Monday, February 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងរាំឱបសង្សារ.../ឌឺ វ៉ៃ---/អ្នកប្រដាល់បា.../ក់ធ្មេញ    

ខឹងរាំឱបសង្សារ…/ឌឺ វ៉ៃ—/អ្នកប្រដាល់បា…/ក់ធ្មេញ    

ខេត្តកណ្តាល ៖ យុវជនម្នាក់ ជាអ្នកប្រដាល់ បាននាំសង្សារ និងមិត្តភក្តិ សរុប៥នាក់ ចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង លុះផឹកស្រវឹង នាំគ្នាឡើងរាំលេង ស្រាប់តែត្រូវក្មេងទំនើង ១ក្រុម ចោទថារាំឌឺដាក់ពួកគេ ក៏ព្រួតវាយ បណ្តាលឱ្យយុវជនជាអ្នកប្រដាល់ រងរបួសបែកក្បាល បែកមុខ បាក់ធ្មេញ និងមិត្តភក្តិ ២នាក់ទៀត រងរបួសបែក មាត់ ជាំភ្នែក ។ ចំណែកក្រុមជនបង្កហេតុ បាននាំគ្នារត់គេចខ្លួនបាត់អស់។ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកបក្ខពួក ៣នាក់ទៀត រត់គេចបាត់អស់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ ចំណុចហាងផឹកស៊ី ១កន្លែង យីហោ «THE FOREST» មានទីតាំងស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល។ រហូតមកដល់វេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈបក្ខពួក ៣នាក់ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ឹម វ៉ៃយុក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល១លើក ពីបទលួចមានស្ថាន ទម្ងន់ទោស រយៈពេល៤ឆ្នាំ និង៦ខែ នៅក្នុងឆ្នាំ២០២០ ដល់ ឆ្នាំ២០២៤ទើបចេញ)។ ចំណែកបក្ខពួក ៣នាក់ទៀត កំពុងគេចខ្លួន រួមមាន ទី១-ឈ្មោះវ៉ាន់ គឹមសិញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល។ ទី២-ឈ្មោះវ៉ាន់ គឹមស៊ឺ ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានលំនៅ  ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល និងទី៣-ឈ្មោះហៅក្រៅ អាយួន ភេទប្រុស អាយុប្រហែល២៣ឆ្នាំ មិនស្គាល់កន្លែងស្នាក់នៅ។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1AC-6106 និងទូរស័ព្ទ ១គ្រឿង ម៉ាក iPhone11 ពណ៌ក្រហម។

ដោយឡែក ជនរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះលន់ សៀកលាង ហៅឡាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកប្រដាល់ រស់នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល (របួសបែកក្បាល បែកបបូរមាត់ បាក់ ធ្មេញ)។ ទី២-ឈ្មោះអែល វីណាឈី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (របួសពកក្បាល ជាំភ្នែកខាងស្តាំ ហើមថ្គាម) និងទី៣-ឈ្មោះកប ថៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងអម្ពិល ឃុំត្រពាំងគង ស្រុកុសំរោងទង (របួសបែកក្បាល ហើមមាត់)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍វាយតប់គ្នានេះ បានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងហាង THE FOREST ដែលមានទីតាំងស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល  ដោយមុនពេលកើតហេតុ ក្រុមជនរងគ្រោះ និងមិត្តស្រី ចំនួន២នាក់ទៀត បានចូលផឹកស្រាបៀរ នៅក្នុងហាងខាងលើ ហើយក្រោយពេលផឹកស្រវឹង ក្រុមជនរងគ្រោះ បាននាំគ្នារាំលេងនៅនឹងតុផឹកស៊ី ចំណែកភ្ញៀវដទៃទៀត ក៏នាំគ្នារាំដែរ។

ប្រភពដដែល បន្តថា រហូតដល់ពេលកើតហេតុ ខណៈជនរងគ្រោះ កំពុងតែរាំលេង ស្រាប់តែក្រុមជនសង្ស័យ មានគ្នា៤នាក់ ដែលអង្គុយផឹកនៅតុក្បែរគ្នានោះ បានដើរទៅរករឿង ប្រុងវាយជនរងគ្រោះ ប៉ុន្តែពេលនោះដោយមានអ្នកឃាត់ ទើបក្រុមជនសង្ស័យនោះ មិនបានវាយ ជនរងគ្រោះឡើយ។ បន្ទាប់មក ដោយខ្លាចមានរឿងបន្តទៀត ទើបក្រុមជនរងគ្រោះ នាំគ្នាហៅអ្នកលក់ឱ្យគិតលុយ ហើយបានដើរចេញទៅផ្ទះវិញ ប៉ុន្តែនៅ ពេលដើរដល់មុខហាង ស្រាប់តែក្រុមជនសង្ស័យ ទាំង៤នាក់នោះ បានចេញតាមក្រោយ រួចបានព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឱ្យមានរបួសបែកក្បាល ហើមភ្នែក ហើមក្បាល ហើមខ្លួន និងដៃជើង ហើមមាត់ គ្រប់គ្នាតែម្តង ។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយកើតហេតុ ក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់។ បន្ទាប់មកជនរងគ្រោះទាំង៣នាក់ បានរាយការណ៍ប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលលំហាច ទើបកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ បានសហការជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅកាន់កន្លែងកើតហេតុធ្វើការស្រាវជ្រាវភ្លាមៗ។ ខណៈនោះ ដោយសារតែជនរងគ្រោះ មានរបួសផង និងស្រវឹងស្រាផង បាននាំគ្នាទៅមន្ទីរពេទ្យ ព្យាបាលរបួសទាំងយប់។

ក្រោយការស្រាវជ្រាវ នៅវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបកម្លាំងជំនាញព្រហ្មទណ្ឌស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍លំហាច កម្លាំងនគរបាលប៉ុស្តិ៍ពើក និងកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះស៊ឹម វ៉ៃយុក រួចនាំទៅកាន់អធិការដ្ឋាននគរ បាលស្រុក ដើម្បីសាកសួរ។

នៅចំពោះមុខនគរបាល ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ៣នាក់ទៀត ពិតជាបានធ្វើសកម្មភាពវាយទៅលើភាគីជនរងគ្រោះមែន ដោយសារភាគីជនរងគ្រោះបានរាំឌឺ ដាក់ពួកខ្លួនមុន។ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងតាមស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES