ភ្នំពេញ ៖ ឆ្លើយតបប្រធានក្រុមព្រះសុរិយា លោកយាង វណ្ឌី ដែលបានទម្លាយសារសំឡេងលោកបឺត សំរេច ហៅធីម ភក្រលីន ជេរប្រមាថ គំរាម និងដៀលថា អន់ជាងឆ្កែ បន្ទាប់ពីលោករកឃើញថា អតីតកីឡាករប្រដាល់គុនខ្មែររូបនេះ ជាជនឆបោកថាខ្លួនជាកូនឥតខាន់ស្លារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដោយព្រមានប្តឹង និងប្រកាសស៊ើបអង្កេតបន្តទៀតនោះ លោកបឺត សំរេច បានសារភាពថា លោកពិតជាបានគំរាមលោកយាង វណ្ឌី ថាបើហ៊ានជេរឪពុករបស់លោក (ស៊ីន ស៊ីសាមុត) លោកនឹងតាមវ៉ៃទាល់តែបាក់ធ្មេញមែន ដោយសារតែប្រធានក្រុមព្រះសុរិយានេះ និយាយដដែលៗថាលោកជាជនឆបោក ខណៈដែលលោកនៅតែអះអាងថា ខ្លួនពិតជាកូនប៉ាមុត (ស៊ីន ស៊ីសាមុត) ហើយចំពោះការព្រមានប្តឹងនោះ លោកសួមអញ្ជើញឲ្យលោកយាង វណ្ឌី រៀបចំប្តឹងចុះ រូបលោករង់ចាំទៅតាមក្រោយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ លោកយាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បានទម្លាយតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នូវសំឡេងរបស់លោកបឺត សំរេច ដែលឆាតមកជេរប្រមាថលោក បន្ទាប់ពីលោកបានអះអាងតាមការស្រាវជ្រាវថា អតីតកីឡាករគុនខ្មែរ បឺត សំរេច នេះមិនមែនជាកូនប្រុសឥតខាន់ស្លារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នោះទេ គឺជាកូនបង្កើតរបស់តា ធឹម ឈាត និងយាយកង រី (ធឹម រី) ដែលបឺត សំរេច ថាជាឪពុកម្ដាយចិញ្ចឹម ។ នៅក្នុងឆាតសំឡេងនោះ លោកបឺត សំរេច បានដៀលលោកយាង វណ្ឌី ថាអាកំណើតឆ្កែ ខួរឆ្កែ អន់ជាងឆ្កែ ជេរម្ដាយបង្កើតខ្លួនឯង មិនទទួលស្គាល់ម្ដាយបង្កើតខ្លួនឯង និងថាម្ដាយរបស់លោកយាង វណ្ឌី ដើរតែសុំលុយខ្លួន ហើយថា លោកយាង វណ្ឌី ដើរតែចាក់រុកគេ ឲ្យកកូរកកាយចង់ដឹងរឿងរបស់ខ្លួន និងហៅខ្លួនថាជាជនឆបោក ជាដើម ។
ជាមួយនឹងការបង្ហោះសំឡេងឆាតជេរប្រមាថរបស់លោកបឺត សំរេច ខាងលើនេះ លោកយាង វណ្ឌី បានសរសេរបញ្ជាក់ថា “ជនឆបោកបឺតសំរេច បានជេរប្រមាថមកលើខ្ញុំ ទាំងព្រឹក ដើម្បីជាការគំរាមខ្ញុំ ក្នុងការមិនឲ្យខ្ញុំស៊ើបអង្កេតបន្តទៀត“ ។
លោកយាង វណ្ឌី បានសរសេរបន្ថែមថា “នេះជាសម្តីជនឆបោក បឺត សំរេច ជាអំណោយចុងឆ្នាំ២០២៤“ ។
លោកយាង វណ្ឌី បានសរសេរបន្ថែមថា “អាយដល និងកូនធម៌អ្នកណាខ្លះ? ស្តាប់សម្តីពិត ឥតកាត់ត របស់អាយដល និងកូនធម៌អស់លោកអ្នកផង បើប្រដៅបាន គួរប្រដៅខ្លះទៅ នេះជាសម្តីពិតរបស់ជនឆបោក បឺត សំរេច“ ។
លោកយាង វណ្ឌី បានសរសេរបន្ថែមថា “នេះជាជីវិតខ្ញុំ ដែលជនឆបោក បឺត សំរេច បានដៀលប្រមាថថា ខ្ញុំអន់ជាងឆ្កែ ។ ការពិត ជីវិតខ្ញុំពិតជាអន់ជាងឆ្កែមែន ពីព្រោះបច្ចុប្បន្ន ឆ្កែខ្លះមានឡាន និងតៃកុងបើកឡាន ជូនដើរលេង ដោយមិនយកប្រាក់ខែថែមទៀតផង“ ។
