ភ្នំពេញ ៖ ស្របពេលដែលលោកសម រង្ស៊ី អតីតមេប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) កំពុងបន្តរស់និរទេសនៅប្រទេសបារាំង បន្តធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈចលនាជាតិតស៊ូ និងប្រកាសធ្វើយុទ្ធនាការផ្ការីក និងស្របពេលដែលលោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលកំពុងស្ថិតនៅក្នុងស្រុក ត្រូវតុលាការសើរើក្ដីឡើងវិញនោះ សកម្មជនប្រឆាំង បានលើកសរសើរពីអ្នកនយោបាយប្រឆាំងទាំងពីររូបនេះដែលធ្លាប់ចាប់ដៃគ្នាពីមុនមកនោះថា គឺជាអ្នកនយោបាយស្អាតស្អំ មិនជំពាក់ទ្រព្យ ហើយជានិមិត្តរូបអ្នកប្រជាធិបតេយ្យ ដែលអ្នកនៅក្រៅស្រុក ដើរតាមលោកសម រង្ស៊ី ឯអ្នកក្នុងស្រុក ដើរតាមលោករ៉ុង ឈុន ។
លោក ផន ផាន់ណា អតីតអនុប្រធានយុវជនគណបក្សភ្លើងទៀន និងជាអតីតសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ជាអតីតសហការីលោកសម រង្ស៊ី ដែលបាននាំប្រពន្ធកូនរត់ភៀសខ្លួនទៅដល់សហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “អ្នកនយោបាយដែលមិនជំពាក់ទ្រព្យ ស្អាតស្អំ អ្នកក្រៅស្រុក ដើរតាមលោកសម រង្ស៊ី អ្នកនៅក្នុងស្រុក ដើរតាមលោកគ្រូ រ៉ុង ឈុន។ ជយោកម្ពុជា អមតៈ! “។
ជាមួយគ្នានោះដែរ លោក គង់ រ៉ៃយ៉ា អតីតបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំ នៃគណបក្សភ្លើងទៀន ដែលបានរត់ចូលគណបក្សប្រជាជនកម្ពុជា បានមួយរយៈខ្លី ក៏រត់ចេញវិញ ហើយបាននាំប្រពន្ធកូនរត់ភៀសខ្លួនទៅដល់ទឹកដីសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “ក្នុងនាមខ្ញុំជាយុវជនខ្មែរម្នាក់ ខ្ញុំនឹងដើរតាមលោកគ្រូ រ៉ុង ឈុន! លោកគ្រូ រ៉ុង ឈុន គឺជាវីរបុរសខ្មែរ!“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក គង់ រៃយ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ថា ជាការយល់ឃើញរបស់លោក មិនថាប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុក ឬនៅក្រៅស្រុកទេ សុទ្ធសឹងតែជាអ្នកគាំទ្រលោកសម រង្ស៊ី និងលោករ៉ុង ឈុន ពីព្រោះពួកគាត់ទាំងពីរ សុទ្ធសឹងតែជាបុគ្គលដែលស្អាតស្អំ មិនជាប់ជំពាក់នឹងលាភសក្ការៈ មិនមានប្រវត្តិរឿងអាស្រូវស្នេហាផ្សេងៗ ជាបញ្ញវន្តខ្មែរ ដែលបានលះបង់អ្វីគ្រប់យ៉ាង ដើម្បីតែមាតុភូមិកម្ពុជា ។
លោក គង់ រៃយ៉ា បានមានប្រសាសន៍ថា “បាទ! ខ្ញុំប្រកាសថា ជាយុវជនខ្មែរម្នាក់ ហើយដើរតាមលោកគ្រូ រ៉ុង ឈុន ដោយសារតែខ្ញុំយល់ថា លោកគ្រូ រ៉ុង ឈុន គឺជាវីរបុរសខ្មែរ ពីព្រោះគាត់បានលះបង់មួយជីវិតគាត់ដើម្បីប្រទេសជាតិ សូម្បីតែអាយុជីវិតគាត់ ក៏គាត់មិនខ្វល់ គាត់មិនបានគិតអំពីការមានបាន គាត់ស្ទើរតែមិនគិតអំពីការបង្កើតគ្រួសារ ដើម្បីគាត់មានពេលវេលាគ្រប់គ្រាន់ ដើម្បីគិតគូរ និងធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីប្រទេសកម្ពុជា ហើយទោះបីជាលោកគ្រូ រ៉ុង ឈុន គាត់ធ្លាប់ជាប់ពន្ធនាគារ ចំនួន២ដងរួចមកហើយ ប៉ុន្តែគាត់មិនដែលបានបោះបង់នូវសកម្មភាពរបស់គាត់ ដើម្បីប្រទេសកម្ពុជា នោះទេ គាត់នៅតែបន្តសកម្មភាពរបស់គាត់ ទោះបីជាគាត់ធ្លាប់ដើរតួជាសហជីព ក៏ដោយ ហើយឥឡូវគាត់ដើរតួជាមន្រ្តីរបស់គណបក្សនយោបាយ ក៏ដោយ ប៉ុន្តែគ្រប់សកម្មភាពរបស់គាត់ តាំងពីដើមរៀងមក និងទៅអនាគត គឺដើម្បីតែប្រទេសកម្ពុជា ។ ចំពោះមានការលើកឡើងថា អ្នកក្រៅស្រុកដើរតាមលោកសម រង្ស៊ី ហើយអ្នកនៅក្នុងស្រុក គឺដើរតាមលោកគ្រូ រ៉ុង ឈុន នោះ នោះគឺជាទស្សនៈរបស់គេ ប៉ុន្តែខ្ញុំយល់ថា មិនថាប្រជាពលរដ្ឋខ្មែរ អ្នកនៅក្នុងស្រុក ឬនៅក្រៅស្រុកទេ ពួកគាត់គឺសុទ្ធសឹងតែជាអ្នកគាំទ្រលោកសម រង្ស៊ី ហើយនិងលោកគ្រូ រ៉ុង ឈុន ពីព្រោះពួកគាត់ទាំងពីរ សុទ្ធសឹងតែជាបុគ្គលដែលស្អាតស្អំ ដែលមិនជាប់ជំពាក់នឹងលាភសក្ការៈ ហើយក៏មិនមានប្រវត្តិរឿងអាស្រូវស្នេហាផ្សេងៗ ហើយពួកគាត់ទាំង២រូបនេះ គឺសុទ្ធតែជាបញ្ញវន្តខ្មែរ ដែលបានលះបង់អាយុជីវិតរបស់ពួកគាត់ លះបង់អ្វីគ្រប់យ៉ាងរបស់ពួកគាត់ ដើម្បីតែមាតុភូមិកម្ពុជា“ ។
ដោយឡែក លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល ដែលជាកូនធម៌លោកសម រង្ស៊ី សព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកសម រង្ស៊ី គឺជាបុគ្គលម្នាក់ដែលស្អាតស្អំ ហើយពាក្យថាស្អាតស្អំនេះ មិនត្រឹមតែពលរដ្ឋធម្មតាជាអ្នកនិយាយទេ សូម្បីតែសម្ដេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលនៅមានព្រះជន្ម ក៏ធ្លាប់មានព្រះរាជបន្ទូលថា លោកសម រង្ស៊ី គឺជា Mr Clean (បុរសស្អាតស្អំ) ។ ចំណែកលោករ៉ុង ឈុន បើទោះបីទទួលរងនូវការធ្វើបាប ការគំរាមកំហែងតាមផ្លូវច្បាប់យ៉ាងណាក៏ដោយ ក៏គាត់មិនចុះញ៉ម នៅតែបន្តនូវឆន្ទៈ ឧត្ដមគតិ ស្រលាញ់ជាតិ បម្រើពលរដ្ឋរបស់គាត់ ។ ដូច្នេះមនុស្សទាំងពីររូបនេះ សុទ្ធសឹងតែជាមនុស្សស្អាតស្អំ មនុស្សដែលពលរដ្ឋអាចជឿទុកចិត្តបាន ហើយស័កិ្ដសមជាមេដឹកនាំប្រទេស បើមានឱកាសដឹកនាំប្រទេស ។
លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “នេះជាការមើលឃើញរបស់ប្រជាពលរដ្ឋខ្មែរ ព្រោះឥឡូវនេះយើងដឹងស្រាប់ហើយ យើងមិនចាំបាច់ទៅប្រម៉ូត យើងមិនចាំបាច់ទៅជម្រាបប្រាប់ទៅប្រជាពលរដ្ឋថា អ្នកណាស្អាតស្អំ អ្នកណាអាក្រក់ អ្នកណាល្អទេ ព្រោះអ្វីៗគ្រប់យ៉ាង គឺពលរដ្ឋគាត់ចេះពិចារណា គាត់ចេះយល់ឃើញ គាត់ចេះថ្លឹងថ្លែងដោយខ្លួនឯងហើយ ហើយអ្នកនយោបាយចាស់ទុំ អ្នកធ្វើនយោបាយជាច្រើនឆ្នាំ ច្រើនវស្សាមកហ្នឹង គឺថា