ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន១៧នាក់ (ស្រី៦នាក់) ដែលស្នាក់នៅក្នុងបន្ទប់ផ្ទះជួលចំនួន២កន្លែង ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ ធ្វើការឃាត់ខ្លួន នាំទៅធ្វើតេស្តទឹកនោម សង្ស័យពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ញៀន។

ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង១៧នាក់នេះ ធ្វើឡើងខណៈដែលកម្លាំងសមត្ថកិច្ចចុះធ្វើរដ្ឋបាល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ២កន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន និងក្មេងទំនើង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះធ្វើរដ្ឋបាលនៅតាមផ្ទះជួលដែលមានការសង្ស័យ។

ជាក់ស្តែង កម្លាំងសមត្ថកិច្ចបានចុះធ្វើនៅចំណុចបន្ទប់ជួល ២កន្លែងខាងលើ បានប្រទះឃើញមនុស្ស ១ក្រុម គួរឱ្យសង្ស័យ បានធ្វើការឃាត់ខ្លួន និងបានរកឃើញឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ព្រមទាំងដកហូតបានម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន៣គ្រឿង ម៉ាកហុងដា ស្កុបពី ចំនួន២គ្រឿង។

បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបាននាំយកទាំងជនសង្ស័យ រួមនិងវត្ថុតាង ទៅកាន់ផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្ត។ ប៉ុន្តែនៅពុំទាន់ដឹងថាមានអ្នកជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសអ្វីផ្សេង ប៉ុន្មាននាក់នៅឡើយ៕
