Saturday, February 22, 2025
Homeសេដ្ឋកិច្ចជាតិប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ច​ «ទំនប់អូរតេធិបតី» ខេត្តមណ្ឌលគិរី

ប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ច​ «ទំនប់អូរតេធិបតី» ខេត្តមណ្ឌលគិរី

មណ្ឌលគិរី​៖ ប្រតិភូ​សិល្បករ-សិល្បការិនី​ដឹកនាំផ្ទាល់ដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទ១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបន្តដំណើរចូលទស្សនកិច្ចទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររំាង ខេត្តមណ្ឌលគិរី ដែលជាសមិទ្ធផលដ៏ថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងកំពុងលេចត្រដែតត្រ​ដឹមឡើង គួរជាទីចាប់អារម្មណ៍ នឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តនា​ភូមិភាគឦសាន្តមួយនេះ។​

វត្តមានចូលរូមក្នុងឱកាសនេះមានលោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាសមាគមសិល្បករខ្មែរ, លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងបងប្អូនសិល្បករ-សិល្បការិនី និងក្រុមការ​ងារជាច្រើននាក់។​

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលថ្មីលើទឹកដីមណ្ឌលគិរី ហើយក៏សប្បាយចិត្តនៅពេលបានធ្វើដំណើរមកដល់ទំនប់អូរតេធិបតី រួមគ្នាជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងសិល្បករ-សិល្បការិនី មកស្វែងយល់ និងផ្សព្វផ្សាយពីសមិទ្ធផលទំនប់ទឹកពហុវិស័យដែលកើតចេញពីកិច្ចខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងបង្ហាញពីសារៈសំខាន់របស់ទំនប់អូរតេធិបតី ជូនថ្នាក់ដឹកនាំប្រតិភូសិល្បករ-សិល្បការិនី បានជ្រូតជ្រាបយ៉ាងក្បោះក្បាយ។ លោកសង្កត់ធ្ងន់ថា ទំនប់នេះក៏បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងបានជួយសម្រួលដល់ការប្រើប្រាស់ទឹក​ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ។

ទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើដីមណ្ឌលគិរី សាងសង់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងត្រូវសម្ពោធដោយ​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដីនៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាលសម្រាប់ប្រជាពលរដ្ឋ។ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។

ទំនប់អូរតេ បូករួមនឹងទំនប់លើ និងទំនប់ក្រោម ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់​ពហុ​វិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែ​តុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារ​អាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ទំនប់អូរតេ ដែលមានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និងទ្វារទឹកសម្អាតអាងចំនួន ២ទ្វារ សំណង់ការពារជើងទេរប្រវែង ៣,១៧៦ម៉ែត្រ, អគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្វូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣,១៧៦ម៉ែត្រ និងផ្លូវបេតុង​ចូលទៅកាន់ទំនប់ប្រវែង ៣,០៦១ម៉ែត្រ និងស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។

ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។ ទំនប់អូរតេធិបតីនេះ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ៕

RELATED ARTICLES