Wednesday, December 25, 2024
Homeតារាខ្មែរតារាចម្រៀងល្បី សួន ចន្ថា ១២ឆ្នាំ រ.../ងកម្មមើលថែប្តីឈឺពិ---/ការ

តារាចម្រៀងល្បី សួន ចន្ថា ១២ឆ្នាំ រ…/ងកម្មមើលថែប្តីឈឺពិ—/ការ

ភ្នំពេញ ៖  តារាចម្រៀងស្រី អ្នកស្រី សួន សុវណ្ណចន្ថា ហៅសួន ចន្ថា ដែលធ្លាប់ល្បីឈ្មោះតាមរយៈបទ “កាម ទេពស្នេហ៍” បានទម្លាយឱ្យដឹងពីរឿងរ៉ាវជីវិតពិតដ៏កម្សត់របស់ខ្លួន ដែលត្រូវរ៉ាប់រងមើលថែប្តីឈឺពិការ (ស្លាប់មួយចំហៀងខ្លួន ដោយសារជំងឺលើសឈាម ទឹកនោមផ្អែម) អស់រយៈពេល១២ឆ្នាំមកហើយ រហូតត្រូវចំណាយអស់ទ្រព្យធនដែលធ្លាប់រកបាន សន្សំទុក តាំងពីនៅមានឈ្មោះល្បីក្នុងវិស័យសិល្បៈ លើការព្យាបាលជំងឺប្តី។

អ្នកស្រី សួន ចន្ថា បានបង្ហោះរូបភាពប្តីពិការដេកលើកន្ទេល ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ជាមួយសំណេរថា “១២ឆ្នាំមកហើយ ទោះលំបាកប៉ុនណា ក៏ក្នុងនាមអូនជាប្រពន្ធ អូនអំណត់តស៊ូមើលថែបងជានិច្ច ប្តីសម្លាញ់ បើទោះអូនកំពុងបំពេញការងារមែនពិត តែអូននៅតែគិតដល់មនុស្សសំខាន់របស់អូន សូមទេព្តាតាមបីបាច់ថែរក្សាបង សូមឆាប់ជា…”។

អ្នកស្រី សួន ចន្ថា បានឲ្យដឹងថា ប្តីរបស់អ្នកស្រី ធ្លាក់ខ្លួនពិការ ស្លាប់ ១ចំហៀងខ្លួន ដើរមិនរួច ដេកដួលតែលើកន្ទេល អស់រយៈពេល១២ឆ្នាំមកហើយ ដោយកាលណោះ ប្តីអ្នកស្រី បានកើតមានជំងឺលើសឈាម និងទឹក នោមផ្អែម ហើយឈាមបានបុកឡើងខ្លាំង ធ្វើឱ្យដាច់សរសៃឈាម ស្លាប់១ចំហៀងខ្លួន ដើរលែងរួចតែម្តង ដោយចាំបាច់ត្រូវការរូបគាត់ជាប្រពន្ធ ត្រូវនៅក្បែរមើលថែជាប់ជាប្រចាំ និងថែមទាំងត្រូវលៃលកពេលវេលាចេញមករកប្រាក់ ដើម្បីទប់ទល់ជីវភាពផង និងថ្លៃចំណាយលើការព្យាបាលប្តីផង។

ម្ចាស់បទ “កាមទេពស្នេហ៍” រូបនេះ បានបន្តថា ជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវនៅជាប់មើលថែប្តីជាប្រចាំ លើក លែងតែថ្ងៃណាមានកម្មវិធីចេញច្រៀងតាមពិធីមង្គលការ ឬកម្មវិធីផ្សេងៗ ទើបចេញទៅច្រៀង ដើម្បីរកប្រាក់ ដោយបានម្តាយរបស់គាត់ជាអ្នកជួយមើលថែជំនួស ហើយរាល់ពេលច្រៀងចប់ (ចប់កម្មវិធី) គាត់ត្រូវស្រូតត្រឡប់វិលមកផ្ទះ មើលថែប្តីវិញ។ សព្វថ្ងៃ បានលោកអេឡិច ចាន់ត្រា ជាអ្នកផ្តល់ឱកាសឱ្យអ្នកស្រីបានចេញ ច្រៀងតាមកម្មវិធីនានា គ្រាន់បានប្រាក់កម្រៃមកទប់ទល់ជីវភាព ហើយជួនពេលខ្លះ អ្នកស្រី ខ្វះខាតខ្លាំង មិនមានប្រាក់ ទិញថ្នាំឱ្យប្តី ក៏បានខ្ចីប្រាក់ពីមេ (អេឡិច ចាន់ត្រា) មុន រួចចាំកាត់កងច្រៀងសងវិញតាមក្រោយក៏មាន។

អ្នកស្រី សួន ចន្ថា បានបន្ថែមថា ចំពោះការព្យាបាលប្តីរបស់អ្នកស្រី គឺអ្នកស្រីធ្លាប់នាំប្តីទៅចាប់សរសៃ ព្យា បាលស្ទើរគ្រប់កន្លែងទៅហើយ ប៉ុន្តែមិនបានផលសោះ ហើយសព្វថ្ងៃ ឱ្យតែឮគេប្រាប់ថា កន្លែងណាមានគ្រូល្បី ពូកែ អ្នកស្រីតែងស្កាត់នាំប្តីទៅព្យាបាល មិនដែលខានឡើយ ព្រោះតែចង់ឱ្យប្តីបានជាសះស្បើយដូចដើមវិញ។ រាល់ថ្ងៃ ប្តីអ្នកស្រី ហូបថ្នាំ ១មុខ ត្រូវ ដោយថ្នាំនោះត្រូវផ្ញើមកពីប្រទេសវៀតណាម និងមានតម្លៃថ្លៃណាស់ ដោយក្នុង១ខែ ត្រូវចំណាយអស់ ៦០០ដុល្លារ ហើយត្រូវទិញទុកម្តងៗ ៣ខែ ដោយត្រូវចំណាយដល់ទៅ ១៨០០ ដុល្លារឯណោះ យ៉ាងណា អ្នកស្រីមិនខ្លាចនឹងចំណាយនោះទេ សំខាន់ឱ្យតែជំងឺរបស់ប្តីបានធូរ ស្បើយ។

អ្នកស្រី សួន ចន្ថា បានបញ្ជាក់ថា តាមពិតក្នុងអាជីពជាអ្នកចម្រៀងរបស់អ្នកស្រី តាំងពីដើមរហូតមកដល់ពេលនេះ ទោះមិនមានអ្វីសល់ជាដុំកំភួន ក៏អាចរស់នៅក្នុងជីវភាពសមរម្យបានដែរ និងសល់របស់ទ្រព្យមួយចំនួន ដែលអ្នកស្រីខំសន្សំពីការងារចម្រៀង ប៉ុន្តែក្រោយពីស្វាមីធ្លាក់ខ្លួនឈឺ អ្នកស្រីសម្រេចចិត្តលក់របស់ទ្រព្យដែលខំសន្សំនោះ ជាបន្តបន្ទាប់ ដើម្បីព្យាបាលជំងឺប្តី ពិសេស នៅរយៈពេល៣-៤ឆ្នាំ ដែលផ្ទុះជំងឺកូវីដ-១៩ គឺអ្នកស្រីបានលក់អស់របស់ទ្រព្យដែលមាន ព្រោះតែអំឡុងពេលនោះ អ្នកស្រីមិនអាចចេញទៅច្រៀង ឬរកចំណូលអ្វីបានទាំងអស់។ យ៉ាងណា អ្នកស្រី មិនដែលត្អូញត្អែរ ឬថ្ងូរប្រាប់អ្នកណាម្នាក់ឡើយ ពិសេសតាមបណ្តាញសង្គម ដោយសារអ្នកស្រី យល់ថា ស្វាមីរបស់អ្នកស្រី មិនមែនជាអ្នកសិល្បៈ ហេតុនេះមិនចង់រំខានគេឯង ទើបប្រឹងដើរច្រៀង ដើម្បីរកប្រាក់មកមើលជំងឺប្តី ស្ងាត់ៗ ហើយអ្នកស្រីក៏មិនដែលមានអារម្មណ៍ថា បាក់ ទឹកចិត្ត ឬបោះបង់ លែងចង់មើលថែប្តីដែរ ទោះប្តីពិការយ៉ាងណា ក៏នៅតែជាប្តី ជាទីគោរពស្រលាញ់រហូត ហើយអ្នកស្រីនៅតែប្រឹងរកប្រាក់ ដើម្បីមើលថែជំងឺប្តីជានិច្ច ដោយសង្ឃឹមថា ថ្ងៃណាមួយ ប្តីអាចវិលមកមាន សុខភាពល្អធម្មតាឡើងវិញបាន។

