Wednesday, January 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអុជធូបសុំសេចក្តីសុខ ភ្លើងឆេះផ្ទះហ្ម.../ត់

អុជធូបសុំសេចក្តីសុខ ភ្លើងឆេះផ្ទះហ្ម…/ត់

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានអុជធូបសែនថ្ងៃសីល បន់សុំសេចក្តីសុខ រួចបិទទ្វារផ្ទះ ដើរចេញទៅក្រៅ ស្រាប់តែមួយសន្ទុះក្រោយមក កើតមានអគ្គិភ័យឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

លំនៅឋានដែលរងការឆាបឆេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ មានម្ចាស់ផ្ទះ ឈ្មោះថោង សុថា ភេទប្រុស អាយុ៧៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានអុជធូបនៅលើអាសនៈក្នុងផ្ទះ ដូចរាល់ដង រួចបានបិទទ្វារ ដើរចេញពីផ្ទះ ទៅផ្ទះអ្នកភូមិ ស្រាប់តែក្រោយមក មានអ្នកជិតខាងបានផ្តល់ដំណឹងថា ភ្លើងឆេះផ្ទះគាត់ហើយ ទើបគាត់ប្រញាប់មកមើល ឃើញអណ្តាតភ្លើងកំពុងលេបត្របាក់ផ្ទះរបស់គាត់ស្ទើរទាំងស្រុងទៅហើយ។

ដោយឡែកតាមប្រភពពីសាក្សីនៅក្បែរនោះ បាននិយាយថា ពេលភ្លើងឆេះផ្ទះនោះ គឺម្ចាស់មិនបាននៅទេ ដោយគាត់បានចេញពីផ្ទះ ហើយបិទទ្វារចោល ស្រាប់តែបន្តិចក្រោយមក ឃើញមានផ្សែងហុយចេញពីផ្ទះ និងបង្កជាអគ្គភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ទើបគាត់ប្រញាប់ផ្តល់ដំណឹងទៅម្ចាស់ផ្ទះភ្លាមៗដែរ ដោយសង្ស័យថា មូលហេតុផ្តើមចេញពីការអុជធូបតែម្តង។ ជុំវិញហេតុការណ៍ខាងលើ បានបង្កឱ្យខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង កង់ ចំនួន៣គ្រឿង ម៉ូតូ ១គ្រឿង ប្រាក់ ចំនួន៧០ម៉ឺនរៀល និងអង្ករ ចំនួន៣បាវ។ ប៉ុន្តែយ៉ាង ណា ក្រោយកើតហេតុភ្លាមៗ នៅមិនទាន់បានបូកសរុបពីចំនួនទឹកប្រាក់ដែលត្រូវខាតបង់បាននៅឡើយ៕

RELATED ARTICLES