ខេត្តតាកែវ ៖ ព្រះសង្ឃកំព្រាឪពុកម្តាយ ១អង្គ ព្រោះតែឆាន់អាហារប្រៃ និងភេសជ្ជៈប៉ូវកម្លាំងច្រើនពេក (ក្នុង១ថ្ងៃ ២ទៅ៣កំប៉ុង) ក៏ធ្វើឱ្យធ្លាក់ខ្លួនអាពាធ កើតជំងឺទឹកនោមប្រៃ និងខូចតម្រងនោម (ក្រលៀន) ទាំងសងខាង ត្រូវលាងឈាមជាប្រចាំ ក្នុង១សប្តាហ៍ ២ទៅ៣ដង តែដោយសារខ្វះខាតថវិកាលាងឈាម ណាមួយអាការជំងឺធ្វើទុក្ខខ្លាំងផង ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត បញ្ចប់ជីវិត តែត្រូវបានញាតិញោមជួយសង្គ្រោះទាន់ និងមានការជួយឧបត្ថម្ភពីសប្បុរសជនជារឿយៗ ទើបព្រះអង្គតាំងជំហរព្យាយាមតតាំងប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ជាមួយនិងការអំពាវនាវបិណ្ឌបាតដល់ថ្នាក់ដឹកនាំ មហាជន សប្បុរសជន ជួយឧបត្ថម្ភឲ្យព្រះអង្គបានទៅវះកាត់ប្តូរក្រ លៀន ចៀសផុពីការលាងឈាមមួយជីវិតនេះ ព្រោះលំបាកវេទនាណាស់។
ព្រះសង្ឃដែលកំពុងអាពាធ ខូចតម្រងនោម (ក្រលៀន) នេះ មានព្រះនាម ថន ចិត្រា ព្រះជន្ម២៦វស្សា គង់នៅវត្តអង្គប្រាសាទ មានទីតាំងស្ថិតក្នុងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
ភិក្ខុ ថន ចិត្រា មានថេរដីកាយ៉ាងថា ព្រះអង្គ គឺជាកូនកំព្រា មានបងប្អូន ២នាក់ ដោយព្រះអង្គជាកូនច្បងចំណែកប្អូនស្រីពៅ សព្វថ្ងៃមានគ្រួសាររួចទៅហើយ។ ញោមទាំងពីររបស់ព្រះអង្គ (ឪពុកម្តាយ) បានស្លាប់ចោលអស់ទៅហើយ តាំងពីអំឡុងឆ្នាំ២០២០ ដោយដំបូងឡើយ ញោមប្រុស (ឪពុក) បានស្លាប់មុន លុះរំលងមិនបានប៉ុន្មានផង ញោមស្រី (ម្តាយ) ក៏កើតអាការខ្យល់គរ ស្លាប់ម្នាក់ទៀត ទើបព្រះអង្គអស់ទីពឹង ក៏សម្រេចចិត្តចូលសាងផ្នួស បួសជាសង្ឃ បម្រើក្នុងព្រះពុទ្ធសាសនា តែម្តង ដោយតាំងចិត្តថា នឹងបួសជាសង្ឃរហូត មិនសឹកវិញនោះទេ ពោលគឺបើសុគត ក៏ត្រូវសុគតក្នុងភេទជាសង្ឃដែរ។
ភិក្ខុ ថន ចិត្ត្រា មានថេរដីកាបន្តថា តាមពិត ព្រះអង្គ មានជំងឺខូចតម្រងនោម (ខូចក្រលៀន) តាំងពីនៅជាគ្រហស្ថម៉្លេះ ដោយមូលហេតុគឺដោយសារតែកាលណោះ ព្រះអង្គបានហូបចុកអាហារមិនបានត្រឹមត្រូវ ដោយចូលចិត្តអាហារដែលមានរសជាតិប្រៃ ពិសេសតែងទទួលទាន ភេសជ្ជៈប៉ូវកម្លាំង ជាប់ជាប្រចាំ ក្នុង១ថ្ងៃ ២ទៅ៣កំប៉ុងឯណោះ។ ក្រោយហូបចុកមិនត្រឹមត្រូវបែបនេះ អស់រយៈពេលប្រមាណជិត ១ឆ្នាំ ស្រាប់តែកើតមានអាការជំងឺ ចេះតែហត់ដង្ហក់ខ្លាំង លុះទៅពេទ្យពិនិត្យ គ្រូពេទ្យប្រាប់ថា ព្រះអង្គមានជំងឺតម្រងនោម គឺខូចក្រ លៀនទាំងសងខាងអស់ទៅហើយ ដោយវិធីព្យាបាល មាន២យ៉ាង ទី១-គឺត្រូវប្តូរក្រលៀន ដោយចំណាយប្រាក់ដល់ទៅរាប់ម៉ឺនដុល្លារ និងទី២- ត្រូវលាងឈាមជាប្រចាំ អស់១ជីវិត ដោយគ្រូពេទ្យ តម្រូវឱ្យព្រះអង្គត្រូវលាងឈាម ឱ្យបានជាប់លាប់ ក្នុង១សប្តាហ៍ ២ដង។
ភិក្ខុ ថន ចិត្រា មានបន្តទៀតថា ក្រោយពីទទួលការព្យាបាល (លាងឈាម) នៅមន្ទីរពេទ្យរុស្ស៊ី ឯរាជធានីភ្នំពេញ បានម្តងទៅ ២ដងរួចមក ព្រះអង្គបានចូលសាងផ្នួស ដោយដំបូងឡើយ គិតត្រឹមថា សាងផ្នួស ដើម្បី លាបំណន់ប៉ុណ្ណោះ តែដោយសារតែពេលនោះ ឪពុកម្តាយទើបនឹងស្លាប់ចោល ជាបន្តបន្ទាប់ អស់ទីពឹងផង ណាមួយក្រោយពីបានបួសរៀនមក ហាក់មាននិស្ស័យនឹងព្រះពុទ្ធសាសនាផង ទើបព្រះអង្គតាំងព្រះទ័យថា នឹងបួសជាសង្ឃ បម្រើវិស័យព្រះពុទ្ធសាសនា ពេញមួយជីវិតតែម្តង។ ប៉ុន្តែដោយសារព្រះអង្គមានជំងឺដ៏កាច សាហាវនេះជាប់ខ្លួនផង ណាមួយខ្វះខាតលទ្ធភាពក្នុងការព្យាបាល (លាងឈាម) ផង ទើបមិនដឹងថា អាចបន្តជីវិតរស់នៅរហូតដល់ពេលណាទៀតនោះទេ។
ភិក្ខុ ថន ចិត្រា មានបន្ថែមថា រាល់ថ្ងៃនេះ អាការជំងឺរបស់ព្រះអង្គ ធ្វើទុក្ខខ្លាំងណាស់ ចេះតែហត់ដង្ហក់ ពិបាកសព្វបែបយ៉ាង តាំងពីនិមន្ត (ដើរ) សឹង (ដេក) និងអង្គុយ ហើយរាល់យប់ ព្រះអង្គសិងមិនដែលលក់ស្កប់ស្កល់នោះទេ សិងយ៉ាងយូរបានត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ព្រោះតែអាការជំងឺហត់ខ្លាំង។ មួយវិញទៀត រាល់ថ្ងៃ ព្រះអង្គមិនអាចបត់ជើងតូច (នោម) បានទេ ព្រោះគ្មានទឹកនោមសោះ ចាំបាច់ត្រូវយកទឹក មកខ្ពុរមាត់ រួចស្តោះទឹក មាត់ចេញវិញ ចៀសវាងកុំឱ្យទឹកចូលសួត ធ្វើឱ្យហត់ដង្ហក់ ហើយតាមអ្វីដែលពេទ្យតម្រូវ គឺក្នុង ១សប្តាហ៍ ព្រះ អង្គត្រូវលាងឈាម ចំនួន២ដង តែដោយសារពេលខ្លះ អាការជំងឺធ្វើទុក្ខ ហត់ខ្លាំងពេក ទ្រាំមិនបាន ទើបព្រះអង្គចាំបាច់ត្រូវទៅលាងឈាមមុនពេលកំណត់របស់ពេទ្យ និងឈានដល់ការលាងឈាម ១អាទិត្យ ដល់ទៅ៣ដង។ មួយវិញទៀត ដោយសារព្រះអង្គ ត្រូវលាងឈាម ជាប្រចាំបែបនេះ អស់រយៈពេលជាង២ឆ្នាំមកហើយ ទើបធ្វើឱ្យសរសៃដៃ ហើមប៉ោង និងចាំបាច់ ត្រូវធ្វើការវះរកសរសៃ ដើម្បីលាងឈាម រហូតដល់ដៃព្រះអង្គ ពោរពេញទៅដោយស្នាមថ្នេរវះកាត់ និងពកដុំៗ ពេញដៃតែម្តង។
ភិក្ខុ ថន ចិត្រា មានថរដីកាបញ្ជាក់ថា មួយរយៈមុននេះ ដោយសារតែអាការជំងឺធ្វើទុក្ខខ្លាំងផង ណាមួយអត់លុយលាងឈាម និងថែមទាំងជំពាក់លុយពេទ្យទៀត ទើបធ្វើឱ្យព្រះអង្គ អស់សង្ឃឹមក្នុងជីវិត រហូតដល់សម្រេចចិត្តគិតខ្លី បញ្ចប់ជីវិតដែរ តែត្រូវបានញាតិញោមពុទ្ធបរិស័ទ ជួយសង្គ្រោះទាន់ពេល និងបានជួយលួងលោម លើកទឹកចិត្តកុំឱ្យព្រះអង្គមានគំនិតខ្លីបែបនេះ ទើបធ្វើឱ្យព្រះអង្គភ្ញាក់ស្វាងស្មារតី តាំងជំហរបាន និងប្តេជ្ញាព្យាយាមតតាំងប្រឆាំងនឹងជំងឺមួយនេះ រហូតដល់ថ្ងៃចុងក្រោយតែម្តង។ ជាមួយនេះ ដោយសារតែព្រះអង្គខ្វះខាតថវិកាខ្លាំង អស់លទ្ធភាពដើម្បីលាងឈាម បន្តជីវិតតទៅមុខទៀត ទើបព្រះអង្គសម្រេចចិត្តផុសវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីឱ្យដំណឹងនេះបានដឹងដល់ថ្នាក់ដឹកនាំ និងសប្បុរសជន ក៏មានការផ្តល់ជំនួយឧបត្ថម្ភប្រគេនព្រះអង្គតក់ៗជាហូរហែ គ្រាន់បានព្រះអង្គមានលទ្ធភាពបន្តលាងឈាម មកដល់សព្វថ្ងៃ ។ ប៉ុន្តែការលាងឈាមនេះ លំបាកវេទនាណាស់ ព្រះអង្គ សូមអំពាវនាវបិណ្ឌបាតដល់ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ សប្បុរសជន ជួយឧបត្ថម្ភឱ្យព្រះអង្គបានប្តូរក្រលៀន ដើម្បីបន្តព្រះជន្មផង។
ជាចុងក្រោយ ព្រះសង្ឃកំព្រាអង្គនេះ បានមានថេរដីកាថា “អាត្មាសូមផ្តាំផ្ញើទៅដល់ញាតិញោម បើស្រលាញ់ខ្លួន និងក្រុមគ្រួសារ សូមទទួលទានអាហារ និងភេសជ្ជៈ ឱ្យបានត្រឹមត្រូវ ចៀសវាងការហូបអាហារដែលមាន រសជាតិប្រៃពេក ផ្អែមពេក របស់ផ្អាប់ទុកយូរ ពិសេសភេសជ្ជៈប៉ូវកម្លាំង កុំពិសាច្រើនហួសកម្រិត ដូចអាត្មា ជាឧទាហរណ៍ស្រាប់ ពុំនោះទេ លទ្ធផលអាចនឹងជួបរឿងនឹកស្មានមិនដល់ដូចអាត្មា ត្រូវរស់វេទនាជាមួយជំងឺដ៏កាចសាហាវមួយនេះដែលធ្វើទុក្ខជាប់ជាប្រចាំ ទើបនឹកស្តាយក្រោយ ក៏ហួសពេលទៅហើយ…”៕ ដារិទ្ធ