ភ្នំពេញ ៖ ទណ្ឌិតស្រី ចំនួន៤០នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ បានផ្ទេរចេញពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) ព្រៃស កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ដើម្បីរំដោះភាពចង្អៀតណែនក្នុងបន្ទប់ពន្ធនាគារ។

តាមប្រភពអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តកណ្តាល រាជធានីភ្នំពេញ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ភេទស្រី ចំនួន៤០នាក់ ពីពន្ធនាគារខេត្តកណ្តាល ដែលមានភាពចង្អៀតណែន ទៅឃុំខ្លួនបន្តនៅមណ្ឌលអប់រំកែប្រែទី២ (ម២)ស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះភាពចង្អៀតណែន។

ការចុះអនុវត្តន៍នេះ បញ្ជាផ្ទាល់ដោយលោកស្រីវរអគ្គានុរក្ស ថ្នាក់លេខ១ ជា សារ៉េត អនុប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥៕



