ខេត្តសៀមរាប ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ១ក្រុមធំ បានប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅកណ្តាលវាលស្រែមួយកន្លែង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែង ៩នាក់ និងដកហូតម៉ូតូ ២០គ្រឿង និងមាន់ជល់ ចំនួន៩ក្បាល។

ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចវាលស្រែខាងត្បូងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក។

ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៩នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉ក់ ច្រឹក ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិអម្ពិល ឃុំសំរោងយារ ស្រុកពួក។ ទី២-ឈ្មោះនន់ បូរ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក។ ទី៣-ឈ្មោះ ភោគ វី ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក (ម្ចាស់ម៉ូតូម៉ាកហុងដា វ៉េវ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ សៀមរាប 1F-4181)។ ទី៤-ឈ្មោះក្រូច ទីន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក (ម្ចាស់មាន់ជល់ ១ក្បាល)។ ទី៥-ឈ្មោះថោង រ៉េត ភេទប្រុស អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅព្រៃវែង ឃុំសំរោងយារ ស្រុកពួក (ម្ចាស់ម៉ូតូហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1C-3598)។ ទី៦-ឈ្មោះមុំ ចាំ ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក។ ទី៧-ឈ្មោះហួន ទ័ព ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយារ ស្រុកពួក។ ទី៨-ឈ្មោះហឿម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក។ ទី៩-ឈ្មោះឈឿម តី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន មាន់ជល់ ចំនួន៩ក្បាល ចង្ក្រានហ្គាស់២ ធុងដាក់ទឹក៣ ធុងទឹកកក១ រទេះរ៉ឺម៉កកែច្នៃ១ សង្វៀនជល់មាន់ ចំនួន២ និងម៉ូតូ សរុបចំនួន២០គ្រឿង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការលេងល្បែងស៊ីសងជល់មាន់ នៅត្រង់ចំណុចវាលស្រែ ខាងត្បូងភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរ បាលខេត្តសៀមរាប បានដាក់បទបញ្ជាដោយផ្ទាល់ទៅលោកអធិការនគរបាលស្រុកពួក ដឹកនាំកម្លាំងចុះបង្ក្រាបនៅទីតាំងល្បែងស៊ីសងខាងលើភ្លាមៗ។

ក្រុមអ្នកញៀនល្បែងទាំង៩នាក់ខាងលើ ត្រូវបានកម្លាំនគរបាលជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