Wednesday, December 25, 2024
Homeព័ត៌មានជាតិអតីតឧកញ៉ា ហេង សិទ្ធី ចោទលោកគួច ចំរើន ពុករលួយ ១៥០លានដុល្លារ ការពារឧក្រិដ្ឋជន

អតីតឧកញ៉ា ហេង សិទ្ធី ចោទលោកគួច ចំរើន ពុករលួយ ១៥០លានដុល្លារ ការពារឧក្រិដ្ឋជន

ភ្នំពេញ ៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុនម៉ារីថាមគ្រុប បានចោទលោកគួច ចំរើន អភិបាលខេត្តកណ្ដាល ពុករលួយ ក្នុងទឹកប្រាក់ ១៥០លានដុល្លារ ការពារឧក្រិដ្ឋជនល្បែងស៊ីសងអនឡាញខុសច្បាប់ នៅខេត្តព្រះសីហនុ ។ ជាមួយគ្នានេះ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក៏បានស្នើសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស៊ើបអង្កេតជាបន្ទាន់ លើក្រសួងមហាផ្ទៃ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ពាក់ព័ន្ធអំពើពុករលួយ និងការពារដល់ឧក្រិដ្ឋជនផងដែរ។

លោកហេង សិទ្ធី បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា “សូមជម្រាបជូនសាធារណជន និងលាតត្រដាងតារាហូលីវូដមួយរូប ៖ លោក គួច ចំរើន ដែលជាអតីតអភិបាលខេត្តព្រះសីហនុ គឺជាជនពុករលួយដ៏ស្ងៀមស្ងាត់បំផុត ដែលពាក់ព័ន្ធនឹងការការពារឧក្រិដ្ឋកម្មខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ នៅព្រះសីហនុ ក្នុងអាណត្តិរបស់លោក។ គាត់សាងសង់វិមានដ៏ធំរបស់គាត់ នៅខេត្តព្រះសីហនុ តិចជាងមួយឆ្នាំ ដែលគាំទ្រដោយឧក្រិដ្ឋជន។ ឧក្រិដ្ឋជនអនឡាញខុសច្បាប់ទាំងនោះ កំពុងចាត់ទុកគាត់ដូចជាស្តេច ពីព្រោះគាត់តែងតែប្រើឈ្មោះមេដឹកនាំ ដើម្បីបង្ហាញពីអំណាចរបស់គាត់។ ថៅកែជនជាតិចិនខុសច្បាប់ទាំងនោះ បង្រៀនគាត់ពីវិធីពុករលួយក្នុងភាពស្ងៀមស្ងាត់ ដូច្នេះគ្មាននរណាម្នាក់អាចឃើញលុយរាប់រយលានដុល្លារ ដែលត្រូវបានផ្ញើមកគាត់ ដោយរូបិយប័ណ្ណគ្រីបតូ ដូចជា USDT និង USDC, bitcoin នោះទេ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ដូចដែលបានរាយការណ៍ និងសិក្សាដោយប្រុងប្រយ័ត្ន ក្នុងរយៈពេល ២ឆ្នាំ ដោយក្រុមរបស់ខ្ញុំ និងជនជាតិចិន ដែលស្ម័គ្រចិត្តលាតត្រដាងគាត់ ច្រើនជាង ១៥០លានដុល្លារ រួមទាំងប្រទេសក្រៅ។ ហើយគាត់តែងតែធ្វើការសប្បុរសធម៌ជាច្រើនផងដែរ ឧទាហរណ៍ដូចជា ឲ្យលុយមនុស្សនៅតាមផ្លូវ និងថតរូបជាដើម។ ជនជាតិចិន ធាត់ធំ គាត់គ្រប់គ្រងមិនឱ្យពួកគេឃើញចៅហ្វាយរបស់គាត់។ សូមបញ្ជាក់ថា ចៅហ្វាយរបស់គាត់ មិនមែនជានាយករដ្ឋមន្ត្រី ទេ។ ថៅកែគាត់ ជាក្មេងទំនើងចាស់ តែងតែប្រើអំណាចក្នុងគ្រួសារ ដើម្បីគំរាមអ្នកដទៃ ហើយចាញ់បោកគួច ចំរើន ដែរ ។ អាណិតចៅហ្វាយគាត់ណាស់ គាត់ជាមនុស្សឆ្លាត ប៉ុន្តែលោក គួច ចំរើន ឆ្លាតជាង។ យ៉ាងណាក៏ដោយ ខ្ញុំសូមសាធារណជនមើលគាត់ផង ព្រោះឥឡូវគាត់ជាអភិបាលខេត្តកណ្តាលថ្មី ដែលមានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញ។  លោកក៏បាននាំឧក្រិដ្ឋជនតាមអ៊ីនធឺរណិត ពីខេត្តព្រះសីហនុ មកដាក់មូលដ្ឋាននៅក្រៅទីក្រុងភ្នំពេញផងដែរ។ នេះជាសាររបស់ខ្ញុំ ផ្ញើជូនសម្ដេច ហ៊ុន ម៉ាណែត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ“ ។

លោកហេង សិទ្ធី បានសរសេរបន្ថែម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ស្នើទៅលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតជាបន្ទាន់លើអតីតលោក គួច ចំរើន ទាក់ទងនឹងការការពារអ្នកបោកប្រាស់តាមអ៊ីនធឺរណិតខុសច្បាប់ និងការលាងលុយ ជាថ្នូរនឹងប្រាក់រាប់លានដុល្លារ ដែលត្រូវបានបង់ឱ្យគាត់ តាមរយៈសាច់ប្រាក់ និងរូបិយប័ណ្ណឌីជីថល។

លោកហេង សិទ្ធី បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកដដែលនោះថា “លិខិតប្តឹង និងលើកទឹកចិត្តដល់ការអនុវត្តច្បាប់ ៖ សូមគោរពឯកឧត្តម ឱម យ៉ិនទៀង។ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំចង់រាយការណ៍ និងសូមបើកការស៊ើបអង្កេតជាបន្ទាន់ លើអតីតអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដោយសារកន្លងមក មានអំពើពុករលួយកើតឡើងនៅខេត្តព្រះសីហនុ កន្លងមក និងខេត្តកណ្តាល ដែលលោកកាន់តំណែងនៅពេលនេះ។ បញ្ហានេះគឺធ្ងន់ធ្ងរណាស់ ដែលទាក់ទងនឹងការការពារអ្នកបោកប្រាស់តាមអ៊ីនធឺរណិតខុសច្បាប់ និងការលាងលុយ ជាថ្នូរនឹងប្រាក់រាប់លានដុល្លារ ដែលត្រូវបានបង់ឱ្យគាត់ តាមរយៈសាច់ប្រាក់ និងរូបិយប័ណ្ណឌីជីថល។ យោងតាមច្បាប់ប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា សូមឯកឧត្តមជួយលាតត្រដាងទ្រព្យសម្បត្តិរបស់គាត់ ដែលមិនទាន់បានប្រកាសក្តី ប្រកាសហើយក្តី បានទេ? ដោយសារសាធារណជន ព្រួយបារម្ភអំពីទ្រព្យសម្បត្តិរាប់លានដុល្លាររបស់គាត់ ដែលប្រមូលផ្តុំលើអំពើពុករលួយ ដែលមិនអាចទទួលយកបាន ដោយសារការការពារឧក្រិដ្ឋជន។ យើងបានដឹងហើយថា ប្រពន្ធរបស់គាត់ គឺជាមេធាវី ហើយមិនមានជំនួញអ្វីផ្សេងទៀតដែលទាក់ទងនឹងការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ ដែលមានតម្លៃរាប់លានដុល្លារនោះទេ។ លិខិតនេះ ចាត់ទុកជាការប្រកាសជាសាធារណៈពាក់ព័ន្ធ និងជូនដំណឹងដល់អង្គភាពប្រឆាំងអំពើពុករលួយ និងចាត់វិធានការ និងភស្តុតាងជាសាធារណៈដោយមិនបង្អង់យូរ។ ជនជាតិចិន ឬខ្មែរ ដែលរងគ្រោះពីសកម្មភាព គឺជាជនរងគ្រោះដែលតម្រូវឲ្យបង់ប្រាក់តាមវិធីលួងលោមក្តី គំរាមក្តី ហើយសុខចិត្តធ្វើជាសាក្សី ចំពោះទង្វើដ៏កខ្វក់របស់គាត់ ក្នុងនាមជាអភិបាលខេត្ត ហើយយើងសង្ឃឹមថា ឯកឧត្តម នឹងអនុវត្តសកម្មភាពដោយយុត្តិធម៌និងតម្លាភាព។ សាធារណជន កំពុងមើលនិងរង់ចាំឯកឧត្តមឆ្លើយតបចំពោះបញ្ហានេះ ព្រោះវាជាអាទិភាពក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ និងសង្គមជាតិរបស់យើង។ សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ហេង សិទ្ធី“ ។ 

ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ លោកហេង សិទ្ធី ក៏បានស្នើសុំសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស៊ើបអង្កេតជាបន្ទាន់ លើលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ថេត អគ្គស្នងការនគរបាលជាតិ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ពាក់ព័ន្ធអំពើពុករលួយ និងការពារដល់ឧក្រិដ្ឋជនផងដែរ ។