ប្រធានក្រុមព្រះសុរិយា បានសរសេរបន្ថែមទៀត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា «អាណតទឹកចិត្តឪពុកម្តាយធម៌ណាស់ តើពួកលោកទាំងអស់ មានដឹងឬអត់ថា កូនធម៌គាត់ មានសន្តានដ៏គួរឱ្យរអើមបែបនេះ?»។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកយាង វណ្ឌី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា លោកមិនអាចទទួលយកបានទេ នូវការជេរប្រមាថដ៏ធ្ងន់នេះ ព្រោះវាប៉ះពាល់ដល់កិត្តិយសរបស់លោក ដែលខំជួយបុគ្គលនេះ តាំងពីដំបូងមក តែចុងក្រោយ សងគុណលោកដោយការជេរប្រមាថថា អន់ជាងឆ្កែបែបនេះ ។ ដូច្នេះលោកនឹងសិក្សាតាមផ្លូវច្បាប់ ដាក់ពាក្យប្ដឹងបុគ្គលឆបោកនេះ ពីបទជេរប្រមាថ ។
លោកយាង វណ្ឌី បាននិយាយថា “បាទ! មុនគាត់ជេរប្រមាថខ្ញុំនេះ ខ្ញុំអត់មាននិយាយអីជាមួយគាត់ផង គាត់អែដមកខ្ញុំអ៊ីចឹងទៅ ។ ដោយសារពីដើម ខ្ញុំធ្លាប់ធ្វើការជាមួយឯកឧត្ដមសៀង ណាំ ដល់ខ្ញុំឈប់ធ្វើការជាមួយឯកឧត្ដមសៀង ណាំ គាត់យកអាកិច្ចការហ្នឹងមកបញ្ចើចបញ្ចើយើង ពេបជ្រាយយើង ធ្វើឲ្យយើងនឹងស្ដាយស្រណោះការងារយើងអីអ៊ីចឹង តែខ្ញុំអត់ឆ្លើយតប គ្រាន់តែថា បាទ!ៗ ជនឆបោក ធ្វើឲ្យគាត់ក្ដៅក្រហាយអ៊ីចឹងទៅ គាត់ជេរប្រមាថកាតទានយើង តាមចរិតរបស់គាត់ ។ អ៊ីចឹងឃើញហើយ ខ្ញុំមិនដែលប្រមាថកាតទានគាត់ទេ សូម្បីតែយាយ កង សាត ម្ដាយគាត់ ក៏ខ្ញុំមិនដែលប្រមាថកាតទានដែរ ។ អ៊ីចឹងអានេះវាសបញ្ជាក់ឲ្យឃើញពីចរិតរបស់គាត់ ដែលកន្លងមក ខ្ញុំស៊ើបអង្កេតដល់ភូមិឋានដែលគាត់រស់នៅ កន្លែងប្រពន្ធទី២គាត់ នៅបាក់ខែង អីអ៊ីចឹង គេប្រាប់ពីអត្តចរិតគាត់ថា ជាជនម្នាក់ដែលរស់នៅមិនមានសេចក្ដីថ្នូរក្នុងខ្លួន ធ្លាប់ជាមនុស្សប្រើពាក្យ អា ម៉ឹង មានអីអាងវ៉ៃ អាងចាក់ អាងកាប់ អាងទាត់ អាងធាក់អី ។ អ៊ីចឹងវាឆ្លុះបញ្ចាំងឲ្យគេឃើញថា គាត់ជាមនុស្សបែបហ្នឹងមែន តាមអ្វីដែលយើងស៊ើបអង្កេតកន្លងមក ។ អ៊ីចឹងធម្មតាទេ អាហ្នឹងយុទ្ធសាស្រ្តជេរប្រមាថឪពុកម្ដាយយើងអីអ៊ីចឹង ។ អានេះខ្ញុំឲ្យមហាជនមើលទៅ ហើយយើងក៏សិក្សាដែរ ទាក់ទងជាមួយពាក្យបណ្ដឹង យើងរង់ចាំតែឲ្យគាត់បញ្ចេញឲ្យច្រើន ជេរយើងឲ្យច្រើនទៅ អាលយើងនឹងរៀបចំពាក្យបណ្ដឹង ព្រោះខ្ញុំមិនអាចទទួលយកបានទេ គាត់ជេរប្រមាថកាតទានច្រើននៅក្នុងរឿងហ្នឹងអ៊ីចឹង ។ ខ្ញុំអត់អីទេ តែប្រមាថឪពុកម្ដាយខ្ញុំ ថាដើរតែសុំលុយគាត់អីអ៊ីចឹង ហើយអ្វីដែលខ្ញុំចម្លែកចិត្តមែនទែននោះ គឺគាត់សុទ្ធតែមានឪពុកធម៌ ម្ដាយធម៌ សុទ្ធតែជាអ្នកមានអំណាច មានលុយ ខ្ញុំមិនដឹងថា ឪពុកធម៌ ម្ដាយធម៌គាត់ហ្នឹង ដឹងពីចរិតរបស់គាត់ឬអត់ទេ ។ អានេះខ្ញុំគិតថា បើសិនជាឪពុកធម៌ ម្ដាយធម៌គាត់ទាំងអស់ហ្នឹង ដែលបានឃើញ បានឮសំឡេងហ្នឹងហើយ គួរតែពិចារណាទៅ តើកូនធម៌ហ្នឹងយ៉ាងម៉េចដែរ? កូនធម៌ហ្នឹង គួរតែប្រដៅ ឬក៏អូសក្បាលយ៉ាងណា? អាហ្នឹងទៅតាមឪពុកធម៌ ម្ដាយធម៌ ដែលស្រលាញ់យកចិត្តទុកដាក់លោកបឺត សំរេច ហ្នឹងទៅ ហើយការជេរប្រមាថនេះ មិនមែនតែខ្ញុំមួយទេ គឺច្រើន ហើយកន្លងមកហ្នឹង គាត់ជេរតាមខម្មិន តាមយូធូប ហើយខ្ញុំនឹងបញ្ចេញសំឡេងប្អូនគាត់មកទៀត ដែលនិយាយថា ប្អូនគាត់ហ្នឹង បន់ស្រន់ឲ្យតែបឺត សំរេច ជាប់គុកទេ កុំឲ្យធ្វើបាបគាត់ទៀត អីអ៊ីចឹង យើងមានសំឡេងទាំងអស់ យើងនឹងបញ្ចេញសំឡេងឲ្យមហាជនដឹងថា តើបងប្អូនគាត់ហ្នឹងយ៉ាងម៉េច? ពិសពុលរបៀបម៉េច?“។
លោកយាង វណ្ឌី បន្តថា “អ្វីដែលខ្ញុំធ្វើ គឺនៅតែធ្វើអ៊ីចឹង ដើម្បីស្វែងរកការពិតនៅក្នុងរឿងហ្នឹង ដើម្បីធ្វើម៉េចបង្ហាញឲ្យមហាជនដឹងថា បឺត សំរេច ជាជនឆបោកពិតប្រាកដ ។ យើងបានស្រាវជ្រាវរួចអស់ហើយតើ! នៅតែរង់ចាំឆ្នាំថ្មី យើងផ្ដល់ជាកាដូជូនគ្រួសារដូន កង សាត ជាកាដូឆ្នាំថ្មី សម្រាប់គ្រួសារគាត់ ដែលជាវគ្គទី៣ ដែលយើងស្រាវជ្រាវហ្នឹង គឺជាកាដូទាំងអស់គ្នា អ្នកណាដែលកាន់ជើងបឺត សំរេច អ្នកណាដែលកាន់ជើង ដោយអត់មានហេតុផលហ្នឹង សុទ្ធតែទទួលបានកាដូហ្នឹង ។ បានន័យថា យើងបង្ហាញថា បឺត សំរេច ជាកូនលោកតាធឹម ឈាត ហ្នឹងរបៀបម៉ចេ? ជាមួយលោកយាយ កង សាត ហ្នឹងរបៀបម៉េច? ជាកាដូមួយ សម្រាប់ឆ្នាំថ្មី ២០២៥ ដើម្បីកុំឲ្យគាត់ភ្លេចខ្លួនថា គាត់បានសាងបាបកម្មមួយ ជាមួយគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។ ក្នុងន័យនេះ ខ្ញុំមិនរំលើកទេ តែខ្ញុំបានជួយគាត់ ខ្ញុំនាំគាត់ទៅជួបឯកឧត្ដមសៀង ណាំ រហូតបានលុយ ២ពាន់ដុល្លារ ហើយខ្ញុំឲ្យលុយ ១ម៉ឺនរៀល ឲ្យគាត់ទិញសំបុត្រឡានក្រុង ជិះពីសៀមរាប មកភ្នំពេញ ទៀត ។ ដល់ពេលខ្ញុំបានទៅផ្ទះគាត់ ជាមួយបងមាស ជីវ៉ា ជួបជាមួយប្រពន្ធគាត់ទៅ ខ្ញុំមានរឿងសង្ស័យច្រើនទៅ ខ្ញុំចាប់ផ្ដើមស៊ើបសួរទៅ ក៏ដឹងថា មនុស្សហ្នឹងបោក ។ តាមពិតទៅ ដំបូងឡើយ ដោយសារខ្ញុំនៅក្មេង ស្គាល់ឈ្មោះបឺត សំរេច ហ្នឹង ទាក់ទងជាមួយប្រដាល់ទេ តែបាត់ឈ្មោះយូរ ដល់ចេញមុខវិញ ថាកូនលោកស៊ីន ស៊ីសាមុត អ៊ីចឹងខ្ញុំក៏ប្រាប់គាត់ដែរថា ខ្ញុំជួយបងឯង ក្នុងនាមជាអ្នកប្រដាល់ទេ រឿងបងឯងជាកូនស៊ីន ស៊ីសាមុត ឬមិនមែន អាហ្នឹងចាំគិតគ្នាតទៅមុខទៀត ។ ដូច្នេះបើសួរថា ខកបំណងទេ ដែលខំជួយហើយ បែរជាជេរប្រមាថបែបនេះ? ខ្ញុំសុំបញ្ជាក់ថា មិនមានរឿងអីខកបំណងទេ ព្រោះខ្ញុំជួយគេច្រើនហើយ តែងតែអ៊ីចឹង រហូតមនុស្សខ្លះនៅជិតខ្ញុំ ដែលជាអតីតកូនចៅខ្ញុំ ខ្ញុំជួយដល់រឿងគុកច្រវាក់ទៀតនោះ ប៉ុន្តែចុងក្រោយ គេនៅតែបកក្បាលមក ។ ធម្មតាសារជាតិមនុស្ស ពូជពង្សមនុស្ស កែអត់បានទេ ទោះបីជាយើងផ្ដល់ឱកាសប៉ុន្មានដង ក៏ទៅអត់រួចទេ សន្ដានមនុស្ស វាថោកទាបអ៊ីចឹង“ ។
លោកយាង វណ្ឌី បន្តទៀតថា “ត្រលប់មកវិញ ខ្ញុំនឹងប្ដឹងគាត់ ពីបទជេរប្រមាថកាតទានខ្ញុំ និយាយមាក់ងាយម្ដាយខ្ញុំ ព្រោះមិញនេះ ប្អូនខ្ញុំតេមកដែរ ទាក់ទងបញ្ហាហ្នឹង គេថាម៉េចបានដល់ថ្នាក់ហ្នឹង? ប៉ុន្តែយើងចាំមើលគាត់បន្តិចទៀតសិន យើងមើលគាត់ឲ្យមានអីច្រើនជាងហ្នឹងបន្តិចទៀត បានយើងធ្វើ ហើយឥឡូវគាត់កំពុងក្រពុលមុខខ្លាំងហើយ ព្រោះគាត់អត់ធ្វើអីខ្ញុំបាន គាត់អត់អាចនិយាយមកទិញទឹកចិត្តខ្ញុំបាន និយាយមកបញ្ចុះបញ្ចូលខ្ញុំបាន ព្រោះកន្លងមក គាត់អាចបញ្ចុះបញ្ចូលយកស្រី យកប្រពន្ធ យកអីបានច្រើន អ៊ីចឹងគិតថា គាត់អាចបញ្ចុះបញ្ចូលខ្ញុំបាន ហើយគាត់អាចគំរាមកំហែងខ្ញុំបាន ហើយឥឡូវគាត់នៅតែមានប្រតិកម្ម ផ្ញើអីៗ ធ្វើរូបនេះ រូបនោះ អួតក្អេងក្អាងជាមួយយើងទៀតអ៊ីចឹង ប៉ុន្តែខ្ញុំអត់ទាន់បានមើល អត់ទាន់បានតបតទេ ដោយសារថ្ងៃហ្នឹង ខ្ញុំរវល់ ហើយថ្ងៃហ្នឹង ខ្ញុំចង់សម្រាកដែរ ខ្ញុំអត់ទាន់ចង់ឆ្លើយឆ្លងលេងជាមួយគាត់ ។ ដូច្នេះខ្ញុំអត់មានអីទេ មានតែសំណូមពរឲ្យមហាជនទាំងអស់គ្នា រួមគ្នាបំផ្លាញព័ត៌ក្លែងក្លាយទៅ ហើយបំបាត់ពួកជនដែលតែងតែយកឈ្មោះថ្នាកដឹកនាំ ឬតែងតែយកឈ្មោះជនល្បីឈ្មោះ មកបោកប្រាស់មហាជន សូមឲ្យមហាជន មុនធ្វើអី ថ្លឹងថ្លែងឲ្យច្បាស់លាស់ ហើយកុំចេះតែជឿអ្នកយំ ព្រោះធ្វើឲ្យមានវិប្បដិសារ:ទាំងអស់គ្នា ដូចអ្នកគាំទ្រលោកបឺត សំរេច អ៊ីចឹង ជេរប្រទេច ជេរប្រមាថលោកស្រី ខាវ ថងញ៉ុត ស្របពេលដែលខ្លួនឯងមិនដែលស្គាល់លោកស្រី ខាវ ថងញ៉ុត ហើយខ្លួនឯងក៏មិនដែលស្គាល់ជនឆបោក បឺត សំរេច ផង ហើយនាំគ្នាជេរប្រមាថកាតទានគាត់ ដោយអត់មានហេតុផលអីនៅក្នុងខ្លួនសោះ ហើយយើងគិតមើល គាត់គឺជាមនុស្សចាស់ម្នាក់ដែលល្អណាស់ នៅក្នុងក្រុងស្ទឹងត្រែង ។ ដូនចាស់ ខាវ ថងញ៉ុត នេះគឺជាជនសប្បុរសម្នាក់នៅក្នុងវិស័យព្រះពុទ្ធសាសនា គាត់ជួយលោក ផ្គត់ផ្គង់លោកសព្វគ្រប់បែបយ៉ាង ហើយមិនគួរយើងមហាជនដែលអត់បានដឹងអីសោះ យើងនាំគ្នាជេរប្រទេចគាត់គ្រប់គ្នា ។ ដូចករណីតារារ៉េប វណ្ណថាន អ៊ីចឹង ចុងក្រោយយើងឃើញទេ ចុងក្រោយម្នាក់ស្រីដែលចោទប្រកាន់រំលោភនោះ សុំទោស ហើយឲ្យវណ្ណថាន ត្រូវដោះស្រាយជាមួយខ្លួនឯងទៀត វាអត់ត្រូវ វាអត់យុត្តិធម៌ ។ អ៊ីចឹងសង្គមយើងហ្នឹង វាល្មមហើយ កុំចេះតែអាណិត កុំចេះតែជឿមនុស្សដែលពូកែយំ ពួកដែលយំនេះ គឺសុទ្ធតែពួកបោប្រាស់ទាំងអស់ ដូចបឺត សំរេច ហ្នឹងពួកែយំណាស់ សូម្បីតែមិញនេះ មានគេសួរខ្ញុំថា ឃើញមឹះៗអ៊ីចឹងសោះ ម៉េចពូកែជេរដល់ថ្នាក់ហ្នឹង? ខ្ញុំថា អាហ្នឹងគេមឺះៗនៅមុខថ្នាក់ដឹកនាំទេ គេឈរឱបដៃនោះ នៅខាងក្រោយ មាត់ផឹកសា្រថ្នាំ អួទីនួតែម្ដង ជល់មាន់ លេងមាន់ នៅបាក់ខែង ស៊ើបទៅ អ្នកណាក៏ស្គាល់ដែរ លក់ឆ្នោត លក់អីពេញហ្នឹង ហើយខ្ញុំនិយាយហ្នឹង ឲ្យគាត់ប្ដឹងខ្ញុំទៅ“ ។
ទោះបីជាយ៉ាងណា ឆ្លើយតបការទម្លាយសារសំឡេង ការលើកឡើង ក៏ដូចជាការព្រមានប្ដឹង របស់លោកយាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ខាងលើនេះ លោកបឺត សំរេច បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា លោកត្រៀមខ្លួនជានិច្ចក្នុងការតទល់គ្នាតាមផ្លូវច្បាប់ ជាមួយលោកយាង វណ្ឌី សូមអញ្ជើញប្ដឹងមកចុះ ។ លោកបឺត សំរេច បញ្ជាក់ថា លោកអត់ធ្មត់ដល់កម្រិតហើយ មុននឹងឈានដល់ការជេរប្រមាថទៅលើបុគ្គលនេះ ហើយអ្វីដែលលោកបានជេរ សុទ្ធតែជាការពិត ដែលលោកបានឃើញនាពេលកន្លងមកទាំងអស់ ជាពិសេសលោកពិតជាពិបាកទ្រាំណាស់ ដែលមួយម៉ាត់ណាក៏ថាលោកជាជនឆបោក ទាំងដែលលោកប្រកាសរួចហើយ ។ ម្យ៉ាងទៀតអ្វីដែលលោកខឹងខ្លាំងបំផុត រហូតព្រមានតាមវ៉ៃឲ្យបាក់ធ្មេញនោះ គឺបើហ៊ានជេរប៉ារបស់លោក (ស៊ីន ស៊ីសាមុត) ដែលលោកជាកូនម្នាក់ មិនអាចទ្រាំបានទេ នៅពេលគេជេរឪពុករបស់ខ្លួន។
