Thursday, December 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវត្តដំរីផុង ភ្លើងឆេះ.../សាលាឆាន់ហ្ម---/ត់

វត្តដំរីផុង ភ្លើងឆេះ…/សាលាឆាន់ហ្ម—/ត់

ខេត្តក្រចេះ ៖ សាលាឆាន់ និងកុដិ ១ខ្នង នៅក្នុងបរិវេណវត្តព្រះច័ន្ទកុមារ ហៅវត្តដំរីផុង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ទំហំខូចខាតប្រមាណជាង ២៥ម៉ឺនដុល្លារ ដោយមូល ហេតុផ្តើមចេញពីផ្ទុះកំប៉ុងហ្គាស់ ដែលព្រះសង្ឃដាំទឹកទុកចោល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តព្រះច័ន្ទកុមារ ហៅវត្តដំរីផុង ស្ថិតក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង។

សាលាឆាន់ដែលរងការឆាបឆេះ មានទំហំ បណ្តោយ២៥ម៉ែត្រ ទទឹង ១៥ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង។ ចំណែកកុដិ ១ខ្នង ដែលរងការឆាបឆេះអស់ដែរនោះ មានទំហំបណ្តោយ ១៣ម៉ែត្រ ទទឹង ៦,៣០ម៉ែត្រ។ សរុបសម្ភារៈដែលខូចខាតក្នុងហេតុការណ៍អគ្គិភ័យនេះ គិតជាទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលព្រះសង្ឃ ជាប់រវល់និមន្តទៅរៀនព្រះធម៌ នៅកុដិព្រះគ្រូចៅអធិការ ស្រាប់តែឮសូរសំឡេងផ្ទុះចេញពីក្នុងសាលាឆាន់ រួចហុយផ្សែងទ្រលោម និងកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យផ្អើលដល់អ្នកស្រុក នាំគ្នាជួយពន្លត់ តែមិនឈ្នះ ហើយភ្លើងបន្តឆេះរាលទៅកុដិព្រះសង្ឃមួយខ្នងទៀត។

ប្រភពដដែល បន្តថា ដោយសាររថយន្តពន្លត់អគ្គិភ័យនៅឆ្ងាយ ហេតុនេះទម្រាំចុះមកដល់ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ គឺភ្លើងបានឆាបឆេះសាលាឆាន់ និងកុដិ ១ខ្នងខាងលើ អស់ទាំងស្រុងទៅហើយ។

តាមប្រភពសាលាគណខេត្តក្រចេះ បានបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីព្រះសង្ឃដាំទឹក នៅលើសាលាឆាន់ ទុកចោល ហើយ ចុះចេញទៅរៀនធម៌បាត់ ជាហេតុធ្វើឱ្យផ្ទុះកំប៉ុងហ្គាស់ កើតជាអគ្គិភ័យឆាប ឆេះឡើងតែម្តង ដែលគិតពីទំហំនៃការខូចខាត គិតជាទឹក ប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ។ ទោះជាយ៉ាងណាក្តី កម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងផងដែរ។

បន្ទាប់មក នៅរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ព្រះសិរីសម្ភារបណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសម្បូណ៌ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ព្រមទាំងសហការី បាននិមន្តចូលរួមជាមួយព្រះគ្រូ កែវ សុភា ព្រះវិន័យធរ អនុគណស្រុកឆ្លូង តំណាងព្រះអនុគណស្រុកឆ្លូង មន្ត្រីសង្ឃស្រុកឆ្លូង ព្រមទាំងសហការី និងលោកស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ ព្រមទាំងសហការី បាននាំយកនូវបច្ច័យ គ្រឿងឧបភោគ-បរិភោគ ទឹកសុទ្ធ ភេសជ្ជៈ ទេយ្យទាន និងសម្ភារៈ ប្រើប្រាស់មួយចំនួនធំ ប្រគេនដល់ព្រះចៅអធិការវត្តព្រះច័ន្ទកុមារ ដើម្បីចូលរួមដោះស្រាយ និងរំលែកការលំបាកកើតចេញពីគ្រោះអគ្គិភ័យនេះ៕

ផ្តើមចេញពីផ្ទុះកំប៉ុងហ្គាស ដែលព្រះសង្ឃដាំទឹកទុកចោល ឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអ្នកស្រុក ពុទ្ធបរស័ទ នាំគ្នាជួយពន្លត់តែមិនឈ្នះ អស់ទាំងស្រុង ទាំងសម្បត្តិរបស់វត្ត គិតជាទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តព្រះច័ន្ទកុមារ ហៅវត្តដំរីផុង ក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ៕

RELATED ARTICLES