លោកហេង សិទ្ធី បានសរសេរបន្ថែមទៀត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ថា “សូមគោរពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្មីៗនេះ ខ្ញុំបានលាតត្រដាងពីមេបោកប្រាស់តាមអនឡាញដ៏ធំបំផុត ដែលជាជនជាតិសិង្ហបុរី សញ្ជាតិកម្ពុជា។ ខ្ញុំជឿថា សម្តេច បានដឹងរឿងនេះរួចហើយ ហើយសាធារណជនយើងក៏បានដឹងអំពីរឿងនេះដែរ។ ជាដំបូង ខ្ញុំចង់និយាយសុំទោសសម្តេច ដែលរំខានពេលវេលាសម្តេច  ព្រោះរឿងនេះ កំពុងឈានចូលដល់ផ្លូវដ៏អាក្រក់ណាស់ឥឡូវនេះ។ ខ្ញុំបាទសូមសម្តេច រកយុត្តិធម៌ឲ្យខ្ញុំ តាមអ្វីដែលបានកើតឡើង។ បន្ទាប់ពីខ្ញុំបានលាតត្រដាងមេខ្លោងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺរណិតខុសច្បាប់ទាំងនោះ ដោយមានភស្តុតាងពេញលេញ តាមសកម្មភាពពីមុន និងបង្ហាញស្លាកសញ្ញារបស់គាត់ក្នុងបណ្តាញទំនាក់ទំនងសង្គម ជាច្រើនរួចមក ឯកឧត្តម  ស សុខា បានបញ្ជាឱ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងតាមអ៊ីនធឺរណិត ដោយកំណត់កាលបរិច្ឆេទ បន្ទាប់មកក៏ស្ងាត់ទៅវិញ។  ជំនួសឲ្យការចាប់ខ្លួនឧក្រិដ្ឋជន លោកគ្រាន់តែចាត់វិធានការស្រាលៗប៉ុណ្ណោះ សូម្បីតែមិនបានតាមរកឆែកផ្ទះនិងទីតាំងប្រព្រឹត្តបទល្មើស ឬចាត់វិធានការចាប់ខ្លួនលោក Phua Gek Seng ហៅតាក់ មកផ្តន្ទាទោសតាមច្បាប់។ ប្រការនេះបានធ្វើឲ្យសាធារណជនជ្រាបថា នគរបាលយើង មានអ្វីលាក់បាំង ហើយនរគរបាលយើង ក៏ទទួលលិខិតប្តឹងពីឧក្រិដ្ឋជន មកប្ដឹងខ្ញុំ ទាំងដឹងថា ជននោះជាអ្នកណា ហើយប្តឹងខ្ញុំថា បានបំផ្លាញកេរ្តិ៍ឈ្មោះលោកតាក់  និងគំរាមទារប្រាក់ ២លានដុល្លារ ទៅវិញ។  ខ្ញុំបានរក្សាភាពស្ងៀមស្ងាត់ ព្រោះខ្ញុំគិតថា សម្តេច នឹងយល់ការពិត ប៉ុន្តែផ្ទុយទៅវិញ ពួកគេកំពុងរៀបចំផែនការនៅពីក្រោយឆាក ដោយគំរាមថា នឹងដាក់ខ្ញុំនៅក្នុងនិវេទន៍ក្រហមរបស់ Interpol ដើម្បីចាប់ខ្លួនខ្ញុំ។ ចាប់តាំងពីលោកតាក់ បានដាក់លិខិតទៅនគរបាល ខ្ញុំមិនបានទទួលលិខិតណាមួយ ពីនាយកដ្ឋាននគរបាល ឬតុលាការទេ។ សូមជម្រាបជូនសម្តេច ថាលោក ស ថេត បញ្ជាឲ្យលោកផែង វណ្ណៈ បង្ហោះព័ត៌មានក្លែងក្លាយអំពីរូបខ្ញុំ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ ទាំងគ្មានភស្តុតាង។ ក្រុមអង្កេតការណ៍របស់ខ្ញុំ បានរកឃើញថា លោកតាក់ បានបង់ប្រាក់ចំនួន ៥លានដុល្លារ ទៅឱ្យលោក ស ថេត ជាថ្នូរនឹងការផលិតរបាយការណ៍ក្លែងក្លាយ ដើម្បីចាប់ខ្លួនខ្ញុំ និងដាក់ឈ្មោះរបស់ខ្ញុំនៅក្នុងបញ្ជីចាប់ខ្លួន Interpol ។  នេះជាទង្វើដែលមិនអាចទទួលយកបាន និងអយុត្តិធម៌សម្រាប់សង្គមជាតិយើង ក្នុងអាណត្តិសម្តេច ដឹកនាំប្រទេស»។

