ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ស្ពានឫស្សី និងឆ្នេរកោះប៉ែន ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងណែនាំដល់ម្ចាស់រមណីយដ្ឋាន ឱ្យតុបតែងសោភណភាពឱ្យបានស្អាត និងបន្តពង្រឹងការការពារសន្តិសុខនិងសុវត្ថិភាពជូនភ្ញៀវទេសចរ។
លោកប៊ុន ដារ៉ា ដែលជាម្ចាស់ស្ពានឫស្សី និងឆ្នេរខ្សាច់កោះប៉ែន បានបញ្ជាក់ថា ការរៀបចំតុបតែងស្ពាន ដូចជាការដាក់ទង់ជាតិ និងធ្វើកន្លែងសម្រាប់ថតសែលហ្វី និងដាក់ស្លាកប៉ាណូ 3D មួយ ដើម្បីបង្ហាញអំពីទិដ្ឋភាពរមណីយដ្ឋាន ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនាផងដែរ។
លោកប៊ុន ដារ៉ា បានបន្តថា ស្ពានឫស្សីនៅខេត្តកំពង់ចាម ដែលភ្ជាប់គ្នារវាងក្រុងកំពង់ចាម នៅចំណុចដើមពោធិ៍ មុខវត្តដីដុះ ឆ្ពោះទៅកាន់រមណីដ្ឋានឆ្នេរខ្សាច់ក្បាល់កោះប៉ែន ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម គឺបានសាងសង់ស្ទើររួចរាល់ទាំងស្រុង និងបានបើកដំណើរការបណ្តោះ អាសន្ន ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយនឹងបើកដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ តទៅ។
លោកប៊ុន ដារ៉ា បន្តថា ស្ពានឫស្សីនេះ គឺមានប្រវែងប្រមាណ ១០០០ម៉ែត្រ វែងជាងឆ្នាំមុន ដោយសារស្ថានភាពទឹកទន្លេមេគង្គ នាពេលបច្ចុប្បន្នស្ថិតនៅកម្ពស់ខ្ពស់ជាងមុន ហើយចំពោះទទឹងស្ពានឫស្សីមានប្រវែង២ម៉ែត្រ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរដោយថ្មើរជើង និងជិះកង់តែប៉ុណ្ណោះ ចំពោះម៉ូតូ និងរថយន្តនានា គឺអាចចតទុកនៅត្រើយម្ខាងនៃក្រុងកំពង់ចាម ឫអាចឆ្លងតាមស្ពានថ្ម ដើម្បីទុកនៅកន្លែងចំណតរថយន្ត នៅត្រើយខាងឆ្នេរខ្សាច់កោះប៉ែន ក៏បាន៕