Tuesday, February 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរថ្លើមធំ គាស់ផ្ទះអេ ភូថង អេ អាំម៉ារីន ទា.../ត់១ជើង ប---/ត់ក

ចោរថ្លើមធំ គាស់ផ្ទះអេ ភូថង អេ អាំម៉ារីន ទា…/ត់១ជើង ប—/ត់ក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះគ្រូប្រដាល់ល្បីឈ្មោះ លោកអេ ភូថង ប៉ុន្តែត្រូវបានប្រ ពន្ធកូនលោកគ្រូប្រដាល់ ដឹងទាន់ ស្រែកឆោឡោនិងដេញតាមចាប់ បែរជាព្យាយាមតដៃជាមួយកូនប្រុសលោកអេ ភូថង គឺកីឡាករប្រដាល់ អេ អាំម៉ារី ក៏ត្រូវកីឡាកររូបនេះទាត់១ជើង បត់ក និងចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីគាស់ផ្ទះគ្រូប្រដាល់ អេ ភូថង នេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ លន ម៉ឹង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពលោកស្រី ស សុម៉ាលី ភរិយារបស់លោកគ្រូអេ ភូថង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ជន សង្ស័យខាងលើនេះ បានធ្វើសកម្មភាពគាស់ផ្ទះរបស់គាត់ ៤ទៅ៥ដងរួចមកហើយ នៅក្នុងពេលក្រុមគ្រួសារគាត់ត្រូវទៅខេត្ត ឬជាប់ប្រកួតប្រដាល់គុនខ្មែរ គ្មានអ្នកនៅចាំផ្ទះ ហើយចាក់សោផ្ទះចោល ដោយជនសង្ស័យធ្លាប់លួចយកបានទូរស័ព្ទ ព្រមទាំងគ្រឿងអលង្ការរបស់កូនស្រីលោកស្រី គឺកីឡាការិនី អេ យ៉ានុត បានសម្រេច រួចគេចខ្លួនបាត់ ហើយថ្មីៗនេះ ធ្លាប់ចូលលួចដល់ក្នុងបន្ទប់កូនប្រុសពៅរបស់លោកស្រី និងព្យាយាមលួចទូរស័ព្ទដែរ តែត្រូវបានកូនប្រុសពៅលោកស្រី ភ្ញាក់ដឹងខ្លួនទាន់ ក៏រត់គេចបាត់។ ចំណែកគ្រួសារលោកស្រី ចេះតែអនុគ្រោះ មិនបានដាក់ពាក្យប្តឹងអ្វីនោះទេ។

ភរិយាលោកគ្រូអេ ភូថង បន្តថា លុះមកដល់យប់ថ្ងៃកើតហេតុ ខណៈដែល លោកគ្រូអេ ភូថង ជាស្វាមី រវល់ទៅខេត្ត ជនសង្ស័យបានចូលទៅធ្វើសកម្មភាពគាស់ផ្ទះ ដើម្បីចូលលួចទ្រព្យសម្បត្តិម្តងទៀត។ ប៉ុន្តែត្រូវបានកូនៗលោកស្រី (អេ យ៉ានុត និងអេ អាំម៉ារីន) ឃើញទាន់ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យរត់ ហើយភ្លាមនោះ កូនប្រុសលោកស្រី គឺកីឡាករប្រដាល់ អេ អាំម៉ារីន បានដេញតាមឃាត់ ក៏ត្រូវជនសង្ស័យវាយតដៃ និងថែមទាំងទាញដុំថ្មគប់ទៀត តែត្រូវអេ អាំម៉ារីន ប្រើស្នៀតការពារខ្លួន ទាត់១ជើង បត់ក និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

តាមសម្តីរបស់កីឡាករប្រដាល់វ័យក្មេង អេ អាំម៉ារីន បានបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យបានមកគាស់ចម្រឹងបង្អួចផ្ទះខ្លួនម្តងរួចមកហើយ និងត្រូវឪពុកប្រើឱ្យគេផ្សារបិទវិញ ស្រាប់តែយប់កើតហេតុ ខ្លួនត្រឡប់មកពីទិញអីហូបវិញ ឃើញចម្រឹងដែកនោះចំហជាថ្មី  ទើបដឹងថា ជនសង្ស័យច្បាស់ជាចង់ធ្វើសកម្មភាពទៀត ក៏ត្រៀមឃ្លាំមើល ពេញ១យប់។ រហូតដល់វេលាម៉ោងខាងលើ លេចមុខជនសង្ស័យមកធ្វើសកម្មភាព ទើបខ្លួនបានស្រែកឆោឡោ និងដេញចាប់ តែត្រូវជនសង្ស័យព្យាយាមតដៃ ដោយទាញដុំថ្មគប់មកលើខ្លួនទៀតផង ធ្វើឱ្យខ្លួនចាំបាច់ត្រូវបញ្ចេញស្នៀតការពារខ្លួន ទាត់ជនសង្ស័យ ១ជើង ចំកញ្ចឹងក ទើបអាចចាប់ក្របួចជន សង្ស័យជាប់។

ភរិយាលោកគ្រូអេ ភូថង បញ្ជាក់ថា ក្រោយចាប់ខ្លួនជនសង្ស័យបាន ប្តីរបស់គាត់ (លោកអេ ភូថង) បានប្រាប់ឱ្យលែងជនសង្ស័យនោះវិញដែរ ប៉ុន្តែក្រោយមក ពេលបានដឹងថាជននោះ បានវាយតដៃកូនប្រុសគាត់ (អេ អាំម៉ារីន) បែបនេះ ទើបប្តីគាត់សម្រេចឱ្យប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នាំយកទៅចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានគាស់ចម្រឹងដែកបង្អួចផ្ទះលោកគ្រូអេ ភូថង បម្រុងចូលលួចទ្រព្យសម្បត្តិប្រាកដមែន ហើយកន្លងមក ខ្លួនបានផ្លោះតាមបង្អួច ចូលលួចបាននាឡិកាដៃ ទូស័ព្ទដៃ និងចិញ្ចៀន ជាបន្តបន្ទាប់ដែរ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES