ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទឡូតូ យីហោ៩៩៩៩ មួយកន្លែង ដោយឃាត់ខ្លួនមនុស្សម្នាក់ ជាអ្នកគ្រប់គ្រងទីតាំងខាងលើ ព្រមទាំងដកហូតសម្ភារៈវត្ថុតាង កុំព្យូទ័រ ចំនួន១ឈុត។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចទីតាំងល្បែងស៊ីសង ប្រភេទឡូតូ យីហោ ៩៩៩៩ ស្ថិតនៅចំណុចផ្ទះលេខ 9B ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

លោកណុប ផា អភិបាលរងខណ្ឌ៧មករា បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោក ថេង សុថុល អភិ បាលខណ្ឌ៧មករា នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទឡូតូ យីហោ ៩៩៩៩ មួយកន្លែង នៅចំណុចផ្ទះលេខ 9B ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកណុប ផា បាន ឱ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងនេះ ដោយមានពលរដ្ឋរាយ ការណ៍ថា មានមនុស្សចេញចូលទីតាំងខាងលើយ៉ាងពពាក់ពពូន សង្ស័យមានបង្កប់ល្បែងស៊ីសង។ ដូច្នេះកម្លាំងអាជ្ញាធរ បានដាក់កម្លាំងស្រាវជ្រាវ និងចុះបង្ក្រាបជាក់ស្តែងតែម្តង ដោយឃាត់ខ្លួនមនុស្សម្នាក់ ជាអ្នក គ្រប់គ្រង និងដកហូតសម្ភារៈ កំព្យូទ័រ មួយឈុត ។

ក្រោយប្រតិបត្តិការ កម្លាំងអាជ្ញាធរខណ្ឌ៧មករា បានបិទទ្វារទីតាំងខាងលើជាបណ្តោះអាសន្ន និងដកហូតវត្ថុតាងយកទៅរក្សាទុកនៅសាលាខណ្ឌ។ ចំណែកអ្នកគ្រប់គ្រងទីតាំង ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕



