Monday, January 20, 2025
Homeព័ត៌មានជាតិបក្សកាន់អំណាចថា លី រតនរស្មី ទោះទីប្រឹក្សាសម្តេចហ៊ុន សែន ប្រព្រឹត្តខុស ត្រូវទទួលទោស

បក្សកាន់អំណាចថា លី រតនរស្មី ទោះទីប្រឹក្សាសម្តេចហ៊ុន សែន ប្រព្រឹត្តខុស ត្រូវទទួលទោស

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា លី រតនរស្មី ដែលតុលាការថៃ ចេញដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងការជួលឃាតករជនជាតិថៃ បាញ់សម្លាប់លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នោះ បើទោះបីមានតំណែងជាទីប្រឹក្សាសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដោយ តែបើប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា “គ្មានហេតុផលណាដែលដាក់ការសង្ស័យលើថ្នាក់ដឹកនាំកម្ពុជា មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលចាត់ទុកគណបក្សប្រជាជនកម្ពុជា ជាខ្មាំងសត្រូវទេ ដែលចោទគ្មានមូលដ្ឋានមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ។ អាទណ្ឌិតមេឧទ្ទាមជ្រុលនិយម ជាមាន់ខ្តត អ៊ីចឹងមានតែវាហ្នឹងហើយជាអ្នកពង ។ ថាអ្នកមានគុណលោកផែណយ ដែលពាក់ព័ន្ធនឹងឃាតករ អត់មានថ្នាក់ដឹកនាំកម្ពុជា ឯណា មូលហេតុអីមកចោទថ្នាក់ដឹកនាំទៅវិញ? លី រតនរស្មី គ្រាន់តែជាទីប្រឹក្សាថ្នាក់ដឹកនាំប៉ុណ្ណោះ បើមានពាក់ព័ន្ធនឹងឃាតករ ជារឿងផ្ទាល់របស់បុគ្គលនេះទេតើ ។ បុគ្គលណាប្រព្រឹត្តបទល្មើស បុគ្គលនោះទទួលខុសត្រូវ ក្បាលអ្នកណា សក់អ្នកនោះ ។ ការនិយាយចោទប្រកាន់មកលើត្រកូលហ៊ុន គឺជាបុរេវិនិច្ឆ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ដែលយកត្រកូលហ៊ុន ជាខ្មាំងសត្រូវ ដោយប្រកួតមិនឈ្នះ។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតាំងទីប្រឹក្សា សម្រាប់ឲ្យជួយការងារ ជាអំពើល្អ បើសាមីជនយកតួនាទីជាទីប្រឹក្សា ទៅប្រព្រឹត្តបទល្មើសច្បាប់ គឺសាមីជនត្រូវទទួលខុសត្រូវខ្លួនឯង“ ។

លោកសុខ ឥសាន បានសរសេរបន្ថែម នៅថ្ងៃដដែលថា “បើទោះបីលី រតនៈរស្មី ជាទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា តែបើបានប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ គឺសាមីជន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ជាមេដឹកនាំ បើក្រុមឧទ្ទាមក្រៅច្បាប់ ជេរនិងវាយប្រហារ មេដឹកនាំនោះគឺល្អត្រឹមត្រូវ ។ តែបើក្រុមឧទ្ទាមជ្រុលនិយមសរសើរ គឺជារឿងចម្លែក ។ លោក លិម គិមយ៉ា មិនមែនតែនិយាយរិះគន់តែគណបក្សប្រជាជនកម្ពុជាទេ តែដោយសារគាត់ប្រូលោកកឹម សុខា លោកលិម គិមយ៉ា ក៏មានទំនាស់ទស្សនៈយ៉ាងស្រួចស្រាល់ជាមួយទណ្ឌិតសម រង្ស៊ី ដែរ ។ ឃាតករមានទំនាក់ទំនងជាមួយនរណា លាក់មិនជិតទេ គង់តែសមត្ថកិច្ចថៃ រកឃើញការពិតទេ ។ ទោះជាមានជនជាតិខ្មែរ ត្រូវគេធ្វើឃាត តែអាជ្ញាធរខ្មែរ មិនអាចលូកដៃបានទេនៅក្នុងទឹកដីគេ គួរទុកឲ្យសមត្ថកិច្ចថៃ ធ្វើការ ។ លី រតនរស្មី បើពិតជាទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា តែអំពើប្រព្រឹត្តរបស់សាមីជន ត្រូវទទួលខុសត្រូវដោយខ្លួនឯង មិនពាក់ព័ន្ធនឹងប្រធានបក្សទេ ។ បើលី រតនរស្មី មានការពាក់ព័ន្ធ ចាំស្តាប់ចម្លើយរបស់សាមីជនទៅ ទើបដឹងការពិត ពាក្យអ្នកវិភាគ និងសារព័ត៌មាន មិនអាចយកជាការបានទេ“ ។

ជុំវិញបុគ្គលឈ្មោះ លី រតនរស្មី នេះ លោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា បុគ្គលរូបនេះ ត្រូវបានសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ចប់តួនាទីជាទីប្រឹក្សា តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ម៉្លេះ។

លោកប៉ែន បូណា​ បានបង្ហាញសេចក្តីសម្រេចស្តីពីការបញ្ចប់ភារកិច្ចមន្ត្រីគណបក្ស លេខ ៣២៧/០៣២៤ សស.គក ចុះថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបញ្ចប់តួនាទីលោក លី រតនរស្មី ពីទីប្រឹក្សាសម្តេចហ៊ុន សែន ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោក ជាភ័ស្តុតាង។

ជាមួយគ្នានេះ លោកប៉ែន បូណា បានសរសេរបញ្ជាក់ក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ថា «សូមជូនជ្រាប ៖ ឈ្មោះលី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ចប់តួនាទីជាទីប្រឹក្សា តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ដូច្នេះសូមបញ្ឈប់ការចងភ្ជាប់ឈ្មោះនេះ ជាមួយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ឬជាមួយរាជរដ្ឋាភិបាល តទៅទៀត»។

ចំណែកលោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបង្ហោះសេចក្តីសម្រេច តែងតាំងនិងបញ្ចប់តំណែងរបស់លី រតនរស្មី ពីទីប្រឹក្សាសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបញ្ជាក់ថា បុគ្គល លី រតនរស្មី ត្រូវបានដកតំណែងពីទីប្រឹក្សាសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មកម៉្លេះ។

លោកបណ្ឌិត សូ ណារ៉ូ បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ថា «ក្រោយពីតាមដានស្រាវជ្រាវឯកសារពីទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ទើបដឹងថា បុគ្គល លី រតនរស្មី ត្រូវបានដកតំណែងពីទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មកម៉្លេះ។ គួរបញ្ជាក់ថា ឈ្មោះ លី រតនរស្មី នេះទទួលបានតែងតាំង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ដូច្នេះឈ្មោះ លី រតនរស្មី នេះ ធ្លាប់ទទួលបានតំណែងទីប្រឹក្សាសម្តេចតេជោ បានតែជាង ១ខែប៉ុណ្ណោះ ក៏ត្រូវដកចេញវិញ ដោយសារគណបក្សនៅមូលដ្ឋាន បានឃើញទង្វើមិនប្រក្រតី មិនគោរពវិន័យ ធ្វើអ្វីតាមទំនើងចិត្ត មិនសួរយោបល់ថ្នាក់លើ របស់ឈ្មោះ លី រតនរស្មី នេះ ក៏បានស្នើសម្តេចតេជោ ចេញសេចក្តីសម្រេចដកគាត់ចេញពីតំណែងទីប្រឹក្សាវិញ»។

លោកបណ្ឌិត សូ ណារ៉ូ បានសរសេរបន្តថា «ឯកសារដកតំណែងនេះ មានតាំងពីយូរមកហើយ គ្មានអ្នកណាចាប់អារម្មណ៍ឡើយ រហូតដល់ពេលនេះ ពេលឈ្មោះ រតនរស្មី ជាប់ជាជនសង្ស័យពាក់ព័ន្ធនឹងការធ្វើឃាតលោកលិម គិមយ៉ា ទើបស្វែងរកឃើញលិខិតដកតំណែងនេះ ចុះហត្ថលេខាតាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មកម៉្លេះ។

