ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូអ្នករួមការងារជិះ ដោយប្រាប់ថា ទៅជួបប្រពន្ធមួយភ្លែត រួចយកម៉ូតូទៅបញ្ចាំនៅហាងមួយកន្លែង លុះក្រោយមក ជនរងគ្រោះជាម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ ក៏ឈានដល់ការបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែង ដោយដកហូតបានម៉ូតូ ចំនួន១២គ្រឿង រួមទាំងម៉ូតូជនរងគ្រោះ ១គ្រឿង សរុប១៣គ្រឿង និងឃាត់ខ្លួនស្ត្រីជាម្ចាស់ហាងបញ្ចាំម្នាក់ផងដែរ។

ប្រតិបត្តិការបង្ក្រាបហាងបញ្ចាំម៉ូតូនេះ បានធ្វើឡើងកាលវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចកន្លែងទទួលបញ្ចាំមួយកន្លែង ស្ថិតនៅផ្ទះលេខ E52 ផ្លូវបេតុង ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះព្រីង សំភី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុម ហ៊ុន និងទី២-ឈ្មោះទេព ស្រីនឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរបើកហាងបញ្ចាំ មានលំនៅផ្ទះលេខ E52 ផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល (អ្នកទទួលផលចោរកម្ម)។ រីឯជនរង គ្រោះ មានឈ្មោះ ប.ក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ០២ បុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ គឺជាបុគ្គលិកក្រុមហ៊ុនជាមួយគ្នា ហើយកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ខណៈជនរងគ្រោះកំពុងធ្វើការងារនៅក្នុងផ្ទះ ជនសង្ស័យឈ្មោះព្រីង សំភី បានទៅខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាក លេខ តាកែវ 1J-8072 ដោយបានប្រាប់ជនរងគ្រោះថា “ខ្ចីជិះទៅជួបប្រពន្ធមួយភ្លែត”។ ខណៈនោះដោយសារ តែជាអ្នកធ្វើការជាមួយគ្នា ទើបជនរងគ្រោះឱ្យខ្ចីម៉ូតូ បន្ទាប់មកជនសង្ស័យបានជិះទៅបាត់រហូតតែម្តង មិន ឃើញយកម៉ូតូត្រឡប់ទៅប្រគល់ឱ្យវិញឡើយ ហើយក្រោយពីបាត់រយៈពេល២ថ្ងៃ ជនរងគ្រោះបានទូរស័ព្ទសួរនាំ ហើយជននោះចេះតែកុហកថា ចាំពេលនេះ ចាំពេលនោះរហូត។

ប្រភពដដែល បន្តថា ដោយសារតែបែបនេះ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ជួយស្រាវជ្រាវរកជនសង្ស័យ ទើបនគរបាលបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានយកម៉ូតូទៅលក់នៅកន្លែងទទួលបញ្ចាំ នៅផ្ទះលេខ E52 ផ្លូវបេតុង ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបកម្លាំងនគរបាលចុះទៅឆែកឆេរ រកឃើញនិងដកហូតវត្ថុតាង ម៉ូតូចំនួន១២គ្រឿង រួមនិងម៉ូតូជនរងគ្រោះ ១គ្រឿងផងដែរ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើ រួមទាំងម៉ូតូទាំងអស់ ត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