ខេត្តសៀមរាប ៖ តួប៉មប្រាសាទឥដ្ឋ អាយុកាលជាង១ពាន់ឆ្នាំ នៅជ្រុងឦសាន នៃប្រាសាទព្រះគោ ដែលខូច ខាតកម្រិតខ្ពស់ បានប្រែក្លាយជាភាពរឹងមាំ និងល្អប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរអប្សរា ចំណាយពេលប្រហែល៧ខែ ដើម្បីជួយសង្គ្រោះរចនាសម្ព័ន្ធជាច្រើនផ្នែកមក។
លោកសារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរអប្សរា បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ក្រុមការងារជួសជុលបានពង្រឹងរចនាសម្ព័ន្ធរបស់ប្រាសាទឥដ្ឋ អាយុកាលជាង ១ពាន់ឆ្នាំនេះទាំងមូលឡើងវិញ។ ជាមួយគ្នានេះ ក៏មានការជួសជុលផ្តែរសសរផ្អោបទ្វារបញ្ឆោតផ្នែកខាងលិច និងខាងជើង ព្រមទាំងដំបូល។
នៅតាមជ្រុងនីមួយៗក៏បានពង្រឹងដោយប្រើលក្ខណៈបច្ចេកទេសបិទបាយអ ដើម្បីការពារកុំឱ្យទឹកដក់ក្នុងប្រា សាទ។ ក្រុមការងារក៏ប្រើបច្ចេកទេសនៃការជួសជុលនៅតាមរន្ធទឹក ដែលមានស្នាមប្រេះ ដោយបិទរន្ធទឹកជាថ្មី ដើម្បីកុំឱ្យទឹកហូរចូលទៅក្នុងប្រាសាទ ។
ប្រធានក្រុមអភិរក្ស ដដែល បានឱ្យដឹងថា ក្រុមការងារក៏បានរើឥដ្ឋដែលពុកផុយ ឬក៏ឥដ្ឋដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចេញ ហើយដាក់ឥដ្ឋថ្មីមួយចំនួន មកជំនួសនៅផ្នែកខាងក្នុង ហើយនៅផ្នែកខាងក្រៅ គឺប្រើឥដ្ឋចាស់ ដើម្បីបង្កើនភាពមាំនៃតួប្រាសាទ ព្រមទាំងរក្សាសោភណ ភាពបែបបុរាណផង។
តួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ទទួលរងការខូចខាតជាចម្បង គឺបណ្តាលមកពីបញ្ហាទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទ ធ្វើឱ្យមានប្រតិកម្មជាមួយអាចម៍ប្រចៀវ បង្កើតទៅជាជាតិអាស៊ីដម៉្យាង។ កត្តាអាយុកាលចំណាស់របស់សំណង់ និងអាកាសធាតុ ក៏បានរួមចំណែកធ្វើឱ្យសំណង់ប្រាសាទខូចខាត ដូចជាធ្វើឱ្យឥដ្ឋនៅផ្នែកខាងក្នុងជាច្រើន មានពណ៌ខ្មៅ ហើយពុកផុយ ដែលទឹកភ្លៀងអាចហូរចូលបានយ៉ាងងាយ ធ្វើឱ្យរុក្ខជាតិជាច្រើនដុះលូតលាស់ផងដែរ។
ក្រុមអ្នកជំនាញនៃអាជ្ញាធរអប្សរា បានចាប់ផ្តើមជួសជុលតួប៉មប្រាសាទឥដ្ឋ នៅជ្រុងឦសាន នៃប្រាសាទព្រះគោ នេះ តាំងតែពីខែឧសភា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារនេះ បានទទួលជោគជ័យ និងបញ្ចប់ជាស្ថាពរ៕