Friday, February 14, 2025
Homeទេសចរណ៍អភិបាលខេត្តសៀមរាប បំភ្លឺរឿងដូរឈ្មោះ សួនព្រះរាជដំណាក់ ជាសួនតេជោសន្តិភាព

អភិបាលខេត្តសៀមរាប បំភ្លឺរឿងដូរឈ្មោះ សួនព្រះរាជដំណាក់ ជាសួនតេជោសន្តិភាព

ខេត្តសៀមរាប ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានថា សួនព្រះរាជដំណាក់ ដែលស្ថិតនៅកណ្តាលក្រុងសៀមរាប នឹងប្តូរឈ្មោះទៅជា “សួនតេជោសន្តិភាព” វិញនោះមក លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា គ្មានការដូរឈ្មោះសួនព្រះរាជដំណាក់ នោះទេ។

លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហោះរូបភាពនិងសំណេរបញ្ជាក់ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “សួនដ៏ស្រស់ស្អាតអើយ អ្នកស្រលាញ់គាំទ្រក៏ច្រើន អ្នកបារម្ភក៏មាន ហើយក៏មានអ្នកឆ្លៀតឱកាសបង្កាត់ភ្លើង។

ប្រសាសន៍សម្តេចតេជោ «រៀបចំសួនដែលនៅជុំវិញសួនព្រះរាជដំណាក់ ឱ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាពអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើងទាំងអស់គ្នា បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ រៀបចំឱ្យមានកន្លែងសម្រាប់ប្រជាពលរដ្ឋអាចហាត់ប្រាណបានច្រើន ក៏ជាកន្លែងសម្រាប់អាចប្រារព្ធកម្មវិធីល្អៗជាច្រើន ដែលបានផ្តល់ផល ប្រយោជន៍ដល់អ្នកខេត្តសៀមរាប។ រដ្ឋបាលខេត្ត គួរបានសិក្សាទីតាំងដែលល្អផ្សេងពីសួននៅជុំវិញសួនព្រះរាជដំណាក់នេះ ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព មកដល់ថ្ងៃនេះ…”។

លោកប្រាក់ សោភ័ណ បានបញ្ជាក់បន្តថា “ខ្ញុំបានសន្យាជាមួយសម្តេចតេជោ ក៏សន្យាជាមួយអ្នកខេត្តសៀម រាប នឹងរៀបចំសួនទាំងអស់ ឱ្យល្អស្រស់ស្អាត។ ខ្ញុំបាទសូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប មិនដែលសូម្បី តែគិតថា ដូរឈ្មោះទីតាំងសាធារណៈណាមួយទេ”។

ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺព័ត៌មាននៃការដូរ ឈ្មោះសួនព្រះរាជដំណាក់នេះ ដោយបញ្ជាក់ថា សួនព្រះរាជដំណាក់ ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។ ឯសួនតេជោសន្តិភាព ជាឈ្មោះផ្លូវការនៃសួនមួយផ្សេងទៀតដោយឡែក ពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ។

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានខ្លឹមសារថា «រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនសាធារណជន មេត្តាជ្រាបថា រយៈពេលប៉ុន្មានថ្ងៃកន្លងមក មានសាធារណជនមួយចំនួន បានបញ្ចេញ មតិយោបល់ជាច្រើន តាមបណ្តាញ-សង្គម ថាមានការប្តូរឈ្មោះសួនព្រះរាជដំណាក់ ខេត្តសៀមរាប។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពុំមានការប្តូរឈ្មោះសួនព្រះរាជដំណាក់ នោះឡើយ ពីព្រោះសួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំង រៀបចំរចនាបទកែលម្អ អមដោយរូបចម្លាក់មេទ័ពទាំង១២ កាលពីជំនាន់មុន និងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដែលបានរៀបចំធ្វើរបងព័ទ្ធជុំវិញរួចរាល់ជាស្ថាពរ កាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ ដែលស្ថិតនៅក្នុងរបេង គឺជាកម្មសិទ្ធិរបស់ព្រះរាជ ដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។ ចំពោះសួនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងរបង គឺជាសួនពុំទាន់មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋ និយមហៅថា សួនបឹងកាឡូ ឬសួនល្ខោនហូថែល»។