លោកហេង សិទ្ធី បន្តថា «ក្រសួងមហាផ្ទៃ ចាត់វិធានការដ៏ស្រាលទៅលើទំហំរឿងដ៏ធំ បង្ហាញថា ក្រសួងមហាផ្ទៃ ទាំងមូល ដឹកនាំដោយឯកឧត្តម ស សុខា គឺគ្មានប្រសិទ្ធភាព និងពុករលួយតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម។ ពួកគេជាប៉ូលិស ប៉ុន្តែធ្វើដូចជាឧក្រិដ្ឋកម្មគំរាមកំហែងដល់ជនស្លូតត្រង់កម្ពុជា ដែលហ៊ានបង្ហាញអំពីអំពើទុចរិតរបស់ពួកគេ ដូចដែលគេធ្វើដាក់ខ្ញុំជាឧទាហរណ៍។ កម្ពុជា ជាប្រទេសមានសន្តិភាពក្រោមការដឹកនាំរបស់សម្តេច ហើយទង្វើបែបនេះ នឹងមិនគួរកើតឡើងឡើយ។ ម៉្យាងវិញទៀត ពួកគេបានស្នើសុំឱ្យ Interpol ដាក់ឱ្យខ្ញុំនៅក្នុងសេចក្តីជូនដំណឹងក្រហម ឬហៅថា និវេទន៍ក្រហម រួចហើយ ដោយមិនមានភស្តុតាង ឬសំណុំរឿងរបស់តុលាការ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ ទង្វើនេះធ្វើឲ្យ Interpol អាចនឹងមើលងាយលើកិត្តិយសកម្ពុជា ទាំងមូល។ ដោយពួកគេបានបរាជ័យក្នុងសុំដាក់ខ្ញុំក្នុងនិវេទន៍ក្រហម ពួកគេក៏បានស្នើសុំឱ្យ Interpol ដាក់ឱ្យខ្ញុំនៅក្នុងនិវេទន៍ពណ៌ខៀវ។ ខ្ញុំគ្មានបទឧក្រិដ្ឋ ឬល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬប្រទេសណាមួយឡើយ។ បន្ទាប់មក លោក ស ថេត ក៏បានស្នើឲ្យប៉ូលិសថៃ ចាប់ខ្ញុំ ដោយប្រសិនបើខ្ញុំចូលប្រទេសថៃ។ សកម្មភាពទាំងនោះ ប្រឆាំងនឹងសិទ្ធិរបស់ខ្ញុំ ខណៈខ្ញុំជាពលរដ្ឋកម្ពុជា ដែលពុំមានទោសសោះ រឿងនេះចាត់ទុកថា ជារឿងអយុត្តិធម៌ខ្លាំងណាស់។ ខ្ញុំដឹងថា គ្មានរដ្ឋបាលកម្ពុជា ណាយកពាក្យបណ្តឹងខ្ញុំទៅពិចារណាទេ ព្រោះខ្លាចអំណាចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ថ្មីៗនេះ មានជនចម្លែកជាច្រើន ព្យាយាមល្បួងខ្ញុំឱ្យបង់ប្រាក់ គ្រប់វិធី ចូលគណនីធនាគាររបស់ពួកគេ ហើយខ្ញុំដឹងថា នេះជាល្បិចរបស់ប៉ូលិស ដែលឱ្យខ្ញុំផ្ញើប្រាក់ទៅឧក្រិដ្ឋជន ដើម្បីឲ្យពួកគេមានភស្តុតាងចាប់ខ្លួន ឬប្តឹងខ្ញុំ ទៅតុលាការ។ នេះក៏ចាត់ទុកថា ជាទង្វើដ៏កខ្វក់របស់នាយកដ្ឋានព្រហ្មទណ្ឌ និងអ្នកនៅពីក្រោយដ៏ឃោរឃៅ។ គេក៏បញ្ជូនមនុស្សកាន់កាំភ្លើង ទៅតាមឪពុកខ្ញុំ ហើយបង្ហាញថា ពួកគេពាក់ព័ន្ធនឹងរឿងនេះ ទង្វើនេះគេហៅថា គំរាមគ្រួសារខ្ញុំ»។

លោកហេង សិទ្ធី បន្តទៀតថា «ខាងក្រោមនេះ គឺជាពាក្យបណ្តឹងរបស់ខ្ញុំ ទៅកាន់សម្តេច ដើម្បីរកយុត្តិធម៌ជូនរូបខ្ញុំបាទ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ដែលពីមុន បានចូលរួមចំណែកជួយសង្គមកម្ពុជា ទោះបីជាវាមិនច្រើនក៏ដោយ។

