ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការឃាត់រថយន្តធុនធ្ងន់ ចំនួន៤៩គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើតេស្តទៅលើអ្នកបើកបរ ដើម្បីរកសារធាតុញៀន។ ការដាក់កម្លាំងឃាត់រថយន្តធុនធ្ងន់នេះ បន្ទាប់ពីកន្លងមករថយន្តទាំងនោះបើកបរក្នុងល្បឿនលឿន មិនសូវគោរពច្បាប់ចរាចរណ៍ ហើយតែងតែបង្កគ្រោះថ្នាក់ ដែលគេសង្ស័យអ្នកបើកបរ ផ្ទុកនូវសារធាតុញៀន។


តាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តការត្រួតពិនិត្យ ធ្វើតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំ ណាត់ផ្លូវជាតិលេខ៥ ភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។


នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់រថយន្តធុនធំ ចំនួន៤៩គ្រឿង អ្នកបើកបរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លទ្ធផលបានបង្ហាញអវិជ្ជមាន (គ្មានសារធាតុញៀន)។


លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានឲ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យនិងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងជាការបង្ការ ទប់ស្កាត់អ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន សំដៅធ្វើយ៉ាងណាឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅកម្រិតទាបបំផុត តាមដែលអាចធ្វើបាន៕