សូមសំណូមពរ នៅពេលមានការតែងតាំង ឬដកហូតតំណែង គួរតែមានការផ្សព្វផ្សាយទូលំទូលាយ ឱ្យសាធារណជនដឹងផង ដ្បិតសូម្បីតែលិខិតតែងតាំងលោក លី រតនរស្មី សាធារណជន ទើបតែដឹងលើកដំបូង តាមសារព័ត៌មាន នៅពេលមានរឿងឃាតកម្មកើតឡើងថ្មីៗនេះតែប៉ុណ្ណោះ។ ចំណែកលិខិតដកតំណែងឈ្មោះ លី រតនរស្មី នេះក៏ប្រហែលជាសាធារណជនទើបឃើញលើកដំបូង ដូចរូបខ្ញុំដែរ នាពេលនេះ។

សូមបញ្ជាក់ថា មានអ្នកខ្លះឆ្ងល់លិខិតតែងតាំងមានរូបភាពស្រអាប់ មិនស្រស់ជាងរូបភាពលិខិតដកតំណែង។ តាមពិត លិខិតតែងតាំង គឺខ្ញុំថតចម្លងពី Facebook ដូច្នេះមិនសូវភ្លឺទេ។ ចំណែករូបលិខិតបញ្ចប់តំណែង មានភាពភ្លឺជាង ដោយសារយក scan ពីច្បាប់ដើម នៅស្នាក់ការបក្ស ថ្មីៗនេះតែម្តង មិនមែនថតចម្លងតាម Facebook ទេ»។

គួរបញ្ជាក់ថា តាមប្រភពបណ្តាញព័ត៌មានអនឡាញថៃ បានផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាចាប់ខ្លួនបុរសជនជាតិខ្មែរ ឈ្មោះលី រតនរស្មី ឬឈ្មោះថៃ ថា ស៊ុមវ៉ាំង បំរុងគិត  ដែលត្រូវបានជួលឲ្យខ្មាន់កាំភ្លើងជាឃាតករ ឈ្មោះ ឯកលក្ខណ៍ ផែណយ ហៅចាអេម ឲ្យបាញ់សម្លាប់លោក លិម គិមយ៉ា អ្នកនយោបាយកម្ពុជា។ ចំពោះមូលហេតុនៃការជួលឃាតករបាញ់សម្លាប់លោកលិម គិមយ៉ា នេះ ត្រូវបានសមត្ថកិច្ចថៃ បញ្ជាក់ថា ខ្មាន់កាំភ្លើង (ឃាតករ) អះអាងថា គឺដោយសារទំនាស់ផ្ទាល់ខ្លួន រវាងអ្នកជួល (លី រតនរស្មី) និងជនរងគ្រោះ (លិម គិមយ៉ា) មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ។

ប្រភពដដែល បន្តថា យោងតាមភ័ស្តុតាងផ្នែកហិរញ្ញវត្ថុ ដែលបានផ្ទេរទៅអ្នកស៊ីឈ្នួលបាញ់សម្លាប់ជនរងគ្រោះ មានចំនួន ២ដង សរុបចំនួន ៦ម៉ឺនបាត ។ នៅថ្ងៃកើតហេតុ អ្នកជួល (លី រតនរស្មី) បានទាក់ទងបញ្ជាទៅអ្នកស៊ីឈ្នួល (ឯកលក្ខណ៍ ផែណយ ហៅចាអេម) តាមទូរស័ព្ទ ដោយបញ្ជាចេញពីតំបន់ខេត្តឈុនបុរី ដោយមានបុរសជនជាតិខ្មែរ ឈ្មោះពេជ្រ គឹមស្រ៊ិន ជាអ្នកចង្អុលបង្ហាញភិនភាគជនរងគ្រោះ ដល់ខ្មាន់កាំភ្លើង ។

ករណីបាញ់សម្លាប់លោកលិម គិមយ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង អតីតតំណាងរាស្ត្រគណបក្សប្រឆាំងកម្ពុជា (អតីតគណបក្សសង្គ្រោះជាតិ) បានកើតឡើងនៅជិតវត្តបួរនិវេទ សង្កាត់បាងឡាំភូ ខណ្ឌព្រះនគរ ក្រុងបាងកក ។ ក្រោយកើតហេតុ ជនសង្ស័យជាខ្មាន់កាំភ្លើង ជនជាតិថៃ ឈ្មោះ ឯកលក្ខណ៍ ផែណយ ហៅចាអេម អាយុ៤១ឆ្នាំ បានរត់គេខ្លួន ដោយមានឈ្មោះ ចាំណាន បួរព្លី ហៅឆាគិត អាយុ ៤៧ឆ្នាំ ជាអ្នកបើករថយន្តភិកអាប់ ម៉ាកតូយ៉ូតា ហ៊ីលុច ពណ៌ប្រផេះ ដឹកជនសង្័យជាខ្មាន់កាំភ្លើង រត់គេចខ្លួនចូលទៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួបាន នៅក្នុងខេត្តបាត់ដំបង រួចបញ្ជូនត្រឡប់ទៅប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមការសួរចម្លើយ ខ្មាន់កាំភ្លើងសារភាពថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកលិម គិមយ៉ា ប្រាកដមែន ដោយខ្លួនត្រូវបានជនស៊ីវិលម្នាក់ ជាអ្នកមានគុណរបស់ខ្លួន ឈ្មោះស៊ុមវ៉ាំង (លី រតនរស្មី) ជួលឲ្យបាញ់សម្លាប់ជនរងគ្រោះ ជាថ្នូរនឹងប្រាក់ចំនួន ៦ម៉ឺនបាត។

ពាក់ព័ន្ធករណីនេះដែរ សមត្ថកិច្ចថៃ បានស្នើសុំតុលាការ ចេញដីកាចាប់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរ ចំនួន២នាក់ ១-ឈ្មោះ ពេជ្រ គឹមស្រ៊ិន ជនជាតិខ្មែរ ដែលជាអ្នកចង្អុលបង្ហាញនិងប្រាប់ភិនភាគជនរងគ្រោះ លិម គិមយ៉ា ដល់ខ្មាន់កាំភ្លើង ឯកលក្ខណ៍ ផែណយ ហៅចាអេម  និង២-ឈ្មោះលី រតនរស្មី ហៅស៊ុមវ៉ាំង បំរុងគិត (អ្នកជួលឃាតករ) ដោយសមត្ថកិច្ចថៃ  នឹងធ្វើការសម្របសម្រួលជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីចេញសេចក្តីជូនដំណឹងក្រហម ឬនិវេទន៍ក្រហម ដល់នគរបាលកម្ពុជា ដើម្បីជួយតាមចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ ទាំង២នាក់ នាំយកមកកាត់ទោសនៅប្រទេសថៃ។

ប្រភពដដែល បញ្ជាក់ថា តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ បានរកឃើញថា ហេតុការណ៍ឃាតកម្មនេះ កើតឡើងដោយសារជម្លោះផ្ទាល់ខ្លួនរវាងអ្នកជួលឃាតករ (លី រតនរស្មី) និងជនរងគ្រោះ (លិម គិមយ៉ា) មិនមានពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ សមត្ថកិច្ចថៃ បញ្ជាក់ទៀតថា ការបញ្ជាក់នេះ មិនមែនដើម្បីការពារ ឬនិយាយដើម្បីផ្គាប់ចិត្តនរណាម្នាក់ឡើយ ប៉ុន្តែជាការស៊ើបអង្កេតច្បាស់លាស់ ពិតប្រាកដ ។

ទោះយ៉ាងណា ថ្លែងនៅក្នុងពិធីបុណ្យសពស្វាមី នៅវត្តពោធិវង្ស ជាយក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកស្រី អាន ម៉ារី (Anne-Marie) ភរិយាលោកលិម គិមយ៉ា បានអះអាងថា ឃាតកកម្មលើស្វាមីរបស់លោកស្រី គឺជារឿងនយោបាយ មិនមែនជារឿងគំនុំ ឬរឿងបុគ្គលនោះទេ ។ លោកស្រីអះអាងថា លោកស្រីបានដាក់ពាក្យប្ដឹងពីរឿងឃាតកម្មនេះ ទៅតុលាការបារាំង រួចហើយ ស្របពេលពីតុលាការថៃ កំពុងតែដំណើរការស៊ើបអង្កេតរឿងនេះ ហើយបានកោះហៅលោកស្រីទៅសាកសួរលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ៕ កុលបុត្រ

RELATED ARTICLES