Thursday, December 26, 2024
Homeព័ត៌មានជាតិអ្នកនយោបាយបរាមុខ សម្តេច ស ខេង ថ្កោលទោសសម រង្ស៊ី ទាញភ្ជាប់នយោបាយទុច្ចរិត

អ្នកនយោបាយបរាមុខ សម្តេច ស ខេង ថ្កោលទោសសម រង្ស៊ី ទាញភ្ជាប់នយោបាយទុច្ចរិត

ភ្នំពេញ ៖ អ្នកនាំពាក្យសម្ដេច ស ខេង អនុប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសថ្កោលទោសលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ថាជាអ្នកនយោបាយបរាមុខ ដែលទាញក្រុមគ្រួសារសម្តេច ស ខេង ភ្ជាប់នយោបាយទុច្ចរិតម្ដងហើយម្ដងទៀត បន្ទាប់ពីទណ្ឌិត មេចលនាជាតិតស៊ូ នៅក្រៅប្រទេសរូបនេះ បានលើកឡើងក្នុងអំពាវនាវតាមយុទ្ធសាស្រ្តផ្ការីកឲ្យថ្នាក់ដឹកនាំបក្សកាន់អំណាច ដែលនៅជិតសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែវ៉ៃសម្តេចហ៊ុន​សែន មុន កុំរង់ចាំយូរ បើចង់មានប្រៀប ។

អ្នកនាំពាក្យសម្ដេច ស ខេង បានចាត់ទុកក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេស (ក្រុមសម រង្ស៊ី) ដែលគេចវេះពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំនឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយជញ្ជ្រំផលិត ផ្សព្វផ្សាយសារបំពានបំភ្លៃ បំភាន់មួលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជា ទាំងមូល ឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ដែលទីបំផុតមិនដែលឈ្នះសូម្បីប៉ុនសរសៃសក់។

សេចក្ដីប្រកាសថ្កោលទោស របស់អ្នកនាំពាក្យសម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា “អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គម ឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួន ម្តងហើយម្តងទៀត។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែលគេចវេះពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំនឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយជញ្ជ្រំផលិត ផ្សព្វផ្សាយសារបំពានបំភ្លៃ បំភាន់មួលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជា ទាំងមូល ឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ដែលទីបំផុតមិនដែលឈ្នះសូម្បីប៉ុនសរសៃសក់។

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមបញ្ជាក់ជូនថា សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជា រុងរឿង» ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជារបស់ពិភពលោក រក្សាការពារសន្តិភាព សន្តិសុខ និងរក្សាលំនឹងសេដ្ឋកិច្ច ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរពនិងគាំទ្រឥតងាករេ នូវរាល់សេចក្តីសម្រេចគណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងមានភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ របស់រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមអំពាវនាវដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស កុំជឿតាមសាររបស់ក្រុមឧក្រិដ្ឋកម្មនយោបាយដែលមានចរិតបំពាន ជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខរបស់ប្រពលរដ្ឋខ្មែរ ដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយនេះ មិនមែនជាការពិត ជាការបោកប្រាស់បែបប្រជាភិថុតិសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ» ។

សូមបញ្ជាក់ថា ការចេញសេចក្ដីប្រកាសថ្កោលទោស របស់អ្នកនាំពាក្យសម្ដេច ស ខេង ខាងលើនេះ បានធ្វើឡើងឆ្លើយតបទៅលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលបានលើកឡើងតាមបណ្ដាញសង្គមថា សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងប្រើល្បិចអារកមាន់ បំភ័យស្វា គឺប្រើល្បិចធ្វើច្បាប់ ចោទរូបលោកជាមេបក្សប្រឆាំង តែតាមការពិត ចង់សំដៅអ្នកនៅក្បែរខ្លួន ក្នុងជួរគណបក្សកាន់អំណាច រួមមានសម្ដេច ស ខេង សម្ដេចទៀ បាញ់ ជាដើម ដោយសារខ្លាចអ្នកទាំងនោះ ងើបប្រឆាំងពីខាងក្នុង តាមយុទ្ធសាស្ត្រផ្ការីក ប្រើកម្លាំងបង្កប់ផ្ទុះពីក្នុងរបស់ខ្លួន ។

លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា “យុទ្ធសាស្ត្រផ្ការីក ៖  យុទ្ធសាស្ត្រផ្ការីក ស័ក្តិសិទ្ធិអស្ចារ្យ ធ្វើឲ្យហ៊ុន សែន ក្លាយទៅជាឆ្កួត គាត់ដើរសង្ស័យគេឯងគ្រប់គ្នាថា មានបំណងចង់កម្ចាត់គាត់ គាត់ដឹងច្បាស់ថា គាត់មានសត្រូវនៅជុំវិញគាត់ ដែលមានអាវុធ ព្រមទាំងឱកាសកម្ចាត់គាត់ងាយ ពួកគេស្អប់គាត់ ទោះមិននិយាយ ដោយសារតែខ្លាចជនពាលសាហាវ ហ៊ុន សែន ធ្វើច្បាប់ ចោទសម រង្ស៊ី តែតាមការពិត គាត់ចង់សំដៅអ្នកនៅក្បែរគាត់ ក្នុងជួរគណបក្សប្រជាជនកម្ពុជា នេះគេហៅថា ល្បិចអារកមាន់ ចង់បំភ័យស្វា។ ហ៊ុន សែន វង្វេងរៀបចំចាត់ការខ្មាំងមិនចេញមុខ ឃើញតែស្រមោល។ នៅជុំវិញគាត់ អ្នកស្នេហាជាតិ និងយុត្តិធម៌ ក៏ដឹងច្បាស់ថា ត្រូវតែវ៉ៃមុន កុំរង់ចាំយូរ បើចង់មានប្រៀបលើជនផ្តាច់ការ ត្រកូលចង្រៃ ធ្វើបាបពួកយើង។ កម្លាំងផ្ការីក ផ្ទុះចេញពីក្នុង រាស្ត្រខ្មែរគាំទ្រ ពលរដ្ឋសាទរទូទាំងប្រទេស“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ថា “យុទ្ធសាស្ត្រផ្ការីក (ត) ៖ យុទ្ធសាស្ត្រផ្ការីក យុទ្ធសាស្ត្រលេខ១ គ្មានគូប្រកួត ធ្វើឲ្យហ៊ុន សែន ក្លាយទៅជាឆ្កួត មានតែហ៊ុន សែន និងត្រកូលគាត់ ធ្វើអ្វីតាមចិត្ត ជាន់គេគ្រប់គ្នានៅជុំវិញគាត់។           គាត់ដឹងច្បាស់ថា គេស្អប់គាត់ខ្លាំង អ៊ីចឹងគាត់ភ័យគេបកមកវិញ។ មេទ័ពធំៗ គាត់បញ្ឈរជើង ទុកចោលក្នុងទូ ធ្វើឲ្យសាមីឈឺចាប់ក្នុងចិត្ត។ គាត់ដឹងច្បាស់ថា គាត់មានសត្រូវនៅជុំវិញគាត់ដែលមានអាវុធ ព្រមទាំងឱកាសវាយបកគាត់វិញ។ តើនរណាទៅ ធ្វើឲ្យគាត់ភ័យ ដែលចងកំហឹង ប្រុងដកគាត់ចេញ បញ្ចប់របបគ្រួសារនិយម? អាចក្រុម ស ខេង ព្រមទាំងសាយ ឈុំ ដែលឆេះងំៗ អាចក្រុមទៀ បាញ់ ជាមេទ័ពធំ អាចប៉ុល សារឿន អាចមាស សុភា អាចកែ គឹមយ៉ាន អាចក្រុមគន់ គីម សូម្បី ម៉ុល រឿប ក៏មកលងដែរ“ ។

គួរបញ្ជាក់ដែរថា ការចេញសេចក្ដីប្រកាសថ្កោល របស់អ្នកនាំពាក្យសម្ដេច ស ខេង ទៅនឹងការលើកឡើងញុះញង់តាមបណ្ដាញសង្គម របស់លោកសម រង្ស៊ី ខាងលើនេះ មិនមែនជាលើកទី១ទេ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ (៤ខែ កន្លងទៅ) អ្នកនាំពាក្យសម្តេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានចេញសេចក្ដីប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលបានក្លែងឯកសារ និងបញ្ចូលសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមថា សម្តេច ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។

