Thursday, January 9, 2025
Homeព័ត៌មានជាតិបក្សកាន់អំណាច ប្រតិកម្ម អ្នកឃ្លាំមើលចោទប្រើប្រាស់៧មករា ភូតភរ បំបាក់ស្មារតីជាតិខ្មែរ

បក្សកាន់អំណាច ប្រតិកម្ម អ្នកឃ្លាំមើលចោទប្រើប្រាស់៧មករា ភូតភរ បំបាក់ស្មារតីជាតិខ្មែរ

ភ្នំពេញ ៖ ស្របពេលដែលគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) កំពុងធ្វើមីទ្ទីញអបអរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩- ៧មករា ២០២៥) អ្នកឃ្លាំមើលកម្ពុជា លោកម៉ែន ណាត បានចោទប្រកាន់ថា គណបក្សកាន់អំណាច ដែលមានសម្តេចហ៊ុន សែន ជាប្រធាននេះ បានប្រើប្រាស់ទិវា ៧មករា បន្តភូតភរ បំបែកបំបាក់ស្មារតីជាតិខ្មែរ។ ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្ម ដោយបញ្ជាក់ថា ការប្រារព្ធមហាមីទ្ទីញរំលឹកខួប ៤៦ឆ្នាំ នៃទិវា៧មករា នេះ គឺជាការបង្រួបបង្រួមកម្លាំងមហាសាមគ្គីជាតិ ដើម្បីទប់ស្កាត់រាល់ឧបាយកលពិសពុលរបស់ពួកខ្មាំងសត្រូវ ពួកក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំប្លែងខ្លឹមសារថ្ងៃ៧មករា ឲ្យទៅជាប្រការផ្សេងៗ ដើម្បីជាផលប្រយោជន៍នយោបាយរបស់ខ្លួន ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ថា គណបក្សប្រជាជនកម្ពុជា មិនអាចយកថ្ងៃ ៧មករា ភូតភរ បំបែកបំបាក់ស្មារតីជាតិខ្មែរ នោះទេ ពីព្រោះប្រជាជនកម្ពុជា ទូទាំងប្រទេស សុទ្ធតែរងទុក្ខវេទនាក្រោមរបបប៉ុល ពត ហើយត្រូវបានថ្ងៃ ៧មករា រំដោះឲ្យរួផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាត់ទុកថ្ងៃ ៧មករា ជាជីវិតទី២ របស់ខ្លួន មានថ្ងៃ ៧មករា ១៩៧៩ ទើបមានថ្ងៃ ២៩ ធ្នូ ១៩៩៨ ដែលជាទិវាសន្តិភាព ឬជាថ្ងៃបញ្ចប់សង្រ្គាម ទទួលបានសន្តិភាពទាំងស្រុង ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ត្រង់គាត់ថាម៉េចថាទៅ ជារឿងគាត់យល់ទេ តែការដែលប្រារព្ធអង្គមហាមិទ្ធិញរំលឹកខួប ៤៦ឆ្នាំ នៃទិវា ៧មករា នេះ គឺជាការបង្រួបបង្រួមកម្លាំងមហាសាមគ្គីជាតិ ដើម្បីទប់ស្កាត់រាល់ឧបាយកលពិសពុលរបស់ពួកខ្មាំងសត្រូវ ពួកក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំប្លែងខ្លឹមសារថ្ងៃ ៧មករា ឲ្យទៅជាប្រការផ្សេងៗ ដើម្បីជាផលប្រយោជន៍នយោបាយរបស់ខ្លួន ។ អ៊ីចឹងពីព្រឹកមិញនេះ សម្ដេច (ហ៊ុន សែន) បានលើកឡើងហើយថា ត្រូវរួបរួមកម្លាំងមហាសាមគ្គីជាតិ ដើម្បីទប់ស្កាត់រាល់មហិច្ឆតារបស់ពួកប្រឆាំង ។ អ៊ីចឹងវាអត់មានអីត្រូវធ្វើដូចពាក្យលោកម៉ែន ណាត និយាយទេ ព្រោះបើភូតភរ ក៏អត់បានដែរ ពីព្រោះប្រជាជនកម្ពុជា ទូទាំងប្រទេស សុទ្ធតែរងទុក្ខវេទនាក្រោមរបបប៉ុល ពត ហើយត្រូវបានថ្ងៃ ៧មករា រំដោះឲ្យរួផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហ្នឹង ។ អ៊ីចឹងអ្នកណាក៏ដឹងដែរ ដូច្នេះហើយ ទោះម៉ែន ណាត និយាយយ៉ាងម៉េច ក៏វាអត់មានអ្នកណាជឿំម៉ែន ណាត ដែរ គេជឿគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំតស៊ូដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ហ្នឹង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះគាត់ប្រើពាក្យថា ជាថ្ងៃវៀតណាមចូលឈ្លានពានកម្ពុជា ខ្ញុំសុំបញ្ជាក់ទៅវិញថា វៀតណាម ចូលមកជួយប្រជាជនកម្ពុជា មាន! ក៏ប៉ុន្តែឈ្លានពាន អត់មានទេ ។ បើចាំអង្គការសហប្រជាជាតិ បើចាំប្រទេសលោកខាងលិចមកជួយហ្នឹង មិនដឹងជាជីវិតប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសហ្នឹង នឹងត្រូវបាត់បង់ជីវិតទៅអស់ហើយ ។ អ៊ីចឹងគឺថាជាសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា តាមរយៈរណសិរ្សសាមគ្គីសង្គ្រោះជាតិហ្នឹង គឺកងទ័ពស្ម័គ្រចិត្តវៀតណាម លោកជួយទាន់ពេលវេលា ។ អ៊ីចឹងទេ ក្នុងរយៈពេលតែ ១ខែ គឺរំដោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ហ្នឹងឯង អ្នកណាក៏ដឹងដែរ ។ អ៊ីចឹងទេ បានប្រជាជនកម្ពុជា ទូទាំងប្រទេស គេចាត់ទុកថា ថ្ងៃ៧មករា នេះ ជាជីវិតទី២ របស់ខ្លួនរៀងៗខ្លួន ទោះក្មេងជំនាន់ក្រោយក្ដី ហើយម៉ែន ណាត ហ្នឹង ដែលរត់ភៀសខ្លួនទៅប្រទេសន័រវេយ៍ អីក៏រស់ដោយសារថ្ងៃ៧មករា ដែរ បានៗរត់គេចទៅបាន» ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ទាក់ទងដល់ការកសាងស្ដូប អាហ្នឹងគ្រាន់តែជាស្ដូបអនុស្សាវរីយ៍ ដើម្បីចំណាំទុកថា នេះហើយការរំដោះបាននូវប្រទេសជាតិ អាយុជីវិតប្រជាជន ក៏ដូចជាទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា លទ្ធិប្រជាធិបតេយ្យ ដែលមាននៅកម្ពុជា បច្ចុប្បន្ននេះ គឺដោយសារថ្ងៃ ៧មករា ហ្នឹងឯង ។ ដូច្នេះក្នុងឱកាសខួប ៤៦ឆ្នាំ នៃទិវា ៧មករា នេះ ខ្ញុំយល់ថា ប្រជាជនកម្ពុជា ទូទាំងប្រទេស សុទ្ធតែបានឆ្លងកាត់ទុក្ខវេទនា និងអំពើវិនាសកម្មដែលបង្កឡើងដោយរបបប៉ុល ពត ប្រល័យពូជសាសន៍ហ្នឹងហើយ ។ អ៊ីចឹងបងប្អូនយល់ដឹងទាំងអស់គ្នាហើយ អ្នកដែលសាកល្បង បានដឹង ហើយអ្នកដែលឆ្លងកាត់ បានដឹង ។ អ៊ីចឹងទេការដែលបានរំដោះដោយថ្ងៃ៧មករា នេះ គឺវាថ្លៃថ្លាណាស់ មិនអាចឲ្យបងប្អូនបំភ្លេចបាននូវគុណូបការៈដ៏ធ្ងន់របស់ថ្ងៃ ៧មករា បានទេ ទោះអ្នកណាថាអីថាទៅ ពីព្រោះជីវិតបងប្អូនបានរួចរស់ដោយសារថ្ងៃ៧មករា ។ អ៊ីចឹងបានជាបងប្អូនចាត់ទុកថ្ងៃ ៧មករា ជាជីវិតទី២ របស់ខ្លួនហ្នឹងឯង ។ អាពាក្យថា ជីវិតនេះ គឺថាវាគ្មានអ្នកណាមកអាចលុបបំបិទបំបាំងបានទេ ហើយជំហរគណបក្សប្រជាជន នៅតែរក្សាស្មារតីថ្ងៃ៧មករា ឲ្យបានជាអមតៈយូរអង្វែងតទៅ ពីព្រោះប្រជាជន មានការគាំទ្រ មានការអបអរសាទរ និងប្រជាជនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដើរតាមគណបក្សប្រជាជន ក្នុងការការពារថ្ងៃ៧មករា នេះ បានគង់វង្សយូរអង្វែង មានថ្ងៃ៧មករា ទើបយើងមានថ្ងៃ២៩ធ្នូ ឆ្នាំ១៩៩៨ នេះ ដែលយើងមានសន្ដិភាព ២៦ឆ្នាំហើយនេះ គឺថាមិនអាចឲ្យមហិច្ឆតា អានុភាពប្រតិកិរិយាណាមកបំបិទបំបាំងបានទេ“ ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានវេទិកាពលរដ្ឋ ដែលកំពុងរស់និរទេសនៅទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវេយ៍ បានចេញសេចក្ដីថ្លែងការណ៍ថា រាជរដ្ឋាភិបាលនៃគ្រួសារសម្ដេចហ៊ុន សែន បានប្រើប្រាស់ទិវា ៧មករា ខួប៤៦ឆ្នាំ បន្តភូតភរ បំបែកបំបាក់ស្មារតីជាតិខ្មែរ ដោយលាក់បាំងអំពើឈ្លានពានរបស់វៀតណាម មកលើកម្ពុជា ។សេចក្តីថ្លែងការណ៍របស់លោកម៉ែន ណាត ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ មានខ្លឹមសារថា «រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ប្រើប្រាស់ទិវា ៧មករា ខួប ៤៦ឆ្នាំ បន្តភូតភរ បំបែកបំបាក់ស្មារតីជាតិខ្មែរ ដោយលាក់បាំងអំពើឈ្លានពានរបស់វៀតណាម មកលើកម្ពុជា។

ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ប្រើប្រាស់វេទិការំឭកខួបថ្ងៃ៧ ខែមករា ជាទិវាដឹងគុណប្រទេសវៀតណាម ដែលបានលើកបន្តុបពួកគេឲ្យមានអំណាច និងមានទ្រព្យសម្បត្តិមហាសាល ពីការកេងប្រវ័ញ្ចជាតិ នៅក្រោមលេសថា «វៀតណាមជួយរំដោះពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហម»។ ការជួយរំដោះពលរដ្ឋខ្មែរ កាលនោះ ពិតមែនជាការគួរតែអរគុណមែនហើយ ប៉ុន្តែអ្វីដែលនៅពីខាងក្រោយខ្នងនៃរឿងរ៉ាវទាំងស្រុងនោះ គឺជាការឈ្លានពានប្រទេសកម្ពុជា ពីព្រោះវៀតណាម បានត្រួតត្រាជាផ្លូវការ មកលើកម្ពុជា រយៈពេល ១០ឆ្នាំ ដោយរំលោភច្បាប់អន្តរជាតិ និងបានបង្ខំឲ្យភាគីកម្ពុជា ដែលនៅក្រោមអំណាចរបស់ខ្លួន ធ្វើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើន រួមទាំងសន្ធិសញ្ញាព្រំដែនរដ្ឋ ឆ្នាំ១៩៨៥, កិច្ចព្រមព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ បង្ខំឲ្យ «ទទួលស្គាល់កោះត្រល់ ចង្កោមកោះក្រចកសេះ ជារបស់វៀតណាម» និងសារាចរណែនាំ ទទួលយកនិគមជនវៀតណាម (ជនអន្តោប្រវេសន៍) មករស់នៅកម្ពុជា។

សព្វថ្ងៃនេះ រដ្ឋាភិបាលនៃគ្រួសារលោកហ៊ុន សែន នៅតែបន្តស្មារតីទិវា ៧មករា ដើម្បីភូតភរ ធ្វើប្រជាភិថុតិ បំបែកបំបាក់ស្មារតីខ្មែរគ្នាឯង និងបង្កើតទស្សនៈឲ្យភាន់ច្រឡំប្រវត្តិសាស្ត្រទៀតផង។ ក្នុងន័យនេះ រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ល្មមដល់ពេលបញ្ចប់នយោបាយអសុចរិតទាំងនោះ ហើយក៏ត្រូវបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញ បញ្ឈប់ការបំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយទម្លាក់ចោលបទចោទនានា និងដោះលែងដោយគ្មានលក្ខខណ្ឌ ចំពោះអ្នកនយោបាយ គណបក្សជំទាស់ សកម្មជនសង្គម សកម្មជនបរិស្ថាន និងពលរដ្ឋរងគ្រោះអយុត្តិធម៌ទាំងអស់»។

សេចក្តីថ្លែងការរបស់លោកម៉ែន ណាត បានបន្តថា «ដើម្បីស្តារមុខមាត់ប្រទេសកម្ពុជា ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមអំពាវនាវឲ្យរដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន វិលមកដើរតាមគន្លងប្រជាធិបតេយ្យ និងស្តារសិទ្ធិមនុស្សឡើងវិញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាពិសេស សូមប្រើប្រាស់វេទិកា ៧មករា ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ ដូចជា ៖

១. ត្រូវកសាងទំនុកចិត្តពលរដ្ឋខ្មែរ ឡើងវិញ ជាការផ្សះផ្សាផ្លូវចិត្តគ្រប់និន្នាការនយោបាយ «ដើម្បីឯកភាជាតិ»។

២. ត្រូវទម្លាក់ចោលទាំងស្រុងបទចោទប្រកាន់ចំពោះលោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី លោក ស៊ុន ចន្ធី និងអ្នកជាប់ឃុំមនសិការទាំងអស់ ដែលជាយន្តការការពារប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និងត្រូវចរចាឡើងវិញអំពីប្រព័ន្ធអនុគ្រោះពន្ធ GSP ជាមួយសហរដ្ឋអាមេរិក ព្រមទាំងលក្ខខណ្ឌល្អៗជាច្រើនទៀត ពីសហគមន៍អន្តរជាតិ។

៣. ត្រូវលុបចោសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាម ដែលផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ម្យ៉ាងទៀត ត្រូវរុះរើចេញនូវស្តូបវៀតណាម នៅតាមខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ហើយជនអន្តោប្រេសន៍វៀតណាមខុសច្បាប់ ក៏ត្រូវរៀបចំបញ្ជូនទៅប្រទេសដើមវិញ។

៤. ត្រូវប្តឹងប្រទេសវៀតណាម សើរើទាមទារកោះត្រល់ និងទឹកដីដែលបាត់បង់ មកជូនពលរដ្ឋខ្មែរ វិញ តាមយន្តការកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងតុលាការអន្តរជាតិ»។

សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បន្តថា «ទិដ្ឋភាពប្រវត្តិសាស្ត្រ និងច្បាប់ ៖ ទិវា ៧មករា វាមិនមែនជាថ្ងៃកំណើតទី២ ដែលនាំមកសន្តិភាពពិតប្រាកដ ដូចការ អះអាងរបស់រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន និងមន្រ្តីគណបក្សប្រជាជនកម្ពុជា (CPP) នោះទេ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ (១០ឆ្នាំ) ជារយៈពេលដែលប្រទេសវៀតណាម ត្រួតត្រាកម្ពុជា ជាផ្លូវការ នូវទឹកដីមួយភាគធំ ហើយក៏ជារយៈពេលដែលអង្គការសហប្រជាជាតិ (UN) មិនទទួលស្គាល់រដ្ឋាភិបាលនេះទេ នៅក្រោមហេតុផលថា «កងទ័ពវៀតណាម ឈ្លានពានកម្ពុជា និងរំលោភច្បាប់អន្តរជាតិ»។

ជុំវិញបរិបទទិវា៧មករា នេះ មាន ៥ចំណុច ដូចក្រោម ៖

១. វៀតណាម យកលេស «គុណបំណាច់ថ្ងៃ ៧មករា» បានបញ្ជួនពលរដ្ឋរបស់ខ្លួន រាប់លាននាក់ មករស់នៅកម្ពុជា រួមទាំងកងទ័ព ប្រមាណ ២០ម៉ឺននាក់ ហើយតម្រូវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ កាលនោះ ត្រូវជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ដល់ពួកគេទៀតផង ស្របតាមសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ និងសារាចរណែនាំ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ១៩៨៦។ ឯកសារទាំងនោះ ត្រូវបានឲ្យដាក់ជា «មោឃភាព ឬលុបចោល» ពីព្រោះថា វាខុសច្បាប់ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ និងមានរដ្ឋាភិបាលថ្មី ឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ (អ.ស.ប. ហៅថា UNTAC) រួចមក ពួកនិគមនជនវៀតណាម នៅកម្ពុជា ត្រូវបានចាត់ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមានកំណត់ក្នុងច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និងច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦។

២. នៅអំឡុងពេលវៀតណាម ត្រួតត្រាប្រទេសកម្ពុជា នោះ អង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិនានា ចាត់ទុកថា «វៀតណាម ឈ្លានពានប្រទេសកម្ពុជា» ហើយបានហៅ រដ្ឋាភិបាលទីក្រុងភ្នំពេញ របស់លោក ហ៊ុន សែន លោក ហេង សំរិន ថាជារដ្ឋាភិបាលខុសច្បាប់។ ម្ល៉ោះហើយអាសនៈរបស់កម្ពុជា នៅ អ.ស.ប. (UN) នៅតែទុកឲ្យរដ្ឋាភិបាលខ្មែរក្រហម ជាអ្នកកាន់កាប់បន្ត។

៣. នៅអំឡុងពេលត្រួតត្រា ឆ្នាំ១៩៧៩-១៩៨៩ វៀតណាម បានបង្ខំឲ្យរដ្ឋាភិបាលហ៊ុន សែន ចុះហត្ថលេខាលើសន្ឋិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់ ជាច្រើន ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួន ដូចជាសន្ធិសញ្ញាស្តីពីមិត្តភាពនិងសហប្រតិបត្តិការ ឆ្នាំ១៩៧៩, កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ខែកក្កដា ឆ្នាំ១៩៨២ ដោយដាក់បញ្ចូលកោះត្រល់ ទាំងមូលផង, កិច្ចព្រមព្រៀងស្តីពីលក្ខន្តិកៈព្រំដែនគោក ឆ្នាំ១៩៨៣ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ខែធ្នូ ឆ្នាំ១៩៨៥ រួមទាំងឯកសារជាច្រើនទៀត។ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងអស់នោះ តម្រូវឲ្យដាក់ជា «មោឃភាព ឬលុបចោល» ពីព្រោះវាខុសច្បាប់ ដែលបានកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣។

៤. សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម រវាងកម្ពុជា-វៀតណាម ឆ្នាំ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ដែលផ្អែកលើមូលដ្ឋានសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ «ជាសន្ធិសញ្ញាខុសច្បាប់» មកផ្តល់សច្ចាប័នឡើងវិញ សុទ្ធតែធ្វើឲ្យកម្ពុជា ខាតបង់បូរណភាពទឹកដីទៅវៀតណាម។ ឧទ្ទាហរណ៍ ភូមិកំណើតលោក ហេង សំរិន អតីតប្រធានរដ្ឋសភា នៅភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ត្រូវបាន «ដោះដូរ» ជាមួយវៀតណាម ដោយយកដីខ្មែរ មួយចំណែកទៀត នៅស្រុកមេមត់ ទៅ «ដោះដូរ» ដែលហៅថា «យកដីខ្មែរ ដោះដូរជាមួយដីខ្មែរ ឲ្យទៅវៀតណាម» នៅប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។

ដោយហេតុនេះហើយ ក្រុមអ្នកជំនាញកិច្ចការព្រំដែនឯករាជ្យ បានប្រឆាំងជំទាស់នឹងរដ្ឋាភិបាលនៃលោកហ៊ុន សែន។ ការប្រឆាំងជំទាស់នេះ ក៏ព្រោះតែអ្នកជំនាញ និងអ្នកធ្វើកិច្ចការព្រំដែនទាំងនោះ ចង់ការពារ «មរតករបស់អាណានិគមបារាំង» ដែលថា ព្រំដែនកម្ពុជា និងវៀតណាម មានបង្គោលព្រំដែនរួចហើយ គឺចំនួន ១២៤បង្គោល ស្របតាមអនុសញ្ញាបារាំង (កូសាំងស៊ីន)-កម្ពុជា ពីឆ្នាំ១៨៧៣ ដែលត្រូវបានកំណត់ក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ របស់កម្ពុជា សព្វថ្ងៃ។

៥. ជាយុទ្ធសាស្រ្តរបស់វៀតណាម ភ្ជាប់ជាមួយការផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃ ធ្វើឲ្យរដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ខំប្រឹងប្រែងជំរុញកសាងនិងជួសជុលឡើងវិញនូវរូបស្តូបអនុស្សាវរីយ៍ (មិត្តភាពកម្ពុជា-វៀតណាម-ឡាវ ឬហៅថា ស្តូបវៀតណាម) នៅគ្រប់ខេត្ត-ក្រុង នៅកម្ពុជា រួមទាំងវិមានឈ្នះ-ឈ្នះ នៅក្រុងភ្នំពេញ ផង គឺជាសក្ខីកម្មបន្ថែមទៀត នាំឲ្យមានការបែកបាក់ស្មារតីជាតិខ្មែរ និងបង្កហានិភ័យធ្ងន់ធ្ងរដល់កម្ពុជា ទៅថ្ងៃក្រោយ»៕ កុលបុត្រ

RELATED ARTICLES