លោកបឺត សំរេច បាននិយាយថា “ហ្នឹងហើយ ពាក្យដែលខ្ញុំប្រមាថនេះ គឺមិនមែនខ្ញុំប្រមាថភ្លាមទេ គឺពេលដំបូងឡើយ ខ្ញុំនិយាយល្អជាមួយគាត់នោះទេ ខ្ញុំប្រើពាក្យពីរោះពិសាជាមួយគាត់ ថាប្អូនធ្វើឲ្យល្អ យើងជាអ្នកសារព័ត៌មាន យើងធ្វើជាអ្នកកណ្ដាល យើងល្អទៅទេ តែគាត់នៅតែដៀលថា ខ្ញុំជាជនថោកទាប ជាជនបោកប្រាស់ សុទ្ធតែខ្ញុំហ្នឹងកូនក្រៅខោ ហើយសុទ្ធតែខ្ញុំហ្នឹងជនថោកទាប ។ អ៊ីចឹងបានខ្ញុំជម្រាបថា ខ្ញុំអត់ទ្រាំយូរហើយ ខ្ញុំអត់ចង់បញ្ចេញទេ ទោះជារឿងគាត់យ៉ាងណាកី្ដ ក៏ខ្ញុំមិននិយាយដែរ ពេលនេះខ្ញុំត្រូវបញ្ចេញឲ្យអស់ ឲ្យមហាជនដឹងថា យាង វណ្ឌី គឺជាមនុស្សបែបម៉េច? ខ្ញុំជម្រាបគាត់ហើយថា ខ្ញុំមានគោលជំហរមួយ គឺឲ្យគាត់រកឲ្យច្បាស់ ពាក្យដែលថា ខ្ញុំជាជនបោកប្រាស់នេះ ជនថោកទាបនេះឲ្យឃើញ ហើយមួយទៀត ចង់ប្រដៅគាត់ថា ឲ្យធ្វើជាមនុស្សច្បាស់ជាអ្នកចេះដឹង អ្នករៀនសូត្របានខ្ពង់ខ្ពស់ យើងនៅក្រោមអាយុ៤០ទេ ខ្ទង់២០ជាង ៣០តិចតួចប៉ុណ្ណោះឯង ឯខ្ញុំនេះ ៥១ឆ្នាំហើយ ប៉ុន្តែគាត់យកពាក្យសម្ដីមើលងាយខ្ញុំ មិនគិតថាខ្ញុំជាមនុស្សចាស់ទុំទេ ។ ត្រង់នេះ រឿងការស៊ើបនោះ ខ្ញុំឲ្យគាត់ស៊ើបយ៉ាងម៉េចស៊ើបចុះ តែស៊ើបឲ្យបានច្បាស់លាស់ កុំឲ្យឮតែពីគេមក ចេះតែថាខ្ញុំជាជនបោកប្រាស់ ហើយអ្វីដែលមិនច្បាស់ គាត់យកមកនិយាយ ។ ខ្ញុំថា ខ្ញុំអត់គំរាមអីទៅគាត់ទេ គំរាមគាត់តែមួយម៉ាត់ទេ ខ្ញុំថាប្អូនឯងចោទបងថាកូនអ៊ំ ធឹម រី អ៊ំធឹម ឈាត ប្អូនឯងជេរចុះ តែបើសិនជាប្អូនជេរប៉ារបស់បង ស៊ីន ស៊ីសាមុត បងនឹងតាមវ៉ៃប្អូនឯងទាល់តែបាក់ធ្មេញ ខ្ញុំនិយាយអ៊ីចឹងមែន ព្រោះការជេរបងប្អូនបាន តែបើជេរឪពុកដែលខំផ្ដល់កំណើតឲ្យយើង គ្មានអ្នកណាទ្រាំបានទេ ព្រោះមនុស្សណាក៏តែងរក្សាកិត្តិយសឲ្យឪពុកដែរ ពីព្រោះឪពុកយើង ជាមនុស្សថ្លៃថ្នូរ ហើយរឿងថា ពូជស៊ីន ស៊ីសាមុត មិនចេះជេរ ខ្ញុំសួរទៅវិញថា តើកើតទាន់ទេ ថាឪពុកខ្ញុំ មិនចេះជេរ? ហើយសួរប្អូនយាង វណ្ឌី ទៅវិញថា តើកើតទាន់ឪពុកខ្ញុំទេ ដែលថាឪពុកខ្ញុំមិនចេះជេរ មិនចេះវ៉ៃ មិនចេះខឹង? អ្នកណាក៏មានបេះដូងដែរ អ្នកណាក៏មានចិត្តដែរ ដល់ថ្នាក់ព្រះ និងអ្នកបួស ពេលខ្លះក៏ទប់កំហឹងមិនបាន ញោមកាន់បាតឲ្យអាត្មា…ហើយថ្នាក់ដឹកនាំកំពូល ក៏មានចិត្តខឹងដួចគ្នា ត្រង់ខ្ញុំជាមនុស្សសាមញ្ញ ជេរឪខ្ញុំ ខ្ញុំខឹងទេ? រឿងប្អូនយាង វណ្ឌី ខ្ញុំអត់ដែលនិយាយអាក្រក់ពីគាត់ទេពីមុន ហើយណែនាំគាត់ឲ្យធ្វើជាមនុស្សល្អ តែគាត់នៅតែចោទខ្ញុំម្ដងហើយម្ដងទៀតៗៗ ថាខ្ញុំជនឆបោក ជាជនថោកទាប ។ ខ្ញុំនឹងឲ្យមើលសារដែលគាត់ជេរខ្ញុំ ដែលគាត់ថាឲ្យខ្ញុំ ប្រហែលជាគាត់លុបចោលអស់ ។ ខ្ញុំវាអត់ចេះអាទូរស័ព្ទ មេឌាអីនោះទេ ខ្ញុំបើកហ្វេសប៊ុក មើល ខ្ញុំមើល ពេលគេជេរធ្ងន់នោះ ខ្ញុំអត់ចេះសោះ ខ្ញុំឲ្យក្លួយខ្ញុំ ឬអ្នកជិតខាងខ្ញុំ ជួយមើល ខ្ញុំសួរគេថា អក្សរនេះគេថាយ៉ាងម៉េច? គេថា “បងឯងជាជនឆបោក ជាជនបោកប្រាស់” ។ បើយើងមើលអត់ឃើញ អត់អីទេ តែនេះយើងឮនឹងត្រចៀក តែយាង វណ្ឌី អត់ឆាសំឡេងទេ គាត់សរសេរជាអក្សរ ឯខ្ញុំប្រើសំឡេង ព្រោះខ្ញុំអត់ចេះអក្សរច្រើន ព្រោះរៀនត្រឹមថ្នាក់ទី៣ ទី៤ អានបានខ្លះ តែពាក្យស្រាល តែពាក្យណាធ្ងន់ មានជើងតម្រួតច្រើន ខ្ញុំសួរគេ ពាក្យធនាគារអី ខ្ញុំអត់ចេះសរសេរទេ ពាក្យប្រពន្ធអីហ្នឹង ក៏ខ្ញុំអត់ចេះសរសេរដែរ ព្រោះខ្ញុំអត់ចេះអក្ខរាវិរុទ្ធ ចេះត្រឹមសរសេរ ក ខ គ ឃ ង តែមានជើង ព្យញ្ជនៈអីរញ៉េរញ៉ៃ គឺខ្ញុំអត់ចេះទេ ព្រោះរៀនបានតិចណាស់ តែគាត់រៀនបានខ្ពស់ ហេតុអីបានអត់មានសុជីវធម៌អីសោះអ៊ីចឹង? សមហើយដែលខ្ញុំជេរបានប៉ុណ្ណេះ ខ្ញុំហែកគាត់បានប៉ុណ្ណេះ! មានសារច្រើនទៀត ដែលខ្ញុំមិនបានបញ្ចេញឲ្យអស់“ ។
លោកបឺត សំរេច បន្តថា “ខ្ញុំអរគុណណាស់ ពាក្យដែលគាត់ជួយខ្ញុំ ឲ្យបានទៅជួបឯកឧត្ដមសៀង ណាំ គឺគាត់ហៅខ្ញុំមែន តែជាបញ្ជារបស់ឯកឧត្ដមសៀង ណាំ ឲ្យមកហៅខ្ញុំ ដើម្បីយកខ្ញុំទៅជួបគាត់ ខ្ញុំអរគុណគាត់ តែទង្វើដែលគាត់ធ្វើពីមុន គឺជាមនុស្សមួយគួរឲ្យគោរព គួរឲ្យស្រលាញ់ ជាក្មេងល្អ ។ ពេលដែលគេច្រណែនគេ ចាក់រុកគេគ្រប់បែបយ៉ាង ខឹងគេ រករឿងគេគ្រប់កន្លែង ឲ្យខ្ញុំទៅតាមគាត់យ៉ាងម៉េច? ឲ្យខ្ញុំទៅជឿគាត់ ឲ្យគេស្អប់ទៀតឬយ៉ាងម៉េច? មនុស្សយើងមានសតិសម្បជញ្ញៈ ខួរក្បាលពិចារណាគិតថា មនុស្សណាល្អ មនុស្សណាអាក្រក់ មនុស្សយើងចាស់ទុំអស់ហើយ មិនមែនតាមគាត់ញាក់មកឆ្វេងៗ មកស្ដាំៗទេ គឺអត់ទេ ។ ខ្ញុំបានទៅរស់នៅជាមួយគាត់ មួយរយៈធំ មួយអាទិត្យជាងដែរ តែពេលយើងសម្លឹងមនុស្សដែលគាត់ថាខូចនោះ គឺវាអត់ខូច គេល្អ គេចេះដឹងពិតប្រាកដ សាមីខ្លួនគាត់តើ គឺជាមនុស្សខូច ចាក់រុកគេគ្រប់កន្លែង គាត់ថាម៉េច គឺធ្វើតាមគាត់ បើមិនធ្វើតាមគាត់ទេ គាត់ស្អប់ ។ ដូច្នេះទើបតែរយៈប៉ុន្មានថ្ងៃនេះទេ ដែលខ្ញុំខឹងខ្លាំងណាស់ មើលងាយខ្ញុំហើយ មើលងាយខ្ញុំទៀត សុទ្ធតែថាខ្ញុំអាជនថោកទាប អាជនឆបោក ។ ជនឆបោកយ៉ាងម៉េច? ខ្ញុំសុំឲ្យធ្វើឌីអិនអេ អត់ធ្វើឌីអិនអេ ឲ្យខ្ញុំទេ ។ បើខ្ញុំបោក យកចំណុច យកច្បាប់មកចាប់ខ្ញុំមក យកដីកា មកចាប់ខ្ញុំមក ខ្ញុំទៅ តែឲ្យច្បាស់ ព្រោះមិនច្បាស់ទេ ត្រូវគិតមើលឲ្យល្អ ឲ្យស្រួល ព្រោះតាំងពីចេញមក ខ្ញុំអត់ទាន់សំអាងអីក្រៅពីសំអាងថា ខ្ញុំជាកូនរបស់លោកស៊ីន ស៊ីសាមុត តែប៉ុណ្ណោះ ម្ដាយខ្ញុំមានពិត ឪពុកខ្ញុំមានពិត ហើយម៉េចមកចោទខ្ញុំកូនលោកយាយធឹម រី ដដែលៗ ខ្ញុំថាឲ្យធ្វើឌីអិនអេ ម៉េចក៏មិនធ្វើ? ហើយគិតមើលទៅ ខ្ញុំនិយាយល្អជាមួយយាង វណ្ឌី នេះ មួយឆ្នាំហើយ ទើបតែប៉ុន្មានថ្ងៃនេះទេ ខ្ញុំប្រតិកម្មខ្លាំងពេក ដោយសារខ្ញុំមានពេលវេលាមកពីជប៉ុន នេះគឺខ្ញុំទំនេរ ខ្ញុំបើកមើលហ្វេសប៊ុក