ភ្នំពេញ ៖ ក្រោយតុលាការសម្រេចឃុំខ្លួន បានប៉ុន្មានថ្ងៃ លោកគឹម សុខ អ្នកអ្នកឃ្លាំ មើលនិងអត្ថាធិប្បាយបញ្ហាសង្គម ត្រូវបាន មេធាវីម្នាក់ ស្ម័គ្រចិត្តជួយការពារក្តីឱ្យលោក និង កំពុងពិភាក្សាជាមួយកូនក្តីដើម្បីស្នើសុំដោះលែង ឱ្យលោកគឹម សុខ បាននៅក្រៅឃុំ។
មុនត្រូវតុលាការចេញដីកាកោះចូលបំភ្លឺ ដើម្បីសាកសូរ និងឈានដល់ការសម្រេចឃុំ ខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ” ទាក់ទង នឹងបណ្តឹងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ មេធាវីតំណាងអាណត្តិនោះ លោកគឹម សុខ រក មេធាវីសម្រាប់ការពារក្តីឱ្យលោកមិនទាន់បាន ទេ ដោយពេលនោះ លោកបានលើកហេតុផល ថា មានមេធាវីមួចំនួនខ្លាចបារម្ភ មិនហ៊ានចេញ មុខការពារក្តីឱ្យ និងណាមួយទៀត លោកមិន មានប្រាក់គ្រប់គ្រាន់ក្នុងការជួលមេធាវី។
ប៉ុន្តែនៅដើមសប្តាហ៍នេះ មេធាវីមួយរូប ដែលធ្លាប់ការពារក្តីឱ្យបក្សប្រឆាំង គឺលោក ជូង ជូងី បានដាក់ពាក្យស្នើសុំការពារក្តីឱ្យលោក គឹម សុខ ក្រោយពីអ្នកវិភាគរូបនេះ ស្នើសុំឱ្យ លោកជួយការពារក្តី តាមផ្លូវច្បាប់។
លោកមេធាវីជូង ជូងី មានប្រសាសន៍ ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “បាទ! គាត់ពឹងពាក់ខ្ញុំ ដើម្បី ជួយការពារគាត់តាមផ្លូវច្បាប់ ហើយខ្ញុំគិតថា គាត់គួរតែទទួលបានការ ការពារក្តីពីមេធាវី ហើយអ៊ីចឹងខ្ញុំក៏សម្រេចចិត្តថា ជួយការពារឱ្យ គាត់ទៅតាមផ្លូវច្បាប់ទៅ។ ការពារនេះ ស្ម័គ្រ ចិត្ត គឺគាត់ពឹងពាក់ខ្ញុំ ហើយខ្ញុំក៏ស្ម័គ្រចិត្តការ ពារក្តីជូនគាត់ទៅតាមផ្លូវច្បាប់។ ខ្ញុំបានដាក់- ពាក្យការក្តីគាត់ទៅតុលាការរួចហើយ អ៊ីចឹង ក្រោយពីការដាក់ពាក្យការពារក្តីទៅ ខ្ញុំទៅជា មេធាវីស្របច្បាប់ការពារគាត់ ហើយខ្ញុំមាន គម្រោងដាក់ពាក្យ។ ល្ចាចហ្នឹង (២០កុម្ភៈ) ខ្ញុំ បានចូលទៅជួបគាត់នៅពន្ធនាគារ ដើម្បីផ្តល់ ការប្រឹក្សាច្បាប់ដល់គាត់ ហើយគាត់ក៏បាន ប្រគល់សិទ្ធិឱ្យខ្ញុំ ដើម្បីរៀបចំពាក្យសុំដោះលែង គាត់នៅក្រៅឃុំ។ ចំពោះការសង្ឃឹមយ៉ាងណា នោះ ខ្ញុំអត់ទានបានថតចម្លងសំណុំរឿងយកមក សិក្សានៅឡើយទេ អ៊ីចឹងចំពោះសាច់រឿងយ៉ាង ម៉េចពិតប្រាកដនោះ ខ្ញុំអត់ទាន់បានដឹងច្បាស់- លាស់ទេ ទាល់តែយើងបានឯកសារ បានសំណុំ រឿងយកមើល សិក្សាទៅ បានដឹងថា ផ្លូវច្បាប់ យ៉ាងម៉េច ហើយបំណងរបស់គាត់ គឺគាត់ចង់ ឱ្យយើងដាក់ពាក្យសុំដោះលែងគាត់នៅក្រៅ ឃុំ។ អ៊ីចឹងបំណងហ្នឹង គឺយើងនឹងធ្វើទៅតាម បែបបទផ្លូវច្បាប់ឱ្យគាត់”។
លោកជូង ជូងី មានប្រសាសន៍បន្តថា “ចំពោះការប៉ះពាល់សិទ្ធិ គឺគាត់រងការចោទ- ប្រកាន់ ហើយទី១ អ្វីដែលខ្ញុំចាប់អារម្មណ៍ តុលាការកោះហៅគាត់ ក្នុងរយៈពេលខ្លីពេក ធ្វើសំណុំរឿងចុះនៅថ្ងៃទី១៣ ខែកុម្ភៈ ហើយ តុលាការកោះហៅគាត់ចូលថ្ងៃទី១៧។ អ៊ីចឹង តែ៤ថ្ងៃមុន អ៊ីចឹងរយៈពេលខ្លីបែបនេះ ធ្វើឱ្យ ប៉ះពាល់សិទ្ធិរបស់គាត់ ដែលគាត់មិនអាចត្រៀម បាន ហើយគាត់រកមេធាវីមិនទាន់។ ទី២ គាត់ បានដាក់ពាក្យទៅតុលាការ ដើម្បីពឹងពាក់រក មេធាវី ប៉ុន្តែបែរជាតុលាការ មិនបានផ្តល់ឱកាស ឱ្យគាត់រកមេធាវី។ អ៊ីចឹងគឺប៉ះពាលទៅលើ សិទ្ធិស្របច្បាប់របស់គាត់ ដែលគាត់ត្រូវមាន មេធាវី ហើយម៉្យាងទៀត តែកាលណាភាគីឬ ក៏ជនត្រូវចោទ ប្រកាសថា ត្រូវរកមេធាវីបែប ហ្នឹង តុលាការត្រូវផ្តល់ឱកាសឱ្យគាត់។ ហើយ ម៉្យាងទៀត ខ្ញុំចាប់អារម្មណ៍ថា ការចោទប្រកាន់ គាត់ហ្នឹង គឺដូចជាគាត់មិនបង្កភាពច្របូកច្របល់ អីក្នុងសង្គម និយាយរួម គាត់ដូចអត់បានធ្វើអ្វី ដែលធ្វើឱ្យមានភាពវឹកវរក្នុងសង្គម ដូចជាអត់ ទេ។ អ៊ីចឹងចំណាត់ការហ្នឹង វាធ្វើឱ្យប៉ះពាល់ សិទ្ធិគាត់ខ្លាំង។ ជំហរខ្ញុំព្យាយាមការពារសិទ្ធិ គាត់ឱ្យបានល្អ ឱ្យអស់លទ្ធភាពដែលខ្ញុំអាចខំ បាន ដែលខ្ញុំអាចធ្វើទៅបាន”។គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក គី តិច មេធាវីការពារក្តីឱ្យលោកនាយករដ្ឋ- មន្ត្រីហ៊ុន សែន បានប្តឹងលោកគឹម សុខ ពីរ សំណុំរឿង។ សំណុំរឿងទីមួយ ប្តឹងលោកគឹម សុខ ថា បានអត្ថាធិប្បាយចោទប្រកាន់គណបក្ស ប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន និងទាមទារ សំណងជំងឺចិត្ត២ពាន់លានរៀល ស្មើនឹង៥០ម៉ឺន ដុល្លារនិងមួយករណី ទៀតគឺប្តឹងលោកគឹម សុខ ពីបទចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថា រៀបចំ ប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស ហើយរកមុខ ឃាតកមិនឃើញដោយស្នើសុំតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ១០លានរៀលផងដែរ។
កាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧ លោក គឹម សុខ បានដាក់ពាក្យសុំពន្យារពេលចូលទៅ បំភ្លឺនៅតុលាការតាមដីកាកោះ ដោយបញ្ជាក់ ហេតុផលថាមិនទាន់មានមេធាវីការពារក្តី ប៉ុន្តែ តុលាការច្រានចោលសំណើនោះ ទើបលោក គឹម សុខ ត្រូវបង្ខំចិត្តចូលបំភ្លឺតុលាការតាមដីកា កោះនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយលោកត្រូវបានតុលាការសម្រេចចោទ ប្រកាន់ និងឃុំខ្លួននៅពន្ធនាគារព្រៃស ជា បណ្តោះអាសន្ននៅរសៀលថ្ងៃនោះតែម្តង។
ទោះយ៉ាងណា មកដល់ពេលនេះ ក្រោយ ឮថា លោកគឹម សុខ រកបានមេធាវីការពារក្តី ខណៈកំពុងជាប់ឃុំ ទាំងអ្នកនាំពាក្យរាជរដ្ឋាភិបាល ទាំងអ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា បានសម្តែងការសាទរ ព្រោះជនជាប់ ចោទចាំបាច់ត្រូវតែមានមេធាវី ដែលជាការ ស្វែងរកការពារដោយផ្លូវច្បាប់ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា គឺជាការត្រឹមត្រូវតាម ច្បាប់ហើយដែលជនជាប់ចោទរកបានមេធាវី ការពារក្តីនោះ ដើម្បីជួយដោះបន្ទុកនៅតុលាការ។ ប៉ុន្តែលោកយល់ថា បើមានការអះអាងពីមេធាវី ថា ការឃុំខ្លួនក្តី ធ្វើឱ្យប៉ះពាល់ សិទ្ធិជាមូលដ្ឋាន នោះ ជាការបង្ហាញថា មេធាវីនោះ ជាមេធាវី នយោបាយ មិនមែនជាមេធាវី មានវិជ្ជាជីវៈ។
លោកផៃ ស៊ីផាន មានប្រសាសន៍ថា “ហ្នឹង ជាវិជ្ជាជីវៈរបស់មេធាវី ពីព្រោះមេធាវីរបស់ គឹម សុខ ហ្នឹង គឺគាត់ត្រូវតែមានការចាប់អា- រម្មណ៍អំពីទិសដៅក្នុងការធានានិងការពារនូវ ផលប្រយោជន៍របស់គាត់ អាហ្នឹងជារឿងធម្មតា អាហ្នឹងចំណុចទី១ ហើយចំណុចទី២ មេធាវី ហ្នឹងរកគ្រប់បែបយ៉ាង ដើម្បីដោះបន្ទុកពីការ ចោទប្រកាន់របស់តុលាការ អាហ្នឹងជារឿង ធម្មតា។ ប៉ុន្តែចំពោះការឃុំខ្លួន ធ្វើឱ្យប៉ះពាល់ សិទ្ធិជាមូលដ្ឋាន បើកាលណានិយាយអ៊ីចឹង និយាយប្រាសចាកពីគោលការណ៍ច្បាប់ហើយ ពីព្រោះគោលការណ៍ច្បាប់ គាត់មានទង្វើទី១ តើបន្ទុកតុលាការ ចោទយ៉ាងដូចម្តេចខ្លះ? ចោទ ទៅលើក្នុងទិដ្ឋភាពនៃការបញ្ចោញយោបល់ ចោទនៅក្នុងទិដ្ឋភាពវិទ្ធង្សនា ចោទនៅក្នុងទិដ្ឋ- ភាពដែលប៉ះពាល់ដល់សន្តិសុខជាតិ អាហ្នឹង ជារឿងដែលជាការចោទប្រកាន់ មិនមែនគាត់ និយាយនៅក្នុងសាច់រឿងហ្នឹងទេ ពីព្រោះអង្គ- ហេតុ វាមានរួចស្រេចហើយ ក៏ប៉ុន្តែការសម្រេច ដាក់បន្ទុកក្តី គឺព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញា ហ្នឹង ដែលគេស្វែងរកធាតុពិតថា ជាជ្រុងណា មួយដែលគេចោទ ឬក៏ទិដ្ឋភាពណាមួយដែល គេចោទ? អាហ្នឹងជាសារសំខាន់ណាស់ ហើយ ដែលការលើកឡើង ដោយសារបាត់សិទ្ធិនោះ អាហ្នឹងជាមេធាវីនយោបាយទេ មិនមែនជា មេធាវីវិជ្ជាជីវៈនៅក្នុងការតតាំងទៅលើអង្គ- ហេតុ និងអង្គច្បាប់នោះទេ។ ទោះយ៉ាងណា គាត់ (លោកគឹម សុខ) ត្រូវតែទទួលបានតាម ផ្លូវច្បាប់ គាត់ត្រូវតែទទួលបានមេធាវី ក្នុងកិច្ច- ការពារក្នុងផលប្រយោជន៍របស់គាត់ ពីព្រោះ ជនជាប់ចោទ គាត់អត់មានដឹងពីរឿងច្បាប់ទេ គាត់អត់ចេះនិយាយភាសាច្បាប់ ហើយគាត់ អត់ដឹងវិធាននៃច្បាប់ គាត់អត់ដឹងពីការដោះ- ស្រាយ តាមរយៈច្បាប់ទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ក្នុងនាមជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោកឯកភាពចំពោះ លោកគឹម សុខ ដែលបានស្នើសុំរកមេធាវីការ- ពារក្តីជូនលោក ដើម្បីតតាំងគ្នាតាមផ្លូវច្បាប់។ ប៉ុន្តែចំពោះការសង្ឃឹម ឬមិនសង្ឃឹមថា លោក គឹម សុខ បាននៅក្រៅឃុំឬយាងណានោះ អាស្រ័យនៅលើតុលាការ ហើយការសម្រេចឃុំ ខ្លួន ក៏អាស្រ័យលើតុលាការពិនិត្យបទពិរុទ្ធនៅ ក្នុងករណីនោះដែរ។
លោកសុខ ឥសាន មានប្រសាសន៍ថា “ខ្ញុំអត់មានចាប់អារម្មណ៍អីទេ គឺលោកជូង ជូងី ហ្នឹង គាត់ទទួលបន្ទុកការងារក្តីរបស់លោកគឹម សុខ ហ្នឹង តាមការស្នើសុំពីសាមីជនជារួម ហើយគាត់ថានឹងដាក់ពាក្យទៅតុលាការ ដើម្បី ឱ្យលោកគឹម សុខ នៅក្រៅឃុំ អាហ្នឹងជាការ អនុវត្តតាមគោលការណ៍ច្បាប់ហើយ។ អាហ្នឹង យើងចាំមើលលទ្ធផលថា តើការស្នើសុំហ្នឹងបាន សម្រេចទេ? ធ្វើត្រឹមត្រូវហើយ បើថា គាត់ ធ្វើស្នើទៅតុលាការអ៊ីចឹង បានសេចក្តីថា វាតាម រយៈតុលាការហ្នឹងហើយទើបយើងអាចដោះស្រាយបញ្ហាចេញនិងមិនចេញ។ ខ្ញុំមិនមែន សាទរអីទេ ឯកភាពទៅតាមនីតិវិធីដែលគាត់ធ្វើ ក្នុងនាមជាមេធាវី។ អាហ្នឹងជានីតិវិធីរបស់ តុលាការ ហើយជាឆន្ទានុសិទ្ធិរបស់តុលាការទេ ដែលគេចោទប្រកាន់ ព្រោះការចោទប្រកាន់នេះ នៅក្នុងសមត្ថកិច្ចជាតុលាការ មិនមែនអ្នកផ្សេង ក្រៅពីតុលាការចោទប្រកាន់ទេ។ អ៊ីចឹងខ្ញុំយល់ ថា បញ្ហាទាំងអស់នោះ សុទ្ធតែមានពិរុទ្ធភាព ហើយ និងមូលហេតុហើយ បានតុលាការអាច ចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នបាន។ យើងមិនអាចនិយាយជំនួយសតុលាការបាន ទេ យើងរង់ចាំលទ្ធផលដោះស្រាយរបស់តុលាការ វិញល្អជាង”។
ដោយឡែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា មិនបាន ធ្វើអត្ថាធិប្បាអ្វីច្រើនជុំវិញបញ្ហានេះទេ នៅ ពេល “នគរធំ” ទាក់ទងទៅលោកកាលពីម្សិល មិញ ដោយលោកប្រាប់ថា លោកជាប់រវល់នៅ ក្នុងសនាការ គឺលោកគ្រាន់តែបានផ្ញើសារតាម ប្រព័ន្ធទូរស័ព្ទ ឆ្លើយតបមក “នគរធំ” នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “លេខាធិការ ដ្ឋានរដ្ឋបាល បានទទួលពាក្យសុំការពារសិទ្ធិ របស់លោកមេធាវី ជូង ជូងី នៅក្នុងសំណុំរឿង លោកគឹម សុខ ហើយបានចាត់បញ្ជូនតាម នីតិវិធី ទៅចៅក្រមស៊ើបសួរទទួលបន្ទុកចាត់ការរឿងក្តីនេះ៕ កុលបុត្រ