Thursday, February 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទះលក់ចាប់ហួយ ភ្លើង.../ឆេះអស់ជាង៣ម៉ឺនដុល្លារ

ផ្ទះលក់ចាប់ហួយ ភ្លើង…/ឆេះអស់ជាង៣ម៉ឺនដុល្លារ

ខេត្តត្បូងឃ្មុំ ៖ ផ្ទះលក់ចាប់ហួយ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងយប់ ដោយបំផ្លាញអស់ទាំងផ្ទះ និងអីវ៉ាន់ចាប់ហួយទាំងស្រុង ក្នុងទំហំទឹកប្រាក់ប្រមាណ ជាង៣ម៉ឺន៥ពាន់ដុល្លារ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះលក់ចាប់ហួយ ១កន្លែង ស្ថិតក្នុងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ផ្ទះលក់ចាប់ហួយដែលរងការឆាបឆេះ មានទំហំ ៨ម៉ែត្រ គុណនឹង ៣៥ម៉ែត្រ សង់អំពីថ្ម ដំបូលប្រក់ដែកស័ង្កសី មានម្ចាស់ឈ្មោះ មិន ត្រេង ភេទប្រុស អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះមុល ស្រីឃាន អាយុ៤៣ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ មានលំនៅ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យកើតឡើងនៅចំណុចភូមិសាស្ត្រខាងលើ។ ភ្លាមនោះ កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ខេត្តត្បូងឃ្មុំ បានចុះជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង រួមមាន  រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន៣ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ២៦ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង អីវ៉ាន់ចាប់ហួយជាច្រើនមុខ ម៉ូតូ ចំនួន៤គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន៣គ្រឿង និងម៉ាកហុងដា វ៉េវឆ្លាម ចំនួន១គ្រឿង) រួមនិងសម្ភារៈប្រើប្រាស់ជាច្រើន ទៀត សរុបជាទឹកប្រាក់ ប្រមាណ ៣ម៉ឺន៥ពាន់ដុល្លារ៕

RELATED ARTICLES