ភ្នំពេញ ៖ កុមារកម្ពុជា ចំនួន៥នាក់ ដែលបានកើតមានជំងឺបេះដូងពីកំណើត ត្រូវបានក្រុមគ្រូពេទ្យជំនាញចិន នៃមន្ទីរពេទ្យបេះដូង ហ៊្វូវៃ (Fuwai) ខេត្តយូណាន ប្រទេសចិន ជួយធ្វើការវះកាត់ ព្យាបាលប្រកបដោយជោគ ជ័យ ក្រោមការគាំទ្រនិងកិច្ចសម្របសម្រួលរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការ YUNDI។

កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលដឹកនាំកុមារកម្ពុជា ទៅធ្វើការវះកាត់បេះដូង រហូតបានជោគជ័យ នៅឯប្រទេសចិន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ជួយព្យាបាលកុមារកម្ពុជា ចំនួន៥រូប ដែលបានទៅទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត។

ក្នុងជំនួបជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យបេះដូង Fuwai លោកអភិបាលរងស្រុកបន្ទាយស្រី បានគូសបញ្ជាក់ពីការគាំទ្រនិងកិច្ចសម្របសម្រួលរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការ YUNDI ដែលចាប់ពីឆ្នាំ២០១៩ មក បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធនានា ក្រោមកិច្ចសម្របសម្រួលពីរដ្ឋ បាលសាលាខេត្តសៀមរាប និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការចុះពិនិត្យសុខភាពកុមារ នៅក្នុងស្រុកបន្ទាយស្រី និងបានគាំទ្រដល់ការបញ្ជូនកុមារដែលត្រូវបានក្រុមគ្រូពេទ្យកម្ពុជា-ចិន រកឃើញថាមានជំងឺបេះដូងពីកំ ណើត យក មកវះកាត់ និងព្យាបាលនៅប្រទេសចិន។
ដោយឡែកនៅដើមឆ្នាំ២០២៥ នេះ ក្រោមការចង្អុលបង្ហាញពីលោកថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី ទើបលោក ងន ប៊ុនធី ទទួលភារៈដឹកនាំកុមារ ចំនួន៥រូប មកទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត នៅ ប្រទេសចិន។

ក្នុងសេចក្តីរំភើបរីករាយជាមួយក្រុមគ្រួសារកុមារទាំង៥រូបនេះ លោកអភិបាលរងស្រុកបន្ទាយស្រី បានថ្លែងអំណរគុណជាពន់ពេកដល់លោកឡាវ វ៉ាន់ និងលោកស្រី ជឹង សុគន្ធាវី ដែលជានិច្ចកាលបានជ្រោមជ្រែងផ្តល់ថវិកាជួយរៀបចំលិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះ ការស្នាក់នៅ ការហូបចុក និងប្រាក់ហោប៉ៅ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយស្រោចស្រង់អាយុជីវិតរបស់កុមារទាំង៥រូបនេះ ឱ្យជាសះស្បើយ និងទទួលបានសុខភាពល្អ ដែលនេះជាក្តីបំណងប្រាថ្នារបស់យើងទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០១៨ មក ដោយមានការសម្របសម្រួលពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កុមារចំនួន ១១៧រូប ដែលក្នុងនោះមាន៥នាក់ រស់នៅក្នុងស្រុកបន្ទាយស្រី បានជាសះស្បើយទាំងស្រុងពីជំងឺបេះដូងពីកំណើត តាមរយៈការវះកាត់និងព្យាបាលដោយឥតគិ តថ្លៃ ពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន។ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការ YUNDI នឹងបន្តជាស្ពានដ៏ប្រសើរក្នុងការជួយព្យាបាលដល់កុមារកម្ពុជា ដែលមានជំងឺបេះដូងពីកំណើត៕