ខេត្តបាត់ដំបង ៖ យុវជនម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំង មានសំឡេងឮខ្លាំង បង្កមានការរំខាន និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងហាត់ប្រាណនៅបរិវេណព្រលានយន្តហោះវាលបែក ចាន ក្រុងបាត់ដំបង ទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំមកសាកសួរនិងអប់រំ ឱ្យបញ្ឈប់សកម្មភាពបន្តទៀត។

ករណីយុវជនបើករថយន្តទំនើបបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង០៥នាទីព្រលប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ និងត្រូវបានគេថតវីដេអូបង្ហោះលើបណ្តាញសង្គម។យុវជនបង្កហេតុ មានឈ្មោះលាប សម្បត្តិ អាយុ១៩ឆ្នាំ មានលំនៅ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា យុវជនឈ្មោះលាប សម្បត្តិ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នាំខ្លួនមកសាកសួរ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានបើករថយន្តទំនើបម៉ាក MG7 ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា SB.14.02 បង្កការ រំខាន និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងហាត់ ប្រាណនៅបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង។ ដោយហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ៦និង០៥នាទីព្រលប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ហើយត្រូវបានគេថតវីដេអូបង្ហោះលើបណ្តាញសង្គម។

កិច្ចប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ដោយមានការដឹកនាំស្រាវជ្រាវពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ។ ក្រោយការសាកសួរ យុវជនរូបនេះ បានសារភាពពីទង្វើរបស់ខ្លួន និងអំពាវនាវឱ្យយុវជនដទៃ កុំយកគំរូតាម។ សមត្ថកិច្ចបានបន្តនីតិវិធីតាមច្បាប់ បន្ទាប់ពីការសាកសួរ។

សមត្ថកិច្ចបានអំពាវនាវឱ្យយុវជនទាំងអស់បញ្ឈប់រាល់សកម្មភាពបើកបរម៉ូតូ ឬរថយន្តបង្កភាពរំខាននៅតាមទីសាធារណៈ រួមទាំង បរិវេណព្រលានយន្តហោះវាលបែកចាន និងទីតាំងផ្សេងទៀត ដោយនឹងមានវិធានការតាមច្បាប់ចំពោះអ្នកល្មើស៕