ខេត្តព្រៃវែង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង និងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ និងថែមទាំងបណ្តាលឱ្យលោកយាយវ័យ៨៨ឆ្នាំម្នាក់ ត្រូវជាម្តាយរបស់ម្ចាស់ផ្ទះ រត់ចេញមិនទាន់ ត្រូវភ្លើងឆេះរលាកពេញខ្លួន រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបឹងវែង ឃុំដំរីពួន ស្រុកស្វាយអន្ទរ។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ១៥ម៉ែត្រ សង់ពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះអ៊ុច វន់ ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះធុយ នាង។ ចំណែកស្ត្រីចំណាស់ដែលរងរបួស មានឈ្មោះ អ៊ុច ប៊ូ អាយុ៨៨ឆ្នាំ ត្រូវជាម្តាយរបស់ម្ចាស់ផ្ទះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះឡើង គឺបណ្តាលមកពីម្ចាស់ផ្ទះ ផ្សារគោយន្ត បណ្តាលឱ្យខ្ទាតផ្កាភ្លើងទៅប៉ះចំប៉ើងដែលដាក់នៅជាប់ផ្ទះ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះ មានមុខរបរធ្វើស្រែផង និងជាជាងផ្សារដែកផង ហើយនៅជាប់ផ្ទះ មានពំនូកចំបើងមួយគំនរធំ និងនៅក្រោមផ្ទះ សុទ្ធតែជាគ្រឿងសម្ភារៈផ្សារដែក។ មុនពេលកើតហេតុ បុរសជាម្ចាស់ផ្ទះ បានរៀបចំកាត់ផ្សារដែក ដំឡើងគោយន្ត នៅខាង មុខផ្ទះ ក្បែរគំនរចំបើង លុះយពេលកំពុងផ្សារដែកនោះ ស្រាប់តែខ្ទាតផ្កាភ្លើង ទៅប៉ះពំនូកចំបើង ធ្វើឱ្យឆាប់ឆេះគំនរចំបើង និងរាលដាលឆេះផ្ទះដែលនៅជាប់គ្នា ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង កើតជាអគ្គិភ័យ យ៉ាងសន្ធោសន្ធៅ តែម្តង។

លោកអ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុក ស្វាយអន្ទរ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាភ្នំ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកមេសាង ចំនួន ១គ្រឿង ដោយបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន១៦ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបណ្តាលឱ្យឆេះឆ្លងទៅផ្ទះផ្សេងៗទៀតឡើយ។

លោកអធិការ បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ រួមមាន ឆេះផ្ទះ ១ខ្នងទាំងស្រុង ប្លង់ដី ៥ប្លង់ លុយ ចំនួន៨លាន៥សែនរៀល មាស ចំនួន៦ជី និងរ៉ឺម៉កគោយន្ត ១គ្រឿង សរុបជាទឹកប្រាក់ ប្រមាណជិត១ម៉ឺនដុល្លារ និងបានបណ្តាលឱ្យស្ត្រីចំណាស់អាយុ៨៨ឆ្នាំ ត្រូវជាម្តាយរបស់ម្ចាស់ផ្ទះ បានរងរបួសធ្ងន់ រលាកពេញខ្លួន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយពេលកើតហេតុ ។ជាមួយនេះ អាជ្ញាធរសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្អិនម្ហូបអាហារ និងឧបករណ៍ប្រើប្រាស់ ដែលអាចបញ្ចេញផ្កាភ្លើងបាន ហើយជាពិសេសគំនរចំប៉ើង កុំយកដាក់ក្បែរផ្ទះ ព្រោះវាអាចកើតឡើងនូវករណីអគ្គិភ័យជាយថាហេតុ៕
