចផុតទៅឱ្យឆ្ងាយពីការគ្រោះថ្នាក់ ដើម្បីដឹកនាំជាតិ ទៅរកទីសុខសាន្ត ពលរដ្ឋមានសុភមង្គល ជាតិរុងរឿង។ នេះជាក្តីប្រាថ្នារបស់ឯកឧត្តមប្រធាន កឹម សុខា ដែលសេចក្តីប្រាថ្នានេះ កើតឡើង គឺមានតែការបោះឆ្នោតមួយដ៏ត្រឹមត្រូវយុត្តិធម៌នោះទេ ទើបធ្វើឱ្យវាកើតឡើងបានយ៉ាងប្រាកដ“ ។
ស្របគ្នានេះដែរ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា ការហៅលោកកឹម សុខា ជាត្រីក្នុងត្រក និងជាប់គុកវីអាយភី ជាការមិនគួរគប្បីនោះទេ ។ ដូច្នេះលោកសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមឲ្យតម្លៃលោកកឹម សុខា ដែលជាអ្នកនយោបាយអហិង្សា ។
លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ខ្ញុំយល់ថា យើងធ្វើនយោបាយទៅតាមទស្សនៈ និងការមានជំនឿរបស់យើង ។ យើងជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែអប់រំឲ្យមានការប្រកាន់ឥរិយាបថអហិង្សា ។ ជាការធម្មតាទេ មានសាសនាផ្សេងៗ គេប្រើហិង្សា ប៉ុន្តែខាងយើងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋយើងកាន់ភាគច្រើនភាគរយ គឺបណ្ដុះអារម្មណ៍ឲ្យអហិង្សា ។ អហិង្សានេះហើយ ដែលជំរុញឲ្យសង្គមយើងអាចរស់នៅជាមួយគ្នាបាន ការយោគយល់គ្នា ការអធ្យាស្រ័យគ្នា កុំប្រើអហិង្សា គឺជាអំពើមួយ ដែលជាផ្លូវទៅអនាគតចំពោះប្រជាពលរដ្ឋខ្មែរយើង ។ ហេតុដូច្នេះគង់តែលោកកឹម សុខា ដែលគាត់ទទួលបានភាពអយុត្តិធម៌ខ្លាំងបំផុត ដែលតាមធម្មតាមនុស្សយើងមិនអាចទទួលបានភាពអយុត្តិធម៌ ដែលលោកកឹម សុខា ទទួលនេះ ក៏ប៉ុន្តែលោកកឹម សុខា ក្នុងនាមជាពុទ្ធសាសនិកម្នាក់ ហើយជាប្រជាពលរដ្ឋម្នាក់ ដែលគាត់ខំអំណត់ អនុវត្តអហិង្សានេះ ជាការត្រឹមត្រូវរបស់គាត់ ដើម្បីជួយដល់ប្រជាពលរដ្ឋទៅអនាគតកាល ។ ហេតុដូច្នេះអ្នកដឹកនាំទាំងអស់ ខ្ញុំសូមអំពាវនាវឲ្យកាន់ភាពអហិង្សាដូចលោកកឹម សុខា គង់តែលោកទទួលភាពអយុត្តិធម៌យ៉ាងណាក៏ដោយ ក៏លោកស៊ូទ្រាំដើម្បីប្រយោជន៍ប្រជាពលរដ្ឋ និងប្រយោជន៍ជាតិរបស់យើង» ។
លោកលិម គិមយ៉ា បន្តថា «ខ្ញុំសូមផ្ញើសារទៅជនរួមជាតិទាំងអស់ អ្នកដឹកនាំក្ដី អ្នកនយោបាយក្ដី កងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រជាពលរដ្ឋទាំងអស់ថា ត្រូវយើងប្រកាន់ព្រះពុទ្ធសាសនាដែលជាព្រះបរមគ្រូរបស់យើង គឺត្រូវអនុវត្តអហិង្សា ហើយនិងសច្ចធម៌ ហើយនិងមានការគោរពភាពយុត្តិធម៌ដល់អ្នកដទៃទាំងអស់ ដើម្បីឲ្យយើងបានសុខទាំងអស់គ្នា សុខទាំងអារម្មណ៍ សុខទាំងកាយ សុខដល់អ្នកដទៃទាំងអស់ ។ ហេតុដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនរើសមុខនោះទេ សុំឲ្យប្រកាន់ភាពអហិង្សា និងភាពស្មោះត្រង់ និងភាពយុត្តិធម៌ ។ ជាពិសេសជុំវិញការហៅលោកកឹម សុខា ជាត្រីក្នុងត្រក ជាប់គុកវីអាយភី គឺអ្នកដែលប្រមាថមើលងាយមកលើគាត់បែបនេះ មិនស័ក្ដិស័មនឹងឲ្យគាត់ទទួលនោះទេ ព្រោះលោកកឹម សុខា ដោយសារទទួលភាពអយុត្តិធម៌នេះហើយ លោកស៊ូទ្រាំ ។ ហេតុយ៉ាងដូច្នេះ ខ្ញុំសូមអំពាវនាវដល់អ្នកដែលចោទប្រកាន់ដល់លោកកឹម សុខា ហ្នឹង ឲ្យមានខ្ពង់ខ្ពស់ក្នុងការនិយាយ ភាពខ្ពង់ខ្ពស់ក្នុងការគោរពអ្នកដទៃផង“ ។
