ភ្នំពេញ ៖ បុរសម្នាក់ ជាជនបរទេស រួមដំណើរជាមួយមនុស្សប្រុសស្រី ៤នាក់ផ្សេងទៀត បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន លុះមកដល់ផ្លូវកោង បានរេចង្កូតឡើងខឿន ជ្រុលទៅបុករះដើមឈើ រួចបន្តបុក បង្គោលភ្លើង បាក់១ដើម ក្នុងបរិវេណបឹងកក់ តែរថយន្តបង្កហេតុ មិនព្រមឈប់ ព្យាយាមបើករត់ទៅមុខ ជិត១គីឡូម៉ែត្រ ក៏ត្រូវក្រុមសន្តិសុខតាមឃាត់បាន។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ចំណុចក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ ម៉ាកតូយ៉ូតា ធុនត្រា ពាក់ស្លាកលេខ ភ្នំពេញ 2BS-9716 បើកបរដោយបុរសជនបរទេសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រី ចំនួន៤នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ R6 ទិសដៅពីកើត មកលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវកោង ស្រាប់តែរថយន្តបង្កហេតុបានរេចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកដើមឈើ បាក់មួយដើម រួចបន្តទៅបុកបង្គោលភ្លើង បាក់មួយដើមបន្ថែមទៀត ចំណែករថយន្តខ្ទេចផ្នែកខាងមុខ តែមិន ព្រមឈប់ដោះស្រាយទេ បែរជាព្យាយាមបើករត់គេច រហូតមកដល់ផ្លូវ១៦៩ ក៏ត្រូវបានក្រុមសន្តិសុខប្រចាំការក្នុងបរិវេណបឹងកក់ តាមឃាត់ជាប់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ រួចអូសយករថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
ា