ភ្នំពេញ ៖ បន្ទាប់ពីគណៈរដ្ឋមន្ត្រី បានសម្រេចឱ្យធនាគារអេស៊ីលីដា ភីអិលស៊ី ដកនិមិត្តសញ្ញា រូបហង្ស ដែលមានលក្ខណៈស្រដៀងនឹងស្ថាប័នរដ្ឋ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចេញ រួចមក ធនាគារអេស៊ីលីដា បានសម្រេចប្តូរនិមិត្ត សញ្ញាថ្មី ដែលមានអក្សរខ្មែរធំៗនៅពីលើអក្សរ អង់គ្លេស ក្នុងគោលបំណងលើកស្ទួយអក្សរ ខ្មែរ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០១៧ ក្នុងសម័យប្រជុំពេញអង្គគណៈ- រដ្ឋមន្ត្រី សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យក្រសួង ពាណិជ្ជកម្ម ត្រូវធ្វើការជាបន្ទាន់ ជាមួយធនាគារ អេស៊ីលីដា ដែលបាននិងកំពុងប្រើរូបសញ្ញា “ហង្ស” ជានិមិត្តសញ្ញាពាណិជ្ជកម្មរបស់ខ្លួន ឱ្យ ធ្វើការផ្លាស់ប្តូររូបសញ្ញាហង្សនេះជាបន្ទាន់ក្នុង រយៈពេល៣សប្តាហ៍យ៉ាងយូរ ពីព្រោះ “រូប ហង្ស” គឺជារូបសញ្ញារបស់ជាតិ ដែលក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងប្រើប្រាស់ ចៀសវាងការយល់ច្រឡំរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃដដែលនោះ ធនាគារអេស៊ីលីដា បាន ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការផ្លាស់ ប្តូរនិមិត្តសញ្ញាថ្មី ដែលមានខ្លឹមសារថា “យោង ស្មារតីនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ និងលិខិត របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៧ ធនាគារអេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត សូម ជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាទទួលជ្រាបថា ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានការវិនិយោគ ពីភាគហ៊ុនិកមកពីប្រទេសជប៉ុន ប្រទេសបារាំង ប្រទេសហុល្លង់ និងភាគហ៊ុនិកក្នុងស្រុក គឺជា គ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋទេ។ ដើម្បី ចៀសវាងការភ័ន្តច្រឡំរបស់អតិថិជន និងសាធារណជន ធនាគារអេស៊ីលីដា ភីអិលស៊ី នឹង ធ្វើការផ្លាស់ប្តូរនិមិត្តសញ្ញា (Logo) របស់ ខ្លួនបច្ចុប្បន្ន ទៅនិមិត្តសញ្ញថ្មីដូចខាងក្រោម (និមិត្តសញ្ញាចាស់ និងថ្មី)។
ធនាគារអេស៊ីលីដា ភីអិលស៊ី នៅតែមាន ប្រតិបត្តិការបម្រើអតិថិជននិងសាធារណជន ធម្មតាទេ។
អាស្រ័យដូចនេះ សូមអតិថិជន និងសា- ធារណជនទាំងអស់ មេត្តាទទួលជ្រាបជាព័ត៌- មាន។
សូមអរគុណចំពោះការប្រើប្រាស់សេវាកម្មរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី!”។
ជុំវិញបញ្ហាការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីនេះ លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ការផ្លាស់ប្តូរនិមិត្តសញ្ញា របស់ធនាគារអេស៊ីលីដា នៅគ្រប់សាខាទូទាំង ប្រទេស នឹងត្រូវបញ្ចប់ឱ្យរួចរាល់នៅក្នុងសប្តាហ៍ នេះ ខណៈដែលការផ្លាស់ប្តូរអាចនឹងត្រូវចំណាយ ថវិកាប្រមាណ៣,៥លានដុល្លារ។
លោកអ៊ិន ចាន់នី បានថ្លែងថា “បន្ទាប់ពី ទទួលបានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីផ្លាស់ប្តូរ និមិត្តសញ្ញាថ្មីរបស់ធនាគារអេស៊ីលីដា រួចមក ចាប់ពីថ្ងៃទី១៨ កុម្ភៈ យើងបានចាប់ផ្តើមដោះ និមិត្តសញ្ញាចាស់ ជំនួសដោយនិមិត្តសញ្ញាថ្មី។ ថ្ងៃនេះ យើងមានផែនការជាក់លាក់ ដើម្បី ឯកភាពទាំងអស់ គ្រប់និមិត្តសញ្ញានៅលើអគារ និងឯកសារផ្សេងៗ កំណត់យកថ្ងៃនេះ ធ្វើជា មូលដ្ឋានក្នុងការចាប់ផ្តើមដោយផ្នែកណាដែល ត្រូវចប់នៅថ្ងៃនេះ គឺត្រូវបញ្ចប់ ចំពោះផ្នែកដែល ត្រូវប្រើពេលវេលា ដូចជាឯកសារដែលត្រូវការ បោះពុម្ពយូរ ដោយឯកសារខ្លះត្រូវបោះពុម្ពនៅបរទេស។ ចំពោះនិមិត្តសញ្ញានៅលើអគារ ត្រូវធ្វើ រួចរាល់នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីប្តូរនិមិត្តសញ្ញាបណ្តោះអាសន្ននេះហើយ យើងនឹងចាប់ ផ្តើមគិតពីនិមិត្តសញ្ញាអចិន្ត្រៃយ៍ ដើម្បីឱ្យមាន ភាពស្អាត ពណ៌ទឹកមាសច្រើនជាងមុន និងមើល ទៅល្អ ដែលយើងគ្រោងនឹងធ្វើឱ្យរួចនៅឆ្នាំ ២០១៧នេះ”។
លោកអ៊ិន ចាន់នី បានបញ្ជាក់ថា និមិត្តសញ្ញាថ្មីរបស់ធនាគារអេស៊ីលីដា គឺមានអក្សរ ខ្មែរធំៗ នៅពីលើអក្សរអង់គ្លេស ដែលនេះគឺ ជាការលើកស្ទួយអក្សរជាតិខ្មែរ ដោយធនាគារ អេស៊ីលីដា ចង់នាំយកអក្សរខ្មែរទៅកាន់ពិភព- លោក។ យ៉ាងណា ការប្តូរនិមិត្តសញ្ញាថ្មី មិនបាន ប៉ះពាល់ដល់ប្រតិបត្តិការធនាគារនោះឡើយ ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ជាមួយនេះ ការ ផ្លាស់ប្តូរថ្មីនេះ មិនមានការដាក់បន្ទុកទៅលើ អតិថិជនរបស់ធនាគារអេស៊ីលីដាឡើយ រាល់ ការចំណាយ គឺធនាគារជាអ្នកធានារ៉ាប់រងទាំង អស់។
តាមការពន្យល់ពីអត្ថន័យរបស់និមិត្តសញ្ញា ធនាគារអេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ឱ្យ ដឹងថា ៖
អក្សរ អ = អភិសមាចារ អភិវឌ្ឍន៍អច្ឆរិយ
អក្សរ ស = សុខភាព សមត្ថភាព សីលធម៌
អក្សរ ល = លឿនទាន់ចិត្ត លទ្ធផលល្អ លើសលប់
អក្សរ ដ = ដឹងយល់ ដុះដាល ដល់គោលដៅ
គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានសាខា សរុបចំនួន២៥៩ នៅក្នុងប្រទេស កម្ពុជា ៤១សាខានៅប្រទេសឡាវ និង៦សាខា នៅប្រទេសភូមា ដែលសុទ្ធតែតម្រូវផ្លាស់ប្តូរ និមិត្តសញ្ញាថ្មី។ នៅឆ្នាំ២០១៦ ធនាគារអេស៊ីលីដា ដែលត្រូវបានស្គាល់ថា ជាធនាគារពាណិជ្ជ ក្នុងស្រុកធំជាងគេ មានទ្រព្យសកម្មសរុបចំនួន ៤,៦ពាន់លានដុល្លារអាមេរិក ដោយបានផ្តល់ កម្ចីសរុបចំនួន២,៧១ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើចំនួន៣,០៥ពាន់លានដុល្លារ អាមេរិក៕ដារិទ្ធ