Thursday, February 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ពន្លត់ភ្លើងឆេះ.../ផ្ទះ ប៉ូលិសធ្លា---/ក់ពីលើឡាន

 ពន្លត់ភ្លើងឆេះ…/ផ្ទះ ប៉ូលិសធ្លា—/ក់ពីលើឡាន

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីនគរបាលមួយរូប កំពុងបំពេញបេសកកម្មបាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្រាប់តែរអិលជើងធ្លាក់ពីលើរថយន្តពន្លត់អគ្គិភ័យ បណ្តាលឱ្យរងរបួស និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិគ្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក។

មន្ត្រីនគរបាលដែលរងគ្រោះ មានឈ្មោះ ឆេង ភារុន មានឋានន្តរស័ក្តិអនុសេនីយ៍ឯក តួនាទីជានាយរងផ្នែកព្រហ្មទណ្ឌ។

យោងតាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង ៥ និង១០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីគ្រោះអគ្គិភ័យ ឆេះផ្ទះរបស់ប្រជាពលរដ្ឋ ឈ្មោះភឿន ភាក់ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិគ្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក បណ្តាលឱ្យរងការខូតខាតរួមមាន  ផ្ទះចំនួន ១ខ្នង សង់អំពីឈើប្រក់ក្បឿង មានទំហំ ៨ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ខាងក្រោមសង់អំពីថ្មខូចខាតទាំងស្រុង ស្រូវ ចំនួន១តោន  ប្រាក់រៀលចំនួន ១៩លាន និង៦០ម៉ឺនរៀល ប្រាក់ដុល្លារ ចំនួន៥ពាន់ដុល្លារ រួមនិងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។ ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការពន្លត់ករណីអគ្គិភ័យខាងលើ បានបណ្តាលឱ្យនគរបាលស្រុកពញា ក្រែក ចំនួន១នាក់ រងរបួស គឺលោកអនុសេនីយ៍ឯក ឆេង ភារុន នាយរងផ្នែកព្រហ្មទណ្ឌ នៅពេលលោកបានកាន់ទុយយោបាញ់ទឹក ហើយបានរអិលជើងធ្លាក់ពីលើរថយន្ត។

ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨រថយន្ត ស្មើនឹង ៤៨ម៉ែត្រគូប។ ក្នុងនោះរួមមាន រថយន្ត ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញា ក្រែក ចំនួន១គ្រឿង ប្រើប្រាស់ទឹក ចំនួន២រថយន្ត។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៤រថយន្ត។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកតំបែរ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត៕

RELATED ARTICLES