Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចលុយក្រោមកែបម៉ូតូ៣លាន ជា.../ប់ខ្នោះ២

លួ…/ចលុយក្រោមកែបម៉ូតូ៣លាន ជា…/ប់ខ្នោះ២

ខេត្តកណ្តាល ៖ បុរសម្នាក់ បានយកលុយទៅទុកក្រោមកែបម៉ូតូ ដែលចតចោលនៅមុខផ្ទះរបស់ខ្លួន រួចបានចូលទៅក្នុងផ្ទះបាត់ លុះមួយសន្ទុះក្រោយមក ពេលចេញមកវិញ បើកកែបម៉ូតូ បម្រុងយកលុយមកប្រើប្រាស់ ស្រាប់តែបាត់អស់ ទើបសង្ស័យទៅលើជនសង្ស័យម្នាក់ ដែលមានផ្ទះជាប់ព្រំដីគ្នា ជាអ្នកលួច ក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់។ករណីលួចលុយនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសំណាង ណែត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ (មានសារធាតុញៀន) និងទី២-ឈ្មោះគួក គង់លាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ មានឈ្មោះសៀន សន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។ ចំពោះសម្ភារៈបាត់បង់ លុយ ចំនួន៣លានរៀល។ រីឯវត្ថុតាងចាប់យក រួមមាន ១-ទូរស័ព្ទ ចំនួន១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ។ ២-គ្រឿងញៀន ១កញ្ចប់ (ជារបស់ជនសង្ស័យឈ្មោះសំណាង ណែត)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះសៀន សន បានរៀបរាប់ថា កាលពីវេលាម៉ោងប្រហែល ១១ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្លួនបានយកលុយទៅដាក់ក្នុងក្រោមកែបម៉ូតូដែលចតទុកនៅក្បែរព្រំប្រទល់ដីរបស់ជនសង្ស័យឈ្មោះសំណាង ណែត។ លុះពេលដាក់លុយរួចហើយ ខ្លួនបានដើរចូលក្នុងផ្ទះ រយៈពេលប្រហែល២០នាទី ក៏ត្រឡប់មកវិញ ហើយបើកកែបម៉ូតូ ដើម្បីយកលុយប្រើប្រាស់ ប៉ុន្តែមិនឃើញលុយក្រោមកែបម៉ូតូឡើយ។ ដោយមានការសង្ស័យទៅលើឈ្មោះសំណាង ណែត ព្រោះ ជន សង្ស័យជាអ្នកមើលឃើញពេលខ្លួនដាក់លុយក្រោមកែបម៉ូតូ ភ្លាមនោះខ្លួនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះមកដល់វេលាម៉ោង៤រសៀល ថ្ងៃដដែល ទើបកម្លាំងប៉ុស្តិ៍នគរបាលសារិការកែវ បានហៅ ជនសង្ស័យឈ្មោះសំណាង ណែត មកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសំណាង ណែត បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចលុយនោះប្រាកដមែន គឺពេលខ្លួនក្រោកពីដេក រួចចុះពីលើផ្ទះ បានឃើញលុយក្នុងកែបម៉ូតូរបស់ឈ្មោះសៀន សន ដែលដាក់ជាប់ព្រំដីរបស់ខ្លួន ក៏លួចលុយនោះតែម្តង។ នៅពេលលួចលុយបានហើយ ខ្លួនបានទៅបបួលឈ្មោះគួច គង់លាង ទៅភ្នំពេញ ចាយវាយ និងទិញថ្នាំញៀន នៅចំណុចជិតមន្ទីរពេទ្យកាល់ម៉ែត ចំនួន៦០ម៉ឺនរៀល។ ក្រោយពីទិញរួច ខ្លួននិងឈ្មោះគួច គង់លាង បានត្រឡប់មកផ្ទះវិញ ដល់ចំណុចភូមិទួលមាស ខ្លួនបានចូលព្រៃ ដើម្បីយកថ្នាំញៀនទៅលាក់ទុកក្នុងព្រៃ។ ក្រោយពីលាក់ទុករួច ខ្លួនបានដឹកឈ្មោះគួច គង់លាង ទៅផ្ទះ បន្ទាប់ មកសមត្ថកិច្ចក៏បានហៅខ្លួន ទៅជួបនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសារិកាកែវដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះសំណាង ណែត និងឈ្មោះគួក គង់លាង បានឆ្លើយសារភាពបន្តទៀតថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយនិងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រាកដមែន ហើយលុយដែលនៅសេសសល់ពីទិញថ្នាំញៀន ខ្លួនបានចាយវាយនិងយកទៅប្រើប្រាស់អស់ហើយ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES