ភ្នំពេញ ៖ យុវជនជាសិស្ស ១ក្រុម បានគេចម៉ោងរៀនសូត្រ នាំគ្នាជិះម៉ូតូប្រដេញគ្នាលេងក្នុងល្បឿនយ៉ាងលឿន និងថែមទាំងបង្ហោះតាមដងផ្លូវយ៉ាងអនាធិបតេយ្យទៀតផង ធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋអ្នកដំណើរ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួន ចំនួន៤នាក់ យកទៅអប់រំ និងដកហូតម៉ូតូ ៣គ្រឿង យកទៅរក្សាទុករយៈពេល ៣ខែ។

ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល។
ក្មេងទំនើង ទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហោ លីហួ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល (អ្នកបើកបរម៉ូតូនិច)។ ទី២-ឈ្មោះសារុំ លីហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិចម្ការដូច ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើកបរម៉ូតូហុងដាឌ្រីម)។ ទី៣-ឈ្មោះដន សុវន្ថា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកជិះក្រោយ) និងទី៤-ឈ្មោះសោភ័ណ លីមីង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកបើកបរម៉ូតូប៊ីត)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចខណ្ឌកំបូល បានចុះឃាត់ខ្លួនយុវជនជាសិស្ស ចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។
ប្រភពដដែល បន្តថា ជាមួយនេះ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ទុកមធ្យោបាយ ម៉ូតូ ចំនួន៣គ្រឿង រួមមាន ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LC-8704។ ២-ម៉ាកនិច ស៊េរីឆ្នាំ២០១៩ ពណ៌សលាយផ្កាឈូក បិទតែមពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AF-3542។ ៣-ម៉ាកប៊ីត ស៊េរីឆ្នាំ២០២៤ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KX-628។

ក្មេងទំនើងទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក ធ្វើការអប់រំណែនាំ និងធ្វើកិច្ច សន្យា ព្រមទាំងធ្វើ កំណត់ហេតុដកហូតម៉ូតូ រក្សាទុកនៅប៉ុស្តិ៍ រយៈពេល៣ខែ៕