១- ខ្ញុំសូមស្នើសុំសម្តេច ពិចារណាពីភាពគ្មានប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឯកឧត្តម ស សុខា ក្នុងការបង្រ្កាបឧក្រិដ្ឋជន និងផ្តល់ការការពារឧក្រិដ្ឋជន។

២- ខ្ញុំសូមជម្រាបសម្តេច ថា ខ្ញុំបានដាក់លិខិតលាលែងពីតំណែងជាអ្នកឧកញ៉ា តាំងពីខែវិច្ឆិកា ហើយសម្តេច បានយល់ព្រម និងបញ្ជូនសំណើទៅព្រះមហាក្សត្រ ព្រះមហាក្សត្រ បានយល់ព្រមដកតំណែងខ្ញុំជាអ្នកឧកញ៉ា។ តាមច្បាប់ ខ្ញុំមានសិទ្ធិលាលែងពីតំណែង ដោយស្ម័គ្រចិត្ត ប៉ុន្តែហេតុអ្វីបានជាសារព័ត៌មាន និយាយថា បន្ទាប់ពីលោក Phua Gek seng ហៅតាក់ គ្រាន់តែដាក់លិខិតប្តឹងខ្ញុំនោះ សម្តេច សុំមហាក្សត្រ ដកងារខ្ញុំ សូម្បីតែខ្ញុំក៏មិនមានរឿងក្តី ឬបំពានច្បាប់នៅកម្ពុជា? ខ្ញុំត្រូវការយុត្តិធម៌ពីសម្តេច ដើម្បីបញ្ជាក់ពីរឿងនេះថា តើមកពីខ្ញុំសុំលាលែង ឬក៏ស្នើសុំដកឆៅៗ គ្រាន់តែពាក្យបណ្តឹងដែលប្តឹងដោយមេអនឡាញខុសច្បាប់? ព្រោះវាបានបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ ជាពាណិជ្ជករស្របច្បាប់ និងមានឈ្មោះល្អនៅកម្ពុជា។

៣- ខ្ញុំសូមប្តឹងអ្នកយកព័ត៌មានក្លែងក្លាយ លោក ផែង វណ្ណៈ ដែលបានបង្ហោះរូបខ្ញុំ បំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ ដោយមិនមានភស្តុតាងនៃទោសកំហុសរបស់ខ្ញុំ ឬតុលាការទេ ជនប្រភេទនេះគួរតែទទួលទោស ព្រោះគាត់បានរកស៊ីចិញ្ចឹមជីវិត ដោយគំរាមអ្នកផ្សេង បង្ហោះនេះ ឬហៅបានថាស៊ីឈ្នួលបង្ហោះព័ត៌មាន ឬដំណឹងណាមួយដែលគាត់ចង់បង្ហោះ ទោះបីវាមិនពិតក៏ដោយ វាធ្វើឱ្យសង្គមរបស់យើងមានជំងឺផ្លូវចិត្ត និងវិលវល់ដោយសារបុគ្គលរូបនេះ ហើយអាកប្បកិរិយារបស់គាត់ចំពោះសង្គមរបស់យើង គឺមិនអាចទទួលយកបាន។

៤- ខ្ញុំសូមប្តឹងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលពុំមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការផ្សព្វផ្សាយអនុញ្ញាតឱ្យសារព័ត៌មានសំខាន់៣ បំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ ៖ ទី១- Swift News Daily ដែលមានម្ចាស់ជាអនុរដ្ឋលេខាធិការក្រសួងពត៌មាន ២- សារព័ត៌មាន Oknha News ៣- Pheng Vannak News។

៥- ខ្ញុំសូមឲ្យសម្តេច មេត្តាបើកការស៊ើបអង្កេតជាបន្ទាន់ លើក្រសួងមហាផ្ទៃ អំពីអំពើពុករលួយ និងផ្តល់ការការពារដល់ឧក្រិដ្ឋជន ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស សុខា លោក ស ថេត លោក ជួន ណារិន លោក គួច ចំរើន និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

៦- សូមកុំសម្តេច កុំជួយខ្ញុំយកខ្ញុំចេញនិវេទន៍ខៀវ របស់ Interpol ប្រសិនបើខ្ញុំពិតជាបានប្រព្រឹត្តខុស។