គាត់បានបង្ហាញហើយ អំពីកិត្តិយសរបស់គាត់ អំពីការតស៊ូរបស់គាត់ ថាស្អាតស្អំ ស្មោះត្រង់ចំពោះជាតិ តើអ្នកនយោបាយណាខ្លះធ្វើនយោបាយដើម្បីប្រទេសជាតិ? អ្នកនយោបាយណាខ្លះធ្វើដើម្បីបក្ខពួក គ្រួសាររបស់ខ្លួនឯង? អ៊ីចឹងពលរដ្ឋគាត់អាចថ្លឹងថ្លែងបានហើយ ។ ដូច្នេះការយល់ឃើញរបស់ប្រជាពលរដ្ឋហ្នឹង គឺមិនខុសទេ ហើយសម្រាប់រូបខ្ញុំផ្ទាល់ក៏មើលឃើញដូចគ្នាដែរ ថាលោកប្រធាន សម រង្ស៊ី គឺជាបុគ្គលម្នាក់ដែលស្អាតស្អំ ហើយពាក្យថាស្អាតស្អំនេះ មិនត្រឹមតែយើងពលរដ្ឋធម្មតាទេ សូម្បីតែសម្ដេចតា សម្ដេចតាទួត ព្រះអង្គក៏បានមានព្រះរាជបន្ទូលថា លោកប្រធាន សម រង្ស៊ី គឺជា Mr Clean ។ អ៊ីចឹងអន្តរជាតិក៏ដូចគ្នាដែរ គេមើលឃើញនូវភាពស្អាតស្អំរបស់គាត់ ថាស័ក្ដិជាមេដឹកនាំ ដែលដឹកនាំប្រទេសកម្ពុជា បើសិនជាគាត់មានឱកាសក្នុងការដឹកនាំប្រទេសកម្ពុជា គឺពិតជាទៅរកលទ្ធិប្រជាធិបតេយ្យ ដោយសារតែមនុស្សដូចលោកប្រធាន សម រង្ស៊ី នេះ គាត់បានរៀនសូត្រច្រើនអំពីលទ្ធិប្រជាធិបតេយ្យ ហើយគាត់យល់ច្រើនអំពីសេដ្ឋកិច្ច“ ។
លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍បន្តថា “ដូច្នេះហើយ យើងយល់ថា ភាពស្អាតស្អំរបស់គាត់ តាំងពីគាត់ធ្វើជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ មកហ្នឹង គឺថាដំឡើងប្រាក់ខែ ដល់មន្រ្តីរាជការ ក៏ដូចជារកប្រាក់ចំណូលដល់រដ្ឋហ្នឹង គឺច្រើនមែនទែន ។ នេះហើយជាភាពស្អាតស្អំរបស់គាត់ ដែលគាត់បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋរបស់គាត់ ប្រទេសជាតិរបស់គាត់ ។ អ៊ីចឹងពលរដ្ឋឲ្យឈ្មោះគាត់ ជឿជាក់គាត់ គឺយើងបានឃើញស្រាប់ហើយ គឺលទ្ធផលបោះឆ្នោត២០១៣ ហ្នឹង ។ សម្រាប់លោកគ្រួ រ៉ុង ឈុន គឺយើងបានឃើញដូចគ្នា ពីភាពអង់អាចក្លាហានរបស់គាត់ មិនចុះញ៉ម មិនចុះចាញ់ ទោះបីជាគាត់ធ្លាប់ជាប់ពន្ធនាគារ គាត់ធ្លាប់គេគំរាមកំហែង គេធ្វើបាបគាត់សព្វគ្រប់បែបយ៉ាងក៏ដោយ ក៏គាត់មិនព្រមចុះចូល ចុះចាញ់ គាត់នៅតែតស៊ូ ទោះបីជាគាត់ធ្វើបានធំ ឬតូច ឬតិចតួចក៏ដោយ ប៉ុន្តែគាត់នៅតែធ្វើ គាត់នៅតែមិនឈប់ ហើយគាត់នៅតែបន្តនូវឆន្ទៈ ឧត្ដមគតិ ស្រលាញ់ជាតិ បម្រើពលរដ្ឋរបស់គាត់ ។ អ៊ីចឹងយើងមើលឃើញថា ការដឹកនាំ ការបម្រើនយោបាយ ដើម្បីបុព្វហេតុជាតិនេះ មិនមែនជាបុព្វហេតុបុគ្គល ឬក៏ក្រុមគ្រួសារនេះ គឺយើងឃើញថា មនុស្សទាំងពីររូបខាងលើហ្នឹង គឺថាគឺសុទ្ធសឹងតែជាមនុស្សស្អាតស្អំ មនុស្សដែលពលរដ្ឋអាចទុកចិត្តបាន ពលរដ្ឋអាចជឿជាក់បាន ហើយនិងបោះឆ្នោតជូនដល់គណបក្សដែលគាត់គាំទ្របាន ដើម្បីដឹកនាំប្រទេស ។ អ៊ីចឹងយើងឃើញហើយពីស្អាតស្អំរបស់មនុស្សម្នាក់ៗ គឺពលរដ្ឋជាអ្នកឲ្យតម្លៃទេ ដែលខ្ញុំយល់ស្របដូចការយល់ឃើញរបស់ពួកគេ“ ៕ កុលបុត្រ