Monday, March 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ១៧ខ្នង ខូចខាតជាង២លានដុល្លារ

ភ្លើងឆេះផ្ទះ១៧ខ្នង ខូចខាតជាង២លានដុល្លារ

ខេត្តកំពង់ចាម ៖ ផ្ទះឈើដែលសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៨០ និងមានអាយុកាលប្រមាណជាង៤០ឆ្នាំមកហើយ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង សរុបចំនួន១៧ខ្នង ដែលគិតពីទំហំនៃការខូចខាតអស់ប្រមាណជាង ២លានដុល្លារ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ជាង៥០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិ៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

យោងតាមសាក្សីម្នាក់ ជាម្ចាស់ផ្ទះដែលប្រកបរបរជាងផ្សារកង់-ម៉ូតូ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ថា មុនកើតហេតុ គាត់ឃើញមានការទុស្សេចរន្តភ្លើង ចេញពីបង្គោលមួយកន្លែងនៅមុខផ្ទះរបស់គាត់ ហើយភ្លើងនោះបានឆេះរាលដាលបន្តមកដល់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ គឺបានឆេះឆ្លងពីផ្ទះមួយទៅផ្ទះមួយ ធ្វើឱ្យមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ខណៈដែលអ្នកខ្លះកំពុងដេកលក់នៅឡើយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអគ្គិភ័យនេះភ្លាម លោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ១គ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។ បន្ទាប់មកគេមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ទាំងកណ្តាលយប់។

សមត្ថកិច្ចបានបញ្ជាក់ថា ភ្លាមៗលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងចម្រុះជួយ អន្តរាគមន៍ដោយផ្ទាល់ ដោយក្នុងប្រតិបត្តិការនេះ រួមមានកម្លាំងរបស់អធិការដ្ឋាននគរ បាលក្រុងកំពង់ចាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤សង្កាត់ ចេញអន្តរាគមន៍ជាបន្ទាន់ដល់កន្លែងកើត ហេតុ។

ចំពោះប្រតិបត្តិការអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន១០គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានគរបាលខេត្តកំពង់ចាម ចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរ បាលស្រុកកងមាស ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិ ការដ្ឋាន នគរបាលស្រុកកំពង់សៀម ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចម្ការលើ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចំនួន១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការនេះ បានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៥៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។

ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ មានកង់រាប់រយគ្រឿង និងម៉ូតូគ្រប់ប្រភេទ រាប់រយគ្រឿងដោយទំហំនៃការខូចខាត អស់ទឹកប្រាក់ប្រមាណ ២លានដុល្លារ។

លោកផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ចំពោះទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ គឺជាផ្ទះឈើទាំងអស់ បានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៨០ ដែលគ្រានោះគឺជាបឹងកំប្លោក ហើយជាប្រភេទផ្ទះឈើប្រកក្បឿង ត្រូវបានសាងសង់ឡើងជាប់គ្នាតែម្តង មានរហូតដល់ចំនួន១៧ខ្នង បើគិតមកដល់សព្វថ្ងៃមានរយៈពេលជាង៤០ឆ្នាំហើយ។ ជាមួយនោះ ជញ្ជាំងឈើអាចត្រូវពុកផុយទៀតផង ងាយឆេះណាស់ ។

លោកចៅសង្កាត់ បន្តថា អគ្គិភ័យបានរាលដាល និងឆេះយ៉ាងសន្ធោសន្ធៅ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ ដោយសាក្សីនិយាយថា បណ្តាលមកពីទុស្សេចរន្តភ្លើង នៅបង្គោលមុខផ្ទះពលរដ្ឋ ទើបឆេះរាលដាលបន្តមកផ្ទះឈើ បង្កើតជាគ្រោះមហន្តរាយបែបនេះ៕

RELATED ARTICLES