គួរបញ្ជាក់ថា ស្វាមីរបស់តារាចម្រៀង សួន ចន្ថា គឺជាអតីតមន្ត្រីនគរបាលមួយរូប បម្រើការនៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយលោកមានជំងឺប្រចាំកាយច្រើនឆ្នាំហើយ រហូតធ្លាក់ខ្លួនស្លាប់១ចំហៀងខ្លួន ដេកតែនៅលើគ្រែ ចាំតែទទួលការមើលថែ ពីប្រពន្ធនិងកូនប៉ុណ្ណោះ។ ដោយសារជំងឺរបស់ប្តី បានធ្វើឱ្យអ្នកស្រី សួន ចន្ថា ទទួលនូវអំរែកដ៏ធ្ងន់មួយនេះ រ៉ាប់រងជីវភាពគ្រួសារគ្រប់យ៉ាង ស្ទើរតែដើរទៅមុខមិនរួច ព្រោះក្នុងអាជីពជាអ្នកចម្រៀងនេះ តាំងពីទសវត្សឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ន គ្រួសារអ្នកស្រី មិនបានសល់អ្វីជាដុំកំភួននោះទេ បានត្រឹមតែមួយរស់ៗប៉ុណ្ណោះ ឥឡូវក្នុងផ្ទះ ចាប់ផ្តើមខ្វះមុខខ្វះក្រោយ ជាបណ្តើរៗ។

គួរបញ្ជាក់ផងដែរថា អ្នកស្រីសួន ចន្ថា គឺជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់ និងមានស្រុកកំណើតនៅខេត្តបាត់ដំបង បានប្រឡូកចូលក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៩១ តាមរយៈការប្រឡងចម្រៀងជាប់ជ័យលាភីលេខ១ ប្រចាំខេត្តបាត់ដំបង។ បន្ទាប់ពីប្រឡងចម្រៀងជាប់ អ្នកស្រី បានឡើងមករស់នៅភ្នំពេញ ដោយពេលនោះ អ្នកស្រីមានស្វាមីរួចទៅហើយ និងបានចូលប្រឡូកក្នុងវិស័យសិល្បៈពេញលេញ នៅឆ្នាំ១៩៩៤ ដោយកាលណោះ បទចម្រៀងដំបូងដែលធ្វើឱ្យមានគេស្គាល់អ្នកស្រីច្បាស់ គឺបទ “ចង្វាក់មីហ្គាឌែន” របស់ផលិតកម្មសាយ័នណារ៉ា។ ក្រោយមក អ្នកស្រីបានចូលច្រៀងនៅផលិតកម្មជាច្រើនជាបន្តបន្ទាប់ រហូតល្បីឈ្មោះបោះសំឡេងខ្លាំង នៅឆ្នាំ១៩៩៨ តាមរយៈបទ “កាមទេពស្នេហ៍” របស់ផលិតកម្មហង្សមាស ដែលជាស្នាដៃនិពន្ធរបស់លោកហ្វៃ សំអាង និងថែមទាំងបានដាក់បញ្ចូលនៅក្នុងខ្សែភាពយន្ត របស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ទៀតផង៕ ដារិទ្ធ

RELATED ARTICLES