សម្តេច ជាទីគោរព! ប្រទេសយើងទើបតែងើបនិងជាសះស្បើយពីជំងឺកូវីដ និងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច នាពេលថ្មីៗនេះ ដោយសារសង្រ្គាមនៅបណ្តាប្រទេសផ្សេងៗ ហើយ្រទេសយើង ត្រូវបានអន្តរជាតិគោរពថា ជាប្រទេសមានសេរីភាព និងជាប្រទេសមានសន្តិភាព ដូច្នេះយុត្តិធម៌ ត្រូវការជាចាំបាច់ និងផ្តន្ទាទោសចំពោះអ្នកដែលអង្គុយលើច្បាប់ និងប្រើប្រាស់តួនាទីរបស់គេ ក្នុងការប្រព្រឹត្តជាបទឧក្រិដ្ឋ រឿងនេះគួរមិនត្រូវបានលើកលែងទោស ឬអនុញ្ញាតឲ្យវាបន្តកើតឡើងក្នុងប្រទេសរបស់យើង ប្រកបដោយចក្ខុវិស័យដ៏អស្ចារ្យរបស់សម្តេច ឡើយ។ អន្តរជាតិ កំពុងតាមដានលើបញ្ហានេះ និងតាមដានយ៉ាងដិតដល់ ដើម្បីឃើញចំណាត់ការរបស់សម្តេច ចំពោះបញ្ហានេះ ។

សូមសម្តេច ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់។ ហេង សិទ្ធី“ ។

ជុំវិញការចោទប្រកាន់ពីសំណាក់លោកហេង សិទ្ធី ពាក់ព័ន្ធអំពើពុករលួយ ១៥០លានដុល្លារ ជាថ្នូនឹងការការពារឧក្រិដ្ឋជន ខាងលើនេះ លោកគួច ចំរើន អភិបាលខេត្តកណ្ដាល បានឆ្លើយតបថា លោកពុំមានលុបគ្រីបតូ ដូចការចោទប្រកាន់ទេ ប្រសិនបើមាន សូមយកទៅធ្វើជាប្រយោជន៍ដល់សង្គម ដូចជាកសាងសាលារៀន សាងសង់មន្ទីរពេទ្យ ជាដើម ។

លោកគួច ចំរើន បានថ្លែងនៅក្នុងវេទិកាមួយថា «ខ្ញុំសូមធ្វើការបញ្ជាក់ថា ខ្ញុំពុំមានលុយគ្រីបតូ ដូចការសរសេរបំផ្លើសបង្ហោះចែកចាយនោះទេ។ បើសិនអ្នកណាដឹងថា លុយគ្រីបតូរបស់ខ្ញុំនោះ មាននៅកន្លែងណា សូមទៅយកមកជូនមន្ទីរពេទ្យគន្ធបុប្ផាទៅ មកចែកជូនប្រជាជនក្រីក្រទៅ សង់សាលារៀន និងសង់មន្ទីរពេទ្យ ឲ្យអស់ហ្នឹងទៅ ហើយខ្ញុំត្រៀមខ្លួនជានិច្ច បើត្រូវខ្ញុំហត្ថលេខា ខ្ញុំហត្ថលេខាជូន បើត្រូវការខ្ញុំផ្ដិតមេដៃ ខ្ញុំផ្ដិតមេដៃជូន ឲ្យតែទៅរកឃើញថា ខ្ញុំមានលុយគ្រីបតូនោះ នៅកន្លែងណាគ្រប់ ទៅរកមកចុះ! យកមកឲ្យមន្ទីរពេទ្យ ប្រជាជនកម្ពុជា ទៅ» ។

ដោយឡែក លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតប ជុំវិញការស្នើរបស់លោកហេង សិទ្ធី ខាងលើនេះបានទេ កាលពីម្សិលមិញ ខណៈដែលលោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នឹងអ្នកពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក ហេង សិទ្ធី ខាងលើនេះ ក៏មិនទាក់ទងសុំការបញ្ជាក់បំភ្លឺបានដែរ នៅថ្ងៃដដែលនោះ ។

គួរបញ្ជាក់ថា អ្នកឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជាអ្នកឧកញ៉ា តាមការក្រាបបង្គំទូលថ្វាយពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការស្នើសុំលុបគោរមងារអ្នកឧកញ៉ានេះ ធ្វើឡើងបន្ទាប់ពីលោក ហេង សិទ្ធី ព្យាយាមបង្ហាញភស្តុតាងលើបុរសជនជាតិសិង្ហបុរី សញ្ជាតិខ្មែរម្នាក់ ឈ្មោះ Phua Gek Seng (ភូ ហ្គិចសេង) ហៅ Tak (តាក់) ដែលលោកបានអះអាងថា ជាឧក្រិដ្ឋជនលាងលុយ និងរកស៊ីខុសច្បាប់ នៅប្រទេសកម្ពុជា។

លោក ហេង សិទ្ធី ក៏រងនូវបណ្តឹងពីបទបរិហារកេរ្តិ៍ ពីបុរសជនជាតិសិង្ហបុរី សញ្ជាតិខ្មែរភូ ហ្គិចសេង ហៅតាក់ ទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ផងដែរ។

ពាក្យបណ្តឹង របស់លោកភូ ហ្គិចសេង ហៅតាក់ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ខ្ញុំបាទឈ្មោះ PHUA GEK SENG ជនជាតិសិង្ហបុរី កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៥៦ កាន់លិខិតឆ្លងដែន លេខ K0730715Z មានអាសយដ្ឋានស្នាក់នៅអគារ 32A THEVIEW RESIDENCE BKKI សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

សូមគោរពជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ

សុំប្តឹងចំពោះឈ្មោះ ហេង សិទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅផ្ទះលេខ៦២LM ផ្លូវលេខ២០៥-ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Sithy Heng និងប្រើប្រាស់គណនីតេឡេក្រាមលេខ +666-6164-7891 ពីបទបរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូរ ព្រមទាំងឲ្យមានការរើសអើងជាសាធារណៈ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមជម្រាបជូនឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានគណនីតេឡេក្រាមមួយ មានលេខ +666-6164-7891 (Telegram) ដែលមានឈ្មោះ Sithy Heng បានឆាតទំនាក់ទំនងមកខ្ញុំបាទ ដោយមានខ្លឹមសារគំរាមទាមទារឱ្យខ្ញុំបាទប្រគល់ទឹកប្រាក់សរុប ចំនួន USD ២,០០០,០០០ (ពីរលានដុល្លារសហរដ្ឋអាមេរិក) ឱ្យប្រគល់ទៅឈ្មោះដូចខាងលើ ព្រមទាំងបានគំរាមថា នឹងទុកពេលឲ្យខ្ញុំបាទ ក្នុងរយៈពេល ៣០នាទី បើមិនព្រមប្រគល់ចំនួនទឹកប្រាក់ខាងលើទេនោះ រូបគេថានឹងបង្ហោះរូបភាពខ្ញុំបាទ ភ្ជាប់ជាមួយខ្លឹមសារលើបណ្តាញសង្គម ហ្វេសប៊ុក តែខ្ញុំបាទមិនព្រមប្រគល់ប្រាក់ តាមការគំរាមកំហែងរបស់គេនោះទេ ។ លុះដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែមានគណនីហ្វេសប៊ុកមួយ ឈ្មោះ Sithy Heng (ជារបស់ឈ្មោះ ហេង សិទ្ធី ប្រើប្រាស់) បានយករូបភាពខ្ញុំបាទ ទៅបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក ភ្ជាប់ជាមួយខ្លឹមសារដូចខាងក្រោមថា «ខ្ញុំសូមជម្រាបជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា មានប្រតិបត្តិករកាស៊ីណូអនឡាញធំជាងគេ ជនជាតិសាំងហ្គាពួរ សញ្ជាតិខ្មែរ ឈ្មោះហៅក្រៅ Tak ដែលបានលួចចូលមកកម្ពុជា សំងំនិងធ្វើដោយសម្ងាត់បំផុត ដើម្បីលាងលុយ និងបោកប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់ រាប់លាននាក់ រួមទាំងប្រជាពលរដ្ឋខ្មែរយើង ថៃ ឡាវ មីយ៉ាន់ម៉ា ទូរគី ចិន កូរ៉េ តៃវ៉ាន់ និងប្រទេសផ្សេងទៀតក្នុងតំបន់។ ពួកគេកំពុងប្រើប្រាស់កម្មវិធីសូហ្វវែរ បច្ចេកវិទ្យាខ្ពស់ ដើម្បីបង្កើតគេហទំព័រខុសច្បាប់ រាប់រយគេហទំព័រ ជាពិសេសបោកប្រាស់លុយ រាប់លានដុល្លាររបស់ប្រជាជនអាស៊ាន រាប់លាននាក់ ដែលកំពុងក្លាយជាជនរងគ្រោះនៃសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតនេះ។ ពួកគេប្រតិបត្តិការជាមួយពួក Hacker អ្នកសរសេរកម្មវិធី និងបុគ្គលិក IT រាប់រយនាក់ទៀត ដើម្បីបង្កើតអាណាចក្រល្បែងខុសច្បាប់ នៅក្នុងប្រទេសរបស់យើង។ នេះចាត់ទុកជាបញ្ហាធំណាស់ ដែលយើងត្រូវដោះស្រាយជាបន្ទាន់ ដើម្បី ការពារកេរ្តិ៍ឈ្មោះប្រទេសរបស់យើង និងប្រទេសអាស៊ាន ដទៃទៀត ដែលមានប្រជាជនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មនេះ ហើយពួកគេបានពង្រឹងរចនាសម្ព័ន្ធជាង ១ទសវត្សរ៍មកហើយ។ លើសពីនេះ វាក៏ជាការគំរាមកំហែងដល់សង្គម និងរដ្ឋាភិបាលរបស់យើង ដោយសារតែសកម្មភាពខុសច្បាប់របស់ពួក Hacker និងអ្នកបោកប្រាស់ រាប់ពាន់នាក់ ដែលលួចជ្រកកោននៅកម្ពុជា នៅថ្ងៃណាមួយ នឹងវាយប្រហារប្រព័ន្ធរដ្ឋាភិបាលរបស់យើង។ ខ្ញុំបានភ្ជាប់ទីស្នាក់ការកណ្តាល ទីតាំងមួយចំនួន និងផ្ទះមេរបស់ពួកគេ នៅក្នុងផែនទី Google Map។ ខ្ញុំសង្ឃឹមថាអាជ្ញាធរប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិជ្ជាល្បែងស៊ីសងខុសច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ឌី វិជ្ជា នឹងចាត់វិធានការចំពោះសកម្មភាពនេះ។