គួរបញ្ជាក់ថា លោកកឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសពពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយបានផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ)។ សិទ្ធិនយោបាយរបស់លោកទាំងអស់ ត្រូវបានដកហូត ហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
ចាប់តាំងពីឆ្នាំ២០២៣ មក សាលាឧទ្ធរណ៍ បានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលាក្រមកាត់ទោសលោក កឹម សុខា ជាង ១០លើករួចមកហើយ។ សវនាការលើបណ្តឹងប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលជាសវនាការលើសេចក្តីសន្និដ្ឋាន ត្រូវបានលើកពេល ១ដង ជា២ដង ។
កន្លងមក មុនពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលដីកាស្ថាពររបស់តុលាការកំពូល កាលពីឆ្នាំ២០១៧ «សម រង្ស៊ី និងកឹម សុខា គឺជាមនុស្សតែមួយ ជាដៃគូស្លាប់រស់» គឺជាពាក្យដែលលោក សម រង្ស៊ី និងលោកកឹម សុខា និយមប្រើ ដើម្បីទាក់ទាញទឹកចិត្តអ្នកគាំទ្រនិងប្រជាពលរដ្ឋ ឲ្យជឿជាក់លើកពួកគាត់ទាំងពីរ និងគណបក្សសង្គ្រោះជាតិទាំងមូល។ ប៉ុន្តែមកដល់ពេលនេះ ខណៈដែលលោក សម រង្ស៊ី កំពុងនៅក្រៅប្រទេស ហើយលោក កឹម សុខា កំពុងជាប់ឃុំក្នុងផ្ទះ ស្មារតីរបស់ស្ថាបនិកបក្សប្រឆាំង ទាំងពីររូប ត្រូវបានគេវាយតម្លៃថា ម្នាក់កំពុងនៅខាងឆ្វេង ម្នាក់ទៀតកំពុងនៅខាងស្តាំ ជាពិសេសអ្នកឃ្លាំមើល ចាប់អារម្មណ៍ថា ក្រុមលោកកឹម សុខា បានចាត់ទុកលោកកឹម សុខា ជាអ្នកនយោបាយអហិង្សា និងបានហៅក្រុមលោកសម រង្ស៊ី ថាជាក្រុមហិង្សា ដែលកំពុងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបដិវត្តន៍ពណ៌ ឬក៏ការញុះញង់ពីក្រៅប្រទេស ឲ្យអ្នកខាងក្នុងងើបឡើងបះបោរ ។ ក្រុមកឹម សុខា បានលើកឡើងថា ពេលវេលានេះ ប្រទេសខ្មែរ ដាច់ខាតមិនត្រូវដណ្ដើមគ្នាដោយហិង្សា ក្នុងការយកឈ្នះគ្នានោះទេ គឺមធ្យោបាយមានតែតាមវិធីយកឈ្នះគ្នា តាមរយៈការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ដែលទទួលយកបានទាំងសងខាង។ ក្រុមកឹម សុខា មានជំនឿថា អ្នកនយោបាយខ្មែរ អាចនិយាយជាមួយគ្នាបាន អាចដោះស្រាយជាមួយគ្នាបាន ហើយនៅតែមានជំនឿថា លោកកឹម សុខា នឹងមានសេរីភាពដ៏ឆាប់ខាងមុខនេះ ហើយអ្នកទោសមនសិការទាំងអស់ នឹងត្រូវបានដោះលែង ដែលពេលនោះហើយ ការបើកសករាជថ្មី នៃការជជែកគ្នា និងចាប់ផ្ដើម ហើយដោះស្រាយជាតិ ដែលអ្នកនយោបាយ នឹងកំណត់ ត្រូវបានឈរលើប្រយោជន៍ជាតិជាធំ ។ ក្រុមកឹម សុខា សង្កត់ធ្ងន់ថា អ្នកនយោបាយកាន់អំណាច មិនចង់ឲ្យខ្លួនឯកកោ ហើយក៏មិនចង់ឲ្យវិបត្តិរបស់ជាតិ នៅបន្តតទៅទៀតដែរ ដោយរកមធ្យោបាយបង្កើតឲ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ រវាងបក្សកាន់អំណាច និងបក្សប្រឆាំងអហិង្សា គឺលោកកឹម សុខា។ នៅពេលលោកកឹម សុខា មានសេរីភាពឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការចរចា ដែលនឹងធ្វើឲ្យប្រទេសជាតិមានស្ថិរភាពនិងសន្តិភាព ព្រមជាមួយនឹងកសាងប្រជាធិបតេយ្យមួយយ៉ាងពិតប្រាកដ នៅកម្ពុជា ។
ចំណែកក្រុមលោកសម រង្ស៊ី បានហៅលោកកឹម សុខា ជាអ្នកនយោបាយស៊ីឈ្នួលជាប់គុក ឬជាប់គុកវីអាយភី លក់ខ្លួនឲ្យសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) អត់ធ្វើអ្វី ក្រៅពីតាំងសមាធិនៅក្នុងផ្ទះ អហិង្សាអសកម្មជាដើម ៕ កុលបុត្រ
ា