Wednesday, January 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាយកសាលាវេចលុយរត់ គ្រូផ្ទុះការត.../វ៉ា

នាយកសាលាវេចលុយរត់ គ្រូផ្ទុះការត…/វ៉ា

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឯកជន មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានផ្ទុះការតវ៉ា បន្ទាប់ពីលោកនាយក បានវេចលុយរត់បាត់ និងមិនបើកប្រាក់ខែឱ្យបុគ្គលិកទាំងអស់។

លោកគ្រូ អ្នកគ្រូបង្រៀន នៃសាលាបណ្តុះបណ្តាលចំណេះដឹង និងជំនាញកំពង់ឆ្នាំង បានឲ្យដឹងថា សាលារៀនខាងលើ គឺជាសាលាបង្រៀនភាសារបរទេសឯកជន បើកដំណើរការ ជិត៣ខែមកហើយ ដោយមាននាយកគ្រប់គ្រង ឈ្មោះរុន ស៊ីវុធថា និងមានបុគ្គលិក លោកគ្រូ អ្នកគ្រូ រួមទាំងតៃកុងឡាន ចំនួន១១នាក់។

ប្រភពដដែល បន្តថា ចាប់តាំងពីធ្វើការនៅទីនេះ ពួកគាត់មិនទាន់ទទួលបានប្រាក់ខែ នៅឡើយទេ ពោលគឺឱ្យតែដល់ថ្ងៃបើកលុយម្តងៗ លោកនាយកសាលា តែងតែយកលេសដោះសា និងគេចវេះរហូត ហើយពួកគាត់ក៏ពុំដឹងថា បុគ្គលរូបនេះ មានចេតនាអ្វីឱ្យពិតប្រាកដ ដែរ គឺគិតតែប្រឹងប្រែងបំពេញតួនាទីតែប៉ុណ្ណោះ។ ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ មានការបាត់សម្ភារៈសំខាន់ៗមួយចំនួនក្នុងសាលា និងបាត់ខ្លួននាយកសាលា ពួកគាត់ព្យាយាមទាក់ទងគ្រប់ប្រព័ន្ធ នៅតែមិនអាចទំនាក់ទំនងបាន ទើបផ្ទុះការភ្ញាក់ផ្អើលថា នាយកសាលារត់គេចខ្លួនបាត់ហើយ ទើបរាយការណ៍ជូនសមត្ថកិច្ច ចុះជួយអន្តរាគមន៍។

ដោយឡែកមាតាបិតាសិស្ស បានបញ្ជាក់ថា ពួកគាត់យកកូនមកចុះឈ្មោះរៀននៅទីនេះ គឺបង់ថ្លៃសាលារួច រាល់ហើយ ក្នុងមួយឆ្នាំ តម្លៃ៤៥ដុល្លារ និងខ្លះទៀតបង់ជាខែ ក៏មាន។ បើតាមដឹង សិស្សដែលបានចុះឈ្មោះបង់លុយរួចរាល់ មានចំនួនប្រមាណជិត ៣០០នាក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយការពិនិត្យជាក់ស្តែង សាលាបណ្តុះបណ្តាលចំណេះដឹង និងជំនាញកំពង់ឆ្នាំង នេះ ម្ចាស់អាជីវកម្មមានឈ្មោះ រុន ស៊ីវុធថា អាយុប្រហែល៤១ឆ្នាំ (មិនបានបញ្ជាក់ទីកន្លែងរស់នៅ) ពុំបានបើកប្រាក់ខែឧបត្ថម្ភដល់បុគ្គលិកនៅទីនោះ សរុបចំនួន១១នាក់។

ដោយឡែកលោកហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចបានកំ ណត់មុខសញ្ញាម្ចាស់អាជីវកម្មបើកសាលានោះហើយ និងចាត់កម្លាំងសត្ថកិច្ចស្រាវជ្រាវ។ ចំពោះទីតាំងនោះគឺធ្វើការឃ្លុំបិទជាបណ្តោះអាសន្នសិន។ ដោយឡែកសម្ភារៈ ភាគច្រើននៅសាលានោះ គឺជួលគេទាំងអស់ រួមទាំងឡានដឹកសិស្សផងដែរ ហើយទីតាំងក៏ពុំទាន់មានច្បាប់ទៀត៕

RELATED ARTICLES