ម៉្យាងវិញទៀត ថៅកែចាស់ទំនើងសញ្ជាតិសិង្ហបុរីរូបនេះ ដែលជាមេឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតនេះ បានបង្ហាញម៉ាកយីហោកាស៊ីណូក្រុមហ៊ុនរបស់ខ្លួន ដែលមានឈ្មោះថា AFB88 ដែលជាកាស៊ីណូខុសច្បាប់ និងទ្រព្យសម្បត្តិរបស់គាត់ ដែលប្រមូលផ្តុំបានមកពីសកម្មភាពបោកប្រាស់ និងលាងលុយ គេក៏មានរថយន្តមហាទំនើប ជាច្រើនគ្រឿង រួមមាន Bugatti ដែលមានតម្លៃប្រហែល ៦លានដុល្លារ, កាស៊ីណូនៅព្រំដែនវៀតណាម ជ្រៃធំ ក្រុងព្រះសីហនុ និងជាច្រើនទីតាំងទៀត។ ដូចដែលយើងបានសិក្សា ទ្រព្យសម្បត្តិរបស់គាត់ គឺប្រហែល ១ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ។ ថ្មីៗនេះ គាត់បានចូលរួមព្រឹត្តិការណ៍មួយ ហៅថា gumble 3000 ខណៈពេលដែលបង្ហាញរថយន្តទំនើបរបស់គាត់ ជាង ១៥គ្រឿង និងម៉ាកយីហោកាស៊ីណូអនឡាញខុសច្បាប់ របស់គាត់ ដោយសេរី។ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងសម្តេចហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាចាត់វិធានការជាបន្ទាន់ លើមេដឹកនាំឧក្រិដ្ឋជននេះ ដោយការបង្កកទ្រព្យសម្បត្តិនិងសាច់ប្រាក់នៅកម្ពុជា ដែលជាផលបានមកពីការបោកប្រាស់ប្រជាពលរដ្ឋ គួរឱ្យអាណិត រាប់លាននាក់។ ខ្ញុំជំរុញឱ្យមានការស៊ើបអង្កេតលើបរិវេណរបស់គាត់ និងអគារផ្សេងទៀតរបស់គាត់ ដែលធ្វើសកម្មភាពខុសច្បាប់។ កម្ពុជា ជាប្រទេសដែលមានច្បាប់ និងមានតម្លាភាព ឧក្រិដ្ឋជនទាំងនោះ គ្មានផ្លូវគេចពីច្បាប់របស់យើងទេ។ សូមសម្តេច ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ហេង សិទ្ធី»។

សំណូមពរ

-សូមឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកឈ្មោះ ហេង សិទ្ធី យកមកផ្តន្ទាទោស និងអនុវត្តតាមនីតិវិធីច្បាប់។

-ប្តឹងទាមទារសំណងការខូចខាត និងជំងឺចិត្ត ជាប្រាក់ ចំនួន USD ១,០០០,០០០ (មួយលានដុល្លារសហរដ្ឋអាមេរិក)។

អាស្រ័យហេតុនេះ សូមឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ មេត្តាជួយស្រាវជ្រាវនិងរកយុត្តិធម៌ដល់ខ្ញុំបាទ ដោយក្តីអនុគ្រោះបំផុត។សូមឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ…៕ កុលបុត្រ

RELATED ARTICLES