Monday, January 27, 2025
Homeព័ត៌មានជាតិក្រសួងសុខាភិបាល ណែនាំវិធានការការពារសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ក្រសួងសុខាភិបាល ណែនាំវិធានការការពារសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ភ្នំពេញៈ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ណែនាំពីវិធានការការពារនិងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ស្តីពីវិធានការការពារនិងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម មានខ្លឹមសារទាំងស្រុងថា «ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម បងប្អូនប្រជាពលរដ្ឋមួយចំនួន តែងមានការជួបជុំគ្រួសារ បប្អូន ញាតិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានា។ ដើម្បីចូលរួមការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា សូមធ្វើការណែនាំក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព សុវត្ថិភាព ដោយត្រូវចូលរួមអនុវត្តវិធានការដូចខាងក្រោម ៈ

– ប្រកាន់ខ្ជាប់អនាម័យ ដោយត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល មុនចាប់ កាន់អាហារ ឬប៉ះពាល់សត្វ ដូចជាបោចសម្អាត ឬសម្លាប់ លាងសម្អាតសាច់ និងវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងមេរោគ។

– ចុងភៅ ត្រូវទុកដាក់អាហារឆៅនិងឆ្អិន ដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអា ហារ ឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វ ស៊ុត និងអាហារសមុទ្រ។ នៅពេលបងប្អូនទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយវេចខ្ចប់បានត្រឹមត្រូវ។

– ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាពធម្មតា លើសពី ២ម៉ោង (បើសីតុណ្ហភាពត្រជាក់ ត្រូវតិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី ៦០អង្សាសេ) ឬចម្អិនអាហារមួយពេល សម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាចផ្អូម ដែលបង្កឱ្យមានការរាករូស ឈឺពោះ ក្អួតជាដើម។

– ត្រូវប្រើប្រាស់ទឹកស្អាត និងគ្រឿងផ្សំធ្វើម្ហូប មានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។

– ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះ ដែលមានអនាម័យ និងសុវត្ថិភាពល្អ។

– កុំប្រើប្រាស់ម្ហូបអាហារដែលរក្សាទុកហួសកាលកំណត់ប្រើប្រាស់។

– មិនត្រូវទទួលទានស្រាដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយជាមួយជាស្រា-ស បង្កឱ្យមានការពុល រហូតដល់បាត់បង់ជីវិត។

– មិនត្រូវទទួលទានភេសជ្ជៈស្រវឹង លើសកម្រិត ដែលអាចបង្កអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

– នៅពេលក្អក កណ្តាស់ ត្រូវខ្ទប់មាត់ ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ និងបន្ទោបង់ពាសវាលពាសកាល។

– ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំ ដែលអាចបង្កជាជំងឺគ្រុនឈាម។

– ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរនិងសម្លៀកបំពាក់ ទាំងនៅក្នុងនិងក្រៅផ្ទះ ឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។

– ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

– ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គិភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន។

– ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬធ្វើដំណើរ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការក្តៅខ្លួន ក្អក ឬពិ បាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ឬទូរស័ព្ទមកលេខ ១១៥ ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហ ទំព័រ www.cdcmoh.gov.kh»៕

RELATED ARTICLES