Tuesday, February 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរ២នាក់ បន្លំជាអ្នកកាសែត លួចម៉ូតូ

ចោរ២នាក់ បន្លំជាអ្នកកាសែត លួចម៉ូតូ

ខេត្តសៀមរាប ៖ ជនសង្ស័យ ចំនួន២នាក់ បានស្លៀកពាក់ឯកសណ្ឋាន និងប្រើកាតក្លែងក្លាយ បន្លំធ្វើជាអ្នកសារព័ត៌មាន ឬមន្ត្រីអង្គការ ដើម្បីដើរលួចទ្រព្យសម្បត្តិ និងម៉ូតូបុរសអ្នករកត្រីម្នាក់ តែត្រូវម្ចាស់គេទាន់ ក៏ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីបង្ក្រាបជនសង្ស័យលួចម៉ូតូនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចទំនប់បឹងផ្តៅ ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរឿម គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប និងទី២-ឈ្មោះពុត កុសន ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ មកសាកសួរ ពាក់ព័ន្ធករណីប្រើប្រាស់ឯកសណ្ឋាននិងកាតក្លែងក្លាយ បន្លំជាអ្នកសារព័ត៌មាន ឬមន្ត្រីអង្គការ ដើម្បីដើរលួចទ្រព្យសម្បត្តិ និងម៉ូតូបុរសអ្នករកត្រីម្នាក់ នៅត្រង់ចំណុចទំនប់បឹងផ្តៅ ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមក ពួកខ្លួនបានធ្វើសកម្មភាពលួចជាច្រើនលើក ក្នុងក្រុងសៀមរាប និងតាមបណ្តាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពក្លែងបន្លំធ្វើជាអ្នកសារព័ត៌មាន ឬមន្ត្រីអង្គការ ជិះរកមើលម៉ូតូណាដែលទុកប្រហែស ពុំមានចាក់សោ ពួកខ្លួនធ្វើសកម្មភាពលួច  តែនៅពេលដែលប្រជាពលរដ្ឋឃើញ ពួកខ្លួនបានយកកាត់សម្គាល់ខ្លួន មកបង្ហាញ និងអះអាងថា ជាអ្នកសារព័ត៌មាន ឬ មន្ត្រីអង្គការ តែបើមានឱកាស នាំគ្នាជិះម៉ូតូគេចខ្លួនតែម្តង។

ចំពោះវត្តុតាងដែលសមត្ថកិច្ចធ្វើការដកហូតពីជនសង្ស័យទាំង២នាក់ខាងលើ រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AK-6633 (ជារបស់ជនរងគ្រោះ)។  ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ឡើងតែម ឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប 1B-6853 លេខតួលេខម៉ាស៊ីន ត្រូវបានឈូសលុប (ជារបស់ជនល្មើសជិះសម្រាប់ធ្វើសកម្មភាព)។ កូនសោ ចំនួន៣។ ដង្កាប់ ចំនួន៤។ ម៉ាលេត ចំនួន១។ ខ្សែលួស មួយចំនួន (ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស)។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES