Sunday, December 22, 2024
Homeព័ត៌មានជាតិ«រង់ចាំ ផ្ការីក» សម រង្ស៊ី  ឆ្លើយតបសម្តេចហ៊ុន សែន «ផ្ការីកគ្រប់រដូវ»

«រង់ចាំ ផ្ការីក» សម រង្ស៊ី  ឆ្លើយតបសម្តេចហ៊ុន សែន «ផ្ការីកគ្រប់រដូវ»

ភ្នំពេញ ៖ ក្រោយពេលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បញ្ឈឺថា សម្ដេច កំពុងនិពន្ធចម្រៀងមួយបទ ក្រោមចំណងជើងថា “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” មក ពេលនេះ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានឆ្លើយតបមកសម្ដេចហ៊ុន សែន វិញថា លោកបាននិពន្ធបទចម្រៀងថ្មី “រង់ចាំ ផ្ការីក” ។

លោក សម រង្ស៊ី បានសរសេរទំនុកច្រៀង បទ ”រង់ចាំ ផ្ការីក” ដែលលោកបាននិពន្ធថ្មី និងបានឲ្យតារារ៉េប យកទៅច្រៀងនោះ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលមានខ្លឹមសារេដូចខាងក្រោម ៖

រង់ចាំ ផ្ការីក

បាត់ទឹក បាត់ដី បាត់ព្រៃព្រឹក្សា បាត់កេរដូនតា ដោយសារហ៊ុន សែន។

ពួកចោរលួចជាតិ ដឹកនាំប្រទេស ធ្វើឲ្យរាស្ត្រក្រ រស់យ៉ាងវេទនា។

បំណុលវ័ណ្ឌក អត់មានអ្វីសង នៅសល់តែផ្ទះ ខ្លាចគេរឹបអូស។

ខុសពីមុនឆ្ងាយ អត់ប្រាក់ចំណូល មិនអាចរស់បាន ក្នុងស្រុកកំណើត។

ត្រូវវេចប្រវេច ចាកចេញទៅថៃ ព្រាត់ប្រាសគ្រួសារ ដោយសារហ៊ុន សែន។

របបព្រៃផ្សៃ គ្មានត្រាប្រណី ធ្វើបាបអ្នកក្រ ទឹកភ្នែកឥតល្ហែ។

អំណាចផ្តាច់ការ ពីឪដល់កូន ត្រកូលចង្រៃ មកបំផ្លាញខ្មែរ។

រង់ចាំផ្ការីក រំដោះខេមរា កូនខ្មែរងើបឡើង សង្គ្រោះជាតិយើង…។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈទំព័រហ្វេសប៊ុក ដដែល លោកសម រង្ស៊ី បានបង្ហោះវីដេអូចម្រៀង ១បទ ដែលមានន័យខ្លឹមសារដូចគ្នានឹងបទ «រង់ចាំ ផ្ការីក» ខាងលើ ជាមួយសំណេរថា “បទចម្រៀងថ្មីនេះ រៀបរាប់អំពីជីវិតពិតនៅកម្ពុជា ជាពិសេសសម្រាប់ពលករចំណាកស្រុក ទៅប្រទេសថៃ។ ប៉ុន្តែខ្ញុំមិនដឹងថា គួរដាក់ចំណងជើងថា យ៉ាងម៉េច សូមបងប្អូនជួយរកចំណងជើង ដាក់ឱ្យបទចម្រៀងថ្មីនេះផង!“ ។

គួរបញ្ជាក់ថា ការបង្ហាញបទចម្រៀង «រង់ចាំ ផ្ការីក» ខាងលើនេះ គឺលោកសម រង្ស៊ី បានធ្វើឡើងឆ្លើយតបភ្លាមៗទៅសម្ដេចហ៊ុន សែន បន្ទាប់ពីសម្តេច បានបញ្ជាក់ថា សម្ដេច កំពុងនិពន្ធចម្រៀងមួយបទ ក្រោមចំណងជើងថា “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” ដែលបង្ហាញថា សមិទ្ធផលរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រផ្ការីក ទាំងអស់ ហើយអ្នកដែលចង់រក្សាសន្តិភាព អាចច្រៀងរាំលេង ជាមួយបទចម្រៀងនេះបាន ។

