ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តទំនើប ១គ្រឿង ដែលចតស្ងៀមលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាត លុះភាគីម្ចាស់រថយន្តទាមទារសំណង ៧០ដុល្លារ ប្រាប់ថាមានលទ្ធភាពត្រឹមតែ ២០ដុល្លារ ចុងក្រោយដោះស្រាយគ្នាមិនត្រូវ ក៏ត្រូវសមត្ថកិច្ចជំនាញចុះវាស់វែង អូសយកទៅរក្សាទុក។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅជិតរង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត តាមផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JY-5134 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នក បើកម៉ូតូខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកពីក្រោយរថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-9109 ដែលម្ចាស់ចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងក្រោយ ចំណែក ម៉ូតូ ខូចខាតផ្នែកខាងមុខ មនុស្សរបួសតិចតួច។

ក្រោយកើតហេតុ ភាគីខាងរថយន្តបានទាមទារសំណង ៧០ដុល្លារ តែខាងម៉ូតូប្រាប់ថា មានលទ្ធភាពត្រឹមតែ ២០ដុល្លារតែប៉ុណ្ណោះ។ លុះធ្វើការសម្របសម្រួលគ្នាមិនត្រូវ ក៏ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង អូសយកទៅរក្សាទុក រង់ចាំដំណោះស្រាយនៅពេលក្រោយ៕