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បន្តថា «ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំនិងផ្តល់ជាអនុសាសន៍ដល់រដ្ឋបាលខេត្តថា “សួនតេជោសន្តិភាព” គួរបានសិក្សាទីតាំងមួយដែលធំទូលាយក្នុងការរៀបចំសាងសង់ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព មកដល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ត្រូវរៀបចំកែលម្អសោភណភាពនៃសួនទាំងអស់ដែលនៅជុំវិញសួនព្រះរាជដំណាក់ (ដែលប្រជាពលរដ្ឋនិយហៅថា សួនបឹងកាឡូ ឬសួនល្ខោនហូថែល) ឱ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាពអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើងទាំងអស់គ្នា។ បន្ថែមលើសពីការកែលម្អ ក៏បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ការរៀបចំសួន ត្រូវមានកន្លែងសម្រាប់ប្រជាពលរដ្ឋអាចហាត់ប្រាណបានច្រើន និងសម្រាប់ប្រារព្ធកម្មវិធីល្អៗជាច្រើន ដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាជនខេត្តសៀមរាប»។

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប បន្តទឿតថា «រដ្ឋបាលខេត្ត និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងសាធារណជន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការរៀបចំកែលម្អសួននេះបន្ថែមទៀត។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោ បល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន»។

ចំណែកលោកស្រីឧកញ៉ា នឹម វណ្ណៈ ក្មួយស្រីសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងត្រូវជាប្អូនជីដូនមួយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើលោកអភិបាល ខេត្តនីមួយៗ អាណិតសម្តេចអ៊ំរបស់លោកស្រីផង មុននឹងធ្វើអ្វីមួយ សូមឆ្លងមតិប្រជារាស្រ្តជាមុនសិន ដូចជាករណីសម្រេចធ្វើការសាងសង់ និងកែសួនច្បារចាស់ណាមួយ ព្រោះគេជេរសម្តេចហ៊ុន សែន ជេរបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) គឺដោយសារអស់លោកសម្រេចអ្វីមួយ មិនគិតពីផលប៉ះពាល់ដល់ប្រជា ពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោកស្រីឧកញ៉ា នឹម វណ្ណៈ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា «អរគុណលោកអ៊ំ! សម្តេចតេជោ បានទាក់ទងមកតាមឯកឧត្តមអភិបាលខេត្ត គាត់ថាប្រសិនប្រជាពលរដ្ឋមិនចង់ឱ្យមានការផ្លាស់ប្តូរអីច្រើន គួររកមើលទីតាំងណាធំជាងហ្នឹង ហើយធ្វើឱ្យស្អាតជាងហ្នឹង ព្រោះទីតាំងមុខហ្រ្គង់ (សណ្ឋាគារហ្រ្គង់) វាតូចដែរ។

សូមអស់លោកអភិបាលខេត្តនីមួយៗ អាណិតសម្តេចអ៊ំផង មុននឹងធ្វើអ្វីមួយ សូមឆ្លងមតិប្រជារាស្រ្តជាមុនសិន មុននឹងសម្រេចធ្វើការសាងសង់និងកែសួនច្បារចាស់ណាមួយ ព្រោះគេជេរសម្តេច ជេរបក្ស គឺដោយសារអស់ លោកសម្រេចអ្វីមួយ មិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត»។

គួរបញ្ជាក់ថា ការចេញសេចក្តីបំភ្លឺ និងបញ្ជាក់បដិសេធខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានថា សួនព្រះរាជដំណាក់ ដែលស្ថិតនៅកណ្តាលក្រុងសៀមរាប នឹងប្តូរឈ្មោះទៅជា “សួនតេជោសន្តិភាព” វិញ ដែលធ្វើឲ្យប្រជាជននៅខេត្តអ្នកសៀមរាប មិនពេញចិត្តនឹងការប្តូរឈ្មោះសួននេះ ដោយថាពួគគាត់ហាក់ពិបាកហៅ ព្រោះទម្លាប់ហៅឈ្មោះដើមមកជាយូរហើយ ។ ជាពិសេសក្រុមប្រឆាំងមួយចំនួន ភាគច្រើនៅក្រៅប្រទេស រួមទាំងព្រះសង្ឃផងដែរ បានប្រឆាំងដាច់ខាតចំពោះការប្តូរឈ្មោះ «សួនព្រះរាជដំ ណាក់» ទៅជា “សួនតេជោសន្តិភាព” នេះ ដោយអ្នកទាំងនោះយល់ឃើញថា ជាការលុបបំបាត់ទីតាំងប្រវត្តិ សាស្ត្ររបស់ព្រះមហាក្សត្រជំនាន់មុន និងខ្លះថាការដូរឈ្មោះបែបនេះ មិនស័ក្តិសមនឹងទីកន្លែងនោះ ដែលមានព្រះរាជដំណាក់ ទីសក្ការបូជា «ព្រះអង្គចេក ព្រះអង្គចម» និងលោកយាយទេព ជាដើម។

ភិក្ខុ លួន សុវ៉ាត ព្រះសង្ឃមាននិន្នាការប្រឆាំង ដែលសព្វថ្ងៃគង់និទេសនៅប្រទេសស្វីស បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា «បន្តិចទៀត ប្រហែលជាគេដូរឈ្មោះប្រាសាទអង្គរវត្ត ទៅជាប្រាសាទអង្គរតេជោសន្តិភាព ដែរហើយមើលទៅ..? បើសូម្បីតែសួនច្បារព្រះរាជដំណាក់ នៅសៀមរាប ក៏គេហ៊ានប្រមាថព្រះមហាក្សត្រដោយដូរឈ្មោះទៅជាសួនច្បារតេជោសន្តិភាព នោះ..?»។

ភិក្ខុ លួន សុវ៉ាត បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរ មានដើមកំណើតលើទឹកដីក្រុងអង្គរ ខេត្តសៀមរាប និងនៅទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេសនានា ដែលជាម្ចាស់ទឹកដី ប្រទេសជាតិ និងជាម្ចាស់អំណាច…! យើងទាមទារឲ្យអាជ្ញាធរ រដ្ឋាភិបាល ត្រូវតែរក្សាទុកឈ្មោះដើមវិញ នៃសួនព្រះរាជដំណាក់✅👍ដែលនៅចំកណ្តាលបេះដូងក្រុងសៀមរាប នៅចំពីមុខរាជដំណាក់ខេត្តសៀមរាប និងនៅជុំវិញទីគោរពសក្ការបូជា គឺព្រះអង្គចេក ព្រះអង្គចម ឲ្យនៅជាឈ្មោះចាស់ ឈ្មោះដើមវិញ ដោយប្រឆាំងដាច់ខាត ការដូរឈ្មោះថ្មី ទៅជាឈ្មោះសួនតេជោសន្តិភាព»។

ភិក្ខុ លួន សុវ៉ា បន្តថា «ការដូរឈ្មោះថ្មី គឺជាការប្រមាថមើលងាយដល់ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ….។ ការដូរឈ្មោះថ្មី គឺជាការលុបបំបាត់ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រពីជំនាន់មុន…។ ការដូរដាក់ឈ្មោះថ្មី គឺជាការលើកតម្កើងគោលនយោបាយអត្តាអធិបតេយ្យ និងអនាធិបតេយ្យ…។ ការដូរឈ្មោះថ្មី ធ្វើឲ្យប្រជាពលរដ្ឋពិបាកហៅ ពិបាកទទួលយក និងបាត់បង់ទាំងផ្នែកវប្បធម៌ អរិយធម៌ និងសិល្បៈផងដែរ ដូចជា កវីនិពន្ធ ចម្រៀង ពីជំនាន់មុន ជាដើម…។ ការដូរឈ្មោះថ្មី គឺមិនបានចំណេញអ្វីដល់ប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិទេ…។ ការដូរឈ្មោះថ្មី គឺជាចេតនាទុច្ចរិតផ្នែកនយោបាយ បើអ្នកមានអំណាច ចេះតែដូរឈ្មោះភូមិសាស្ត្រ ឈ្មោះសាលារៀន មន្ទីរពេទ្យ ឈ្មោះសមិទ្ធផលផ្សេងៗរបស់ជាតិ ទៅដាក់ឈ្មោះបក្ស ឈ្មោះបុគ្គល គឺជាទម្រង់នៃការកាន់អំណាចតាមបែបផ្តាច់ការ មិនមែនជាទម្រង់នៃប្រទេសកាន់របបប្រជាធិបតេយ្យសេរីទេ…។ ការដូរឈ្មោះដើម ឈ្មោះចាស់ ដាក់ឈ្មោះថ្មី គឺជាការលុបបំបាត់កេរ្តិ៍ឈ្មោះ កិត្តិយស សមិទ្ធផល ស្នាព្រះហស្តរបស់បុព្វវីរបុរស មហាក្សត្រខ្មែរ ដូនតាខ្មែរ កេរដំណែលមនុស្សពីជំនាន់មុន ក៏ដូចជាមើលងាយដល់អ្នកបន្តវេនជំនាន់ថ្មី គឺយុវជនខ្មែរផងដែរ…»។

ភិក្ខុ លួន សុវ៉ាត បន្តទៀតថា «បើយើងទាំងអស់គ្នា មិនរួមគ្នាការពារឈ្មោះភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នៅពេលនេះទេ ចុះបើថ្ងៃក្រោយ គេដូរឈ្មោះប្រទេស តាមតែក្បាលចិត្ត ដូរឈ្មោះប្រាសាទអង្គរវត្ត ទៅជាប្រាសាទអង្គរតេជោសន្តិភាព វិញនោះ តើប្រទេសកម្ពុជាយើង នឹងទៅជាយ៉ាងណា?…»៕ ខៀវទុំ

RELATED ARTICLES