Sunday, January 12, 2025
Homeព័ត៌មានសិល្បៈលោកគួច ខេវិនៈ ករណីគ្រោះថ្នាក់ចរាចរណ៍លោកលើផ្លូវ៦០ម៉ែត្រ ជាសោកនាដកម្ម ជនបង្កគឺជាពួកប្រមឹកស្រវឹងដាបល្មើសនឹងបំរាមបើកបរ       

លោកគួច ខេវិនៈ ករណីគ្រោះថ្នាក់ចរាចរណ៍លោកលើផ្លូវ៦០ម៉ែត្រ ជាសោកនាដកម្ម ជនបង្កគឺជាពួកប្រមឹកស្រវឹងដាបល្មើសនឹងបំរាមបើកបរ       

ភ្នំពេញ៖លោកគួខ ខេវិន បានបង្ហាញអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងនៅពេលដែលត្រឹមតែរយៈ១សប្ដាហ៍សោះគ្រោះថ្នាក់ចរាចណ៍នៅលើបណ្ដោយផ្លូវ៦០ ម៉ែត្រ រាជធានីភ្នំពេញ បណ្ដាលឲ្យស្លាប់មនុស្សដល់ទៅ៤នាក់ បន្សល់ការឈឺចាប់ដល់ក្រុមគ្រួសាររងគ្រោះ ខណៈដែលជនបង្កភាគច្រើនគឺផឹកស្រវឹងបើកបរគ្រោះថ្នាក់ដល់ជីវិតអ្នកដំណើរតាមផ្លូវ។ជាមួយគ្នានេះដែរលោកគួច ខេវិន បានសំណូមពរឲ្យអ្នកជំនាញច្បាប់គួរតែកាត់ទោសអ្នកបើកបរស្រវឹងដែលជិះរថយន្ដស្លាកលេខ«នប» និង«ខម » ឲ្យស្មើភាព កុំបុក​គេស្លាប់បាត់តៃកុងឡាន ប្ដូរតៃកុងឡាន …។

 លោកគួច ខេវិន ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានបង្ហោះសារនៅលើហ្វេសបុកកាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែ១ ថា«ត្រឹមតែក្នុង១សប្តាហ៍កន្លងទៅសោកនាដកម្មនៃគ្រោះថ្នាក់ចរាចរនៅលើបណ្តោយផ្លូវ៦០ម៉ែត្របានសម្លាប់ជីវិតមនុស្ស ធ្វើឱ្យរងរបួសនិងរងពិការភាពមួយជីវិត ក្នុងនោះមានទាំងកុមារតូចៗដែលពុំទាន់ដឹងក្តីគួរឱ្យរន្ធត់និងសង្វេគជាពន់ពេក ជនបង្កគឺជាពួកប្រមឹកស្រវឹងដាបល្មើសនឹងបំរាមបើកបរ។ ជារឿយៗហើយញឺកញាប់ការបើករថយន្តបុករួចបើករត់បានក្លាយជាវប្បធ៌មរបស់ពួកប្រមឹកដែលចំ​ណោមនោះមានទាំងមន្ត្រីរាជការ យោធា នគរបាលដែលជាអ្នកប្រតិបត្តិច្បាប់ផងដែរ។ ច្រើនទសវត្សរ៍កន្លងទៅមនុស្សខ្មែរជា ច្រើនបានស្លាប់ដោយសារគ្រាប់កាំភ្លើង គ្រាប់បែក គ្រាប់មីននៃភ្លើងសង្គ្រាម តែរហូតមកដល់ស្រុកទេសមានសុខសន្តិភាពពេញលេញមនុស្សខ្មែរក្នុងអត្រាខ្ពស់នៅតែត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បង្កពីជនស្រវឹងជោគជាំ ហើយបើក្រឡេកមើល នៅតាមដងផ្លូវដែលកើតគ្រោះថ្នាក់សុទ្ធតែតាក់តែងលម្អបង្អួតដោយ​ប៉ាណូបំផុសឱ្យមនុស្សផឹកគ្រឿងស្រវឹងមិនដឹងពីអាយុមិនគិតពីសុខភាព ។ កំណើតកូនក៏ផឹក បុណ្យខ្មោចក៏ផឹក បុណ្យ៧ថ្ងៃ ១០០ថ្ងៃក៏ផឹក ខួប១ឆ្នាំ ២ឆ្នាំ១០ឆ្នាំក៏ផឹក ភ្ជាប់ពាក្យរៀបការកាត់ចំណងដៃ បច្ច័យ៤ កឋិន ចូលឆ្នាំចិន ចូលឆ្នាំខ្មែរហែរបុណ្យផ្កាក៏ផឹក គឺផឹកឥតស្រាកស្រាន្តហើយក៏បើក ឡានបុកមនុស្សទាំងកំរោលស្លាប់គ្មានល្ហែ តើមនុស្សខ្មែររស់ក្នុងស្ថានភាពបែបនេះដល់កាលណា? ។ កាត់បន្ថយ កាត់ផ្តាច់គ្រោះថ្នាក់ចរាចរណ៍ តើស្ថាប័នណាខ្លះដែលត្រូវធ្វើឱ្យបាន? ក្រសួងអប់រំ, គមនាគមន៍, មហាផ្ទៃ—? អស់លោករាជការពិតជាដឹង? ច្បាប់មាន កម្លាំងមាន សមត្ថកិច្ចហូរហៀរ ម៉េចក៏គ្រោះថ្នាក់ដដែលៗនៅតែកើតឥតដាច់នឹងកាន់តែសាហាវឡើងៗ?ក្នុងនាមប្រជាជនសូមសំណូមពរដល់ប្រជាជនដូចគ្នាបើមិនចាំបាច់កុំចាកចេញទៅកំសាន្តនៅលើដងផ្លូវដែលប្រដូចបានទៅនឹងទីលានប្រណាំងឡានរបស់ពួកប្រមឹកស្រវឹងហ្នឹងអី! សុំសំណូមពរអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធសូមព្រះមេត្តា!!! ចាត់វិធានការច្បាប់ឱ្យស្មើៗគ្នាផង កុំឱ្យ”ខម” “នប” បុកហើយបាត់តៃកុងឈឹង ? ប្រទេសមានសន្តិភាព ប្រជាជន សុំរស់នៅដោយសុខសុវត្ថិភាព ស្មើភាពចំពោះមុខច្បាប់»។

សូមរំលឹកថាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ តារាចម្រៀងរ៉េបលោកដាវីឌ ឬទ្ធិរុទ្រ ហៅRuthko  បានទទួល​មរណភាពក្នុងអាយុ២៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើបណ្ដោយ​ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាត់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១,៣០នាទីរំលងអាទ្រាធ ដែលធ្វើឲ្យសិល្បករ និងមហាជនជាច្រើនសម្ដែងការសោកស្ដាយថានោះគឺជាការបាត់បង់ធនធានមនុស្សម្នាក់ដែលមានទេពកោស​ល្យ​ក្នុងវិស័យសិល្បៈផ្នែកសម័យ។សម្រាប់លោកគួច ខេវិន ក៍បានយកបច្ច័យទៅចូលបុណ្យនិងចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃលោកRuthko កាលពីថ្ងៃទី១២ ខែមករា ផងដែរជាមួយនិងការរំលែកទុក្ខគ្រួ​សារ​សពជនរងគ្រោះ។

 ដោយឡែកកាលពីថ្ងៃទីកាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ បង្កដោយជនម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគបើករថយន្ដបុកម៉ូតូក្នុងទិសដៅផ្សេងគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ៣នាក់ស្លាប់ ក្នុងនោះមានឪពុក និងកូនតូច២នាក់​ព្រមទាំងម្ដាយរបួសធ្ងន់ដាច់​ជើង ។លោកគួច ខេវិន ថារឿងនេះធ្វើឲ្យលោកស្រក់ទឹកភ្នែក ពេលទទួលដំណឹង ព្រោះអណិតក្រុមគ្រួសារជនរងគ្រោះខ្លាំងពេក ហេតុនេះលោកសំណូមពរអាជ្ញាធរ និងអ្នកជំនាញច្បាប់ គួរដាក់ទោសជនបង្កទៅតាមច្បាប់ ដើម្បីឲ្យក្រុមគ្រួសាររងគ្រោះទទួលបានយុត្តិធ័មផង ៕

RELATED ARTICLES