ខេត្តសៀមរាប ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តសៀម រាប បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនថៅកែលក់គ្រឿងសង្ហារិម ២នាក់ប្តីប្រពន្ធ បញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ជិត២០ម៉ឺនដុល្លារ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី មានឈ្មោះថាន់ ភក្តី អាយុ៣៦ឆ្នាំ និងស្ត្រីជាប្រពន្ធ មានឈ្មោះឌី ចាន់ណា អាយុ៤២ឆ្នាំ។ ទាំង២នាក់ប្តីប្រពន្ធ ប្រកបរបលក់គ្រឿងសង្ហារិម មានលំនៅ តាមផ្លូវកូនម៉ែ ស្ថិតក្នុង ភូមិសាលាកន្សែង សង្កាត់គោកចក ក្រុងសៀមរាប។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ថៅកែលក់គ្រឿងសង្ហារិម ២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធសហការចាប់ខ្លួននៅខេត្តសៀមរាប និងបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ទើបកម្លាំងសមត្តកិច្ចជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពដដែល បន្តថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បានចេញមូលប្បទានបត្រមួយសន្លឹក ដែលមានទឹកប្រាក់ ១៨ម៉ឺន៥ពាន់ដុល្លារអាមេរិក ឱ្យទៅដើម្បីបណ្តឹង ហើយសែក ១សន្លឹកនោះ ខណៈម្ចាស់បណ្តឹងយកទៅបើកពីធនាគារ ជាសែកស្អុយ ពុំមានប្រាក់ទេ។ បន្ទាប់មក ភាគីដើមបណ្តឹង បានព្យាយាមជួបភាគីចុងចោទ ដើម្បីទាមទារបំណុល និងរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ជាញឹកញប់ដែរ ប៉ុន្តែចុងក្រោយជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ចេះតែគេចវេះពីបំណុល ទើបជនរងគ្រោះសម្រេចប្តឹងតុលាការ ឱ្យចាត់ការតាមផ្លូវច្បាប់តែម្តង៕