ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ១ក្រុម ខឹងក្មេងស្ទាវ ១ក្រុមទៀត រោទ៍ម៉ូតូឌឺ បានតាមដេញវាយ ដោយមួកសុវត្ថិភាព បណ្តាលឱ្យរងរបួសទាំងសងខាង និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍បង្ក្រាប ឃាត់ខ្លួនក្មេងទំ នើងទាំងសងខាង បានសរុបចំនួន៨នាក់ នាំយកមក ចាត់ការតាមច្បាប់។

ករណីក្មេងទំនើងដេញវាយគ្នានេះ បានកើតឡើង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ១៤០ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង។
ក្មេងទំនើងទាំង២ក្រុម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ក្រុមទី១ (ឃាត់ខ្លួនបានចំនួន៦នាក់) ទី១-ឈ្មោះខុន វិបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិអង្រុត ឃុំពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ។ ទី២-ឈ្មោះឡុង សំអូន ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៣-ឈ្មោះឡុង តុលា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះឆន សុផាត ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៥-ឈ្មោះសួន រស្មី ហៅវី ភេទប្រុស អាយុ១៦ឆ្នាំ។ និងទី៦- ឈ្មោះសឿន វ៉ាន់ឌឿន ភេទប្រុស អាយុ២១ឆ្នាំ។ ជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចរមណីយដ្ឋានម៉ុងឫទ្ធី សែនជ័យ ស្ថិតក្នុងភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង។

ចំណែកក្រុមទី២ (ឃាត់ខ្លួនបានចំនួន២នាក់) ទី១-ឈ្មោះស៊ន បូរ៉ា ភេទប្រុស អាយុ១៥ឆ្នាំ។ និងទី២-ឈ្មោះពៅលី បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបុរីហាមមុន្នី ភូមិអូរក្រាំងអំបិល ស្រុកសំរោងទង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ១៤០ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង មានក្មេងទំនើង ២ក្រុម ជិះម៉ូតូធ្វើសកម្មភាពយកមួកសុវត្ថិភាពដេញគប់គ្នាទៅវិញទៅមក ហើយបានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង និងអនុវត្តតាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងនគរបាលរដ្ឋបាលត្រពាំងគង បើកការស្រាវជ្រាវបន្ទាន់រហូតឈានទៅឃាត់ខ្លួនក្រុមក្មេងទំនើងបានភ្លាមៗ សរុបចំនួន៨នាក់។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ប្រាប់ថា ក្រុមក្មេងទំនើងទាំង២ក្រុម ពិតជាបានធ្វើសកម្មភាពយកមួកដេញគប់គ្នាទៅវិញទៅមក ដោយមូលហេតុមកពីក្រុមទី២ ខឹងក្រុមទី១ រោទ៍ម៉ូតូឌឺ ។

ក្មេងទំនើងទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