ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍ ១គ្រឿង កំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ធ្វើឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់កម្លាំងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្រុមទី០១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ ពេលវេលា។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

រថយន្តរងគ្រោះ គឺជាប្រភេទរថយន្តក្រឡុស៊ីម៉ងត៍ បានឆេះរថយន្តក្រឡុស៊ីម៉ងត៍ ចំនួន១គ្រឿង តែពុំបានបណ្តា លឱ្យឆេះរាលដាលដល់អ្នកធ្វើដំណើរនោះឡើយ។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង៣រសៀល ថ្ងៃដដែល។

គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើង រថយន្ត បង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