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ មុនពេលអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា សម្ដេចហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹក ជារូបថតក្នុងសម្លៀកបំពាក់កាកបាទក្រហមកម្ពុជា រាំកម្សាន្តជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅមុខប្រាសាទបុរាណ កាលពី ២០ឆ្នាំមុន នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ជាមួយសំណេរថា “ផ្ការីក រៀងរាល់ថ្ងៃ ព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើង លើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រផ្ការីក ទាំងអស់។ យើងធ្វើពីតូច ទៅធំ ពីទាប ទៅខ្ពស់ ពីតិច ទៅច្រើន សូម្បីតែជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ចេញពីអភិក្រមផ្ការីក នេះផងដែរ ។ល។ យើងចេះតែពាក្យផ្កា ព្រោះយើងមិនចេះពាក្យមេខ្នុរ កូនខ្នុរនោះទេ ហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ ថ្ងៃនេះផ្ការីក នៅវិមាន៧មករា ម្សិលមិញ ផ្ការីកនៅវិមានព្រឹទ្ធសភា។ សូមជូនរូបថតផ្ការីកមួយសន្លឹក ទើបរកឃើញ មិនដឹងថតពេលណា តែបើមើលក្បាលខ្សែក្រវាត់ អាចទើបអាយុក្រោម៥០ឆ្នាំ ។ រាំជាមួយប្រពន្ធ ពេលចូលរួមសកម្មភាពកាកបាទក្រហម។ ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទ គឺបទ «ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព» ដែលបទនេះ នឹងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព“ ។

បើទោះបីសំណេរខាងលើនេះ មិនបញ្ជាក់ឲ្យចំ តែអ្នកតាមដាននយោបាយ យល់ថា សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ចង់បញ្ឈឺឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលថ្មីៗនេះ បានបង្កើតចលនាជាតិតស៊ូ ហើយតែងប្រើបណ្ដាញសង្គម ហ្វេសប៊ុក អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុក ឲ្យងើបបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមយុទ្ធសាស្រ្តផ្ការីក ដូចនៅប្រទេសបង់ក្លាដែស ដែលទម្លាក់នាយករដ្ឋមន្រ្តី សេក ហាស៊ីណា និងដូចប្រទេសស៊ីរី ដែលទម្លាក់ប្រធានាធិបតីស៊ីរី បាស្ហារ អាល់-អាសាសដ កាលពីពេលថ្មីៗនេះ ជាដើម ។ អតីតមេបក្សប្រឆាំង ដែលសម្តេចហ៊ុន សែន ហៅថា «ជនក្បត់ជាតិ ៣ជំនាន់» នេះ នៅពេលថ្មីៗចុងក្រោយនេះ បានប្រកាសថា នឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្រៅប្រទេស និងតែងបង្ហោះរូបភាពនិងសារ «ផ្ការីក» ដែលសំដៅបដិវត្តន៍ពណ៌ បំផ្ទុះចេញពីផ្ទៃក្នុង គំរាមសម្តេចហ៊ុន សែន ដោយចោទសម្តេចហ៊ុន សែន ជាជនផ្តាច់ការ ប្រៀបធៀបទៅអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែល លោកស្រី សេក ហាស៊ីណា និងអតីតប្រធានាធិបតីស៊ីរី លោកបាស្ហារ អាល់-អាសសាដ ដូចជាថា «បន្ទាប់ពីសាដ ដល់វេនសែន» ជាដើម។

ក្រៅពីសំណេរខាងលើនេះ សម្តេចហ៊ុន សែន ធ្លាប់បានបញ្ជាក់ច្បាស់ហើយថា សម្ដេចមិនដែលញញើតនឹងការគំរាមរបស់អតីតមេបក្សប្រឆាំងដែលកំពុងរស់និរទេសនៅក្រៅប្រទេសរូបនេះឡើយ។ ជាក់ស្តែង ថ្មីៗនេះ សម្តេច បានព្រមានទៅក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយលោកសម រង្ស៊ី ថានឹងជំរុញឲ្យបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយមនេះ ជាក្រុមភេវរកម្ម ហើយទោះបីក្នុងតម្លៃណាក៏ដោយ សម្តេច ត្រូវតែការពារសន្តិភាព មិនអាចឲ្យក្រុមជ្រុលនិយមទាំងនោះ បំផ្លាញសន្តិភាពនៅកម្ពុជា បានជាដាច់ខាត ៕ កុលបុត្រ

RELATED ARTICLES