ខ្ញុំក៏ឃើញ MESENGER គាត់ ខ្ញុំក៏អែដទៅនិយាយលេងជាមួយគាត់ទៅ ហើយខ្ញុំនិយាយល្អជាមួយគាត់ សួរសុខទុក្ខគាត់ គាត់ចាប់ផ្ដើមថា ខ្ញុំជនថោកទាប ជនឆបោក ជនបោកប្រាស់ ។ ម្ដងៗខ្ញុំនិយាយល្អជាមួយគាត់រហូត ទើបចុងក្រោយនេះ ខ្ញុំអត់លែងបាន ហើយមុននឹងជេរគាត់នេះ ខ្ញុំតេទៅគាត់ តែគាត់អត់លើកទូរស័ព្ទទេ ហើយគាត់នៅបន្តជេរខ្ញុំ ជនឆបោក ជនថោកទាប ជនបោកប្រាស់រហូត ។ ដូច្នេះទើបខ្ញុំជេរ ហើយខ្ញុំជេរនេះអត់មានប៉ះពាល់ទៅអ្នកណាទេ គឺខ្ញុំជេរចំពោះគាត់ ឲ្យគាត់ដឹងខ្លួនថា គាត់ជាមនុស្សប្រភេទណា? ហើយខ្ញុំជាមនស្សប្រភេទណា?“ ។
លោកបឺត សំរេច បន្តទៀតថា “ចំពោះគាត់ថានឹងប្ដឹង អញ្ជើញឲ្យគាត់រៀបចំចុះ! ខ្ញុំទៅតាមក្រោយ ហើយចោទថា ខ្ញុំស្លាប់លោកអ៊ំធឹម ឈាត នេះមួយ ខ្ញុំនឹងយកពាក្យហ្នឹងទៅឲ្យម្ដាយចិញ្ចឹមរបស់ខ្ញុំ បងប្អូនចិញ្ចឹមខ្ញុំទាំងប៉ុន្មាន ឲ្យគាត់ធ្វើជាសាក្សី ហើយមួយទៀត ចោទខ្ញុំថាជនឆបោក អត់អីទេ បើគាត់ចង់ធ្វើដល់ថ្នាក់ប្តឹង ខ្ញុំកម្សាន្តគាត់បាន ទទួលជាមួយគាត់បាន ។ ខ្ញុំជម្រាបមហាជនថា ខ្ញុំកូនពិតប្រាកដ ខ្ញុំមិនខ្លាចអ្វីដែលខ្ញុំធ្វើ ខ្ញុំសំអាងថាខ្លួនខ្ញុំយ៉ាងណា ខ្ញុំមិនញញើតនឹងអ្វីដែលខ្លួនខ្ញុំសារភាពទេ ខ្ញុំគឺជាកូនរបស់គាត់ ។ ខ្ញុំសូមគោរពជូនលោកឪពុក អ្នកម្ដាយ បងប្អូនជាទីគោរព ជាទីស្រលាញ់ទាំងអស់ វ៉យ (VOICE) នេះ គឺជាវ៉យ ដែលខ្ញុំតបតនឹងប្អូនយាង វណ្ឌី ។ មនុស្សយើងម្នាក់ៗ តែងមានបេះដូងឈឺចាប់ដូចគ្នា បើសិនជាសរសើរខ្ញុំជាមនុស្សល្អ ជាមនុស្សត្រឹមត្រូវ ជាមនុស្សឆ្លាត គេស្រលាញ់ គេគោរព គេស្ដាប់បាន ពាក្យហ្នឹងគឺជាភាសាល្អ ។ ភាសាមួយដែលមិនល្អ គឺអាឆ្កែ អាឆ្មា អាថោកទាប សម្រាប់មនុស្សណាដែលនិយាយភាសាមិនល្អចំពោះគេ ។ មុននឹងខ្ញុំជេរ ខ្ញុំបានណែនាំប្អូនយាង វណ្ឌី រួចហើយថាប្អូនយាង វណ្ឌី និយាយល្អបន្តិចទៅ បងក៏ជាមនុស្សដែរ កុំនិយាយអ៊ីចឹង វាអត់ល្អទេ ព្រោះបងចាស់ជាងប្អូនឯង គាត់នៅតែ ជនថោកទាប ជនឆបោកៗ ។ ពេលនោះខ្ញុំទប់អារម្មណ៍អត់បានទេ ខ្ញុំត្រូវតែជេរ ខ្ញុំជេរឲ្យអស់ ហើយជេរនេះ ជេរប្រវត្តិគាត់ដែលខ្ញុំដឹងនៅក្នុងផ្ទះទឹក ដែលខ្ញុំរស់នៅប៉ុន្មានថ្ងៃ ខ្ញុំយករឿងហ្នឹងទាំងប៉ុន្មាន ឲ្យមហាជនស្ដាប់ឲ្យអស់ និយាយឲ្យចំទៅ ហែកឲ្យអស់ តាំងពីគាត់ជេរម្ដាយគាត់បង្កើតរាល់ថ្ងៃនេះថា ជាស្រីសំផឹង គឺម្ដាយឯងបង្កើត ឈាមទាំងថ្លុក ឪពុកម្ដាយនៅប៉ៃលិន រាល់ថ្ងៃនេះ អត់ឲ្យស្គាល់ទេ ទៅស្គាល់គេឯណាទេ ហើយធ្វើការជាមួយឯកឧត្ដមសៀង ណាំ ប្រាក់ខែ ៨០០ដុល្លារ ក្នុង១ខែ អត់មានធ្វើអីទេ ដល់ខែ យកលុយៗ ស្រាប់តែគាត់ឲ្យសរសេរប្រវត្តិខ្ញុំនេះ សរសេរមិនកើត ឯកឧត្ដមសៀង ណាំ ថាហេតុអីសរសេរមិនកើត? គាត់ថា ខ្ញុំសរសេរដៃឆ្វេង ។ ឯកឧត្ដមប៉ា ថាបន្តិច គាត់ខឹង ដល់ពេលខឹង រត់ចេញពីផ្ទះឯកឧត្ដមសៀង ណាំ គ្មានលាជាម្ចាស់គេមួយម៉ាត់ តើជាមនុស្សបែបណា? ខ្ញុំនិយាយតែត្រង់ទេ ខ្ញុំអត់និយាយលាក់ទេ ចង់ដឹង សួរគេនៅក្នុងផ្ទះទឹក អ្នកណាក៏គេដឹងដែរ ហើយដើរចាក់រុកគេគ្រប់កន្លែងទាំងអស់ កុំឲ្យរាប់អានអាមនុស្សហ្នឹង មិនល្អទេ មនុស្សហ្នឹងៗខូច ខ្លួនឯងនេះល្អត្រង់ណា? អ៊ីចឹងឃើញទេ មនុស្សល្អ ធ្វើអ៊ីចឹងអ្ហែ៎? មនុស្សយុត្តិធម៌ អ៊ីចឹងអ្ហែ៎? បើយើងរៀនចេះដឹង ក្មេងល្អ យើងធ្វើអ៊ីចឹងអ្ហែ៎? អ្វីៗយើងចេះនិយាយគ្នាល្អ មនុស្សយើងមិនស្លាប់ទៅ យកទៅតាមឯណា? ធ្វើល្អទៅ ឲ្យមានកេរ្តិ៍ឈ្មោះ ប្រវត្តិល្អនៅក្នុងសង្គម ទៅធ្វើអាក្រក់ធ្វើអី?“ ។
លោកបឺត សំរេច បន្ថែមថា “ដូចខ្ញុំបានបញ្ជាក់ ខ្ញុំចេញមកបានប្រាប់ថា ខ្ញុំជាកូនអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត តែប៉ុណ្ណឹង ខ្ញុំគ្មានធ្វើអីទេ អ្នកឯងជឿក៏ជឿទៅ មិនជឿក៏ហីទៅ ម៉េចចាំមកជេរខ្ញុំ អាជនបោកប្រាស់ អាជនថោកទាប? ខ្ញុំបោកលុយពួកគាត់ ទៅធ្វើផ្ទះឪខ្ញុំអ្ហែ៎? ផ្ទះដែលខ្ញុំធ្វើ អស់លុយរាប់ម៉ឺន លុយខ្ញុំសុទ្ធ ធ្វើការខ្លួនឯង ខ្ញុំលក់សេះ ខ្ញុំលក់គោខ្ញុំ ខ្ញុំច្រៀងយកលុយទៅធ្វើផ្ទះឪខ្ញុំនោះ ហើយពួកគាត់ប៉ុន្មាននាក់ហ្នឹង មានជួយលុយខ្ញុំមួយរៀលទេ? ដូច្នេះជេរខ្ញុំថា ជនបោកប្រាស់ ជនថោកទាប ខ្ញុំខឹង តែខ្ញុំខឹងក្នុងគោលការណ៍ ខ្ញុំខឹងតែបុគ្គលទេ ខ្ញុំអត់មានរាលដាលដល់អ្នកណាទេ ខ្ញុំនិយាយឲ្យតែប្អូនយាង វណ្ឌី ព្រោះប្អូនយាង វណ្ឌី មនុស្សល្ងង់ អត់ឆ្លាត និយាយមើលងាយគេ ក្មេងមើលងាយចាស់ ។ សម្ដេចពុក ក៏លោកថាដែរ អាក្មេងព្រហើន ខ្ញុំរៀនចេះតាមលោក អាក្មេងព្រហើនដូចគ្នា ក្មេងមើលងាយមនុស្សចាស់ ឲ្យតែក្មេងមើលងាយមនុស្ស គេហៅថាក្មេងព្រហើនហើយ ។ ដូច្នេះជាចុងក្រោយ គ្រាន់តែសូមជម្រាបលោកឪពុក អ្នកម្ដាយថា មនុស្សម្នាក់ៗក៏មានខួរក្បាលដែរ ហើយក៏មានបេះដូងដែរ មុននិយាយឲ្យនរណាម្នាក់ ត្រូវគិតពីអារម្មណ៍របស់គេផង ហើយសូមឲ្យមនុស្សទាំងអស់គ្នា ដែលរៀនបានចេះដឹងខ្ពង់ខ្ពស់នេះ ជួយរក្សាភាពសុចរិតទៀងត្រង់ ចេះជួយប្រទេសដែលកំពុងតែរីកចម្រើន រៀនឲ្យបានចេះដឹង ជួយប្រទេសដែលកំពុងតែដុះដៃដុះជើង កុំឲ្យបំផ្លាញអ្វីដែលមាន ។ អ្វីដែលមានហើយ ជួយបន្ថែមឲ្យវាកាន់តែមានថែមទៅ គ្រាន់តែជម្រាបប៉ុណ្ណឹងទេ ហើយឲ្យក្មេងៗស្រករក្រោយ ឲ្យមើលគំរូថ្នាក់ដឹកនាំប្រទេសរាល់ថ្ងៃ កំពុងតែរីកចម្រើនអភិវឌ្ឍរាល់ថ្ងៃនេះ កុំឲ្យមើលមនុស្សដែលរៀនហើយ យកខួរក្បាលគិតតែរឿងឥតប្រយោជន៍ ។ ខ្ញុំអត់ចេះដឹងទេ ខ្ញុំអត់រៀនសូត្របានជ្រៅជ្រះទេ តែខ្ញុំនិយាយចេញពីបេះដូងរបស់ខ្ញុំ បើខុសត្រង់ណា សូមមេត្តាខន្តីអភ័យទោសផងចុះ! ខ្ញុំជាមនុស្សល្ងង់ ខ្ញុំនិយាយតែត្រង់ៗទេ អ្វីដែលមិនត្រង់ ខ្ញុំអត់និយាយទេ ហើយខ្ញុំសុំបញ្ជាក់មួយម៉ាត់ទៀតថា បើអ្នកមិនជេរខ្ញុំ ក៏ខ្ញុំមិនជេរអ្នកដែរ បើអ្នកមិនវ៉ៃខ្ញុំ ក៏ខ្ញុំមិនវ៉ៃអ្នកដែរ ពាក្យហ្នឹងវាមានសម្រាប់មនុស្សទូទៅ តែខ្ញុំៗទ្រាំមួយឆ្នាំជាងហើយ ទើបប៉ុន្មានថ្ងៃនេះទេ ខ្ញុំអត់ទ្រាំមិនបាន“ ៕ កុលបុត្រ