Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបញ្ឈរជើងប៉ូលិស២នាក់ ប៉ះទង្គិចបណ្ឌិតសុខ ទូច

ស្នងការបញ្ឈរជើងប៉ូលិស២នាក់ ប៉ះទង្គិចបណ្ឌិតសុខ ទូច

ភ្នំពេញ ៖ ករណីប៉ះទង្គិចរវាងនគរបាលត្រួតពិនិត្យជាតិអាល់កុល ក្នុងខណ្ឌសែនសុខ និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល ២រូប គឺអធិការរងនគរ បាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និងនគរបាលអន្តរាគមន៍ លោកអនុសេ នីយ៍ឯក (ស័ក្តិ៣) មាស ភារម្យ។

យោងតាមលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្គាប់ឱ្យមន្ត្រីនគរបាល ចំនួន២រូប មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី ៖

ទី១- លោកវរសេនីយ៍ទោ ហឿង វឿង អត្តលេខ ១២៨១១ ឋានៈអធិការរង ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

ទី២- អនុសេនីយ៍ឯក មាស ភារម្យ អត្តលេខ ៨៦៤៦៨ មន្ត្រីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។

ក្នុងលិខិតបង្គាប់ការខាងលើ បានបញ្ជាក់ពីមូលហេតុបញ្ឈរជើងមន្ត្រីនគរបាលទាំង២រូប គឺដោយសារ «ល្មើសបទវិន័យនគរបាលជាតិកម្ពុជា»។

គួរបញ្ជាក់ថា មន្ត្រីនគរបាលខណ្ឌសែនសុខ ទាំង២រូប ដែលត្រូវបានដកបញ្ឈរជើងខាងលើ គឺក្រោយពេលមានការប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីវេលាម៉ោង ១១និង៥៥នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញ-ហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងពេលដែលសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ ហឿង វឿង អធិការរងនគរបាលខណ្ឌសែនសុខ បានចាប់ឃាត់រថយន្តលោកបណ្ឌិត សុខ ទូច ដើម្បីពិនិត្យជាតិអាល់កុល ហើយមានការប៉ះទង្គិចគ្នាដោយពាក្យសម្តីនិងកាយវិការ ផ្អើលមហាជនស្ទើរទូទាំងប្រទេស ភាគច្រើនរិះគន់ទង្វើរបស់សមត្ថកិច្ច ដែលប្រើហិង្សាលើលើកបណ្ឌិត សុខ ទូច ហើយសូម្បីសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានបញ្ចេញសារអន្តរាគមន៍ឲ្យបិទបញ្ចប់ករណីនេះ កុំថែមស្ករ ប្រហុក ទឹកត្រី ប៊ីចេង និងកុំថែមសាំងចាក់លើភ្លើង៕ 

RELATED ARTICLES