ខេត្តបន្ទាយមានជ័យ ៖ ក្លឹបរាត្រីនិងខារ៉ាអូខេ ដ៏ធំមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងព្រឹក បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងកម្លាំងជំនាញអគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចក្លឹប និងខារ៉ាអូរខេ យីហោ «ស៊ីន ជានហួយ» ខេធីវី (EDMចាស់) មានទីតាំងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីអគារក្លឹបនិងខារ៉ាអូខេ ខាងលើ រួចកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច និងសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ ដោយក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានក្រុងប៉ោយប៉ែត ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្តាហ្គោល ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន TROPICAN ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនហ្គ្រេនដាយមិន ចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ចំនួន១គ្រឿង។

ចំពោះសម្ភារៈខូចខាត រួមមាន កន្ទុយម៉ាស៊ីនត្រជាក់ ចំនួន៤ ធុងទឹកកក ពណ៌ក្រហម ចំនួន១ និងបណ្តាលឱ្យឆាបឆេះសំយាបនិងស្លាកយីហោធ្វើពីកាបោន នៅផ្ទាំងខាងក្រៅជញ្ជាំង ប្រហែល ៣០ភាគរយ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ មូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យខាងលើ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ យ៉ាងណា ករណីអគ្គិភ័យនេះ ពុំបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