អ្នកនាំពាក្យសម្តេច ស ខេង ប្រកាសជាឱឡារិកនៅពេលនោះថា នេះជាព័ត៌មានមួលបង្កាច់ បំផ្លើសការពិត ដែលមានចរិតញុះញង់ លាបពណ៌ និងបំបែកបំបាក់ ផ្ទុយទាំងស្រុងពីសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យសម្តេច ស ខេង ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។  អ្នកនាំពាក្យ បានគូសបញ្ជាក់នៅពេលនោះថា សម្តេច ស ខេង គ្មានមហិច្ឆតាណាបន្តិចបន្តួចទាល់តែសោះ ក្នុងការចង់ធ្វើជានាយករដ្ឋមន្ត្រី នាពេលខាងមុខនេះទេ។ សម្តេច ស ខេង នៅតែបន្តចូលរួមនិងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន ជាប្រធានគណបក្ស និងបន្តជួយគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលបន្តវេននេះ សម្រាប់អាណត្តិខាងមុខៗបន្តទៀត ដែលមានសម្តេចហ៊ុន ម៉ាណែត ជាប្រមុខ។

អ្នកនាំពាក្យ បានបញ្ជាក់សង្កត់ធ្ងន់នៅពេលនោះទៀតថា រាល់គំនិតនិងសកម្មភាពអគតិរបស់ក្រុមមាននិន្នាការជ្រុលនិយម ដែលបានធ្វើការផ្សព្វផ្សាយញុះញង់បំបែកបំបាក់នោះ គឺក្នុងយុទ្ធសាស្ត្រដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបំណងបម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ។ អ្នកនាំពាក្យបញ្ជាក់ថា សម្ដេច ស ខេង បានធ្វើការគូសបញ្ជាក់រួចហើយ និងបានធ្វើការអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយម ដែលកំពុងតែលេងល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់។

សូមរម្លឹកដែរថា ក្រៅពីចេញសេចក្ដីប្រកាសថ្កោលទោស នាពេលនេះ និងពេលកន្លងមក សម្តេច ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈមេធាវី ធ្លាប់បានដាក់បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងទណ្ឌិត សម រង្ស៊ី ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមបណ្តឹងចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សម្តេច ស ខេង បានសុំឱ្យតុលាការចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ជាផ្លូវការ និងទាមទារសំណង ចំនួន៤ពាន់លានរៀល។ ការសម្រេចដាក់ពាក្យបណ្តឹងរបស់សម្តេច ស ខេង នេះ គឺធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសេរភ្ជាប់រូបសម្តេច ទៅនឹងការស្លាប់របស់លោកហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ក្នុងចេតនាចង់ឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេច ស ខេង ក៏សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់ គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈនិងមនសិការ ក្នុងសកម្មភាពរបស់ខ្លួន ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើដែលនាំឱ្យមានការបែកបាក់ក្នុងសង្គម និងធ្វើឱ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

សម្ដេច ស ខេង បានលើកឡើងនៅពេលនោះថា សម្ដេច សូមជម្រាបជូនសាធារណជន និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យបានជ្រាបថា ស្ទើរពេញមួយជីវិតរបស់សម្តេច មកដល់ពេលនេះ សម្តេច មិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ ។ សម្ដេច បានគូសបញ្ជាក់ថា នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់សម្តេច ដែលសម្តេច បានប្ដឹងជាលក្ខណៈឯកជន ចំពោះបុគ្គលសម រង្ស៊ី ។ បើតាមសម្តេច ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណងនិងមហិច្ឆតាអគតិរបស់ខ្លួននិងក្រុមខ្លួន។ សម្តេច បានសង្កត់ធ្ងន់ថា ពាក្យបណ្តឹងនេះ ក៏ដើម្បីទាមទារយុត្តិធម៌ដល់រូបសម្តេច និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានបុគ្គលសម រង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិតផងដែរ ៕ កុលបុត្រ

RELATED ARTICLES